ភ្លើងស្នេហ៍តារាស្រីស្អាត ម៉ាក សែនសូនីតា និងប្រុសក្មេង ទឹម នីដា បានឈានដល់ផ្លូវបំបែកមែនទែនហើយ នៅចុងឆ្នាំ២០១៧នេះ ព្រោះតែមានលោកថៅកែហួងហែងស្នេហ៍ ហើយទីបំផុត តូតា ជ្រើសស្នេហ៍ប្រុសអ្នកមាន ធ្វើឱ្យដាច់ផ្ងារ ប្អូនប្រុសទឹម រដ្ឋា តែម្តង…។
ម៉ាក សែនសូនីតា តែងនិយាយថា នាងមិនប្រាកដថា នឹងជ្រើសគូស្នេហ៍ជាលោកទឹម នីដា សង្សារក្មេងរបស់នាងនោះឡើយ ព្រោះនាងមានជម្រើសស្នេហ៍ច្រើន ដោយសារតែពេលនេះមានប្រុសៗអ្នកមានទ្រព្យជាច្រើនរូប តាមស្រលាញ់នាង ហេតុនេះហើយ នាងមានសិទ្ធិក្នុងការជ្រើសយកបុរសម្នាក់ដែលនាងពេញចិត្ត ព្រោះនីដា ក៏មិនមែនជាគូដណ្តឹងនាងឡើយ គឺត្រឹមតែជាសង្សារប៉ុណ្ណោះ។
ការថ្លែងបែបនេះរបស់ស្រីស្អាតសូនីតា ធ្វើឱ្យប្រុសក្មេង ទឹម នីដា មានអារម្មណ៍ច្របូកច្របល់ និងអន្ទះសាកាន់តែខ្លាំង ព្រោះចំណងស្នេហ៍ស្ថិតក្នុងសភាពកាន់តែផុយស្រួយ ហើយស្រាប់តែចុងក្រោយ តូតា លែងអើពើជាមួយប្អូនប្រុសទឹម រដ្ឋា នេះតែម្តង។
ការដែលតូតា ផ្តាច់និស្ស័យស្នេហ៍ជាមួយលោកនីដា ដោយគ្មានអាល័យបែបនេះ គឺនៅពេលដែលរឿងស្នេហានាងជាមួយថៅកែផលិតកម្ម Angkor Picture លោកប៉ុល វិបូ ហៅនីត កាន់តែល្បីសុសសាយ ព្រោះតែអ្នកទាំង២បានបង្ហាញសកម្មភាពស្និទ្ធស្នាលគ្នាជាចំហ ហើយអ្នកម្តាយតូតា ហាក់មិនប្រឆាំងពីទំនាក់ទំនងរបស់កូនស្រីជាមួយថៅកែផលិតកម្មនោះឡើយ គឺរឿងគូស្រករ គាត់ប្រគល់ទៅឱ្យកូនស្រីជាអ្នកសម្រេចចិត្តក្នុងការជ្រើសរើសដោយខ្លួនឯងទាំងស្រុង។
ក្រុមអ្នកសិល្បៈដែលស្និទ្ធស្នាលជាមួយម៉ាក សែនសូនីតា បានឱ្យដឹងថា ការដែលស្រីស្អាតរូបនេះ លែងអើពើជាមួយប្រុសក្មេងទឹម នីដា អាចជាការរងសម្ពាធពីគូស្នេហ៍ថ្មី ព្រោះមានការលេចឮថា លោកថៅកែផលិតកម្មរូបនោះ មិនចង់ឱ្យតូតា រញ៉េរញ៉ៃជាមួយប្រុសណាផ្សេងឡើយ តែការថតសម្តែងវិញ គឺលោកថៅកែមិនចេះប្រចណ្ឌទេ។ ប៉ុន្តែ បើនិយាយរឿងប្រុសក្មេងនីដា នោះ លោកថៅកែមិនពេញចិត្តឡើយ ហើយហាមផ្តាច់មិនឱ្យតូតា ល្អូកល្អិនស្នេហ៍ជាមួយប្អូនប្រុសទឹម រដ្ឋា នោះតែម្តង។
ទោះជារឿងស្នេហ៍ម៉ាក សែនសូនីតា និងលោកថៅកែផលិតកម្ម ត្រូវបានអ្នកសិល្បៈជាច្រើនចាប់អារម្មណ៍ និងនិយាយតៗគ្នាក្តី តែរហូតមកដល់ពេលនេះ តូតា និងលោកវិបូ មិនទាន់សារភាពស្នេហ៍ខុសវ័យនេះឡើយ ព្រោះតូតា បាននិយាយថា រវាងនាងជាតារាសម្តែង និងថៅកែផលិតកម្ម គឺដាច់ខាតចៀសមិនផុតពីការស្និទ្ធស្នាលគ្នានោះឡើយ ហេតុនេះហើយ គេថាម៉េច ក៏នាងមិនអាចហាមឃាត់អ្នកនិយាយនោះបានទេ។
ម៉ាក សែនសូនីតា បន្ទាប់ពីបានតំណែងរឿង “ចន្ទ្រា” របស់ផលិតកម្ម Angkor Picture ពេលនេះនាងឆក់បានតួឯក២រឿងទៀត គឺរឿង “កន្ទោងខៀវ” របស់ផលិតកម្មថោន និងរឿង “កូនពស់កេងកង” របស់ផលិតកម្មហង្សមាស ផងដែរ ដែលស្រីស្អាតរូបនេះមានសង្ឃឹមយ៉ាងមុតមាំថា នាងនឹងកាន់តែល្បីថែមទៀត នៅពេលដែលរឿងទាំងនេះត្រូវដាក់បញ្ចាំងផ្សេងគ្នានោះ។
ម៉ាក សែនសូនីតា ក៏ត្រូវបានលោកថៅកែផលិតកម្មពោះម៉ាយ ដែលស្និទ្ធស្នេហ៍នាងនោះ នឹងផ្តល់តំណែងជាតួឯកឱ្យនាងជាបន្តបន្ទាប់ទៀតផងដែរ ដែលការផ្គាប់ចិត្តស្រីស្រស់រូបនេះ នាំឱ្យតារាសិល្បៈមួយចំនួននិយាយថា លោកថៅកែផលិតកម្ម គឺចង់ចងជើងតូតា ឱ្យជាប់ មិនឱ្យងាករេទៅ ស្នេហ៍ប្រុសផ្សេងទៀតឡើយ ពិសេស គឺសង្សារក្មេង លោកនីដា នោះតែម្តង។ ថ្វីត្បិតតែពេលនេះ តូតា ត្រូវលោកថៅកែផលិតកម្មថ្នមចិត្តផង ហួងហែងស្នេហ៍ផងក្តី តែស្រីស្អាតរូបនេះនៅតែមានការតាមស្នេហ៍ពីប្រុសៗអ្នកមានទ្រព្យដដែល ព្រោះចង់ឆក់ស្នេហ៍ពីលោកថៅកែ។ ប្រភពបានឱ្យដឹងថា តូតា ត្រូវបានលោកឧកញ៉ាម្នាក់ ដែលមានប្រពន្ធកូនទៅហើយនោះ ព្យាយាមចង់យកទ្រព្យមកដាក់អន្ទាក់នាងជាច្រើនលើកហើយ ដោយថែមទាំងចង់ឱ្យស្រីស្អាតរូបនេះ បោះបង់ចោលអាជីពសិល្បៈរស់នៅលើគំនរទ្រព្យទៀតផង តែតូតា មិនដាច់ចិត្តចោលអាជីពចាស់ឡើយ ពិសេស គឺមានខ្នង បង្អែកក្រាស់ គឺលោកថៅកែផលិតកម្មពោះម៉ាយ ចាំជួយលើកឱ្យនាងល្បីគ្រប់ពេល។
អ្នកសិល្ប³ជាច្រើនបាននិយាយថា តូតា គ្មានផ្លូវនឹងវិល ត្រឡប់ទៅផ្សះផ្សាស្នេហ៍ជាមួយប្រុសក្មេងទឹម នីដា ឡើយ ព្រោះពេលនេះ នាងមានលោកថៅកែនៅនែបនិត្យ។ ចំណែកលោកឧកញ៉ាដែលតាមស្នេហ៍នាងជាយូរមកហើយនោះ នៅតែរង់ចាំត្រងស្នេហ៍ស្រីស្អាតរូបនេះដដែល ហេតុនេះហើយលោកនីដា ដែលមានត្រឹមចិត្តស្មោះស្នេហ៍នោះ នឹងមិនអាចប្រជែងស្នេហ៍ជាមួយប្រុសអ្នកមានទាំងៗនោះឈ្នះឡើយ។ ប៉ុន្តែ ជាមួយគ្នានេះដែរ អ្នកសិល្បៈមួយចំនួនបានព្រមានថា កញ្ញាតូតា អាចប្រឈមការដំបៅបេះដូងជាមិនខាន ប្រសិនបើនាងស្មោះស្នេហ៍ តែលោកថៅកែផលិតកម្មម្នាក់នោះ ព្រោះបុរសពោះម៉ាយរូបនោះ មានតារាស្រីស្អាតក្មេងៗជាច្រើន ដែលចង់បានតំណែងតួឯកដែរ ហើយចេញមុខប្រជែងជាមួយតូតា នោះដែរ ហេតុនេះហើយបើលោកថៅកែងាករេទៅលើកស្ទួយតារាណាផ្សេងជាងតូតា នោះ ច្បាស់ជាស្រីស្រស់រូបនេះលែងប្តូរផ្តាច់ជាមួយលោកថៅកែជាមិនខាន៕