ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ប្រតិកម្មនឹងសហរដ្ឋអាមេរិក ចំពោះការផ្អាកផ្តល់ទិដ្ឋាការប្រភេទ ខ្លះដល់មន្ត្រីថ្នាក់ដឹកនាំ និងក្រុមគ្រួសារនៃ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ក្រោមហេតុផលថា កម្ពុជាមិនសហការ មិនយល់ព្រម ឬពន្យារពេលការធ្វើ មាតុភូមិនិវត្តន៍ពលរដ្ឋខ្មែរ ដែលអាមេរិកសម្រេចបណ្តេញចេញពីសហរដ្ឋអាមេរិកនោះ គឺមិនសមហេតុផល ហើយផ្ទុយនឹងកិច្ចសហប្រតិបត្តិការល្អប្រសើររវាងសហរដ្ឋអាមេរិក និងកម្ពុជាលើបញ្ហានេះកន្លងមក។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបតិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ នោះ មានខ្លឹមសារទាំងស្រុងថា “ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ទទួលបានការជូនដំណឹងជាផ្លូវការនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ អំពីមូលហេតុនៃការសម្រេចផ្អាកផ្តល់ប្រភេទទិដ្ឋាការខ្លះដល់មន្ត្រីថ្នាក់ដឹកនាំ និងក្រុមគ្រួសារនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយចាត់ទុកប្រទេសកម្ពុជា ជាប្រទេសមិនសហការ មិនយល់ព្រម ឬពន្យារពេលការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋខ្មែរ ដែលសហរដ្ឋអាមេរិកបានសម្រេចបណ្តេញពលរដ្ឋ ទាំងនោះចេញពីសហរដ្ឋអាមេរិក។
ការកំហិតទិដ្ឋាការ គឺជាសិទ្ធិសម្រេចរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក។ ក៏ប៉ុន្តែ ការផ្សារភ្ជាប់បញ្ហាមិនផ្តល់ទិដ្ឋាការនេះជាមួយនឹងបញ្ហា ការបញ្ជូនពលរដ្ឋខ្មែរដែលមានពិរុទ្ធត្រឡប់មកកម្ពុជាវិញ គឺជាការមិនសមហេតុសមផល និង ផ្ទុយពីកិច្ចសហប្រតិបត្តិការល្អប្រសើររវាងសហរដ្ឋអាមេរិក និងកម្ពុជា លើបញ្ហានេះកន្លងមក។
យោងតាមប្រតិកម្ម និងការតវ៉ាយ៉ាង ខ្លាំងក្លាពីសហគមន៍ខ្មែរនៅសហរដ្ឋអាមេរិក ក៏ដូចជាប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេស ព្រម ទាំងសមាជិកសភាខ្លះរបស់សហរដ្ឋអាមេរិក ដែលទាមទារឱ្យរដ្ឋាភិបាលកម្ពុជា និងសហរដ្ឋ អាមេរិក ពិនិត្យឡើងវិញពីការបញ្ជូនពលរដ្ឋ ខ្មែរដែលមានពិរុទ្ធត្រឡប់មកកម្ពុជាវិញ និងផ្អែកលើគោលនយោបាយមនុស្សធម៌របស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានផ្ញើកំណត់ទូតរបស់ក្រសួងលេខ ២៦៧១ ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ សំណូមពរផ្អាកការអនុវត្ត “អនុស្សារណៈរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីបង្កើត និងដំណើរ ការគណៈកម្មការរួមកម្ពុជា-អាមេរិក សម្រាប់ការធ្វើមាតុភូមិនិវត្តន៍ ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០០២” ជាបណ្តោះអាសន្ន,
ការផ្អាកនេះ គឺក្នុងស្មារតីទុកពេលវេលា ឱ្យភាគីទាំងពីរធ្វើការពិភាក្សាគ្នា និងការគោរព សិទ្ធិមនុស្ស ដែលមានចែងនេះឱ្យបានសមស្រប តាមទិដ្ឋភាពមនុស្សធម៌ មេត្តាករុណាធម៌ និង ការគោរពសិទ្ធិមនុស្ស ដែលមានចែងនៅក្នុង អនុស្សារណៈខាងលើ សំខាន់ការបញ្ចៀសមិន ឱ្យមានការបំបែកបំបាក់ក្រុមគ្រួសារ ឪពុកម្តាយ បងប្អូន និងការធ្វើសមាហរណកម្មរបស់ពលរដ្ឋ ខ្មែរ ដែលមានពិរុទ្ធចូលក្នុងសង្គមជាតិឱ្យបានសមស្រប។ បញ្ហាអស់ទាំងនេះត្រូវបានលើកឡើងនៅក្នុងជំនួបរវាង ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម John F.Kelly រដ្ឋមន្ត្រីក្រសួងសន្តិសុខសហរដ្ឋអាមេរិក នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី កាលពីថ្ងៃទី០៤ ខែ ឧសភា ឆ្នាំ២០១៧ និងកិច្ចពិភាក្សារវាងគណៈប្រតិភូកម្ពុជា-សហរដ្ឋអាមេរិក កាលពីថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុងភ្នំពេញ។
ជាការគួរឱ្យកត់សម្គាល់ ក្នុងកិច្ចពិភាក្សា ខាងលើ ភាគីអាមេរិកបានធ្វើការកោតសរសើរកម្ពុជា លើកិច្ចសហប្រតិបត្តិការក្នុងការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋខ្មែរចាប់ពីឆ្នាំ២០១២ មក និងបានទទួលស្គាល់ថា រដ្ឋាភិបាលសហរដ្ឋអាមេរិក ក៏មានបំណងកែលម្អអនុស្សារណៈខាងលើនេះដែរ ដោយអនុស្សារណៈនេះលែងមានលក្ខណៈសមស្របទៅនឹងបទដ្ឋាននយោបាយ បច្ចុប្បន្នរបស់សហរដ្ឋអាមេរិកទៀតហើយ។
នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ តាម រយៈកំណត់ទូតរបស់ស្ថានទូតអាមេរិកនៅភ្នព្នេំញ លេខ០៦៥១ ភាគីអាមេរិកបានឆ្លើយតបទៅនឹងសំណើរបស់ភាគីកម្ពុជា លើសេចក្តីព្រាងកិច្ច ព្រមព្រៀងការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋខ្មែរ ដែលនៅក្នុងចម្លើយនោះ ភាគីអាមេរិកបាន លុបចោលទាំងអស់នូវចំណុចពាក់ព័ន្ធនឹងទិដ្ឋភាពមនុស្សធម៌ មេត្តាករុណាធម៌ និងការគោរព សិទ្ធិមនុស្ស។ ក៏ប៉ុន្តែ ដើម្បីបង្ហាញសុច្ឆន្ទះក្នុងការបន្តកិច្ចសហប្រតិបត្តិការក្នុងការទទួលយក ពលរដ្ឋរបស់ខ្លួន ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឆ្លើយតបទៅភាគី អាមេរិក តាមរយៈកំណត់ទូតលេខ ២១៤៨ ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ ដែលបាន គូសបញ្ជាក់ពីការត្រៀមបញ្ជូនប្រតិភូក្រសួង មហាផ្ទៃទៅសម្ភាសន៍ប្រជាពលរដ្ឋចំនួន ២៦នាក់ ដែលភាគីអាមេរិកប្រុងនឹងបញ្ជូនមកបន្តទៀត ដោយអនុវត្តតាមអនុស្សារណៈដែលមានស្រាប់។
ជាការគួរឱ្យភ្ញាក់ផ្អើលណាស់ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ ភាគីអាមេរិក តាមរយៈកំណត់ទូតរបស់ស្ថានទូតអាមេរិកប្រចាំ កម្ពុជា លេខ ០៧០៣ ចុះថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ បានបញ្ជាក់ថា “ក្រសួងការបរទេស អាមេរិកបានណែនាំឱ្យបញ្ឈប់ការផ្តល់ទិដ្ឋការ ប្រភេទ B1 B2 ដល់មន្ត្រីក្រសួងការបរទេសកម្ពុជា ចាប់ពីថ្នាក់អគ្គនាយកឡើងទៅ និងក្រុមគ្រួសារចាប់ពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ តទៅ”។ ហេតុផលសម្រាប់ការផ្អាកផ្តល់ទិដ្ឋាការនោះ រឹតតែធ្វើឱ្យយើងភ្ញាក់ផ្អើលទៅទៀត ព្រោះកម្ពុជាមិនបានផ្តាច់កិច្ចសហការ មិនបានបដិសេធ ហើយក៏មិនបានពន្យារពេលដោយ មិនសមហេតុផលចំពោះការទទួលពលរដ្ឋរបស់ខ្លួន ដែលសហរដ្ឋអាមេរិកបានសម្រេចបណ្តេញចេញនោះទេ ដូចដែលបានពន្យល់ខាងលើនេះ។
កម្ពុជានៅតែត្រៀមលក្ខណៈទទួលយកពលរដ្ឋរបស់ខ្លួន ដែលអាមេរិកនឹងបញ្ជូនមក ហើយនឹងខិតខំធ្វើអ្វីគ្រប់យ៉ាង ដើម្បីឲ្យពលរដ្ឋ ខ្មែរទាំងនោះ ធ្វើសមាហរណកម្មក្នុងសង្គម ជាតិដោយជោគជ័យ និងចាប់ផ្តើមជីវិតថ្មីរបស់ គេប្រកបដោយភាពសមរម្យ និងថ្លៃថ្នូរបំផុត”៕