Wednesday, November 27, 2024
Homeព័ត៌មានជាតិបនល្បែងក្រុងប៉ោយប៉ែត

បនល្បែងក្រុងប៉ោយប៉ែត

ប្រជាពលរដ្ឋរស់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានខ្សឹបឱ្យឮតាម “នគរធំ” ថា ក្រុងប៉ោយប៉ែត មិនអាចអនុវត្តគោលការណ៍ភូមិ មានសុវត្ថិភាពបានឡើយ ដោយសារបញ្ហាអសន្តិសុខ ករណីចោរកម្មគ្រប់ប្រភេទកំពុងកម្រើកខ្លាំង ដោយសារតែបនល្បែងស៊ីសង រីកដូចផ្សិតអាងខ្នងមន្ត្រីអាវុធហត្ថ។

ប្រជាពលរដ្ឋរស់នៅក្រុងប៉ោយប៉ែត បានខ្សឹបឱ្យឮថា បច្ចុប្បន្ននៅក្នុងមូលដ្ឋានដែលពួកគាត់រស់នៅ គឺមិនសូវមានសុវត្ថិភាពប៉ុន្មានទេ ព្រោះបញ្ហាគ្រឿងញៀន ក្មេងទំនើង អំពើហិង្សា ក្នុងគ្រួសារ និងសង្គម ពិសេស ល្បែងស៊ីសង កំពុងរីកដូចផ្សិតត្រូវភ្លៀងពេញក្រុងតែម្តង។ ចំពោះល្បែងស៊ីសងអនឡាញវិញ មានច្រើនកន្លែងណាស់ ទាំងចាស់ទាំងថ្មី និងគ្មានការបង្ក្រាបឡើយ ហើយថ្មីៗនេះ លេចឮរឿងអាស្រូវថា មានថៅកែអនឡាញម្នាក់ ឈ្មោះ ប៊ុន ឡុង ជាអតីតបុគ្គលិកស្លុតវីគី កាស៊ីណូ ហ៊្គ្រានដាយមិន ដែលមកជួលបន្ទប់ជាន់ទី៤នៃ កាស៊ីណូហូលីដេ ផាលេស ផ្លាស ស្ថិតក្នុងភូមិ ក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត (ក្នុង១បន្ទប់តម្លៃ៣ម៉ឺនបាត ក្នុង១ខែ) ហើយបុគ្គលិកចំនួន៥នាក់ (ក្នុងម្នាក់ៗប្រាក់ ខែចំនួន១១០០០បាត ក្នុង១ខែ) តែមកដល់ ពេលនេះមិនបើកប្រាក់ខែឱ្យបុគ្គលិកនោះទេ។

ពលរដ្ឋក្រុងប៉ោយប៉ែត បានខ្សឹបបន្តថា  ចំណែកទីតាំងល្បែងអនឡាញខ្លះជួលសណ្ឋាគារ បើកតែម្តង ក្នុងនោះមានសណ្ឋាគារ១ យីហោ ហូលីណា ស្ថិតក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ដែលជារបស់ ឧកញ៉ាសាន ស៊ានហូ សព្វថ្ងៃជាអភិបាលស្រុក អូរជ្រៅ កំពុងជួលឱ្យជនជាតិចិន បើកល្បែង អនឡាញខុសច្បាប់។ ចំណែក១កន្លែងទៀត គឺភូមិគ្រឹះមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត បន្ទាយមានជ័យ ម្នាក់ ស្ថិតក្នុងភូមិគីឡូម៉ែត្រ លេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ក៏មានពាក្យចចាមអារ៉ាមថា បានជួលឱ្យជន ជាតិចិន បើកល្បែងអនឡាញផងដែរ ដោយជួលក្នុង១ខែ ៧០០០ដុល្លារ ហើយពេលខ្លះ គេឃើញកម្លាំងកងរាជអាវុធហត្ថ ជួយដឹកជញ្ជូនភ្ញៀវទៀតផង។

ប្រជាពលរដ្ឋ បានខ្សឹបឱ្យឮទៀតថា ដោយសារតែល្បែងអនឡាញទាំងនោះ សុទ្ធតែជា មានខ្នងបង្អែក និងភាគហ៊ុនរបស់មន្ត្រីប៉េអឹម បែបនេះហើយ ទើបបានជាដំណើរការរកស៊ី ប្រកបដោយសុវត្ថិភាព និងមិនដែលមានសមត្ថកិច្ចណាហ៊ានចុះបង្ក្រាបឡើយ ទោះបីជាកន្លង មកប្រជាពលរដ្ឋបានព្យាយាមរាយការណ៍ដល់ លោកស្នងការនគរបាលខេត្តបន្ទាយមានជ័យ ជាច្រើនលើកច្រើនសាមកហើយ ក៏មិនដែលឃើញមានការបង្ក្រាបដែរ ទំនងជាខ្លាចឥទ្ធិពល ម្ចាស់ទីតាំងខាងលើនេះតែម្តង។

ប្រជាពលរដ្ឋបានខ្សឹបឱ្យឮដល់ស្ថាប័ន ជំនាញពាក់ព័ន្ធ និងថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ជួយចាត់វិធានការបង្ក្រាបល្បែងស៊ីសង ខុសច្បាប់ខាងលើនេះផង ព្រោះថា បើចេះតែ បន្តឱ្យទុកនៅដុះស្លែបែបនេះទៀត ខេត្តបន្ទាយមានជ័យ ទាំងមូល និយាយជារួម និងនិយាយ ដោយឡែកក្រុងប៉ោយប៉ែត នឹងក្លាយទៅជា សម្បុកល្បែងស៊ីសងបង្កើតឱ្យមានអំពើចោរកម្ម ហិង្សាក្នុងគ្រួសារ ក្មេងទំនើង គ្រឿងញៀន ធ្វើឱ្យប្រជាពលរដ្ឋ រស់នៅរងការភិតភ័យ គ្មានសន្តិសុខសុវត្ថិភាពឡើយ។

ទោះជាយ៉ាងណា ជុំវិញការខ្សឹបខាងលើនេះ “នគរធំ” នៅមិនដឹងថាមានការពិតកម្រិត ណានោះទេ ដោយសារមិនអាចទាក់ទងសុំការ បំភ្លឺពីអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធបានទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំទទួល ការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

ខៀវទុំ

RELATED ARTICLES