Wednesday, May 1, 2024
Homeតារាខ្មែរសុគន្ធ និសា ឱបឆន សុវណ្ណរាជ ក្នុងពិធីសម្ពោធរឿង ”សិសិររដូវក្នុងបេះដូង”

សុគន្ធ និសា ឱបឆន សុវណ្ណរាជ ក្នុងពិធីសម្ពោធរឿង ”សិសិររដូវក្នុងបេះដូង”

តារាចម្រៀងល្បីរបស់ផលិតកម្មរស្មីហង្សមាស សុគន្ធ និសា លេងឈុតឱបបុរសរោមទ្រូងច្រើន ឆន សុវណ្ណរាជ យ៉ាងស្អិតល្មួតតែម្ដង នៅលើឆាកកម្មវិធីសម្ពោធរឿង ”សិសិររដូវក្នុងបេះដូង” ដែលរៀបចំនៅជាន់ទី១ ផ្សារទំនើប Aeon Mall ជាន់ផ្ទាល់ដី កាលពីល្ងាចថ្ងៃទី១៤ ខែកញ្ញា ដោយមាន fan តារាចម្រៀងទាំង២ ហ៊ោកញ្ជ្រៀវតែម្ដង នៅពេលដែលតារាទាំងសម្ដែងឈុតឆាកស្នេហាដូចស្រលាញ់គ្នានៅក្រៅឆាក ដូចក្នុងរឿងនោះ។

នេះជាកម្មវិធីលើកដំបូងរបស់ប៉ុស្ដិ៍ហង្សមាស ដែលបានចេញឃោសនារឿងភាគខ្មែររបស់ខ្លួន ចាប់បើកភាពយន្ដទី១ គឺរឿង ”សិសិររដូវក្នុងបេះដូង” ដែលបានទិញសិទ្ធ (license) ពីប្រទេសកូរ៉េ ហើយរឿងនេះជាការដឹកនាំសម្ដែងដោយលោកខាំ ភូរិ តម្រូវឲ្យជ្រើសរើសកញ្ញាសុគន្ធ និសា​ និងលោកឆន សុវណ្ណរាជ ជាតួឯកស្រីប្រុស ក្នុងនោះក៏មានតារាល្បីៗមួយចំនួនទៀតដែរ ដែលចូលរួមសម្ដែងក្នុងរឿងនេះ មានដូចជា លោកហ្សូណូ, វង្ស តារារតនា, សាវីន ហ្វីលីព និងភរិយា អ្នកនាងសែម ឆវី, ងិន សុធារ៉ា, កញ្ញាស្រីលាភ, ឈិន មុនី្ននាថ, នូណា, ណាភីយ៉ា និងលោកទីនទីន ជាដើម។

សុគន្ធ និសា ជាតួឯកស្រីក្នុងរឿង ”សិសិររដូវក្នុងបេះដូង” បានឲ្យដឹងថា ”ដំបូងក្រុមការងារគាត់បានប្រាប់ថា ខ្ញុំត្រូវលេងរឿងហ្នឹង គឺនាងខ្ញុំសប្បាយចិត្ត តែដល់ពេលគិតយូរទៅ ស្រាប់តែមានអារម្មណ៍ថាភ័យ តើខ្លួនឯងសម្ដែងបានអត់? ព្រោះកន្លងមកធ្លាប់តែសម្ដែងជា MV បទចម្រៀងខ្លួនឯង គឺមានជាខ្សែរឿងដែរ តែជាខ្សែរឿងខ្លីៗ ដល់ពេលថតជាខ្សែភាពយន្ដវិញ គឺមិនដូចជាការថត MVទេ។ អីចឹងខ្ញុំចេះតែបារម្ភខ្លួនឯងថា ខ្លួនឯងអាចធ្វើបានអត់? ហើយខ្ញុំសួរទៅអ្នកដឹកនាំថា បងឯងយកខ្ញុំលេងរឿងហ្នឹង បងច្បាស់នៅ? នោះគឺជាអារម្មណ៍របស់ខ្ញុំផ្ទាល់។ តែនៅពេលធ្វើការជាមួយគ្នា អ្នកដឹកនាំពន្យល់ណែនាំទៅ យើងក៏យល់ យើងអាចធ្វើបាន អីចឹងគឺមានអារម្មណ៍សប្បាយចិត្តឡើងវិញ។ នេះក៏ជាបំណងប្រាថ្នារបស់នាងខ្ញុំដែរ គឺនាងខ្ញុំចង់ដើរតួក្នុងភាពយន្ដមួយ ជាតួអង្គមួយដែលពេញចិត្ត ឥឡូវពេញចិត្តហើយ”។

តាមព័ត៌មានថា ពេលនេះផលិតកម្មហង្សមាស ចាប់ផ្ដើមវាយលុកក្នុងការផលិតរឿងភាគខ្មែរ ដោយមានដល់ទៅ៣ក្រុមឯណោះ ដើម្បីតម្រូវអ្នកទស្សនាទូរទស្សន៍របស់ខ្លួន ហើយក្រោយថតបញ្ចប់រឿង ”សិសិររដូវក្នុងបេះដូង” ហង្សមាស ក៏កំពុងតែថតរឿង ”បិសាចគួរឲ្យស្រលាញ់”, ”កូនពស់កេងកង” និងរឿង ”រាជិនីភូមិគ្រឹះ” ជាដើម។ ដោយឡែករឿង ”សិសិររដូវក្នុងបេះដូង” នេះ នឹងចាប់ផ្ដើមដាក់បញ្ចាំងនៅថ្ងៃទី០៩ ខែតុលា ខាងមុខនេះហើយ ដែលមហាជនរង់ចាំមើលថា តើតួឯកទាំង២ សុគន្ធ និសា និងឆន សុវណ្ណរាជ ចាប់ដៃគូរគ្នាក្នុងការថតភាពយន្ដនេះ ជោគជ័យដូចអាជីពចម្រៀងដែរឬអត់?

ឆន សុវណ្ណរាជ ប្រាប់ថា ”សម្រាប់រូបខ្ញុំផ្ទាល់ នេះជាខ្សែភាពយន្ដទី១ គឺជារឿងដំបូងក្នុងឆាកជីវិតរបស់ខ្ញុំ តាំងពីខ្ញុំប្រឡូកសិល្បៈជាង១០ឆ្នាំនេះ។ ខ្ញុំចង់ប្រឡូកក្នុងវិស័យភាពយន្ដនេះ តែអត់ដែលហ៊ានទេ ព្រោះខ្ញុំធ្លាប់តែច្រៀងនិងថតខារ៉ាអូខេ។ ខ្ញុំមានអារម្មណ៍រំភើបសប្បាយរីករាយ ហើយសង្ឃឹមថា បងប្អូនទាំងអស់គ្នានឹងគាំទ្ររឿងនេះទាំងអស់គ្នា”។ ដោយឡែក លោកហ្សូណូ ដែលជាតួរងម្នាក់ក្នុងនោះដែរ បានលើកឡើងថា ”ខ្ញុំសង្ឃឹមថារឿងនេះពេលដែលចេញទៅមានការគាំទ្រខ្លាំងព្រោះជារឿងដែលល្បីមកពីកូរ៉េ ព្រោះយើងមានឈុតឆាកល្អៗជាច្រើន។ ដំបូងឡើយ ខ្ញុំមានការភ្ញាក់ផ្អើលដែរ ដែលខាងអ្នកដឹកនាំប្រាប់ថា ជ្រើសខ្ញុំលេងរឿងនេះ តែខ្ញុំសប្បាយចិត្តណាស់”។

លោកខាំ ភូរិ ដែលជាអតីតអ្នកដឹកខារ៉ាអូខេ និងស្ពតល្បីឈ្មោះនៅហង្សមាស នោះ បានឲ្យដឹងដែរថា ”ខ្ញុំមានកិត្តិយសដែលហង្សមាស ផ្ដល់ឱកាសឲ្យខ្ញុំធ្វើជាភាពយន្ដដំបូងរបស់ទូរទស្សន៍ហង្សមាស នៅពេលនេះ។ យើងបានប្រឹងប្រែងធ្វើរឿងនេះ ដោយអស់ពីសមត្ថភាព ហើយរឿងនេះជារឿងមនោសញ្ចេតនារវាងបងប្រុសនិងប្អូនស្រី និយាយទៅ គឺបង្កប់អត្ថន័យច្រើន។ ខ្ញុំបានស្គាល់សុគន្ធ និសា តាំងពីឆ្នាំ២០០០ ចំណែកសុវណ្ណរាជ​ជិត១០ឆ្នាំហើយ និងហ្សូណូ ជិត៥ឆ្នាំ អីចឹងខ្ញុំយល់ពីអត្តចរិតពួកគាត់ បានជាខ្ញុំជ្រើសរើសតារាទាំង៣ ក្នុងចំណោមតារាជាច្រើនរបស់ហង្សមាស ព្រោះរឿងនេះយើងទិញសិទ្ធពីប្រទេសកូរ៉េ ខ្ញុំជឿជាក់លើសមត្ថភាពរបស់គាត់ គឺយើងបានធ្វើតេស្ដគាត់ទាំងការសម្ដែង និងសំឡេង ការប្រើអារម្មណ៍ គឺបានហាត់សមជាច្រើនដង មុនពេលដំណើរការថតរឿងនេះ។ ខ្ញុំទទួលទាំងអស់នូវការរិះគន់ក្នុងន័យស្ថាបនារបស់ទស្សនិកជន បើសិនជាមានចំណុចខ្វះខាត ដើម្បីឲ្យភាពយន្ដខ្មែរកាន់តែមានភាពរីកចម្រើនថែមទៀត”៕

RELATED ARTICLES