Sunday, January 19, 2025
Homeតារាបរទេសណាតាលី មានសម្រស់ស្រស់ស្អាត ហេតុអ្វីគ្មានគូស្នេហ៍នឹងគេ?

ណាតាលី មានសម្រស់ស្រស់ស្អាត ហេតុអ្វីគ្មានគូស្នេហ៍នឹងគេ?

រឿងភាគ “ផ្កាយវង្វេងមេឃ” បានធ្វើឱ្យតារាមួយដួងថ្មី ណាតាលី ប៉ាណាលី រះចែងចាំងលើវេហាសិល្បៈយ៉ាងជោគជ័យ។ មានពាក្យបរិយាយថា រូបនាងតែម្នាក់ ប្រៀបដូចជាការបូកបញ្ចូលគ្នានៃតារាឯកល្បីពីរនាក់គី យ៉ាយ៉ា និង ម៉ៃដាវិក ហើយនាងថែមទាំងមានលក្ខណៈពិសេសផ្ទាល់ខ្លួន តាមរយៈភក្ត្រាស្រស់ផ្អែមស្រទន់ តាមបែបនារីកូនកាត់ថៃ-អង់គ្លេស…។

ក្លាយជាតារាឯកថ្មីពេញសិទ្ធិហើយសម្រាប់ ណាតាលី ប៉ាណាលី វរុណវង្ស ក្រោយពេលសម្តែងជាព្រះនាងចាសមីន ដែលជាតួអង្គខុសឆ្ងាយពីជីវិតពិតរបស់នាងជាទីបំផុត។ ព្រះនាងដ៏ខ្ពង់ខ្ពស់ក្នុងខ្សែរឿងភាគទ្រង់ទ្រាយធំ “ផ្កាយវង្វេងមេឃ” បានរៀបរាប់ពីការសម្តែងរបស់នាងថា “សម្រាប់ការមកលេងរឿងភាគ “ផ្កាយវង្វេងមេឃ”នេះ ចាត់ទុកថា ជាការលំបាកខ្លាំងណាស់ ព្រោះជាលើកដំបូងដែលមានឱកាស បានមកលេងរឿងភាគ និងបានសម្តែងជាព្រះនាងចាសមីន ដែលជាតួអង្គឆ្ងាយ សែនឆ្ងាយពីរូបពិតរបស់ខ្ញុំ។ ព្រះនាងក្នុងរឿងមានបុគ្គលិកលក្ខណៈជាព្រះនាង។ តែនៅក្នុងជីវិតពិតរបស់ខ្ញុំ គ្រាន់តែជាមនុស្សសាមញ្ញ។ ដូច្នោះវាហាក់ដូចជាលំបាកបន្តិច។ លើសពីនេះ រឿងនេះក៏មានឆាកវាយតប់ផង ព្រោះតួឯកស្រីក្នុងរឿងជាមនុស្សពូកែគ្រប់មុខ ទាំងលេងព្យាណូ ច្រៀងរាំ ទាត់ធាក់។ សូមប្រិយមិត្តជួយតាមដាន និងផ្តល់កម្លាំងចិត្តដល់ពួកយើងផង”។

គ្រាន់តែចាប់ផ្តើមជំហានដំបូងភ្លាម ស្រីស្អាតកូនកាត់ថៃ-អង់គ្លេសនេះ ក៏បង្ហាញ សញ្ញាជោគជ័យលើមាគ៌ាសិល្បៈភ្លាមដែរ ព្រោះពេលនេះ មានរឿងភាគថ្មីរង់ចាំ ចោមរោមនាងជាបន្តបន្ទាប់។

មតិជាច្រើននៅក្នុងបណ្តាញទំនាក់ទំនងសង្គមយល់ដូចគ្នាថា រង្វង់ភក្ត្ររបស់ ណាតាលី មានទម្រង់ស្រដៀង នឹងរង្វង់មុខកំពូលតារាឯកស្រីល្បីពីររូប គឺ យ៉ាយ៉ា និង ម៉ៃ ដាវិកា។ ជាការ ពិតឬអត់ សូមប្រិយមិត្តពិនិត្យមើលដោយខ្លួនឯងចុះ។

នៅក្នុងសាច់រឿង ព្រះនាងចាសមីន នៃរដ្ឋសាម៉ា ដ៏សែនរពឹសម្នាក់នេះ បានលួចចេញពីវាំងទៅលុកលុយស្វែងយល់ក្នុងពិភពលោកដ៏ធំទូលាយ ហើយបណ្តាលឱ្យកើតរឿងរ៉ាវជាច្រើន ទាំងស្នេហា គ្រោះថ្នាក់ រឿងអំពល់ ស្មុគស្មាញ ត្រូវគេចាប់ពង្រត់ និងត្រូវបុរសវាយតប់។ នាងប្រាប់ថា “ក្រៅពីឆាកវាយតប់ ក៏មានឆាករ៉ូមែនទិក ដ៏មានមន្តស្នេហ៍ លាយឡំនឹងបរិយាកាសឆាកឈុតដែលបានទៅថតដល់ប្រទេសឥណ្ឌា ផង ស្រស់ស្អាត និងរ៉ូមែនទិកណាស់”។

នាងសែនស្រស់ស្អាត និងជាតារាឯកថ្មោងថ្មីបែបនេះ ប្រិយមិត្តប្រាកដជាចង់ដឹងថា បេះដូងក្មេងខ្ចីរបស់នាងមានម្ចាស់ហើយឬនៅ? នាងឆ្លើយតបទាំងទឹកមុខប្រិមប្រិយថា “ពេលនេះខ្ញុំធ្វើការផងរៀនផង គ្មានពេលទៅធ្វើអ្វីផ្សេងទៀតទេ។ សារភាពថា ខ្ញុំពិបាកចូលចុះជាមួយគេឯង ព្រោះជាមនុស្ស មានពិភពផ្ទាល់ខ្លួនខ្លាំងពេក។ វាអាចធ្វើឱ្យយើងគ្មានស្នេហាផ្អែមល្ហែមដូចគេ។ ដូច្នេះ សូមបំពេញតួនាទីមួយនេះឱ្យជោគជ័យសិនប្រសើរជាង។ ខ្ញុំចង់ឱ្យអ្វីៗមានស្ថិរភាព សឹមចាំទៅផ្តោតលើរឿងផ្សេងទៀត។ ជីវិតក្នុងការសិក្សា ឬក្នុងមុខរបរយើង អាចនឹងបានជួបមនុស្សល្អៗជាច្រើន តែមិនមែនក្នុងពេលនេះទេ។ ខ្ញុំជឿលើជោគជតាព្រហ្មលិខិត។ ធ្លាប់សួរថា ជួបគូព្រេងទេ ហើយហោរក៏ទាយថា ជួប តែមិនទាន់ដល់ពេលទេ នៅយូរទៀតណាស់។ ខ្ញុំប្រាប់ថា ជឿលើជោគជតា គឺខ្ញុំជឿលើរឿងកម្មផល។ ពេលនេះ នៅអត់ទាន់មាននរណាទេ មិនទាន់ផ្តោតលើនរណាជាពិសេសនៅឡើយទេ។

ណាតាលី សម្តែងក្នុងរឿង ផ្កាយវង្វេងមេឃ

នាងប្រាប់ថា មិនទាន់មាននរណា តែមិនប្រាកដថា គ្មានអ្នកតាមចែចង់សុំស្នេហ៍នោះទេ ព្រោះសម្រស់របស់នាង ពិតជាធ្វើឱ្យប្រុសៗពិបាកទប់ចិត្តណាស់។ បញ្ហានេះនាងបកស្រាយថា “មិនសូវចង់ទាក់ទងជាមួយអ្នកនៅក្នុងវិស័យសិល្បៈទេ (សើច)។ ពេលនៅក្នុងរង្វង់សិល្បៈ យើងនឹងបានព័ត៌មានជាច្រើន។ លុះពេលបានធ្វើការជាមួយគ្នា យើងក៏បានដឹងថា អ្នកណាយ៉ាងម៉េច។ សម្រាប់ខ្ញុំចង់បានមនុស្សល្អ ពូកែធ្វើការ”។

អ្នកណាៗក៏យល់ឃើញថា នាងជាស្រីស្អាត មានមន្តស្នេហ៍ តែនាងប្រាប់ថា ជាមន្តស្នេហ៍គួរឱ្យខ្លាចទៅវិញទេ “មែនណា៎! ខ្ញុំក៏ចង់ដឹងដែរថា ហេតុអ្វីក៏គេខ្លាចខ្ញុំខ្លាំងម៉្លេះ? គ្មានមិត្តប្រុសៗណានិយាយជាមួយខ្ញុំឡើយ។ ពេលទៅរៀននៅមហាវិទ្យាល័យ ក៏មានតែមិត្តស្រីៗ មិនសូវមានប្រុសៗហ៊ានចូលមកនិយាយទេ មិនមានអ្នកតាមញ៉ែ។ ខ្ញុំក៏លួចចម្លែកចិត្តដែរ។ សម្រាប់ខ្ញុំពេលនៅស្ងៀមៗ អត់មាត់អត់ក មនុស្សម្នាចេះតែខ្លាច។ តែបើនិយាយ គឺបែកជាអូរហូរជាស្ទឹង”។
មនុស្សម្នាក់ៗ តែងមានក្តីសុបិនរៀងៗខ្លួន សម្រាប់នាងក្តីសុបិននោះជាអ្វីដែរ?

“មនុស្សគ្រប់រូប ប្រហែលជាមានក្តីសុបិនធំធេង តែសម្រាប់នាងខ្ញុំមិនប្រាថ្នាភាពល្បីល្បាញខ្លាំងបំផុតនោះទេ។ ខ្ញុំមិនចង់ឡើងទៅខ្ពស់ ហើយពុំអាចចុះមកវិញបានឡើយ។ ខ្ញុំចង់រស់នៅបែប មានអ្នកស្រលាញ់ និងសប្បាយ គាំទ្រស្នាដៃរបស់យើងតែប៉ុណ្ណឹងគ្រប់គ្រាន់ហើយ”៕​

RELATED ARTICLES