ភ្នំពេញ ៖ មេធាវីការពារក្តីរបស់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បាន អះអាងថា បន្ទប់ពន្ធនាគារ ដែលឃុំខ្លួនលោក កឹម សុខា មានបំពាក់កាមេរ៉ា លួចថតសំឡេង។ ដូច្នេះក្រុមមេធាវី បានស្នើសុំទៅតុលាការឱ្យ ដកកាមេរ៉ានោះចេញ។ ជាមួយគ្នានេះ ក្រុម មេធាវីក៏បានប្តឹងទៅសាលាឧទ្ធរណ៍ប្រឆាំងនឹង ការសម្រេចឃុំខ្លួនលោកកឹម សុខា ពីចៅក្រម ស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ហើយ សាលាឧទ្ធរណ៍នឹងបើកសវនាការលើបណ្តឹង នេះនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧។
លោកសំ សុគង់ មេធាវីម្នាក់ ក្នុងចំណោមមេធាវី ៨នាក់ ដែលបានការពារក្តីឱ្យលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែល កំពុងជាប់ឃុំក្នុងពន្ធនាគារត្រពាំងផ្លុង ស្ថិតក្នុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា អ្នកគ្រប់គ្រងពន្ធនាគារ បានបំពានសិទ្ធិសម្ងាត់ នៃការសន្ទនារវាងកូនក្តី និងមេធាវី ដែលផ្ទុយ នឹងច្បាប់ក្រមនីតិវិធីព្រហ្មទណ្ឌ និងច្បាប់លក្ខន្តិកៈ នៃមេធាវី។ ពោលគឺនៅក្នុងបន្ទប់កូនក្តីរបស់ លោក (លោកកឹម សុខា) ក៏ត្រូវបានបំពាក់ កាមេរ៉ា និងម៉ាស៊ីនថតសំឡេង ខណៈដែល មេធាវីកំពុងធ្វើការសន្ទនាជាមួយកូនក្តី ដែលនេះជាការបំពានសិទ្ធិរបស់មេធាវី និងកូនក្តី ដែលការសន្ទនានេះត្រូវបានចាត់ទុកថា ជាការ រក្សាការសម្ងាត់ ឬនេះជាការរំលោភសិទ្ធិមេធាវី និងកូនក្តី និងជាការរំលោភក្រមនីតិវិធីព្រហ្មទណ្ឌ និងកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋ និងនយោបាយ នីតិវិធីច្បាប់។
លោកសំ សុគង់ ដែលជាអ្នកនាំពាក្យ ក្រុមមេធាវីលោកកឹម សុខា បានមានប្រសាសន៍ ថា “វាជារឿងពិត ដោយសារខាងក្រុមមេធាវី បានទៅជួមឯកឧត្តមកឹម សុខា នៅពេលដែល យើងធ្វើការសន្ទនា ធ្វើការសម្ភាសន៍ឯកឧត្តម កឹម សុខា ក៏យើងបានឃើញនៅក្នុងបន្ទប់ជួប ជាមួយឯកឧត្តមកឹម សុខា ហ្នឹង មានការបំពាក់ កាមេរ៉ាថតរូប។ បានន័យថា មានកាមេរ៉ាថត រូបហ្នឹង ហើយក្រោយពីយើងបានជួបខាងកូន ក្តីហ្នឹងមក កូនក្តីក៏បានបញ្ជាក់ទៅខាងមេធាវី ថា នៅក្នុងបន្ទប់របស់ឯកឧត្តមកឹម សុខា ហ្នឹង ក៏មានកាមេរ៉ាដែរ គឺដាក់យ៉ាងច្រើននៅក្នុង បន្ទប់តែម្តង។ អ៊ីចឹង ក្រុមមេធាវីយល់ឃើញ ថា ការដាក់កាមេរ៉ានេះ គឺជាការដាក់មួយ ដែលបំពានទៅលើសិទ្ធិជនត្រូវចោទ ជាពិសេស សិទ្ធិទាក់ទងនឹងសិទ្ធិបុគ្គលឯកជនរបស់មនុស្ស ហើយក៏ប៉ះពាល់ទៅនឹងសិទ្ធិរបស់មេធាវីផង ដែរ ដែលសិទ្ធិក្នុងការសន្ទនា ក៏ដូចជាសិទ្ធិក្នុង ការសម្ភាសន៍របស់កូនក្តីហ្នឹង គឺយើងត្រូវការ ការសម្ងាត់ គឺពាក់ព័ន្ធការងារសម្ងាត់ជាវិជ្ជាជីវៈ របស់មេធាវី ដែលមានចែងក្នុងលក្ខន្តិកៈរបស់គណៈមេធាវី ក៏ដូចជាកតិកាសញ្ញាស្តីពីសិទ្ធិ ពលរដ្ឋ សិទ្ធិនយោបាយ ហើយក៏ធានាដោយ រដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជាផងដែរ។ យើង ប្រៀបធៀបទៅលើអ្នកទោសដទៃ ដែលជាបទចោទ ដែលយើងបានការពាររឿងច្រើនមក យើងឃើញថា ឯកឧត្តមកឹម សុខា គឺត្រូវបាន គេអនុវត្តមានលក្ខណៈផ្សេងពីអ្នកទោសដទៃ ហើយខាងក្រុមមេធាវី ក៏បានដាក់ពាក្យមួយ នៅថ្ងៃនេះ គឺសុំឱ្យមានការដកកាមេរ៉ាចេញពី បន្ទប់ឯកឧត្តមកឹម សុខា ក៏ដូចជាបន្ទប់ដែល មេធាវីជួបជាមួយឯកឧត្តម កឹម សុខា នៅពេល ដែលមេធាវីទៅជួបហ្នឹង ហើយនិងសុំឱ្យឯកឧត្តមកឹម សុខា ហ្នឹង ទទួលបាននូវសិទ្ធិមួយ សិទ្ធិទទួលព័ត៌មាន ជាពិសេស គឺឯកឧត្តមកឹម សុខា ត្រូវតែមានវិទ្យុមួយ ដើម្បីស្តាប់ព័ត៌មាន ឬក៏បញ្ហាអីផ្សេងៗ ដែលផ្សាយតាមវិទ្យុ នៅក្នុងពន្ធនាគារហ្នឹង ដោយសារសិទ្ធិរបស់ជន ត្រូវចោទ ឬសិទ្ធិរបស់អ្នកជាប់ឃុំហ្នឹង គឺគេបំបិទ សិទ្ធិតែរឿងដើរហើរទេ ដោយសារដើរហើរ បិទសិទ្ធិក្នុងន័យមានដែនកំណត់ ប៉ុន្តែសិទ្ធិអី ផ្សេងៗ គឺជនត្រូវជាប់ឃុំ ហ្នឹង គឺមានសិទ្ធិដូច អ្នកនៅក្រៅឃុំដែរ បានន័យ សិទ្ធិទទួលបាន ព័ត៌មានសិទ្ធិទទួលបាន ជួបជាមួយក្រុមគ្រួសារ សិទ្ធិក្នុងការជួបជាមួយមេធាវី ត្រូវតែមាន។ អ៊ីចឹងក្រុមមេធាវីបានដាក់ពាក្យទៅ ដើម្បីសុំ ឱ្យដកកាមេរ៉ា ឬសុំឱ្យមានសិទ្ធិ ក្នុងការស្ថាប់ ព័ត៌មានពីខាងក្រៅ”។
លោកសំ សុគង់ បានបន្តថា “ដោយសារក្រុម មេធាវីទើបតែនឹងដាក់នៅរសៀលនេះ ហើយ យើងចាំមើលដល់ថ្ងៃចន្ទ យើងនឹងធ្វើការតាមដាន ឬក៏សាកសួរទៅខាងតុលាការ ហើយយើង ចង់ដឹងថា តើតុលាការនឹងសម្រេចយ៉ាងណា ចំពោះការស្នើសុំរបស់មេធាវី? ក្រុមមេធាវី ការពារក្តី ជាចុងក្រោយ មានយោបល់ត្រង់ថា សុំឱ្យសមត្ថកិច្ច ក៏ដូចជាអនុរក្សខាងពន្ធនាគារ ហ្នឹង ខាងនាយកគ្រប់គ្រងខាងពន្ធនាគារហ្នឹង ជួយសម្រួលឱ្យមេធាវីហ្នឹង ប្រើប្រាស់សិទ្ធិ ក៏ ដូចជាគោរពនូវសិទ្ធិរបស់ជនត្រូវចោទជនដែល ជាប់ឃុំហ្នឹង ជាពិសេស សិទ្ធិទទួលបាននូវការ សន្ទនាជាមួយមេធាវី ដោយការសម្ងាត់ ហើយ មិនមានការឆែកឆេរឯកសារមេធាវីដែលបាន ជួបជាមួយកូនក្តី ហើយក៏ដូចជាផ្តល់សិទ្ធិឱ្យ ជនត្រូវចោទ គឺឯកឧត្តមកឹម សុខា ហ្នឹង ទទួល បាននូវសិទ្ធិដើម្បីប្រើប្រាស់ព័ត៌មានផ្សេងៗ ដូច ដែលធ្វើចំពោះអ្នកទោសដទៃទៀតផងដែរ”។
ជាមួយគ្នានេះដែរ លោកមេធាវីកែត ឃី ថ្លែងឱ្យដឹងថា លោកមិនដែលឃើញមានបន្ទប់ សម្ភាសនៅពន្ធនាគារផ្សេងទៀត មានបំពាក់កាមេរ៉ានោះទេ ប៉ុន្តែពន្ធនាគារត្រពាំងផ្លុង មាន បំពាក់ ហើយក៏ជាពន្ធនាគារទី១ សម្រាប់លោក មកការពារកូនក្តីផងដែរ។ ដូច្នេះលោកនិងក្រុម មេធាវីទាំងអស់ នឹងសរសេរលិខិតទៅសាកសួរ ខាងពន្ធនាគារឱ្យមានការពន្យល់ពីបញ្ហានេះ ព្រោះការដាក់កាមេរ៉ា គឺខុសនឹងច្បាប់លក្ខន្តិកៈ របស់មេធាវី ដែលទាមទាររក្សាការសម្ងាត់ រវាងការពិគ្រោះពិភាក្សាជាមួយកូនក្តី។ លើស ពីនេះ កូនក្តីលោក ដែលត្រូវបានដាក់ក្នុងបន្ទប់ មួយម្នាក់ឯងនោះ ក៏ត្រូវបានគេកំណត់ឱ្យចេញ លេងតែម្នាក់ឯង ខុសពីម៉ោងអ្នកទោសដទៃ។
ទោះជាយ៉ាងណា ទាក់ទងនឹងការដាក់កាមេរ៉ានៅក្នុងបន្ទប់ពន្ធនាគារនោះ លោកភិន យ៉ាន ប្រធានពន្ធនាគារត្រពាំងផ្លុង (ម៣) បាន ប្រាប់បញ្ជាក់ថា ការពិត ពន្ធនាគារបានបំពាក់ កាមេរ៉ាប្រមាណ ២០គ្រាប់ តាំងពីជាង ១ឆ្នាំ មុនមកម៉្លេះ ហើយមានខ្លះបានខូចទៅហើយៗ ក៏មិនមែនជាការខុសឆ្គង ឬបំពានច្បាប់នោះដែរ ពីព្រោះដើម្បីសុវត្ថិភាពជនជាប់ចោទ និងអ្នកទោស ព្រមទាំងការពារសុវត្ថិភាព ខ្លាចអ្នកទោសរត់។ ដូច្នេះ ក្រុមមេធាវី អាចរកកន្លែង ផ្សេងក្នុងពន្ធនាគារ ដើម្បីសម្ភាសកូនក្តីបាន គឺ បើចង់ជួបកន្លែងផ្សេងក៏បាន តែពន្ធនាគារគ្មាន កន្លែងឱ្យជួបទេ មានតែកន្លែងបន្ទប់ឃុំខ្លួននោះ។ ចំណែកការដាក់លោកកឹម សុខា ឱ្យចេញលេង ម៉ោងខុសគេ តែម្នាក់ឯង គឺដើម្បីសុវត្ថិភាព ទើបមិនបញ្ចោញឱ្យឡូកឡំជាមួយអ្នកទោស ផ្សេង។
អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ លោកសន កែវ ក៏បានបដិសេធ ដែរថា ការដាក់កាមេរ៉ានៅបន្ទប់ពន្ធនាគារនោះ មិនមែនដាក់ក្នុងគោលបំណងដើម្បីស៊ើបការណ៍ ឬយកចម្លើយមេធាវី និងកូនក្តីនោះទេ គឺពន្ធនាគារផ្សេងក៏មានកាមេរ៉ាដែរ។
គួរបញ្ជាក់ដែរថា កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ លោកកឹម សុខា ប្រធានគណបក្ស សង្គ្រោះជាតិ ត្រូវបានសមត្ថកិច្ចនគរបាលយុត្តិធម៌ នៃក្រសួងមហាផ្ទៃ ចាប់ខ្លួនក្រោមការចោទប្រកាន់ ពីបទល្មើសជាក់ស្តែងពាក់ព័ន្ធនឹងផែនការសម្ងាត់ ឃុបឃិតជាមួយបរទេស ដែលធ្វើឱ្យមានភាព វឹកវរ និងប៉ះពាល់ព្រះរាជាណាចក្រកម្ពុជា។ ផែនការសម្ងាត់នេះ ត្រូវបានលាតត្រដាងតាម តាមរយៈវីដេអូឃ្លីប ដែលត្រូវបានផ្សព្វផ្សាយ ដោយបណ្តាញ ជពណ CBN (Cambodia Broadcasting Network) ដែលមានទីតាំងនៅប្រទេស អូស្ត្រាលី រួមជាមួយភ័ស្តុតាង ដែលអាជ្ញាធរ មានសមត្ថកិច្ចប្រមូលបានកន្លងមក។
ក្រោយការឃាត់ខ្លួន និងឃុំខ្លួនលោកកឹម សុខា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើលិខិតរាយការណ៍ជូន សម្តេចហេង សំរិន ប្រធានរដ្ឋសភា ស្តីពីការ ចោទប្រកាន់លើមេបក្សប្រឆាំងរូបនេះ ដោយ បានបញ្ជាក់ថា ក្រោយពីបានពិនិត្យសំណុំរឿង រួចមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ដោយបើកការស៊ើបអង្កេតលើលោកកឹម សុខា ពីបទ “សន្ទិដ្ឋិភាព ជាមួយបរទេស” តាមមាត្រា៤៤៣ នៃក្រម ព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ដោយដីកា សន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខ៣៥២៨ អ.យ.ឋ ចុះថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៧ រួចបញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។
នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ រដ្ឋសភាបានបើកសម័យប្រជុំជាវិសាមញ្ញ នីតិកាល ទី៥ បានសម្រេច២ចំណុច គឺមិនបានបញ្ចោញ មតិឱ្យក្រសួងសមត្ថកិច្ចផ្អាកការចោទប្រកាន់ ចាប់ខ្លួនឃាត់ខ្លួន និងឃុំខ្លួនលោកកឹម សុខា តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាមនោះទេ និងបានសម្រេចឱ្យក្រសួងមានសមត្ថកិច្ចបន្តនីតិវិធី ចោទប្រកាន់ ចាប់ខ្លួន ឃាត់ខ្លួន និងឃុំខ្លួន លោកកឹម សុខា តំណាងរាស្ត្រមណ្ឌលខេត្ត កំពង់ចាម ដោយទទួលបាន៦៧សំឡេងនៃចំនួន សមាជិករដ្ឋសភាទាំងមូល។
ទោះបីយ៉ាងណា ត្រង់ចំណុចនេះ លោកសំ សុគង់ អ្នកនាំពាក្យមេធាវីលោកកឹម សុខា ចាត់ទុកការសម្រេចរបស់អយ្យការសាលាដំបូង រាយធានីភ្នំពេញ ដែលឱ្យឃុំខ្លួនលោកកឹម សុខា ក៏ដូចជារដ្ឋសភា សម្រេចឱ្យតុលាការបន្តនីតិវិធី មិនអាចទទួលបាន ទើបក្រុមមេធាវីលោកកឹម សុខា សម្រេចដាក់បណ្តឹងសាទុក្ខទៅសាលាឧទ្ធរណ៍ ហើយសាលាបានសម្រេចឱ្យក្រុមមេធាវី ចូលបំភ្លឺនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ ខាង មុខនេះ។
លោកសំ សុគង់ បានមានប្រសាសន៍បន្ថែម ថា “បាទ! ដោយសារក្រុមមេធាវីហ្នឹងបានដាក់ ពាក្យការពារ ហើយនិងបានចូលជួបសួរសុខទុក្ខ ក៏ដូចជាសន្ទនា ក៏ដូចជាធ្វើការសម្ភាសជាមួយ ឯកឧត្តមកឹម សុខា ជាញឹកញាប់នៅឯខាងមន្ទីរឃុំឃាំងនោះ ហើយថ្មីៗនេះ គឺក្រុមមេធាវីបាន ទទួលលិខិតអញ្ជើញពីសាលាឧទ្ធរណ៍ ដើម្បីចូលរួមសវនាការ ថ្ងៃទី២៦ ខែកញ្ញា ហ្នឹង (ក្រោយ ភ្ជុំហើយ) នៅសាលាឧទ្ធរណ៍ ទាក់ទងនឹងបណ្តឹង ឧទ្ធរណ៍មួយរឿងដែលប្រឆាំងទៅនឹងដីកាសម្រេច ឃុំខ្លួនបណ្តោះអាសន្ន ហើយក្រុមមេធាវី បានត្រៀមខ្លួន ហើយនិងរៀបចំនូវភ័ស្តុតាង ក៏ដូចជា ឯកសារមួយចំនួន ដើម្បីយើងដាក់បង្ហាញទៅ សាលាឧទ្ធរណ៍ ដើម្បីឱ្យសាលាឧទ្ធរណ៍ ពិចារណា ចំពោះនិយ័តភាព ក៏ដូចជាការឃុំខ្លួន នៃសំអាង ហេតុដោយសារខុសឆ្គងរបស់សាលាដំបូងរាជធានីភ្នំពេញ ចំពោះការឃុំខ្លួនឯកឧត្តមកឹម សុខា ផងដែរ។ បានន័យថា ខាងក្រុមមេធាវីបានដាក់ ពាក្យបណ្តឹងឧទ្ធរណ៍ទៅសភាស៊ើបសួរនៃសាលាឧទ្ធរណ៍ហ្នឹង ដើម្បីពិនិត្យពីកាសម្រេចឃុំខ្លួន បណ្តោះអាសន្ន កាលពីថ្ងៃទី០៧ កញ្ញា របស់សាលាដំបូង ដើម្បីឱ្យសាលាដំបូងពិនិត្យឡើងវិញ អំពី និយ័តភាព។ បានន័យថា ការឃុំខ្លួនហ្នឹង តើហេតុផលនៃការឃុំខ្លួនហ្នឹងសមរម្យ ឬក៏ត្រឹមត្រូវ ដែរឬទេ ចំពោះមូលហេតុនៃការឃុំខ្លួនហ្នឹង? ក្នុងចំណុចនេះ យើងពិនិត្យក្នុងលក្ខខណ្ឌដែល មានចែងនៅក្នុងមាត្រា២០៣ ២០៤ និង២០៥ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ក្រុមមេធាវីយល់ឃើញ ថា ការដោះលែង គឺជាជម្រើសសំខាន់ ដោយ យើងមានលក្ខខណ្ឌមួយចំនួន ដែលគិតថា ការ ឃុំខ្លួនហ្នឹងមិនជាការចាំបាច់។ ប៉ុន្តែពាក់ព័ន្ធនឹង ការសង្ឃឹមឬមិនសង្ឃឹម យើងនឹងរង់ចាំនូវសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ នៅថ្ងៃទី២៦ ខែកញ្ញា ហ្នឹង ដោយសាររឿងនេះវាជារឿងពាក់ព័ន្ធនឹងនយោបាយ។ អ៊ីចឹងយើងជឿជាក់ថា ការសង្ឃឹម មានតិចតួច ឬសឹងតែសង្ឃឹមតែម្តង ចំពោះសេចក្តីសម្រេចហ្នឹង”។
ដោយឡែក តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដឹកនាំដោយលោកម៉ៅ មុនីវណ្ណ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម បន្ទាប់ពីខកខាន ចូលជួបលោកកឹម សុខា ចំនួន២លើកមកហើយ ក៏បានដាក់ពាក្យស្នើសុំទៅតុលាការម្តងទៀត ដើម្បីសុំចូលជួបសុខទុក្ខលោកកឹម សុខា នៅ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៧ ខាងមុខនេះ។
ទោះបីយ៉ាងណា កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ ចៅក្រមស៊ើបសួរសាលាដំបូងរាជរាជធានីភ្នំពេញ បានផ្ញើលិខិតជម្រាបជូនមក លោកម៉ៅ មុនីវណ្ណ អ្នកតំណាងរាស្ត្រមណ្ឌល ខេត្តកំពង់ចាមវិញ ដោយបញ្ជាក់ថា “ខ្ញុំបាទបាន ទទួលពាក្យសុំជួបសួរសុខទុក្ខ ចុះថ្ងៃទី១៤ ខែ កញ្ញា ឆ្នាំ២០១៧ របស់ឯកឧត្តមរួចហើយ។ ដោយសារសំណុំរឿង កំពុងស្ថិតនៅក្នុងចំណាត់ការស៊ើបសួរ និងស្រាវជ្រាវប្រមូលភ័ស្តុតាង នានា ហើយចៅក្រមមិនទាន់បានសាកសួរជនត្រូវចោទនៅឡើយ ហេតុនេះការចូលជួប ឬសួរសុខទុក្ខ អាចអនុញ្ញាតឱ្យបានតែមេធាវី និងក្រុមគ្រួសារជនត្រូវចោទ ដែលមិនទាក់ទិននៅ ក្នុងរឿងតែប៉ុណ្ណោះ។ សម្រាប់អ្នកដទៃផ្សេងទៀត ការចូលសួរសុខទុក្ខអាចអនុញ្ញាតឱ្យបាន ក្រោយពីចៅក្រមបានបំពេញកិច្ចចាំបាច់មួយចំនួនសិន។
អាស្រ័យហេតុនេះ ការសុំចូលសួរសុខទុក្ខ លោកកឹម សុខា នៅមណ្ឌលអប់រំកែប្រែទី៣ “ម៣” នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៧ វេលា ម៉ោង៩:០០នាទីព្រឹក មិនអនុញ្ញាតជូនបានទេ”៕
កុលបុត្រ