Wednesday, November 27, 2024
Homeព័ត៌មានជាតិក្រសួងមហាផ្ទៃសម្រេចលុបឈ្មោះ អង្គការមាតាធម្មជាតិ

ក្រសួងមហាផ្ទៃសម្រេចលុបឈ្មោះ អង្គការមាតាធម្មជាតិ

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានចេញសេចក្តី ប្រកាសសម្រេចលុបឈ្មោះអង្គការមាតាធម្មជាតិ កម្ពុជា (Mother Nature cambodia) ដែលកំពុងធ្វើការងារសកម្ម ផ្នែកការពារព្រៃឈើ ធនធានខ្សាច់ និងការពារធនធានធម្មជាតិផ្សេងៗនោះ ចេញពីបញ្ជីអង្គការក្រៅរដ្ឋាភិបាលរបស់ក្រសួង។

សេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ បានឱ្យដឹងថា ត្រូវលុបឈ្មោះអង្គការ ចលនាមាតាធម្មជាតិ ដែលមានអាសយដ្ឋាននៅវត្តចម្ការឈូក ភូមិពោធិ៍មាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

នៅក្នុងសេចក្តីប្រកាសនោះ ក្រសួងមហាផ្ទៃ មិនបានបញ្ជាក់ពីមូលហេតុ នៃការសម្រេចលុប ឈ្មោះអង្គការមាតាធម្មជាតិនេះទេ។ ប៉ុន្តែអ្វី ដែលគួរឱ្យកត់សម្គាល់នោះ ការលុបឈ្មោះ អង្គការមាតាធម្មជាតិនេះ ធ្វើឡើងក្រោយពីអង្គការមួយនេះ បានបង្ហាញរបាយការណ៍ពាក់ព័ន្ធនឹងភាពមិនប្រក្រតី នៃការនាំខ្សាច់ចេញទៅក្រៅប្រទេស កន្លងមកនេះ ហើយមកដល់ពេលនេះ យុវជន២រូប នៃចលនាមាតាធម្មជាតិត្រូវបានចាប់ឃុំខ្លួន។

ទោះបីយ៉ាងណា អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោកខៀវ សុភ័គ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ ថា ការដែលសម្រេចលុបឈ្មោះអង្គការនេះ គឺក្រសួងធ្វើតាមសំណូមពរ របស់ថ្នាក់ដឹកនាំអង្គការនេះ ដែលបានធ្វើលិខិតមកស្នើសុំត្រឹមត្រូវ។

លោកខៀវ សុភ័គ បានមានប្រសាសន៍ ថា “បាទ! ចម្លើយហ្នឹងជាពិសេស គឺអង្គការហ្នឹង គាត់សុំលុបខ្លួនឯង គឺសំណូមពររបស់អង្គការ មាតាធម្មជាតិ គាត់សុំលុបខ្លួនឯង ព្រោះគាត់ អត់មានថវិកាដើម្បីដំណើរការ ទី១។ ទី២ គេ ច្រើនតែយកឈ្មោះគាត់ទៅធ្វើផ្តេសផ្តាស ឧទាហរណ៍ថាអ៊ីចេះ ថាអ៊ីចុះទៅ គាត់ក៏សុំលុប ចោលទៅ គឺមានលិខិតស្នាមត្រឹមត្រូវពីអង្គការហ្នឹង។ ចំពោះសកម្មភាពរបស់យុវជនយកឈ្មោះ អង្គការទៅធ្វើយ៉ាងណា គាត់ឈប់ទទួលស្គាល់ ហើយគាត់សុំលុបហើយ”។

គួរបញ្ជាក់ថា អង្គការចលនាមាតាធម្មជាតិ ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១២ ដើម្បីធ្វើចលនាពីមូលដ្ឋាន បញ្ឈប់ការបំផ្លាញបរិស្ថាន និងធនធានធម្មជាតិរបស់កម្ពុជា។ អង្គការនេះ ធ្វើសកម្មភាព លេចធ្លោក្នុងការប្រឆាំងការសាងសង់ទំនប់វារីអគ្គិសនីអារ៉ែង និងការនាំខ្សាច់សមុទ្រ ចេញទៅលក់នៅក្រៅប្រទេសប៉ះពាល់បរិស្ថាន និងបាត់បង់ថវិកាជាតិ។

ស្ថាបនិកអង្គការនេះមួយរូប ជាជនជាតិអេស្ប៉ាញ លោកអាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិដសិន (Alejandro Gonzalez Davidson) ត្រូវបានរដ្ឋាភិបាលបណ្តេញចេញពីកម្ពុជា កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥ ហើយ ដាក់ឈ្មោះក្នុងបញ្ជីខ្មៅ មិនឱ្យចូលប្រទេសកម្ពុជាវិញទេ។

កន្លងមក មុនដល់ថ្ងៃក្រសួងមហាផ្ទៃ ប្រកាសលុបឈ្មោះចោលនេះ ទោះបីមិនមានលោកអាឡិច ជាជនជាតិអេស្ប៉ាញ នៅដឹកនាំក៏ដោយ ក៏ក្រុមយុវជនកម្ពុជា នៃចលនាមាតាធម្មជាតិ បានបន្តសកម្មភាពការពារធនធានធម្មជាតិ។

តាមរយៈវីដេអូបង្ហាញពីសកម្មភាពកប់ខ្លួន ក្នុងខ្សាច់ បង្ហោះក្នុងគណនីហ្វេសប៊ុក “Mother Nature Cambodia” កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ ក្រុមយុវជនចលនាមាតាធម្មជាតិ ចំនួន៣រូប គឺនាងលីម គីមស័រ លោកថុន រដ្ឋា និងឌឹម គុណឌី បានលើកឡើងថា ពួកគេបានរកឃើញភ័ស្តុតាងថ្មីមួយទៀត ដែលបង្ហាញថា វាអាចនឹងមានការឃុបឃិតគ្នា នាំលួចគេចពន្ធ ខ្សាច់ស៊ីលីកា ដែលជាខ្សាច់ប្រទេសខ្មែរ នាំចេញយកទៅលក់ នៅប្រទេសតៃវ៉ាន់ ដែល នាំឱ្យបាត់បងថវិកាជាតិ រាប់សិបលានដុល្លារ។ ក្នុងនោះ តួលេខដែលពួកគេទើបតែបានពីនាយកដ្ឋានគយតៃវ៉ាន់ បានបង្ហាញថា ប្រទេស តៃវ៉ាន់ បាននាំចូលខ្សាច់ស៊ីលីកាខ្មែរ ចំនួនជាង ១លាន៥សែនតោន ស្មើនឹងចំនួនទឹកប្រាក់ ជិត ៣២លានដុល្លារ គិតចាប់តាំងពីឆ្នាំ២០១២ រហូត ដល់ឆ្នាំ២០១៦។ ប៉ុន្តែតួលេខ ដែលបញ្ចោញ ដោយគយ និងពន្ធដារខ្មែរ បានបង្ហាញថា ប្រទេស កម្ពុជា បាននាំចេញខ្សាច់ទៅកាន់តៃវ៉ាន់ ត្រឹម តែជាង២ម៉ឺន៨ពាន់តោនប៉ុណ្ណោះ ស្មើនឹងចំនួន ទឹកប្រាក់ជាង២៧ម៉ឺនដុល្លារ នេះបើគិតតាម រយៈពេលដូចគ្នា។ មានន័យថា តួលេខនេះ បង្ហាញពីភាពមិនប្រក្រតីនៃការបាត់ខ្សាច់ រហូត ទៅដល់ជាង១លាន៥សែនតោន ដែលមាន ចំនួនទឹកប្រាក់ខុសគ្នារវាងប្រទេសទាំង២ រហូត ទៅដល់ជាង៣១លានដុល្លារ។ ពួកគេថែមទាំង បានរំលឹកថា កាលពីខែតុលា ឆ្នាំ២០១៦ ចលនា មាតាធម្មជាតិ បានបង្ហាញម្តងរួចទៅហើយ នូវភ័ស្តុតាងនៃការបាត់ខ្សាច់ ជាង៧០លានតោន នាំចេញទៅកាន់ប្រទេសសិង្ហបុរី ហើយនៅខែមករា ឆ្នាំ២០១៧ ពួកគេក៏បានបង្ហាញភ័ស្តុតាង មួយទៀត ស្តីពីការបាត់ខ្សាច់ជាង១សែនតោន  ដែលបាននាំចេញទៅប្រទេសឥណ្ឌា។

ក្រុមយុវជនទាំងនោះ បានបញ្ជាក់ថា ជាមួយនឹងភ័ស្តុតាង នៃការបាត់ខ្សាច់ជាង១លាន ៥សែនតោន ទៅកាន់ប្រទសតៃវ៉ាន់ លើកនេះ បន្ថែមទៀត វាពិតជាបង្ហាញឱ្យឃើញថា នេះ ជាពេលវេលាសមល្មមគួរសមហើយ ដែលថ្នាក់ដឹកនាំក្រសួង គួរតែចាប់ផ្តើមបង្ហាញពីការទទួល ខុសត្រូវទៅកាន់ប្រជាពលរដ្ឋខ្មែរទាំងមូល ហើយពួកគេស្នើសុំឱ្យលោកស៊ុយ សែម រដ្ឋមន្ត្រី ក្រសួងរ៉ែ និងថាមពល ពិចារណាលាឈប់ពី តំណែង ដើម្បីផ្តល់ឱកាសឱ្យថ្នាក់ដឹកនាំថ្មីផ្សេងៗទៀត ក្នុងការស្តារកេរ្តិ៍ឈ្មោះរដ្ឋាភិបាលឱ្យបានល្អប្រសើរជាងមុនផង និងជាការផ្តល់គំរូទទួល ខុសត្រូវ សម្រាប់ឱ្យកូនខ្មែរឃើញ និងអនុវត្ត តាមផង។

ក្រោយការបញ្ចោញវីដេអូនោះ បាន១ថ្ងៃ គឺនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ យុវជន ឌឹម គុណឌី ដែលបានចូលរួមកប់ខ្លួនក្នុងខ្សាច់ នោះ និងយុវជនម្នាក់ទៀត ឈ្មោះហ៊ុន វណ្ណៈ ត្រូវសមត្ថកិច្ចខេត្តកោះកុង ឃាត់ខ្លួន តបតាមបណ្តឹងរបស់ក្រុមហ៊ុនបូមខ្សាច់មួយ ក្នុងតំបន់ សេដ្ឋកិច្ចពិសេសខេត្តកោះកុង ដែលបានចោទ ពួកគេថា បានចូលទៅថតសកម្មភាពនានា គ្មានការអនុញ្ញាត។

រហូតមកដល់ពេលនេះ យុវជនទាំង២ នាក់ ត្រូវបានសាលាដំបូងខេត្តកោះកុង សម្រេច ចោទប្រកាន់ និងឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារ ដើម្បីរង់ចាំបន្តនីតិវិធី ដោយត្រូវបាន តំណាងអយ្យការសម្រេចចោទប្រកាន់ចំនួន ពីរករណីពាក់ព័ន្ធនឹងមាត្រា៤៩៥ ពីបទញុះញង់ ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងមាត្រា៣០២ ធ្វើឱ្យប៉ះពាល់ដល់សិទ្ធិខាងរូបភាពនៃបុគ្គល នៃក្រមព្រហ្មទណ្ឌ។

នាងលីម គីមស័រ

សមាជិកនៃអង្គការមាតាធម្មជាតិ នាង លីម គីមស័រ សោកស្តាយចំពោះចំណាត់ការ របស់អាជ្ញាធរខេត្តនេះ ដោយថា ចំណាត់ការ របស់អាជ្ញាធរប្រព្រឹត្តិខុសពីសម្តីរបស់ខ្លួនហើយ ពេលនេះដែរ នាងក៏បានបញ្ជាក់ជំហរថា ក្រសួងមហាផ្ទៃ បានសម្រេចលុបឈ្មោះអង្គការមាតាធម្មជាតិ ចេញពីបញ្ជីអង្គការសង្គមស៊ីវិលក៏ដោយ ក៏ក្នុងនាមជាប្រជាពលរដ្ឋខ្មែរម្នាក់ នាងនិង យុវជនផ្សេងទៀត នឹងនៅតែចូលរួមការពារបរិស្ថាន និងធនធានធម្មជាតិបន្តទៀត។

នាងលីម គីមស័រ បាននិយាយថា “ចាស! ខ្ញុំធ្វើការក្នុងនាមជាប្រជាពលរដ្ឋ ក្នុងនាមជា យុវជនស្រលាញ់បរិស្ថាន ក្នុងនាមជាយុវជន ស្ម័គ្រចិត្តធម្មតា ហើយបើសិនជាគ្រាន់តែប៉ុណ្ណឹង យើងឈប់ធ្វើសកម្មភាព អាហ្នឹងកុំតែយក ឈ្មោះមាតាធម្មជាតិ ទៅប្រើទៅ បើគេបិទទៅហើយ។ និយាយទៅ ដូចខ្ញុំបាននិយាយខាង ដើមអ៊ីចឹងថា យើងបានត្រៀមចិត្តត្រៀមកាយ  រួចរាល់ហើយៗក៏គ្មានការសោកស្តាយអីដែរ ព្រោះយើងធ្វើការរាល់ថ្ងៃនេះ ឈ្មោះអង្គការ មាតាធម្មជាតិហ្នឹង បើសម្រាប់ខ្ញុំជាបុគ្គលម្នាក់ ឯង គឺឈ្មោះអង្គការមាតាធម្មជាតិហ្នឹង វាគ្រាន់តែជាឈ្មោះមួយសម្រាប់ខ្ញុំ ក្នុងការឱ្យប្រជាពលរដ្ឋសម្គាល់ថា ពួកយើងខ្ញុំគឺជាក្រុមអង្គការ មាតាធម្មជាតិតែប៉ុណ្ណឹងទេ។ សម្រាប់ខ្ញុំៗនៅតែធ្វើការធម្មតា ប៉ុន្តែសម្រាប់សកម្មជនផ្សេងទៀត ខ្ញុំអត់ដឹងថា ពួកគាត់ម៉េចទេ ព្រោះយើង មានគំនិតរៀងៗខ្លួន គ្រាន់តែសម្រាប់ខ្ញុំ ទោះ ជាគេបិទអង្គការ ក៏ខ្ញុំនៅតែបន្តសកម្មភាពជួយ ប្រជាពលរដ្ឋនៅតាមមូលដ្ឋានដដែល ព្រោះអ្វី ដែលខ្ញុំធ្វើកន្លងមក គឺខ្ញុំអត់បានធ្វើអ្វីខុសពីច្បាប់ ទេ គឺខ្ញុំធ្វើស្របទៅនឹងច្បាប់ ដែលឱ្យប្រជា ពលរដ្ឋចូលរួមការពារធនធម្មជាតិ បរិស្ថានទាំងអស់គ្នា។ ដូច្នេះសម្រាប់ខ្ញុំ គ្រាន់តែថា សូមកុំ ឱ្យប្រជាពលរដ្ឋខ្មែរ គាត់មានការព្រួយបារម្ភថា នៅពេលដែលបិទអង្គការហើយ បាត់បង់សិទ្ធិអ្នកធ្វើការងារដើម្បីសង្គម ដើម្បីបរិស្ថានអី ទោះ បីជាបិទក៏ដោយ អាហ្នឹងជារឿងរបស់រដ្ឋាភិបាល ដែលគាត់ចង់បិទទេ ប៉ុន្តែសម្រាប់ពួកខ្ញុំ មិនអាច មានអីមកបញ្ឈប់ទឹកចិត្ត បញ្ឈប់សកម្មភាព ពួកខ្ញុំបានទេ ព្រោះអ្វីដែលពួកខ្ញុំធ្វើ ដើម្បី យើងទាំងអស់គ្នា គឺដើម្បីខ្មែរ គ្មានដើម្បីអ្នកណាទេ”៕

កុលបុត្រ 

RELATED ARTICLES