យុគ ចិន្ដា បានលេចមុខកម្មវិធីបើកសម្ពោធហាងផឹកស៊ីមួយ នៅផ្សារកុងតឺណឺរ កាលពីពេលថ្មីៗនេះ ដោយអ្នកនាងបានបង្ហាញសកម្មភាពស្និទ្ធស្នាលខ្លាំងជាមួយជំនួយការរបស់អ្នកនាង គឺលោកសុគន្ធ ជីវី ដែលជាម្ចាស់ហាង ”Kiss” នោះ ទើបមានការសង្ស័យថា ពិធីការិនីរូបនេះបានដាក់ទុនជាមួយជំនួយការឲ្យដំណើរការហាងនោះជាការបន្ថែមមុខជំនួញថ្មី។ គេឃើញមានតារាល្បីៗមួយចំនួនទៀត ក៍បានទៅចូលរួមអបអរសាទរចំពោះលោកជីវី ផងដែរ ដូចជាតារាចម្រៀងល្បីរបស់ផលិតកម្មថោន មាស សុខសោភា បណ្ដើរស្វាមីទៅដោយទឹកមុខសប្បាយរីករាយជាមួយតារាផ្សេងទៀតដែរ ដូចជា Dj តាប៊ុយ, ហង្ស សុជាតា និងយឹម ណារ៉ា ជាដើម។
ក្នុងជំនួបតាមទូរស័ព្ទ លោកសុគន្ធ ជីវី ដែលជាជំនួយការផ្ទាល់របស់អ្នកនាងយុគ ចិន្ដា និងជាអ្នកផលិតកម្មវិធីរបស់ CTN បានឲ្យដឹងថា អ្នកនាងចិន្ដា មិនបានចូលហ៊ុនជាមួយលោកក្នុងការបើកហាងផឹកស៊ីនេះទេ តែអ្នកនាងទៅចូលរួមអបអរលោកនៅថ្ងៃសម្ពោធ និងទៅញាំអីនៅទីនោះញឹកញាប់ បានជាគេយល់ច្រឡំបែបនេះ។
លោកជីវី បញ្ជាក់ថា ”អត់ទេបង! បងចិន្ដា គាត់មិនបានចូលលុយកាក់អីក្នុងការបើកហាងនេះទេ គាត់ទៅចូលរួមដូចតែតារាផ្សេងៗ ដែលគេស្គាល់ខ្ញុំដែរហ្នឹង។ និយាយទៅ ហាង ”Kiss” ខ្ញុំហ្នឹងសម្ពោធតាំងពីថ្ងៃទី០៩ ខែកញ្ញា មកម្លេះ ហើយចំណាយលុយអស់ជិត២ម៉ឺនដុល្លារឯណោះដោយបើកចាប់ពីម៉ោង៦ល្ងាច ដល់២យប់ ហើយយើងមានជាម្ហូបផឹកស៊ីលក់ស្រាបៀរគ្រប់ប្រភេទ ហើយបងចិន្ដា គាត់ទៅលេងជាញឹកញាប់ដែរ។ មូលហេតុដែលខ្ញុំនិងបងចិន្តា មានភាពស្និតស្នាលគ្នា រហូតគេច្រឡំបើកហាងចូលគ្នានេះ ព្រោះតែខ្ញុំបានធ្វើការជាជំនួយការគាត់ជិត៥ឆ្នាំ ហើយនៅCTN អីចឹងហើយបានជាគាត់ទៅលើកទឹកចិត្តខ្ញុំ ក្នុងថ្ងៃសម្ពោធហាងថ្មីរបស់ខ្ញុំនេះ”។
អ្នកនាងយុគ ចិន្ដា ជាពិធីការិនីឆ្នើមម្នាក់ដែលពូកែក្នុងការរកស៊ី ដោយពេលនេះអ្នកនាងមានហាងទាំងនៅស្រុកខ្មែរ និងអាមេរិក ដល់ទៅ៥ទៅ៦ហាងឯណោះ តែតារារូបនេះមិនដែលបើកហាងផឹកស៊ីឡើយ ហេតុនេះហើយបានជាគេសង្ស័យថា អ្នកនាងបានដាក់ទុនបើកហាង ”Kiss” នោះដោយឲ្យជំនួយការអ្នកនាងជាអ្នកគ្រប់គ្រងវិញ។ តែពេលនេះលោកសុគន្ធ ជីវី អាយុ៣៣ឆ្នាំបានបញ្ជាក់ថា មិនមានទឹកប្រាក់អ្នកនាងចិន្ដា នៅហាងផឹកស៊ីនៅផ្សារកុងតឺណឺរនោះឡើយ តែទឹកប្រាក់ជិត២ម៉ឺនដុល្លានោះ គឺលោកបានមកពីការជ្រោមជ្រែងពីបងធម៌ប្រុសម្នាក់ដែលផ្ដល់លុយកាក់ឲ្យលោកបើកហាងនេះឡើង។
មានការសង្ស័យដែរថា លោកជំនួយការអ្នកនាងចិន្ដា ម្នាក់នេះ ប្រហែលជាមានស្នេហាជាមួយបងធម៌ប្រុសនោះបានឡើងកាលីព ត្រូវបងធម៌ទម្លាក់លុយទាំងដុំឲ្យបើកហាងផឹកស៊ីនេះ ខណៈដែលកន្លងមកធ្លាប់លេចឭថា លោកជីវី មានស្នេហាជាមួយ Dj តាប៊ុយ ផងដែរ ព្រោះតែគេបានឃើញ Chat អ្នកទាំង២ឆ្លងឆ្លើយគ្នាដូចគូសង្សារអីចឹង តែលោកជីវី ប្រកែកថា នោះគ្រាន់តែជាការយល់ច្រឡំប៉ុណ្ណោះ៕