Saturday, September 21, 2024
Homeតារាខ្មែរពេជ្រ សូលីកា មិនហ៊ានដើរចូលសិល្បៈវិញ ព្រោះសង្សារថ្មីឃាំងផ្លូវ?

ពេជ្រ សូលីកា មិនហ៊ានដើរចូលសិល្បៈវិញ ព្រោះសង្សារថ្មីឃាំងផ្លូវ?

នាពេលចុងក្រោយនេះ អតីតតារាចម្រៀងរូបស្រស់ទឹកដមសំឡេងក្រអួនក្រអៅ ពេជ្រ សូលីកា ឧស្សាហ៍បង្ហាញសកម្មភាពនៅលើបណ្តាញសង្គមហ្វេសប៊ុកជាងមុន ខណៈដែលមានដំណឹងថា នាងចង់វិលមកប្រឡូកសង្វៀនសិល្បៈជាថ្មី ប៉ុន្តែតាមប្រភពថា សង្សារថ្មីរបស់នាងបានឃាំងផ្លូវមិនឱ្យប្រឡូកសិល្បៈទៀតទេ…។

ពេជ្រ សូលីកា ត្រូវបានគេដឹងថា មានទេពកោសល្យខ្ពស់នៅក្នុងវិស័យសិល្បៈ ទាំងផ្នែកចម្រៀង និងសម្តែងហើយនាងក៏ទាញបានភាពលេចធ្លោខ្លាំង កាលច្រៀងនៅផលិតកម្ម M ផងដែរ ដែលមានបទចម្រៀងជាច្រើនដែលទាញបានការគាំទ្រ។ ប៉ុន្តែគួរឱ្យស្តាយ នាងបានបោះបង់អាជីពសិល្បៈចោល ស្របពេលផ្ទុះដំណឹងថា នាងមានទំនាក់ទំនងស្នេហ៍ជាមួយមន្ត្រីធំផ្កាយ២ សម្បូរទ្រព្យមួយរូប។

ពេជ្រ សូលីកា ដែលធ្លាប់រស់នៅហ៊ឺហាស្តុកស្តម្ភដូចជំទាវ ក្រោមការលេចឮថា ទទួលបានការជ្រោមជ្រែងពីម្ចាស់ស្នេហ៍នោះ ស្រាប់តែធ្លាយដំណឹងថា នាងបានធ្លាក់ខ្លួន បន្ទាប់ពីបែកស្នេហ៍ពីមន្ត្រីធំ ដែលមន្ត្រីធំរូបនោះបានដកហូតទ្រព្យសម្បត្តិទាំងអស់ ទាំងទ្រនំវីឡា និងរថយន្តទំនើបជាដើម។ សូលីកា បានសម្ងំលាក់មុខជាច្រើនឆ្នាំ ក្រោយពេលបែកស្នេហ៍ពីលោកផ្កាយ២ គឺទើបតែមួយរយៈចុងក្រោយនេះ បន្ទាប់ពីនាងក្លាយជាថៅកែហាងបាយ “អូនអ៊ូក” នៅរាជធានីភ្នំពេញ នាងឧស្សាហ៍លេចមុខនៅលើបណ្តាញសង្គមហ្វេសប៊ុក។

សូលីកា តែងតែបង្ហាញស្នាមញញឹមស្រស់ស្រាយហាក់គ្មានទុកកង្វល់អ្វីទេ រីឯរូបសម្រស់ក៏នៅតែទាក់ទាញមានមន្តស្នេហ៍។ ទន្ទឹមនឹងនោះ មានដំណឹងថា សូលីកា ដែលជាមិត្តភក្តិជិតស្និទ្ធជាមួយតារាចម្រៀងរស្មីហង្សមាស ទេព បូព្រឹក្ស ចង់វិលមកប្រឡូកសិល្បៈជាថ្មី ដែលអ្នកខ្លះថា បូព្រឹក្ស កំពុងជួយយឹតយោងនាងចូលរស្មីហង្សមាស ទៀតផង ខណៈដែលមានផលិតកម្មមួយចំនួនទៀត ក៏ចង់បាននាងដែរ។

មានការលើកឡើងថា បើសូលីកា ចង់វិលមករកឆ្នាំងចាស់វិញនោះ ច្បាស់ជាដណ្តើមបានភាពល្បីល្បាញយ៉ាងឆាប់រហ័សជាពុំខាន ត្បិតអីក្រៅពីមានទឹកដមសំឡេងក្រអួនក្រអៅហើយនោះ រូបសម្រស់របស់នាងក៏នៅតែលេចធ្លោផងដែរ ដែលអាចនឹងទាញបានសំឡេងគាំទ្រខ្លាំងជាងទេព បូព្រឹក្ស ទៀតផង។

យ៉ាងណាក៏ដោយ តាមប្រភពពីចង្កោមអ្នកសិល្បៈនិយាយថា សូលីកា ប្រហែលជាពិបាកហក់ចូលសិល្បៈជាថ្មី តាមចិត្តចង់ ត្បិតអីសង្សារថ្មីរបស់នាង កំពុងតែហួងហែងនាងសម្បើមណាស់។ ដូច្នេះទំនងជាឃាំងផ្លូវមិនឱ្យសូលីកា លេងសិល្បៈទៀតទេ ព្រោះខ្លាចបុរសៗអ្នកមានថ្ពក់បេះដូងសូលីកា ទៅបាត់។ អ្នកសិល្បៈខាងលើបន្ថែមថា ម្ចាស់ស្នេហ៍ថ្មីរបស់សូលីកា ជាកូនអ្នកមានទ្រព្យស្តុកស្តម្ភម្នាក់ ដែលអាចឱ្យនាងរស់នៅយ៉ាងហ៊ឺហា ដោយមិនចាំបាច់ពឹងប្រភពចំណូលពីសិល្បៈ ខណៈដែលមានគម្រោងជួយផ្គត់ផ្គង់នាងគ្រប់យ៉ាងទៀតផង។

ទោះជាយ៉ាងណា ពាក់ព័ន្ធនឹងដំណឹងលេចឮខាងលើនេះ មិនអាចទាក់ទងសុំការបញ្ជាក់ពីពេជ្រ សូលីកា បានទេ ខណៈទស្សនិកជនកំពុងរង់ចាំមើលថា តើសូលីកា នឹងវិលរកឆ្នាំងចាស់ ចូលប្រឡូកសិល្បៈតាមចិត្តចង់វិញដែរទេ ខណៈដែលផលិតកម្មជាច្រើនក៏រង់ចាំទទួលនាងឱ្យធ្វើជាតារាចម្រៀងប្រចាំផលិតកម្មរបស់ពួកគេផងដែរ៕

RELATED ARTICLES