Wednesday, November 27, 2024
Homeតារាខ្មែរសុឹម សូលិកា អតីតសង្សារស្តាយស្នេហ៍

សុឹម សូលិកា អតីតសង្សារស្តាយស្នេហ៍

ស៊ឹម សូលិកា ដែលបែកធ្លាយរឿងស្និទ្ធស្នេហ៍ជាមួយលោកអេង រិទ្ធី ជាង២ឆ្នាំទៅហើយនោះ នៅមិនទាន់មានដំណឹងចូលរោងការឡើយ បើទោះជាពេលនេះ សកម្មភាពស្នេហ៍អ្នកទាំង២ កាន់តែបើកចំហដូចប្តីប្រពន្ធទៅហើយក្តី។

ជាមួយគ្នានេះដែរ លេចឮថា អតីតសង្សារស៊ឹម សូលិកា គឺលោកទិត ថាវរិទ្ធ ហាក់ស្តាយអ្នកមេម៉ាយរូបនេះជាខ្លាំង និងចង់ផ្សះផ្សាស្នេហ៍ជាថ្មី ខណៈដែលសូលិកា ពេលនេះបានចាត់ទុកលោកថាវរិទ្ធ គឺដូចជាបងប្រុស គ្មានអារម្មណ៍ស្នេហ៍ដូចមុនទៀតឡើយ…។

លោកទិត ថាវរិទ្ធ

តាមដំណឹងថា អតីតសង្សារស៊ឹម សូលិកា គឺលោកទិត ថាវរិទ្ធ ហាក់បង្ហាញអារម្មណ៍នឹកស្តាយស្រណោះ ចំពោះការបាត់បង់អ្នកមេម៉ាយដ៏ផូរផង់ទ្រលុកទ្រលន់ជាងគេក្នុងសិល្បៈ ស៊ឹម សូលិកា ដែលត្រូវបានលោកអេង រិទ្ធី ជាអតីតកូនចៅរបស់លោកថាវរិទ្ធ នោះ កំពុងតែស្និទ្ធស្នេហ៍ ដោយបណ្តើរគ្នាគ្រប់ជំហានដូចប្តីប្រពន្ធថ្មោងថ្មី ដែលពេលខ្លះធ្វើឱ្យលោកថាវរិទ្ធ ពិបាកទប់ស្មារតី។

ប្រភពពីអ្នកដឹកនាំសម្តែងភាពយន្តម្នាក់ ដែលរួមការងារជាមួយលោកទិត ថាវរិទ្ធ បានបង្ហើបឱ្យដឹងថា “ពេលនេះលោកថាវរិទ្ធ ស្តាយសូលិកា ហើយគាត់សរសើរថា នាងស្អាត។ មានពេលខ្លះលោកថាវរិទ្ធ ហាក់ឯកោ នឹកសូលិកា និងចង់ជួបជុំវិញ។ តែគាត់មិនអាចធ្វើបានទេ ព្រោះសូលិកា មានអ្នកថ្មីជាកូនចៅគាត់ពីមុនទៅហើយ…”។

មិនមែនតែអ្នកដឹកនាំសម្តែងរឿងតែម្នាក់នោះទេ ដែលនិយាយបែបនេះ ក្រុមតារាសម្តែងក្នុងរឿងមួយរបស់ប៉ុស្តិ៍អាស៊ីអាគ្នេយ៍ ដែលមានលោកទិត ថាវរិទ្ធ ជាអ្នកគ្រប់គ្រងនោះ ពួកគេបានឱ្យដឹងប្រហាក់ប្រហែលគ្នាថា លោកថាវរិទ្ធ នៅតែស្តាយក្លិនសូលិកា ដដែល ហើយថែមទាំងចង់ផ្សះផ្សាស្នេហ៍ដូចដើមទៀតផង តែបំណង និងទឹកចិត្តដ៏ល្អរបស់លោកថាវរិទ្ធ ចំពោះអតីតសង្សារអ្នកនាងសូលិកា នាពេលនេះ គឺប្រហែលជាយឺតពេលទៅហើយ ព្រោះតែពេលនេះអ្នកនាងសូលិកា បានលេងស្ទីលចន ច័ន្ទលក្ខិណា ចំពោះអតីតប្តីលោកយុត្ថារ៉ា ឆានី អីចឹងគឺសូមរាប់អានលោកថាវរិទ្ធ ដូចជាបងប្រុសអីចឹង មិនមែនជាបងសម្លាញ់ដូចមុនឡើយ។ ហេតុនេះហើយ ទឹកចិត្តដ៏ថ្លៃថ្លារបស់លោកថាវរិទ្ធ គឺមិនអាចឱ្យសូលិកា ធ្លាក់ចូលអន្ទាក់ស្នេហ៍ជាលើកទី២ម្តងទៀតឡើយ ព្រោះតែពេលនេះ នាងមានកម្តៅស្នេហ៍ដ៏សែនកក់ក្តៅទៅហើយ គឺបុរសពុកមាត់ស លោកអេង រិទ្ធី។

លោកអេង រិទ្ធី និងសុឹម សូលិកា

ស៊ឹម សូលិកា ធ្លាប់សាងស្នេហ៍ជាសម្ងាត់ជាមួយលោកទិត ថាវរិទ្ធ ជាង៥ឆ្នាំ បន្ទាប់ពីនាងបានលែងប្តី លោកវីរៈ ចោល ដោយបន្សល់ចំណងដៃកូនស្រីម្នាក់ ពេញវ័យក្រមុំឈ្មោះស្រីណុច។ ប៉ុន្តែ ចំណងស្នេហ៍សូលិកា និងលោកទិត ថាវរិទ្ធ ហាក់មានភាពល្វីងជូរចត់ច្រើនជាងផ្អែមល្ហែម ព្រោះតែអតីតអគ្គនាយករងទូរទស្សន៍បាយ័ន រូបនេះប្រចណ្ឌសូលិកា ខ្លាំងពេក រហូតធ្វើឱ្យនាងផ្តាច់ខ្លួនពីអាជីពសម្តែងទាំងស្រុងតែម្តង ជាពិសេសក្រុមគ្រួសាររបស់លោកថាវរិទ្ធ មិនមានអ្នកណាម្នាក់គាំទ្រឡើយ គឺនាំគ្នាប្រឆាំងទាំងអស់ ទើបធ្វើឱ្យសូលិកា អស់និស្ស័យស្នេហ៍ ហើយផ្តាច់ស្នេហ៍ពីលោកថាវរិទ្ធ ដោយគ្មានអាល័យ។ អ្វីដែលធ្វើឱ្យថាវរិទ្ធ ស្រឡាំងកាំង និងស្ទើរតែមិនគួរឱ្យជឿនោះ គឺនៅពេលដែលសូលិកា បានលេងមួយក្បាច់ដាច់ផ្ងារលោកតែម្តងនោះ គឺការបង្ហាញពីភាពយល់ចិត្តយល់ថ្លើមស្និទ្ធស្នេហ៍ជាមួយលោកអេង រិទ្ធី ដែលជាអតីតកូនចៅរបស់លោក ដែលមានកម្មវិធីអ្នកសិល្បៈខ្លះជួបជុំគ្នា ហើយនៅពេលដែលសូលិកា បណ្តើរលោករិទ្ធី មកញ៉ាំអាហារនៅតុតែ១រួមគ្នានោះ អតីតនាយករងប៉ុស្តិ៍បាយ័ន រូបនេះបានត្រឹមតែដើរចេញទៅអង្គុយតែម្នាក់ឯងប៉ុណ្ណោះ ដែលរឿងស្នេហ៍ដ៏ចម្រូងចម្រាសនេះ បានធ្វើឱ្យអ្នកសិល្បៈរួមអាជីពជាច្រើនបានត្រឹមតែគាំងយោបល់ ហើយហួសចិត្តគ្រប់គ្នា ខណៈដែលអ្នកខ្លះទៀតបានចោទជាសំណួរថា តើនេះជាកំហុសអ្នកណា?

ស៊ឹម សូលិកា ដែលរងបរាជ័យស្នេហ៍២លើកផ្ទួនៗគ្នានេះ ហាក់មានការប្រុងប្រយ័ត្នក្នុងការជ្រើសរើសគូស្នេហ៍ថ្មីជាងមុន ព្រោះតែខ្លាចខកចិត្តលើកទី៣ នាំឱ្យដំបៅបេះដូង ព្យាបាលពិបាកជាដូចដើម។ មន្ត្រីធំៗនិងលោកឧកញ៉ាមិនតិចរូបឡើយ ដែលតាមឆ្វែលអ្នកមេម៉ាយរូបស្រស់នេះ ដែលក្នុងនោះ មានទាំងលោកឧកញ៉ាមហាសេដ្ឋីម្នាក់ ដែលតាមស្នេហ៍សូលិកា តាំងពីចូលសិល្បៈដំបូងនោះ នៅតែចិញ្ចឹមចិត្តស្នេហ៍សូលិកាដូចមុន ដោយគ្មានងាករេដដែល។ ប៉ុន្តែ សូលិកា ហាក់ផាត់ចោលស្នេហ៍ដែលបានត្រឹមធ្វើជាកំណាន់ចិត្តគេលួចលាក់នោះ ដោយសម្លឹងនិងផ្តល់ទំនុកចិត្តទៅលើអ្នកដែលនៅជិតនាងព្រឹក-ល្ងាច ក្រោមដំបូលតែមួយ គឺលោករិទ្ធី នោះទៅវិញ ដែលការជ្រើសរើសម្ចាស់ចិត្តថ្មី ជួញជិតប្រសើរជាងជួញឆ្ងាយនោះ គឺធ្វើឱ្យប្រុសៗសម្បូរទ្រព្យមិនតិចឡើយ ដែលចង់ជះទឹកលុយស្ទូចបេះដូងអ្នកមេម៉ាយរូបនេះ គឺបានត្រឹមតែខកចិត្តប៉ុណ្ណោះ ព្រោះសូលិកា មិនត្រូវការស្នេហាក្លែងក្លាយទៀតទេ គឺនាងចង់បានអ្នកដែលស្នេហ៍នាងដោយស្មោះ ប្រសើរជាងរស់នៅក្នុងទ្រុងស្នេហ៍។

ទោះជាយ៉ាងណា ជុំវិញដំណឹងខាងលើនេះ មិនអាចទាក់ទងសុំការបំភ្លឺពីអ្នកនាងស៊ឹម សូលិកា និងលោកអេង រិទ្ធី បានទេ។ ប៉ុន្តែកន្លងមក ស៊ឹម សូលិកា បានអះអាងថា ទំនាក់ទំនងរវាងនាងនិងលោកអេង រិទ្ធី គឺក្នុងនាមជាមិត្តរួមការងារប៉ុណ្ណោះ។

យ៉ាងណា តាមប្រភពអ្នកស្និទ្ធនឹងពិធីករ-ពិធីការិនី១គូនេះ និយាយថា សូលិកា និងលោកអេង រិទ្ធី ពិតជាមានទំនាក់ទំនងលើសពីមិត្តរួមការងារ តែពួកគេព្យាយាមលាក់ ហើយក៏មិនទាន់មានដំណឹងកំណត់ពេលចូលរោងការជាមួយលោកអេង រិទ្ធី ទេ ទោះជាពេលនេះ ចំណងស្នេហានេះបានល្បីសុសសាយពេញក្នុងចង្កោមអ្នកសិល្បៈ ហើយមុននេះលេចឮថា កូនស្រីសូលិកា ពេញចិត្តលោករិទ្ធី ធ្វើជាប៉ាទី២ របស់គេក៏ដោយ តែតាមប្រភពថា សូលិកា ចង់ស្វែងយល់ចិត្តជាមួយលោករិទ្ធី ឱ្យបានច្បាស់លាស់សិន។

សុឹម សូលិកា និងកូនស្រី

ក្រុមអ្នកសិល្បៈជាច្រើនបាននិយាយថា ប្រសិនបើសូលិកា សម្រេចចិត្តដឹកដៃលោករិទ្ធី ក្រាបផ្ទឹមនោះ អ្នកដែលឈឺចាប់ជាងគេ គឺលោកថាវរិទ្ធ ព្រោះកុំថាឡើយចង់ផ្សះផ្សា សូម្បីតែចង់នៅក្បែរដូចមុនក៏មិនបានទៀតឡើយ៕

RELATED ARTICLES