Saturday, September 21, 2024
Homeតារាខ្មែរយក់ ថិតរដ្ឋា ប្រឆាំងបំណងប្តីយកកូនស្រី ទោះជាស្វាមីទទូចចង់បានកូនស្រីក៏ដោយ

យក់ ថិតរដ្ឋា ប្រឆាំងបំណងប្តីយកកូនស្រី ទោះជាស្វាមីទទូចចង់បានកូនស្រីក៏ដោយ

អតីតតារាចម្រៀងផលិតកម្មរស្មីហង្សមាស យក់ ថិតរដ្ឋា នៅមិនទាន់អាចបំបែកទីផ្សារចម្រៀងនៅផលិតម្មថោន បានទេ ព្រោះតែមាស សុខសោភា នៅតែមានប្រៀបជាង ខណៈដែលពេលនេះ រដ្ឋា បានជំទាស់បំណងប្តីយកកូនស្រីម្នាក់ទៀត ដើម្បីផ្តោតពេលវេលាច្រើនទៅបុកខាងចម្រៀង…។

យក់ ថិតរដ្ឋា មានគម្រោងចេញទៅច្រៀងសម្តែងនៅអាមេរិក ជាមួយស្វាមីឃុំ ប៉ុណ្ណាដែត នៅចុងឆ្នាំ២០១៧នេះ នឹងបង្ហួសទៅប្រទេសអូស្ត្រាលីផងដែរ តែពេលនេះ ស្រាប់តែនាងបានសម្រេចចិត្តលុបចោលទាំង២ប្រទេស ដោយគ្មានស្តាយលុយឡើយ ហើយបែរជាយកពេលវេលាទៅចំណាយការដើរកម្សាន្តលំហែអារម្មណ៍ជាមួយប្តីនៅប្រទេសថៃ ទៅវិញ ដែលមើលទៅពេលនេះ រដ្ឋា មិនផ្តោតលើការកើបលុយល្អិតពីសិល្បៈដូចមុនទៀតឡើយ ព្រោះតែពេលនេះ នាងជាតារាម្នាក់ស្ថិតក្នុងចំណោមតារាដែលមានទ្រព្យច្រើននៅក្នុងស្រុកផងដែរ។

តារាចម្រៀងថោន រូបនេះបានឱ្យដឹងដែរថា “តាមគម្រោង ខ្ញុំត្រូវទៅអាមេរិក ជាមួយស្វាមីខ្ញុំ ៣ខែមែន ដោយចេញដំណើរនៅខែធ្នូនេះ ហើយបង្ហួសទៅអូស្ត្រាលី ១ខែទៀត នៅដើមឆ្នាំ២០១៨។ តែឥឡូវគម្រោងនេះ បានលុបចោលវិញហើយ ព្រោះអីខ្ញុំនិងប្តីមានការរវល់ខ្លាំងពេក មិនអាចចេញទៅបានទេ។ ប្តីខ្ញុំគាត់ធ្វើការ គាត់ជាប់មើលការសាងសង់ផ្ទះល្វែងអី ហើយខ្ញុំជាប់ថតសឹងតែរហូតហ្នឹង អីចឹងទៅមានពេលឯណាគ្រប់គ្រាន់ទៅច្រៀងនៅបរទេសទៅ? ចំណែកការដែលខ្ញុំទៅប្រទេសថៃ នេះ គឺទៅមុនភ្ជុំធំ ដោយទៅដើរលេង ៤ទៅ៥ថ្ងៃ ជាមួយក្រុមគ្រួសារ តែមិនមែនទៅដើរលេងសុទ្ធទេ គឺទៅមើលការរកស៊ីផងដែរ តែនោះគឺជាកិច្ចការរបស់ប្តីខ្ញុំទេ”។

យក់ ថិតរដ្ឋា បានរៀបការជាមួយលោកឃុំ ប៉ុណ្ណាដែត កាលពី ឆ្នាំ២០០៦ ដោយពេលនេះ ទទួលបានចំណងដៃស្នេហ៍ជាកូនប្រុស២នាក់ គឺកូនទី១ ឈ្មោះឃុំ រដ្ឋាណាលីដូ អាយុ១០ឆ្នាំ និងកូនទី២ ឈ្មោះឃុំ រដ្ឋាណាលីឌី អាយុ២ឆ្នាំ។ ការមានកូនត្រឹមតែ២នាក់ សម្រាប់គ្រួសារតារា១គូនេះ នៅមិនទាន់គ្រប់គ្រាន់ឡើយ ដោយមុននេះ លោកប៉ុណ្ណាដែត ប្រាប់ថា ចិត្តរបស់លោក គឺចង់បានកូនស្រីម្នាក់ទៀត ហើយលោកនឹងយកកូនម្នាក់ទៀតតាមបំណង ក្នុងពេលឆាប់ៗនេះ បើទោះជាពេលនេះ រដ្ឋា កំពុងតែមមាញឹកក្នុងសិល្បៈក្តី តែសម្រាប់សុភមង្គលក្នុងគ្រួសារក៏ជារឿងសំខាន់ដែរ អីចឹងប្រហែលជាមិនពន្យារពេលឡើយ។ ប៉ុន្តែ នៅពេលត្រូវសួររឿងយកកូនទី៣នេះ រដ្ឋា បែរជាជំទាស់បំណងប្តីទៅវិញ ដោយនាងថា គ្មានគម្រោងពពោះឆាប់ៗនេះឡើយ។

តារាចម្រៀងដែលរត់ចោលទ្រនំហង្សមាស ចូលថោន រូបនេះ បន្ថែមថា “ខ្ញុំអត់ទាន់យកកូនម្នាក់ទៀតទេ។ និយាយទៅ ខ្ញុំនិងគាត់ (ប្តី) រវល់ដូចគ្នា អីចឹងគ្មានពេលសម្រាប់យកកូនឆាប់ៗទេ (សើច)”។

យក់ ថិតរដ្ឋា អាចក្លាយទៅជាគូស្នេហ៍គំរូសម្រាប់តារាសិល្បៈខ្មែរ នាពេលខាងមុខជាមិនខាន ក្រោយពេលដែលអ្នកនាងចន ច័ន្ទលក្ខិណា លែងប្តីយុត្ថារ៉ា ឆានី កាលពីឆ្នាំ២០១៣ ក្រោយរួមរស់ជាមួយគ្នា អស់១៧ឆ្នាំមក ព្រោះរដ្ឋា និងលោកដែត តាំងពីចាប់ដៃគ្នាជាង១០ឆ្នាំមកនេះ គូស្នេហ៍ដែលធ្លាប់ជ្រកនៅទ្រនំជាមួយគ្នា SSB នេះ មិនដែលមានទំនាស់ច្រើនដូចប្តីប្រពន្ធតារាដទៃទៀតឡើយ។ ពេលនេះ រដ្ឋា ជិះរថយន្តទំនើប Range Rover ស៊េរីឆ្នាំ២០១៤ តម្លៃជាង១០ម៉ឺនដុល្លារ ហើយមានផ្ទះច្រើនកន្លែង ខណៈដែលលោកដែត ក្លាយជាថៅកែហាងផឹកស៊ីដ៏ល្បីមួយ នៅក្រោយផ្សារទំនើបអ៊ីអន ផងដែរ៕

RELATED ARTICLES