យក់ ថិតរដ្ឋា ដែលគ្រោងនាំប្តីហោះទៅរកលុយនៅអាមេរិក និងអូស្ត្រាលី បានលុបចោលជាបន្ទាន់ ដោយបែរជាត្រៀមបណ្តើរប្តីទៅដើរលេងនៅប្រទេសថៃ ទៅវិញ ខណៈដែលពេលនេះ គ្រួសារតារា១គូនេះ ស្ថិតក្នុងចំណោមតារាដែលមានទ្រព្យច្រើនជាងគេផងដែរ…។
យក់ ថិតរដ្ឋា ដែលផ្តាច់ខ្លួនពីផលិតកម្មរស្មីហង្សមាស ទៅផ្ញើខ្លួនទ្រនំថោន ហាក់មិនទាន់ធ្វើឱ្យទីផ្សារចម្រៀងមានការប្រែប្រួលឡើយ ព្រោះតែមាស សុខសោភា ដែលរួមទ្រនំនោះ នៅតែមានប្រៀបជាងដដែល ហេតុនេះហើយ បានជាមានការលើកឡើងថា តារាកូន២រូបនេះ មានសន្ទុះខ្លាំង មិនដូចកាលនៅក្រមុំឡើយ បើទោះជាមានការប្តូរផលិតកម្មក្តី។
ក្នុងជំនួបផ្ទាល់កាលពីពេលថ្មីៗនេះ យក់ ថិតរដ្ឋា បានឱ្យដឹងថា ពេលនេះផលិតកម្មថោន ធ្វើឱ្យនាងសប្បាយចិត្តក្រៃលែង ព្រោះតែនាងមានឱកាសច្រើន បទចម្រៀងមានចេញជាហូរហែ ហើយថោន បានបើកសិទ្ធិទូលាយគ្រប់បែបយ៉ាងទាំងអស់។
ភរិយាលោកឃុំ ប៉ុណ្ណាដែត រូបនេះ រៀបរាប់ថា “បទចម្រៀងរបស់ខ្ញុំមានច្រើន ហើយនៅថោន និយាយទៅ គាត់ដាក់បទឱ្យជាហូរហែ ប៉ុន្តែ ដោយសារមានភាពរវល់ច្រើនពេកអីចឹង សម្រាប់បទចម្រៀងនៅរដូវបុណ្យភ្ជុំបិណ្ឌនេះ ខ្ញុំមិនមានបទចេញទេ។ និយាយទៅ ថោន គាត់ផ្តល់សិទ្ធិឱ្យខ្ញុំច្រើនណាស់ ចង់ខ្ញុំយកបទខ្ញុំ ពីក្រៅផលិតកម្មមកលក់ឱ្យគាត់ក៏បានដែរ ព្រោះរាល់ថ្ងៃ ខ្ញុំមាន Studio ផ្ទាល់ខ្លួននៅផ្ទះ ខ្ញុំមានអ្នកនិពន្ធ អ្នកធ្វើភ្លេងអី ហើយខ្ញុំក៏ធ្វើបទចាស់ៗរបស់ខ្ញុំពីមុនឡើងវិញដែរ តែមិនមានផលិតកម្មទេ គឺយើងចេញនៅលើ Youtube ទេ។ និយាយទៅ ការងារខ្ញុំពេលនេះនៅថោន រវល់សឹងតែគ្មានពេលសម្រាប់ក្រុមគ្រួសារទេ អីចឹងខ្ញុំអាចនិយាយបានថា ខ្ញុំមានសេចក្តីសុខជាមួយថោន តែខ្ញុំសូមមិននិយាយភ្ជាប់ជាមួយផលិតកម្មផ្សេងទៀតទេ”។
យក់ ថិតរដ្ឋា មានគម្រោងចេញទៅច្រៀងសម្តែងនៅអាមេរិក ជាមួយស្វាមីឃុំ ប៉ុណ្ណាដែត នៅចុងឆ្នាំ២០១៧នេះ នឹងបង្ហួសទៅប្រទេសអូស្ត្រាលីផងដែរ តែពេលនេះ ស្រាប់តែនាងបានសម្រេចចិត្តលុបចោលទាំង២ប្រទេស ដោយគ្មានស្តាយលុយឡើយ ហើយបែរជាយកពេលវេលាទៅចំណាយការដើរកម្សាន្តលំហែអារម្មណ៍ជាមួយប្តីនៅប្រទេសថៃ ទៅវិញ ដែលមើលទៅពេលនេះ រដ្ឋា មិនផ្តោតលើការកើបលុយល្អិតពីសិល្បៈដូចមុនទៀតឡើយ ព្រោះតែពេលនេះ នាងជាតារាម្នាក់ស្ថិតក្នុងចំណោមតារាដែលមានទ្រព្យច្រើននៅក្នុងស្រុកផងដែរ។
តារាចម្រៀងថោន រូបនេះបានឱ្យដឹងដែរថា “តាមគម្រោង ខ្ញុំត្រូវទៅអាមេរិក ជាមួយស្វាមីខ្ញុំ ៣ខែមែន ដោយចេញដំណើរនៅខែធ្នូនេះ ហើយបង្ហួសទៅអូស្ត្រាលី ១ខែទៀត នៅដើមឆ្នាំ២០១៨។ តែឥឡូវគម្រោងនេះ បានលុបចោលវិញហើយ ព្រោះអីខ្ញុំនិងប្តី មានការរវល់ខ្លាំងពេក មិនអាចចេញទៅបានទេ។ ប្តីខ្ញុំគាត់ធ្វើការ គាត់ជាប់មើលការសាងសង់ផ្ទះល្វែងអី ហើយខ្ញុំជាប់ថតសឹងតែរហូតហ្នឹង អីចឹងទៅមានពេលឯណាគ្រប់គ្រាន់ទៅច្រៀងនៅបរទេសទៅ? ចំណែកការដែលខ្ញុំទៅប្រទេសថៃ នេះ គឺទៅមុនភ្ជុំធំហ្នឹងតែម្តង ដោយទៅដើរលេង ៤ទៅ៥ថ្ងៃ ជាមួយក្រុមគ្រួសារ តែមិនមែនទៅដើរលេងសុទ្ធទេ គឺទៅមើលការរកស៊ីផងដែរ តែនោះគឺជាកិច្ចការរបស់ប្តីខ្ញុំទេ”៕