Tuesday, November 26, 2024
Homeព័ត៌មានជាតិលោកឃួង ស្រេង ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងលិចផ្ទះពលរដ្ឋ

លោកឃួង ស្រេង ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងលិចផ្ទះពលរដ្ឋ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៧ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង លិចផ្ទះពលរដ្ឋខណ្ឌច្បារអំពៅ ហើយបានសម្រេច ឱ្យមន្ទីរធនធានទឹកសហការជាមួយមន្ទីរសាធារណការ និងអាជ្ញាធរខណ្ឌ សង្កាត់ ធ្វើការ ស្តារប្រឡាយព្រែកតាអេវឡើងវិញ ដើម្បីជួយ រំដោះទឹកចេញពីសង្កាត់ព្រែកថ្មី និងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅផងដែរ។

ដោយសារភ្លៀងធ្លាក់ខ្លាំងនៅរយៈចុង ក្រោយនេះ ពិសេសនៅអំឡុងបុណ្យភ្ជុំបិណ្ឌ បានធ្វើឱ្យតំបន់ខ្លះក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ ត្រូវទទួលរងការលិចលង់ផ្ទះសម្បែង និងផលដំណាំរបស់បងប្អូនប្រជាពលរដ្ឋដោយសារជំនន់ ទឹកភ្លៀង។ ដោយមើលឃើញពីផលលំបាក របស់ប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៧ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ទីរជំនាញពាក់ព័ន្ឋ រួមជាមួយអាជ្ញាធរខណ្ឌច្បារអំពៅ ចុះពិនិត្យមើលស្ថានភាពតំបន់លិចលង់មួយចំនួន និងស្ថានភាពប្រឡាយព្រែក ដែលត្រូវការស្តារឡើងវិញ។

ជាលទ្ឋផលនៃការចុះពិនិត្យលោកអភិបាលរាជធានីភ្នំពេញ បានសម្រេចឱ្យមន្ទីរធនធានទឹក សហការជាមួយមន្ទីរសាធារណការ និងអាជ្ញាធរខណ្ឌ សង្កាត់ ដាក់គ្រឿងចក្រស្តារប្រឡាយព្រែកតាអេវ ឡើងវិញ ដែលមានការពាក់ព័ន្ឋភូមិព្រែកថ្មី១ និងភូមិកោះក្របី ក្នុងសង្កាត់ព្រែកថ្មី ដើម្បីជួយរំដោះទឹកចេញពី សង្កាត់ព្រែកថ្មី និងអាចរំដោះទឹកចេញពីសង្កាត់ ព្រែកឯង ផងដែរ។

គួររំលឹកថា នៅអំឡុងបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌថ្មីៗនេះ ដោយសារភ្លៀងធ្លាក់ច្រើន បណ្តាលឱ្យតំបន់មួយចំនួន ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ រងការលិចលង់ដោយជំនន់ទឹកភ្លៀង ក្នុងនោះ ក្រៅពីតំបន់ខ្លះក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ នៅតំបន់ខ្លះក្នុងមូលដ្ឋានខណ្ឌច្បារអំពៅមួយចំនួនទៀត ក៏រងជំនន់ទឹកភ្លៀង លិចលង់ផ្ទះ ប្រជាពលរដ្ឋផងដែរ ជាពិសេសនៅពេលមានភ្លើងធ្លាក់ច្រើន កាលពីបុណ្យភ្ជុំបិណ្ឌ ថ្ងៃទី២០ ខែកញ្ញា ដែលដងផ្លូវមួយចំនួន នៅកណ្តាល រាជធានី ដូចជាមហាវិថីសហព័ន្ធរុស្ស៊ី មហាវិថី ម៉ៅសេទុង មហាវិថីម៉ៅកម្ពុជាក្រោម ជាដើម បានលិចលង់ដោយសារជំនន់ទឹកភ្លៀង។ ប៉ុន្តែ យ៉ាងណា ដោយសារការខិតខំរបស់អាជ្ញាធរ រាជធានីភ្នំពេញ ក្នុងការស្តារប្រព័ន្ធលូបង្ហូរទឹក បានដោះស្រាយបញ្ហាជំនន់ទឹកភ្លៀងបានធូរស្រាលមួយកម្រិតនៅពេលនេះ ពោលគឺការ លិចលង់ដោយជំនន់ទឹកភ្លៀង តែក្នុងរយពេល ខ្លីៗប៉ុណ្ណោះ។ ទន្ទឹមនេះ អាជ្ញាធររាជធានីភ្នំពេញ កំពុងរកវិធីដោះស្រាយបញ្ហាជំនន់ទឹកភ្លៀងនេះ ឱ្យកាន់តែមានប្រសិទ្ធភាពល្អប្រសើរ ឡើងថែមទៀត ឈានទៅដោះស្រាយបានទាំងស្រុង នៅពេលខាងមុខ៕

ខៀវទុំ

RELATED ARTICLES