Tuesday, November 26, 2024
Homeព័ត៌មានជាតិតុលាការកោះហៅគណៈកម្មការបុណ្យសពលោកកែម ឡី

តុលាការកោះហៅគណៈកម្មការបុណ្យសពលោកកែម ឡី

ភ្នំពេញ ៖ ក្រោយពេលកោះហៅលោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ឱ្យចូលបំភ្លឺក្នុងនាមជាដើមបណ្តឹងរួចមក តុលាការ ក៏បានចេញដីកាកោះហៅគណៈកម្មការបុណ្យសព លោកកែម ឡី រួមមានព្រះតេជគុណប៊ុត ប៊ុនតិញ ស្ថាបនិកបណ្តាញព្រះសង្ឃឯករាជ្យ, លោកប៉ា ងួនទៀង ព្រមទាំងលោកមឿន តុលា ឱ្យចូលបំភ្លឺក្នុងនាមជាចុងបណ្តឹង។

ដីកាកោះរបស់លោកគុជ គឹមឡុង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៧ បានបញ្ជាក់ថា “អញ្ជើញព្រះតេជគុណ ប៊ុត ប៊ុនតិញ ភេទប្រុស កើតនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៨០ ជាជនសង្ស័យ មានអាសយដ្ឋានផ្ទះ លេខ ៖ ២៣៧ ផ្លូវលំ (៦៨D) ក្រុមទី១៦ ភូមិថ្មី សង្កាត់ដង្កោ រាជធានីភ្នំពេញ។

ឱ្យចូលទៅកាន់អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ជាន់ទី២ បន្ទប់ (ភ)

នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ វេលា ម៉ោង៩ព្រឹក។

ដើម្បីសាកសួរបំភ្លឺ ពីដំណើររឿងពាក់ព័ន្ធ នឹងបច្ច័យបុណ្យសពលោកបណ្ឌិតកែម ឡី និងបទរំលោភលើទំនុកចិត្ត តាមពាក្យបណ្តឹងរបស់ ឈ្មោះពេជ្រ ស្រស់…”។

ក្រៅពីនេះ លោកគុជ គឹមឡុង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះ២ផ្សេងគ្នាទៀត ចុះថ្ងៃដដែល កោះហៅលោកប៉ា ងួនទៀង កើតនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ១៩៧២ ជាជនសង្ស័យ មានតួនាទីជានាយកប្រតិបត្តិ មជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ មានលំនៅបច្ចុប្បន្ន ផ្ទះលេខ១៤ A សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ និងលោក មឿន តុលា កើតថ្ងៃទី០៨ ខែមេសា ឆ្នាំ១៩៧៨ ជាជនជនសង្ស័យ មានតួនាទីជាប្រធានកម្មវិធី សិទ្ធិការងារ នៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់ សហគមន៍ មានលំនៅបច្ចុប្បន្ន ផ្ទះលេខ២៣៧ ក្រុមទី១៦ ផ្លូវភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ឱ្យចូលទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ជាន់ទី២ បន្ទប់ (ភ) នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង ៩ព្រឹក ដើម្បីសាកសួរបំភ្លឺពីដំណើររឿងពាក់ព័ន្ធនឹងបច្ច័យបុណ្យសពលោកបណ្ឌិតកែម ឡី និងបទរំលោភលើទំនុកចិត្ត តាមពាក្យបណ្តឹងរបស់លោកពេជ្រ ស្រស់។

គួររំលឹកថា កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ ២០១៧ លោកពេជ្រ ស្រស់ ប្រធានគណបក្ស យុវជនកម្ពុជា បានដាក់ពាក្យបណ្តឹងចូលទៅកាន់អយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីស្នើសុំប្តឹងស្វែងរកការពិតលើប្រាក់បច្ច័យ បុណ្យសពលោកបណ្ឌិតកែម ឡី កន្លងមក ដែលគ្រប់គ្រងដោយគណៈកម្មការបុណ្យសពលោក បណ្ឌិតកែម ឡី ដែលរួមមានព្រះតេជគុណ ប៊ុត ប៊ុនតិញ, លោកប៉ា ងួនទៀង និងលោក មឿន តុលា។

បន្ទាប់មក លោកពេជ្រ ស្រស់ ត្រូវបាន លោកគុជ គឹមឡុង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កោះហៅ ឱ្យចូលទៅបំភ្លឺរួចហើយ ក្នុងនាមជាដើមបណ្តឹង កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧

ទោះបីយ៉ាងណា ពាក់ព័ន្ធនឹងបញ្ហានេះ មិនទាន់អាចទាក់ទង សុំការបញ្ជាក់ឆ្លើយតបពី ព្រះតេជគុណ ប៊ុត ប៊ុនតិញ និងលោកប៉ា ងួនទៀង ព្រមទាំងលោកមឿន តុលា បានទេ កាលពីម្សិលមិញ៕

កុលបុត្រ

RELATED ARTICLES