Saturday, September 21, 2024
Homeតារាខ្មែរលី​ ម៉ារីណា ធ្វើខួបកូនប្រុសយប់មិញ ភ្ញៀវមកលើសចំនួន ប៉ុន្តែមិនមានវត្តមានស្វាមី

លី​ ម៉ារីណា ធ្វើខួបកូនប្រុសយប់មិញ ភ្ញៀវមកលើសចំនួន ប៉ុន្តែមិនមានវត្តមានស្វាមី

នៅយប់ថ្ងៃទី២៤ ខែកញ្ញា​ កន្លងទៅនេះ តារាភាពយន្តល្បីឈ្មោះ អ្នកនាងលី ម៉ារីណា បានធ្វើខួបកំណើតឲ្យកូនប្រុស ឈ្មោះសាត ថៃសាន់ គម្រប់អាយុ៣ឆ្នាំ នៅហាងវីហ្វ្រេន សាខាបឹងត្របែក ដែលមានតារាសិល្បៈល្បីៗចូលរួមយ៉ាងច្រើនកុះករ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់ ពិធីខួបដ៏អធឹកអធមនោះ បែរជាមិនឃើញវត្តមានស្វាមីរបស់អ្នកនាងទេ។

អ្នកនាងលី ម៉ារីណា ដែលវិលមករស់នៅស្រុកខ្មែរជាអចិន្ត្រៃយ៍វិញ ក្រោយស្ងប់រឿងអាស្រូវបានថ្លែងឲ្យដឹងថា អ្នកនាងគ្មានគម្រោងធ្វើខួបកំណើតឲ្យកូន​ប្រុសក្នុងទ្រង់ទ្រាយធំដុំទេ ព្រោះមិនចង់រំខានមិត្តភក្ដិក្នុងសិល្បៈច្រើន គឺតាមគម្រោងអ្នកនាងធ្វើតែ៤ទៅ៥តុប៉ុណ្ណោះ ដើម្បីជួបជុំមិត្តភក្ដិដែលស្និទ្ធស្នាល។ ប៉ុន្តែជាក់ស្ដែងស្រាប់តែមកលើសចំនួនតុ គឺភ្ញៀវបានផ្ដល់កិត្តិយសចូលរួមរហូតខ្ទង់១០០នាក់ឯណោះ។

អ្នកនាងលី ម៉ារីណា បន្ថែមថា ”ខ្ញុំគ្រាន់តែធ្វើលេងៗប៉ុណ្ណោះ ដោយគ្មានគម្រោងធ្វើធំទេ គឺទើបតែអញ្ញើញភ្ញៀវតាមហ្វេសប៊ុក ៣ទៅ៤ថ្ងៃ មុនថ្ងៃខួប តែភ្ញៀវបានអញ្ជើញមកលើសចំនួនតុដែលបានបម្រុងទុកស្ទើរតែគ្មានកន្លែងអង្គុយ ខណៈភ្ញៀវខ្លះមកទាំងគូ និងខ្លះទៀតមកពី៣ទៅ៤នាក់ឯណោះ។ តែយ៉ាងណា ខ្ញុំពិតជាសប្បាយចិត្តណាស់ និងអរគុណយ៉ាងក្រៃលែងដល់ភ្ញៀវដែលបានផ្តល់កិត្តិយសចូលរួម បើទោះបីខ្ញុំអញ្ជើញតែតាមហ្វេសប៊ុកក្ដី”។

ដោយឡែក ការបាត់វត្តមានស្វាមីនៅក្នុងខួបកំណើតកូនប្រុស ស្របពេលមានការសង្ស័យថា ជីវិតអាពាហ៍ពិពាហ៍ឆ្លងដែនរបស់អ្នកនាងរង្គោះរង្គើរនោះ អ្នកនាងលី ម៉ារីណា អះអាងថា ស្នេហារបស់អ្នកនាងគ្មានអ្វីប្រែប្រួលទេ ហើយមូលហេតុដែលស្វាមីអ្នកនាង លោកសាត ចាន់ថន មិនបានមកចូលរួមនោះ ដោយសារតែជាប់រវល់ការងារនៅសហរដ្ឋអាមេរិក។

អ្នក​នាងបន្ថែមថា ”ពួកយើងពុំមា​នបញ្ហាអ្វីទេ ហើយបើទោះបីគាត់ពុំបានអញ្ជើញមក ក៏បានផ្ញើថវិកាមកចាត់ចែងកម្មវិធីនេះដែរ។ ស្វាមីខ្ញុំគាត់ជាប់រវល់មិនអាចដកឃ្លាមកបាន ប៉ុន្តែគាត់នឹងឡើងមកខ្មែរនៅអំឡុងខែក្រោយនេះហើយ”។

អ្នកនាងលី ម៉ារីណា ដែលជំពប់រឿងអាស្រូវត្រូវជំទាវអនាមិកគម្រាមអាយុជីវិតបានសម្ងំទៅរស់នៅសហរដ្ឋអាមេរិក រយៈពេលជាច្រើនឆ្នាំ គឺទើបត្រឡប់មករស់នៅស្រុកខ្មែរវិញ នៅអំឡុងឆ្នាំ២០១៦ ក្រោយជំទាវដ៏មានឥទ្ធិពលម្នាក់លែងតាមព្យាបាទ ហើយពេលនេះ អ្នកនាងបានប្រឡូកសិល្បៈពេញទំហឹងជាថ្មី ទាំងអាជីពសម្ដែង និងការងារពិធីការិនី។ ម៉ារីណា មិនព្រួយបារម្ភជួបព្យុះរឿងអាស្រូវទាំងនោះទៀតទេ ខណៈប្ដីក៏បើកទូលាយឲ្យលេងសិល្បៈតាមចិត្តចង់។

 

នៅក្នុងពិធីខួបកំណើតរបស់កូនប្រុសគម្រប់អាយុ៣ឆ្នាំ របស់អ្នកនាងលី ម៉ារីណា ដែលបាត់វត្តមានស្វាមី គេឃើញមានវត្តមានតារាល្បីៗចូលរួមយ៉ាងច្រើនកុះករ ដូចជា អ្នកនាងម៉េង កែវពេជ្ជតា, លោកកុយ ស៊ីឌឿន ម្ចាស់ផលិតកម្មឌីភី, លោកពេជ្រ ច័ន្ទកែវមុនី អភិបាលខណ្ឌស្ទឹងមានជ័យ, លោកទេព រិន្ទដារ៉ូ, អ្នកនាងសារ៉ាយ សក្ខណា និងស្វាមី, កញ្ញាថន លក្ខិណា, លោកប៉ែន ចំរ៉ុង, លោកហម ឆរ៉ា, កញ្ញាពៅ លីដា, លោកអ៊ឹម ជីវ៉ា, លោកលាង ឧត្តម, អ្នកនាងប៉េង ប៉ោង, កញ្ញាប្រិមប្រិយ, កញ្ញាវ៉ាន់ វលក្ខណ៍ និងតារាសិល្បៈល្បីឈ្មោះជាច្រើនរូបទៀត៕

RELATED ARTICLES