Wednesday, November 27, 2024
Homeតារាខ្មែរអ៊ុំ គន្ធា អរគុណលោកចា រិទ្ធី និងលើកដៃសំពះម្ចាស់បៀហ្គាដិន ជួយនាងឲ្យបានច្រៀងដើម្បីរកកម្រៃចិញ្ចឹមជីវិត

អ៊ុំ គន្ធា អរគុណលោកចា រិទ្ធី និងលើកដៃសំពះម្ចាស់បៀហ្គាដិន ជួយនាងឲ្យបានច្រៀងដើម្បីរកកម្រៃចិញ្ចឹមជីវិត

អតីតតារាចម្រៀងសិចស៊ីកាលពីឆ្នាំ២០០៦ អ្នកនាងអ៊ុំ គន្ធា ដែលបាត់មុខពីឆាកតន្រ្ដី១១ឆ្នាំនោះ ស្រាប់តែបានវិលត្រឡប់មកកាន់ក្បាលមីក្រូសារជាថ្មីឡើងវិញកាលពីល្ងាចថ្ងៃទី២៤ ខែកញ្ញា ក្នុងកម្មវិធី ”តន្ដ្រីមហាជន” របស់ទូរទស្សន៍អាស៊ីអាគ្នេយ៍ ក្រោយពីមានការអញ្ជើញពីអ្នកគ្រប់គ្រងកម្មវិធីសិល្បៈ លោកចា រិទ្ធី នោះ។

អ៊ុំ គន្ធា ត្រូវបានកូនប្រុសឌុបម៉ូតូមកដល់ឆាកតន្ដ្រីមុនម៉ោងឡើងឆាកកន្លះម៉ោង ដើម្បីឲ្យអ្នកនាងបានសមជាមួយបទចម្រៀង៣បទ ដែលអ្នកនាងបានលើកយកមកបកស្រាយ គឺបទ ”ថ្ងៃលិចអូនស្រណោះ”, ”ខ្ញុំខឹងនឹងបងហើយ” និងបទ ”ស្រលាញ់បានត្រឹមតែនឹក”។

ទស្សនិកជនជាច្រើនបានភ្ញាក់ផ្អើលជាខ្លាំងនៅពេលដែលឃើញអ្នកនាងអ៊ុំ គន្ធា បានឡើងឆាកសារជាថ្មីនេះ ហើយពួកគេបានសរសើរថា អ្នកនាងគន្ធា នៅតែមានទឹកដមសំឡេងក្រអួនក្រអៅ មិនចាញ់តារាចម្រៀងអាជីពបច្ចុប្បន្នដែលច្រៀងរាល់ថ្ងៃឡើយ។

ក្នុងជំនួបផ្ទាល់ជាមួយអ្នកនាងអ៊ុំ គន្ធា បាននិយាយដោយសប្បាយរីករាយថា អ្នកនាងពិតជាសូមថ្លែងអំណរគុណខ្លាំងណាស់ ដែលលោកចា រិទ្ធី បានផ្ដល់ឱកាសឲ្យនាងបង្ហាញសមត្ថភាពសារជាថ្មីវិញ នាពេលនេះ។

 

អ្នកនាងអ៊ុំ គន្ធា រៀបរាប់ថា ”ខ្ញុំច្រៀងហ្នឹងនៅតែកើតអីចឹង តែមានអារម្មណ៍ថាដង្ហើមខ្ញុំខ្លីបន្ដិច ព្រោះខ្ញុំហត់ៗ។ រយៈពេល១១ឆ្នាំ ដែលខ្ញុំមិនបានឡើងឆាកតន្រ្ដីនេះ ខ្ញុំនឹកណាស់ ហើយពេលដែលឃើញមិត្តភក្ដិខ្ញុំឡើងឆាកពេលដែលខ្ញុំបើកទូរទស្សន៍ទៅឃើញ ខ្ញុំស្រក់ទឹកភ្នែកតែម្នាក់ឯង ព្រោះមានអារម្មណ៍ថា តូចចិត្តថា ហេតុអីបានជាជីវិតខ្ញុំលំបាកខុសគេបែបនេះ? ឥឡូវខ្ញុំមានឱកាសឡើងឆាកនៅពេលនេះ ដោយសារបានបងចា រិទ្ធី ហៅខ្ញុំច្រៀង ខ្ញុំអរគុណគាត់ណាស់ គឺគាត់ធ្លាប់ហៅខ្ញុំច្រៀងតាំងពីគាត់នៅប៉ុស្ដិ៍លេខ៥ មកម្ល៉េះ ហើយពេលនេះគាត់នៅតែមិនភ្លេចខ្ញុំទេ បើទោះជាខ្ញុំពេលនេះអីចឹងក៏ដោយ”។

អ៊ុំ គន្ធា បានរៀបការជាមួយតារាចម្រៀងផាន សុផាត ដោយបន្សល់កូនប្រុស២នាក់ គឺកូនប្រុសទី១. ឈ្មោះផាន សុខពេជ្រ អាយុ១៥ឆ្នាំ និងកូនប្រុសទី២. ឈ្មោះហាស់ សុវណ្ណ អាយុ១៤ឆ្នាំ ដែលពេលនេះពួកគេកំពុងរៀននៅអនុវិទ្យាល័យសំរោងអណ្ដែត។

 

តារាចម្រៀងអភ័ព្វ អ្នកនាងអ៊ុំ គន្ធា បានធ្លាក់ខ្លួនកើតជំងឺកាចសាហាវ (HIV) ធ្វើឲ្យអ្នកនាងបានរសាត់ខ្លួនចេញពីចង្កោមអ្នកសិល្បៈទៅរស់នៅមើលដីឲ្យប្អូនស្រីមួយកន្លែង ម្ដុំវត្តតាំងក្រសាំង ដោយអ្នកនាងគន្ធា មិនអាចរកប្រាក់បានឡើយ គឺជាញឹកញាប់គេឃើញអ្នកនាងជិះម៉ូតូទៅបើកថ្នាំនៅម្ដុំពេទ្យលោកសង្ឃ ដោយអាការៈក្រៀមក្រំស្រងូតស្រងាត់ មើលសឹងតែមិនស្គាល់ថាជាតារាចម្រៀងរូបនេះឡើយ។ ប៉ុន្តែពេលនេះអតីតតារាចម្រៀងសិចស៊ីរូបនេះ ហាក់មានសង្ឃឹមបន្ដិចឡើងវិញ បន្ទាប់ពីឡើងឆាកតន្រ្ដីអាស៊ីអាគ្នេយ៍នេះ ដោយអ្នកនាងថា នឹងបន្ដឡើងប៉ុស្ដិ៍ផ្សេងៗទៀត ប្រសិនបើមានគេហៅដូចលោកចា រិទ្ធី នៅពេលនេះ។

អ្នកនាងអ៊ុំ គន្ធា បន្ថែមថា ”ខ្ញុំជិះម៉ូតូកូនឌុបមកច្រៀងនេះ គឺពេលប៉ះចំផ្លូវរលាក់ម្ដងៗ មានអារម្មណ៍ថាចុកឆ្អឹងខ្នងខ្លាំង ពិបាកទ្រាំណាស់។ ជារៀងរាល់យប់ ខ្ញុំតែងតែលេបថ្នាំប៉ារ៉ា គីលណាល់ និងប្រូខូល២គ្រាប់ ដើម្បីបំបាត់ការឈឺចុកចាប់ ព្រោះខ្ញុំពិបាកគេងណាស់។ កន្លងមក ខ្ញុំតែងតែទៅបើកថ្នាំពេទ្យនៅពេទ្យលោកសង្ឃ ទៅម្ដងលេបបាន២ខែ ហើយមិនអស់លុយទេ គឺសូម្បីតែថ្លៃម៉ូតូឌុប ក៏ខាងអង្គការចេញឲ្យដែរ។ ចំណែកកូនប្រុសទាំង២របស់ខ្ញុំវិញ ថ្មីៗនេះមានសប្បុរសជនមួយចំនួនបានផ្ដល់លុយឲ្យខ្ញុំទៅធ្វើបុណ្យភ្ជុំបិណ្ឌ តាមរយៈការជួយជ្រោមជ្រែងពីលោកសាវីន ហ្វីលីព លោកខៃ ប្រសិទ្ធ បានជួយខ្ញុំទឹកប្រាក់៤០០ដុល្លារ រួមទាំងសប្បុរសជនផ្សេងៗទៀតផង សរុបទឹកប្រាក់បាន៩០០ដុល្លារ ខ្ញុំក៏យកទៅទិញម៉ូតូឲ្យកូនខ្ញុំជិះទៅរៀន គឺម៉ូតូ Scoopy តម្លៃ១១០០ដុល្លារ ដោយអ្នកលក់គេឲ្យខ្ញុំជំពាក់២០០ដុល្លារ ឥឡូវកូនៗបានជិះទៅរៀនដូចគេ ព្រោះពីមុនគ្នាជិះកង់ ហើយពិបាកពេក ក៏ដើររាល់ថ្ងៃ។ ខ្ញុំបានប្រាប់កូនៗខ្ញុំទាំង២ឲ្យខំរៀន ហើយកន្លងមកលោកផាន សុផាត ក៏ធ្លាប់ឲ្យលុយកាក់កូនៗខ្លះដែរ តែមិនញឹកញាប់ទេ ហើយខ្ញុំក៏មិនទៅរំខានគាត់ដែរ។ ខ្ញុំសូមអរគុណសប្បុរសជនទាំងអស់ដែលតែងតែជួយខ្ញុំដោះទុក្ខលំបាកបានមួយគ្រាៗនេះ មានលោកខៃ ប្រសិទ្ធ លោកសាវីន ហ្វីលីព អ៊ឹម ជីវ៉ា  ចន ច័ន្ទលក្ខិណា ជាដើម ពិសេសគឺលោកចា រិទ្ធី តែម្ដង”។

លោកចា រិទ្ធី ថ្លែងថា ”ខ្ញុំសូមសរសើរសមត្ថភាពរបស់អ៊ុំ គន្ធា ដែលគាត់នៅតែច្រៀងពីរោះដដែល មិនងាយទេ សំឡងគាត់នៅតែល្អហ្នឹង។ ខ្ញុំអាណិតគាត់ ទើបហៅគាត់ឲ្យឡើងកម្មវិធីនេះ ហើយខ្ញុំនឹងមើលទៅតាមកម្មវិធីផ្សេងៗទៀត ដែលថាកម្មវិធីណា នឹងអាចដាក់គាត់បានទៀត ព្រោះយើងដាក់តារាឡើងច្រៀង គឺតម្រូវតាមខាង Sponsor ដែរ។ ប៉ុន្តែ អាស៊ីអាគ្នេយ៍ នឹងផ្ដល់ឱកាសដល់គ្រប់គ្នាដែលមានសមត្ថភាព នឹងបញ្ចេញទេពកោសល្យ គឺអាចមករកខ្ញុំបាន”។

ថ្វីត្បិតតែអ្នកនាងអ៊ុំ គន្ធា ហាក់មិនឯកោ ដោយមានអ្នកសិល្បៈធ្លាប់រួមអាជីពជាមួយគ្នាបានឈឺឆ្អាល និងតែងយកអំណោយទៅឲ្យជាហូរហែក្ដី តែអតីតតារាចម្រៀងសិចស៊ីរូបនេះ មិនចង់រស់នៅដោយពឹងគេរហូតឡើយ គឺអ្នកនាងចង់មានការងារស្រាលៗ ធ្វើដោយខ្លួនឯងដែលអាចរកប្រាក់ចំណូលបានជាប្រចាំថ្ងៃ ខណៈដែលមុននេះលេចឭថា លោកសាវីន ហ្វីលីព ចង់ឲ្យអ្នកនាងគន្ធា ទៅធ្វើជាអ្នកចាក់សាំងនៅការ៉ាស់របស់លោកឧកញ៉ាដួង ឆាយ ឬទៅធ្វើការនៅចម្ការដូងប្រេងរបស់លោកឧកញ៉ាម៉ុង រិទ្ធី ជាដើម។

អតីតតារាសិចស៊ីកាលពីឆ្នាំ២០០៦ ពេលនេះ អាយុ៣៧ឆ្នាំរូបនេះ ថ្លែងថា ”ការងារចាក់សាំង ឬធ្វើចំការដូងប្រេងហ្នឹង ខ្ញុំមិនដឹងថាធ្វើកើតឬយ៉ាងណាទេ គឺទាល់តែសាកសិន។ ប៉ុន្តែពេលនេះខ្ញុំចង់រកស៊ីដឹកម៉ូតូលក់ពងទាតាមផ្លូវ ព្រោះយើងគ្មានកន្លែងលក់ដូចគេ ខ្លាចប៉ូលិសដេញ តែខ្ញុំគ្មានលុយក្នុងការធ្វើដើមទុនទេ។ ខ្ញុំមិនចង់រស់នៅដោយឲ្យអ្នកសិល្បៈជួយខ្ញុំរហូតនោះទេ ខ្ញុំខ្លាចចិត្តពួកគាត់ណាស់ ព្រោះមិនដឹងថាពេលណាខ្ញុំស្លាប់ទេ? បំណងមួយទៀត នៅពេលនេះ គឺខ្ញុំចង់ច្រៀងតាមបៀរហ្គាឌិន គឺលើកដៃសំពះតែម្ដង ប្រសិនបើមានលោកថៅកែរហាងណាមេត្តាធម៌នោះ ខ្ញុំនឹងទៅច្រៀងវិញ ហើយខ្ញុំគិតថា ខ្ញុំអាចធ្វើបាន ព្រោះខ្ញុំច្រៀងហើយ ខ្ញុំមានទៅចុះទៅផឹក ឬញាំជាមួយភ្ញៀវទេ គឺខ្ញុំនៅអង្គុយមួយកន្លែងហ្នឹង។ ខ្ញុំចង់រកលុយដោយខ្លួនឯង កុំឲ្យពិបាកដល់បងប្អូនគាត់ជួយរហូតអី ខ្ញុំខ្លាចចិត្តគាត់ណាស់”៕

RELATED ARTICLES