ភ្នំពេញ ៖ បុរសម្នាក់ក្រោយពីប្រពន្ធស្លាប់ចោល ហើយត្រូវបានជួបទុក្ខមួយជាន់ទៀត ដោយសារភ្លើងឆេះផ្ទះខ្ទេចគ្មានសល់ សូម្បីទ្រព្យសម្បត្តិបន្តិចក៏រលាយអស់ដែរ សល់តែខោអាវមួយចង្កេះនៅជាប់នឹងខ្លួន កាលពីយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៧កន្លងមក នៅក្នុងភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រហូតមកដល់ពេលនេះ គ្មានអ្វីជ្រកកោន ទ្រព្យសម្បត្តិលុយកាក់ក៏គ្មាន មានតែខោអាវមួយចង្កេះ សម្រេចចិត្តលើកម្រាមដៃដប់សំពះអង្វរដល់សប្បុរសជនមេត្តាជួយដល់រូបលោកផង។
ជនរងគ្រោះខាងលើ មានឈ្មោះ ម៉ម ហេង ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅផ្ទះកើតហេតុខាងលើ ស្រុកកំណើតភូមិអង្គតាឡឹក ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានប្រពន្ធឈ្មោះ ជុំ ប៉ុន អាយុ៤៨ឆ្នាំ តែស្លាប់ចោលបាត់ហើយ បន្សល់ទុកកូន២នាក់ ប្រុស១នាក់ ស្រី១នាក់ ក្នុងបន្ទុកគ្រួសារ ពេលនេះសូមផ្ទះញាតិក្នុងភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ ជ្រកកោនជាបណ្តោះអាសន្ន។
ជួបជាមួយជនរងគ្រោះ នាយប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧ ក្នុងស្ថានភាពលំបាកបំផុត បង្ហូរទឹកភ្នែកបណ្តើរ និយាយបណ្តើរ បានលើកដៃសំពះអង្វរកសប្បុរសជន ទាំងក្តីអួលណែនដើមក ខ្លួនជាកម្មករសំណង់ ធ្វើការមួយថ្ងៃ សម្រាប់រស់មួយថ្ងៃ ក្រោយពីប្រពន្ធស្លាប់ចោលអស់រយៈពេល៦ខែកន្លងមកហើយ បន្សល់ទុកកូន២នាក់ ក្នុងរបរត្រដាបត្រដួស រកព្រឹកខ្វះល្ងាច រកល្ងាចខ្វះព្រឹក មកដល់យប់ថ្ងៃទី១៨ ខែកញ្ញាកន្លងទៅ គ្រាដែលលោករវល់យករបស់របរទៅជូនម្តាយនៅឯខេត្តកំពង់ស្ពឺ ត្រូវបានជួបគ្រោះអកុសល ភ្លើងឆេះផ្ទះអស់រលីងគ្មានសល់អ្វីបន្តិចឡើយ ។ ដោយសារភាពខ្វះខាត រហូតមកដល់ពេលនេះ សូម្បីតែស័ង្កសីមួយសន្លឹក ក៏គ្មានបានប្រក់ សម្រាប់ជ្រកកោនផង មានតែម្រាមដៃដប់លើកសំពះអង្វរ ដល់សប្បុរសជនមេត្តាជួយផង ៕