ក្រុមអាជីវករលក់ដូរនៅផ្សារលើ ស្ថិតក្នុង សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានខ្សឹបឱ្យឮតាម “នគរធំ” ថា សព្វថ្ងៃរបរកត់ឆ្នោត (កន្ទុយលេខ) កំពុងរីកដុះដាលដូចផ្សិត ពិសេសនៅក្នុងទីប្រជុំជនផ្សារលើ ដោយមាន អ្នកចាប់អារម្មណ៍ ប្រកបរបរមួយនេះយ៉ាងពពាក់ពពូន ព្រោះមិនចាំបាច់ចំណាយដើមទុនធំដុំ គ្រាន់តែចំណាយលុយទិញសៀវភៅមួយក្បាល ប៊ិក១ដើម គឺអាចរកស៊ីបានហើយ ចំណែកសមត្ថកិច្ច ក៏មិនសូវអើពើបង្ក្រាបដែរ។
ក្រុមអាជីវករផ្សារលើ បានខ្សឹបឱ្យឮថា ជារៀងរាល់ថ្ងៃ ទីប្រជុំជនផ្សារលើ និងផ្សារចិន ស្ថិតក្នុងសង្កាត់លេខ៤ មានកន្លែងកត់កន្ទុយលេខ មិនតិចជាង៣០កន្លែងនោះទេ ជាមួយនេះ ក៏មានរីករាលដាល ទៅដល់មុខផ្សារឧតុនិយម ក្នុងសង្កាត់លេខ៣ ផ្សារឃ្លាំងលើ ខាងមុខរោងចក្រ ក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ផងដែរ។
ក្រុមអាជីវករផ្សារលើ បានខ្សឹបបន្តថា របរកត់ឆ្នោតកន្ទុយលេខនេះ ហាក់បើករកស៊ី យ៉ាងរំភើយ ដោយមិនឃើញមានសមត្ថកិច្ច ឬអាជ្ញាធរមូលដ្ឋានណា ចេញមកទប់ស្កាត់ ឬបង្ក្រាបសោះ រហូតអ្នកប្រកបរបរមួយនេះ បានចិត្ត បានដៃ ចេញមុខរកស៊ីទាំងកណ្តាល វាលជាសាធារណៈ លែងលាក់បាំងទៀតផង។ ពួកគាត់សង្ស័យថា មូលហេតុដែលសមត្ថកិច្ចមិន បង្ក្រាបអ្នកលក់ឆ្នោតកន្ទុយលេខ នៅក្នុងផ្សារលើ និងទីប្រជុំជននានាក្នុងក្រុងព្រះសីហនុ នេះ ទំនងជាទទួលបានសំណែនពីអ្នកបើកលក់ខុស ច្បាប់នេះ ទើបចេះតែធ្មេចភ្នែកឱ្យល្បែងខុសច្បាប់នេះ បន្តសកម្មភាពយ៉ាងគគ្រឹកគគ្រេង បែបនេះ។
ក្រុមអាជីវករខាងលើ បានខ្សឹបបន្តទៀត ថា កន្លងមក ពួកគាត់ធ្លាប់បានរាយការណ៍ទៅ សមត្ថកិច្ចក្រុងព្រះសីហនុ ដែរ តែត្រូវទទួល បានចម្លើយតបមកវិញថា សមត្ថកិច្ចដែលឈរ ជើងប្រចាំការនៅផ្សារលើ បានចុះពិនិត្យ ហើយ និងបានរាយការណ៍មកថា ឃើញមានតែដាក់លក់ឆ្នោត ដែលមានអាជ្ញាប័ណ្ណ គឺឆ្នោតកីឡា ជាតិ តែប៉ុណ្ណោះ គ្មានឆ្នោតកន្ទុយលេខទេ។ នៅពេលឮបែបបេះ ធ្វើឱ្យពួកគាត់ហួសចិត្តយ៉ាង ខ្លាំង និងយល់ថា របាយការណ៍របស់សមត្ថកិច្ច ថ្នាក់ក្រោម ដែលឈរជើងនៅគោលដៅនោះ អាចនឹងមានការភូតកុហក ព្រោះតែពួកគាត់ បានសើមមាត់ ពីអ្នកលក់ឆ្នោតកន្ទុយលេខទាំង នោះមិនខាន។
ក្រុមអាជីវករ ក៏ដូចជាប្រជាពលរដ្ឋ បានលើកឡើងជាចម្ងល់ថា តើការបើករបរកត់ឆ្នោតកន្ទុយលេខនេះ ជាមុខរបរស្របច្បាប់ ឬខុសច្បាប់? ប៉ុន្តែបើពួកគាត់ធ្លាប់បានចូលរួមប្រជុំ នៅក្នុងវេទិកាសាធារណៈ នៅតាមបណ្តាឃុំ សង្កាត់ នាពេលកន្លងមក តែងតែមានការលើក ឡើងពីប្រធានបទនៃការពង្រឹងគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ទាំង៩ ចំណុច ពិសេសការពង្រឹងទប់ស្កាត់ និងបង្ក្រាប ល្បែងស៊ីសងគ្រប់ប្រភេទ ដែលជាប្រភពដើម ចមនៃអំពើហិង្សាក្នុងគ្រួសារ អំពើចោរកម្ម ចោរលួចឆក់ ប្លន់៘ តែផ្ទុយទៅវិញ ការ អនុវត្តជាក់ស្តែងហាក់ខុសស្រឡះពីគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ព្រោះ បច្ចុប្បន្នល្បែងភ្នាល់កន្ទុយលេខ ក្នុងក្រុង-ស្រុក នៃខេត្តព្រះសីហនុ កំពុងរីកដូចផ្សិត។
ក្រុមអាជីវករលក់ដូរខាងលើ បានខ្សឹបឱ្យឮ ដល់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ មេត្តាជួយអន្តរាគមន៍ ពិនិត្យស្រាវជ្រាវបង្ក្រាបករណីល្បែង ឆ្នោតកន្ទុយលេខខាងលើនេះផង។
ទោះជាយ៉ាងណា ជុំវិញការខ្សឹបខាងលើ “នគរធំ” មិនដឹងថា មានការពិតកម្រិតណា នោះទេ ដោយសារមិនអាចទាក់ទងសុំការបំភ្លឺ ពីអាជ្ញាធរដែនដី និងសមត្ថកិច្ចពាក់ព័ន្ធបានទេ កាលពីម្សិលមិញ។ យ៉ាងណាយើងរង់ចាំទទួល ការបកស្រាយបំភ្លឺ ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕
ខៀវទុំ