ភ្នំពេញ ៖ នៅក្នុងសវនាការរបស់សាលាឧទ្ធរណ៍ កាលពីព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ ដោយសារតែមិនមានវត្តមានលោកកឹម សុខា ប្រធានគណបក្សប្រឆាំង ជាជនជាប់ចោទក្រុមមេធាវីរបស់លោកកឹម សុខា បានធ្វើពហិការ ដោយដើរចេញពីបន្ទប់សវនាការដោយសំអាងថា សាលាឧទ្ធរណ៍មិនបានបញ្ជូនលោកកឹម សុខា ជាកូនក្តី មកចូលរួមក្នុងសវនាការដេញដោល តាមការស្នើសុំរបស់ក្រុមមេធាវី។
មុនមានសវនាការរបស់សាលាឧទ្ធរណ៍ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ នោះសហមេធាវីរបស់លោកកឹម សុខា ទាំង៨រូប ដែល រួមមានលោកហែម សុជាតិ លោកជូង ជូងី លោកស៊ាង ហេង លោកចាន់ ចេន លោក សំ សុគង់ លោកកែត ឃី និងលោកស្រីម៉េង សុភារី បានធ្វើលិខិតគោរពជូនលោកប្រធានក្រុមប្រឹក្សា ជំនុំជម្រះសភាស៊ើបសួរ នៃសាលាឧទ្ធរណ៍ ចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៧ ស្នើសុំឱ្យមាន វត្តមានលោកកឹម សុខា នៅចំពោះមុខសភា ស៊ើបសួរ ដោយភប្ជា់ជាមួយនឹងសំអាងហេតុ ចំនួន៣ គឺ១.តាមគោលការណ៍នីតិព្រហ្មទណ្ឌ ត្រូវធ្វើឡើងតាមគោលការណ៍ចំពោះមុខ។ ២.លោកកឹម សុខា ស្នើសុំទាមទារមានវត្តមាន សាមីខ្លួន ចូលរួមអង្គសវនាការ និង៣-ចៅក្រមសួរ នៃសាលាដំបួងរាជធានីភ្នំពេញ បាន ចេញដីកាសម្រេចឃុំខ្លួនកូនក្តី ដោយសំអាង នៅក្នុងចំណុច ឃ ថា បើជនត្រូវចោទនៅក្រៅឃុំ អាចគេចវេះមិនចូលខ្លួនតាមការកោះហៅ។ ដូច្នេះគ្មានហេតុផលណាមួយ ត្រូវបានលើកក្នុង ការរារាំងមិនអនុញ្ញាតឱ្យកូនក្តីចូលរួមក្នុងសវនាការឡើយ។
ប៉ុន្តែសវនាការរបស់សាលាឧទ្ធណ៍នៅថ្ងៃនោះ មិនមានវត្តមានលោកកឹម សុខា ដែលជាជនត្រូវចោទចូលរួមនោះទេ ដោយសមត្ថកិច្ច ពាក់ព័ន្ធអះអាងថា ការមិនបានបញ្ជូនលោកកឹម សុខា មកសវនាការនេះ ដោយសារបារម្ភពីបញ្ហាសន្តិសុខសុវត្ថិភាព។
ដោយសារតែមិនមានវត្តមានលោកកឹម សុខា នៅតុលាការនោះហើយ ទើបសហមេធាវី របស់លោកកឹម សុខា បានដើរចេញពីសវនាការ នៃសាលាឧទ្ធរណ៍ នាព្រឹកនោះ។
លោកហែម សុជាតិ មេធាវីមួយរូប ដែល ការពារក្តីលោកកឹម សុខា បានថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយពីដើរចេញពីបន្ទប់សវនា ការថា ដំណាក់កាលសភាស៊ើបសួរនៃសាលាឧទ្ធរណ៍ ចៅក្រមអះអាងថា មិនតម្រូវឱ្យមានវត្តមានជនត្រូវចោទនោះទេ ដោយថា ខ្លាចអសន្តិសុខសង្គម ហើយសភាស៊ើបសួរសម្រេច បន្តនីតីវិធី បើទោះជាក្រុមមេធាវីការពារក្តីឱ្យ លោកកឹម សុខា បានដើរចេញពីបន្ទប់សវនាការ ក៏ដោយ តែរូបលោក ក៏ដូចជាមេធាវីដទៃទៀត យល់ថា ការសម្រេចបន្តនីតិវិធីរបស់សាលាឧទ្ធរណ៍ជាការរំលោភច្បាប់ និងធ្វើឱ្យមានភាពអយុត្តិធម៌ដល់កូនក្តី។ ដូច្នេះលោកនឹងពិភាក្សា ជាមួយក្រុមមេធាវី ដើម្បីរៀបចំឯកសារប្តឹង សាទុក្ខទៅតុលាការកំពូល ដើម្បីជំទាស់ទៅនឹង នីតិវិធីរបស់សាលាឧទ្ធរណ៍បន្តទៀត។
លោកហែម សុជាតិ បានមានប្រសាសន៍ ថា “មេធាវីទាំង៦នាក់ សុទ្ធតែបានមូលមតិ និងគំនិតគ្នា គឺថា ស្នើសុំឱ្យមានវត្តមានឯកឧត្តមកឹម សុខា ក្នុងបន្ទប់សវនាការ ពីព្រោះតាម ច្បាប់ជាតិ និងអន្តរជាតិ ពាក់ព័ន្ធនឹងសវនាការ យុត្តិធម៌ គឺយើងតម្រូវឱ្យមានវត្តមានជនជាប់ចោទដែលត្រូវតែបង្ហាញខ្លួនក្នុងសវនាការ ព្រោះថា មានតែការបង្ហាញខ្លួនក្នុងសវនាការទេ ដែល ជនដែលត្រូវបានគេចោទប្រកាន់ គឺអាចឆ្លើយ ដោះសា តើខ្លួនមានស្ថានភាពបែបណា ដែលសុំនៅក្រៅឃុំ? និងស្ថានភាពបែបណាដែល តុលាការគួរអនុញ្ញាតឱ្យនៅក្រៅឃុំ? នេះជាហេតុផលដែលយើងបានលើកឡើង ក៏ប៉ុន្តែខាងចៅក្រមសភាស៊ើបសួរ ក៏បានឆ្លើយតបមកវិញទៅលើ៣ចំណុច ទី១ គេថា សវនាការនេះ គឺជាសភាស៊ើបសួរ អ៊ីចឹងគេអាចមិនមានវត្តមាន កូនក្តីបាន។ ចំណុចទី១ទៀត គឺគេបញ្ជាក់ថា ដោយសារខ្លាចរឿងបញ្ហាអសន្តិសុខ ដោយសារតែខាងព្រះរាជអាជ្ញា ក៏បានទទួលដំណឹងហ្នឹងហើយ ក៏ប៉ុន្តែព្រះរាជអាជ្ញា វាពាក់ព័ន្ធថា ខ្លាចបញ្ហាអសន្តិសុខ។ អ៊ីចឹងហើយបានជាខាង តំណាងអយ្យការ គេលើកថា បញ្ហានេះគឺអាចសវនាការ ដោយមិនមានវត្តមានជនត្រូវចោទ ហើយជាចុងបញ្ចប់ គឺសភាស៊ើបសួរ បានសម្រេច ថា សវនាការដំណើរការបាន គឺមូលហេតុទី១ នៅក្នុងដំណាក់កាលនោះ គឺជាដំណាក់កាលមុន អង្គសេចក្តី ហើយដំណាក់កាលមួយទៀត គេ ថា លោកកឹម សុខា មិនមែនជាជនជាប់ចោទ ទេ គ្រាន់តែជាជនត្រូវចោទ។ អ៊ីចឹង ហ្នឹងការ លើកយកមាត្រាមួយចំណុចទៀត ដែលខាង ប្រធានសភាស៊ើបសួរ ប្រកាសថា សវនាការ នេះគឺមិនអាចផ្អាកដំណើរការ ដើម្បីកោះហៅ លោកកឹម សុខា និងមេធាវីចូលម្តងទៀត។ អ្វី ដែលយើងបានប្តឹងនៅសភាស៊ើបសួរនេះ គឺ យើងប្តឹងប្រឆាំងទៅនឹងដីកាឃុំខ្លួន។ យើង ប្រឆាំងទៅនឹងការឃុំខ្លួន តើយើងមានន័យ យ៉ាងម៉េច? មានន័យថា កូនក្តីយើងមិនប្រព្រឹត្ត បទល្មើសទេ។ អ៊ីចឹងការឃុំខ្លួនកូនក្តីយើង គឺជា ការរំលោភសិទ្ធិ គឺយើងចង់ឱ្យទម្លាក់ការឃុំខ្លួន តែម្តង ព្រោះអង្គហេតុ វាមិនមែនជាបទល្មើស។ អ៊ីចឹងបានបញ្ហានេះគឺសម្រេចអ៊ីចឹងៗយើងនឹង ប្តឹងពីសេចក្តីសម្រេចសភាស៊ើបសួរ ទៅតុលាការ កំពូលទៀត។ សភាស៊ើបសួរ គឺមានចៅក្រម ៣រូប គឺចៅក្រមឃុន លាងម៉េង ចៅក្រមអ៊ិន វ៉ាន់វិបុល ហើយនិងចៅក្រមយូ ប៊ុនណា។ យើង បានឯកភាពគ្នាដើរចេញ ព្រោះតុលាការមិន បានយកសំណើរបស់យើង ដែលជាសំណើចាំបាច់សំខាន់បំផុត”។
មេធាវីម្នាក់ទៀត គឺលោកជូង ជូងី បានបញ្ជាក់ថា ជំនុំជម្រះរឿងលោកកឹម សុខា តែ បែរជាគ្មានគាត់នោះ មិនអាចមានយុត្តិធម៌ សម្រាប់គាត់ទេ។
លោកជូង ជូងី បានមានប្រសាសន៍ថា “ក្រុមខ្ញុំមិនមែនប្តឹងសុំនៅក្រៅឃុំទេ ក្រុមខ្ញុំប្តឹង ប្រឆាំងនឹងការឃុំខ្លួន ដោយសំអាងថា ចំណាត់ការបំពាននីតិវិធី។ អ៊ីចឹង គឺយើងទាមទារឱ្យ បដិសេធដីកាឃុំខ្លួន ដោះលែងមនុស្ស។ ក្រុមខ្ញុំ ទាមទារឱ្យមានវត្តមានឯកឧត្តមកឹម សុខា ពីព្រោះដេញដោល ត្រូវតែមានវត្តមានជនត្រូវចោទ។ បើគ្មានវត្តមានជនត្រូវចោទ តើដេញ ដោលអ្វី? ហើយឯកឧត្តមកឹម សុខា គឺជាបុគ្គល ដែលគេចោទប្រកាន់ ដូច្នេះគាត់ជាបុគ្គលស្នូល។ បើសវនាការទៅលើបុគ្គលស្នូល គ្មានវត្តមាន បុគ្គលស្នូល តើមានយុត្តិធម៌ពីណាមក? ដូច្នេះ ក្រុមខ្ញុំទាមទារឱ្យមានវត្តមានឯកឧត្តមកឹម សុខា។ ដរាបណាគ្មានវត្តមានឯកឧត្តមកឹម សុខា សវនាការហ្នឹងគឺអត់ត្រឹមត្រូវទាល់តែសោះ។ តុលាការក្រុង សម្រេចឃុំខ្លួនឯកឧត្តមកឹម សុខា សំអាងថា ដើម្បីរក្សាជនត្រូវចោទទុកជូនតុលាការ ចាត់ការតាមនីតិវីធី ប៉ុន្តែពេលនេះ បែរជា តុលាកាត់ក្តីរឿងឯកឧត្តមកឹម សុខា អត់យក គាត់មក។ អ៊ីចឹងសួរថា ឃុំខ្លួនដើម្បីអ្វី? គាត់សំអាងថា ឃុំខ្លួនដើម្បរក្សាជនត្រូវចោទ ទុកជូនតុលាការ ចាត់ការតាមនីតិវីធី ប៉ុន្តែដល់ពេលតុលាការកាត់ក្តី អត់យកគាត់មក អ៊ីចឹងមានន័យថា ឃុំខ្លួនយ៉ាងម៉េច? ហាក់ដូចជាឃុំខ្លួន តាមទំនើងចិត្តអ៊ីចឹង។ បើសំអាងថា ដឹកមក ខ្លាចអសន្តិសុខ ដោះលែងគាត់នៅក្រៅឃុំទៅ គាត់ធានាសន្តិសុខខ្លួនគាត់ហើយ អាហ្នឹងគឺអ៊ីចឹង។ អ៊ីចឹងការដែលលើកឡើងថា ខ្លាចអសន្តិសុខ ក្នុងការដឹកមក បានន័យថា អ្នកលើកហ្នឹងទទួលស្គាល់ថា ស្រុកខ្មែរអសន្តិសុខ។ អ៊ីចឹងវាអត់ត្រូវទេ ពីព្រោះក្នុងនាមជាមេធាវី មិនមែនជាអ្នកធានាសន្តិសុខ ឬក៏សុវត្ថិភាពទេ ខ្ញុំធានាការគោរពច្បាប់ ហើយការធានាសន្តិសុខ គឺជា សមត្ថកិច្ចរបស់អាជ្ញាធររបស់រដ្ឋាភិបាល។ ក្នុងនាមជាមេធាវី ទាមទារថា លុះត្រាតែមានវត្តមាន ឯកឧត្តមកឹម សុខា ទើបសវនាការទៅមាន យុត្តិធម៌ ដរាបណាគ្មានវត្តមានឯកឧត្តមកឹម សុខា ទេ គឺសួរថា កាត់ក្តីគាត់ ដាក់ទោសគាត់ ប៉ុន្តែអត់មានវត្តមានគាត់? វាអត់មានយុត្តិធម៌ វាអត់មានឱកាសមកលើកបង្ហាញភ័ស្តុតាង ដើម្បីការពារខ្លួនគាត់។ អ៊ីចឹង គឺមេធាវីសម្រេច មិនចូលសវនាការបែបហ្នឹងទេ។ លទ្ធផលយ៉ាង ណានោះ អាស្រ័យទៅលើសភាស៊ើបសួរ គេសម្រេចចុះ ខ្ញុំដើរចេញមក ដូច្នេះត្រង់សភា ស៊ើបសួរ គេសម្រេចយ៉ាងម៉េច ខ្ញុំអត់ដឹង។ រំពឹងយ៉ាងណា បើដំណើរការតាំងពីចាប់ខ្លួនគាត់ បំពាននីតិវិធី ដល់ពេលសវនាការ វត្តមានកឹម សុខា ចាំបាច់ត្រូវតែមាន ប៉ុន្តែបែរជាសភាស៊ើបសួរថា មិនចាំបាច់ទេ សវនាការដែលអត់មាន វត្តមានគាត់ក៏បានដែរ តើឱ្យរំពឹងយុត្តិធម៌ពីត្រង់ណា? ចំពោះមុនអង្គសេចក្តី សំអាងរបស់ សាលាឧទ្ធរណ៍បែបហ្នឹង គឺអត់ត្រឹមត្រូវទេ ទោះបីជាមុនអង្គសេចក្តីក៏ដោយ ប៉ុន្តែចង់មិន ចង់ ឯកឧត្តមកឹម សុខា ត្រូវបានឃុំខ្លួនបាត់ទៅ ហើយហ្នឹង។ អ៊ីចឹង ការដែលជំនុំជម្រះពាក់ព័ន្ធ នឹងការឃុំខ្លួន ឬពាក់ព័ន្ធនឹងចំណាត់ការចំពោះ គាត់ ដោយគ្មានវត្តមានគាត់ គឺមិនអាចផ្តល់ យុត្តិធម៌បានជាដាច់ខាត”។
ទោះបីយ៉ាងណា នៅថ្ងៃនោះ អ្នកនាំពាក្យ សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍បានចេញសេចក្តីប្រកាសព័ត៌មាន សម្តែង នូវការសោកស្តាយយ៉ាងខ្លាំងចំពោះក្រុមមេធាវី របស់ជនត្រូវចោទ កឹម សុខា ដែលជាអ្នកប្តឹង ឧទ្ធរណ៍ប្រឆាំងនឹងដីកាឃុំខ្លួនរបស់ជនត្រូវចោទ ប៉ុន្តែបែរជាធ្វើពហិការ ដើរចេញ មិនបាននៅ លើកពីមូលហេតុនៃបណ្តឹងឧទ្ធរណ៍របស់ខ្លួន នៅក្នុងបន្ទប់សវនាការទៅវិញ។
សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ ចំពោះបណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងដីកាសម្រេច ឃុំខ្លួនលោកកឹម សុខា មានខ្លឹមសារទាំងស្រុង ថា “អ្នកនាំពាក្យសាលាឧទ្ធរណ៍ មានកិត្តិយស សូមជម្រាបជូនដល់សាធារណជនឱ្យបានជ្រាប ថា ដើម្បីចៀសវាងមានការភ័ន្តច្រឡំ សាលា ឧទ្ធរណ៍ សូមប្រកាសព័ត៌មាន ដែលមានខ្លឹម ដូចខាងក្រោម ៖
គួរឱ្យសោកស្តាយណាស់ ដែលមេធាវី របស់ជនត្រូវចោទ ជាអ្នកប្តឹងឧទ្ធរណ៍នឹងការ ឃុំខ្លូនរបស់ជនត្រូវចោទ បែរជាពហិការ ដើរចេញ មិនបាននៅលើកពីមូលហេតុនៃបណ្តឹង ឧទ្ធរណ៍របស់ខ្លួន នៅក្នុងបន្ទប់សវនាការទៅវិញ។
ការបកស្រាយពីការប៉ះពាល់ដល់សិទ្ធិរបស់ ជនត្រូវចោទ របស់ក្រុមមេធាវីការពារឱ្យជនត្រូវចោទជាសាធារណៈ មិនមានលក្ខណៈត្រឹមត្រូវឡើយ។ សូមបញ្ជាក់ថា សំណុំរឿងនេះ គឺជាសំណុំរឿងមុនអង្គសេចក្តី មិនមែនជាសំណុំរឿងអង្គសេចក្តី ដែលចាំបាច់ត្រូវមានជនត្រូវចោទទេ ភាពខុសគ្នានេះ គឺមានចែងក្នុងច្បាប់ ច្បាសលាស់។
សវនាការអង្គសេចក្តី គឺមានភាពចាំបាច់ គោរពគោលការណ៍ចំពោះមុខ និងត្រូវនាំជនជាប់ចោទមកសវនាការ ដើម្បីដេញដោល និង ការពារខ្លួនជាចាំបាច់។ ប៉ុន្តែនៅក្នុងដំណាក់កាល ស៊ើបសួរឈ្មោះកឹម សុខា មានឋានៈជាជនត្រូវចោទនៅឡើយ ដូច្នេះការលើកយកតាមមាត្រា ៣០០ និង៣០៥ នៃក្រមនីតិវិធីព្រហ្មទណ្ឌ របស់ ក្រុមមេធាវីការពារឱ្យឈ្មោះកឹម សុខា ដើម្បី ទាមទារឱ្យមានវត្តមានជនត្រូវចោទក្នុងសវនាការ គឺជាការយល់ច្រឡំធ្ងន់ណាស់ ព្រោះមាត្រា នេះ ចែងមានអត្ថន័យទាក់ទងនឹងជនជាប់ចោទ ដូច្នេះការលើកឡើងរបស់ក្រុមមេធាវីនេះ ហាក់ បែរជាទទួលស្គាល់ថា ឈ្មោះកឹម សុខា គឺជា ជនជាប់ចោទ។
ការប្តឹងនឹងដីកាឃុំខ្លួនតាមមាត្រា២៦០ នៃក្រមព្រហ្មទណ្ឌ មានន័យថា ច្បាប់អនុញ្ញាត ឱ្យតុលាការពិចារណា និងអាចអវត្តមានរបស់ ជនត្រូវចោទបាន ហើយករណីនេះ សវនាការ គឺពាក់ព័ន្ធត្រឹមពិនិត្យពីលក្ខខណ្ឌនៃការឃុំខ្លួន ឬដោះលែង ដែលមានចែងក្នុងមាត្រា២០៥ នៃក្រមនីតិវិធីព្រហ្មទណ្ឌតែប៉ុណ្ណោះ ហើយ ជាក់ស្តែង ដីកានេះ ក្រោយពេលចៅក្រមសាលា ដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួន មេធាវី របស់ជនត្រូវចោទទាំង០៧នាក់ បានប្តឹងឧទ្ធរណ៍ ភ្លាម ដែលជាសិទ្ធិរបស់គាត់អាចធ្វើបាន ដោយ មិនចាំបាច់ជនត្រូវចោទផ្ទេរសិទ្ធិឱ្យប្តឹងឡើយ។
ក្នុងបញ្ញត្តិច្បាប់ សភាស៊ើបសួរសាលាឧទ្ធរណ៍ត្រូវតែដាក់សំណុំរឿងនេះ មកសវនាការ មិនឱ្យលើសពី១៥ថ្ងៃឡើយ ដោយយោងតាម មាត្រា២៧៨ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។
មេធាវីបានធ្វើបណ្តឹងឧទ្ធរណ៍ ប៉ុន្តែបានធ្វើ ពហិការ មិនធ្វើសេចក្តីសន្និដ្ឋានការពារពីហេតុផលនៃលក្ខខណ្ឌនៃការឃុំខ្លួន ដូចបានលើក ខាងលើ គឺស្មើនឹងមិនជួយការពារឱ្យជនត្រូវ ចោទរបស់ខ្លួនដូច្នេះដែរ។
សំអាងហេតុលម្អិតចំពោះបណ្តឹងឧទ្ធរណ៍របស់មេធាវីក្នុងរឿងក្តីនេះ មាននៅក្នុងសេចក្តី សម្រេចរបស់សភាស៊ើបសួរសាលាឧទ្ធរណ៍រួចហើយ។
សាលាឧទ្ធរណ៍ បានប្រកាន់ខ្ជាប់នូវការ អនុវត្តត្រឹមត្រូវតាមនីតិវិធីច្បាប់ជាធរមាន។
អាស្រ៏យហេតុនេះ សូមសាធារណជន ជ្រាបជាព័ត៌មាន”។
លោកទូច ថារិទ្ធិ អគ្គលេខាធិការរង និង ជាអ្នកនាំពាក្យសាលាឧទ្ធរណ៍ ក៏បានថ្លែងបញ្ជាក់ ប្រាប់អ្នកសារព័ត៌មានដែរថា ក្រោយបញ្ចប់ ការសួរដេញដោលជាអសាធារណៈ នៅព្រឹក ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ នោះ លោក ឃុន លាងម៉េង អនុប្រធានសាលាឧទ្ធរណ៍ និង ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះសភាស៊ើបសួរ បានសម្រេចតម្កល់ការសម្រេចរបស់ចៅក្រម ស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ទុកជា បានការដដែល។ ពោលគឺបន្តឃុំខ្លួនលោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ក្នុងពន្ធនាគារដដែល។
គួរកត់សម្គាល់ដែរថា នៅក្នុងព្រឹត្តិការណ៍ នៃសវនាការសាលាឧទ្ធរណ៍ចំពោះបណ្តឹងឧទ្ធរណ៍ ប្រឆាំងនឹងដីកាឃុំខ្លួនលោកកឹម សុខា នៅព្រឹក នោះ តំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិ ដឹកនាំដោយលោកសុន ឆ័យ តំណាងរាស្ត្រ មណ្ឌលរាជធានីភ្នំពេញ លោកស្រីមួរ សុខហួរ តំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង និងជាអនុប្រធានគណបក្សសង្គ្រោះជាតិ លោកម៉ៅ មុន្នីវណ្ណ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម លោក ជាម ច័ន្ទនី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ និងលោករៀល ខេមរិន្ទ្រ តំណាងរាស្ត្រមណ្ឌល ខេត្តស្វាយរៀងជាដើម ក៏បាននាំគ្នាទៅកាន់ សាលាឧទ្ធរណ៍ ដើម្បីរង់ចាំស្តាប់លទ្ធផលនៅ ក្នុងសវនាការនោះ ដោយមានអ្នកគាំទ្របក្ស ប្រឆាំងមួយចំនួន បានលើកបដា និងរូបថត លោកកឹម សុខា ទាមទារឱ្យតុលាការដោះលែង លោកកឹម សុខា ផងដែរ ខណៈដែលសមត្ថកិច្ច រាប់សិបនាក់ បានដាក់ពង្រាយ និងបិទកំណាត់ មហាវិថីព្រះស៊ីសុវត្ថិ និងផ្លូវមួយចំនួនទៀត ជុំវិញសាលាឧទ្ធរណ៍។
លោកសុន ឆ័យ អភិបាលនៃក្រុមសមាជិកសភាគណបក្សសង្គ្រោះជាតិ បានមានប្រសាសន៍ ប្រាប់អ្នកសារព័ត៌មាននៅមុខសាលាឧទ្ធរណ៍ នោះថា “បើគ្មានរឿងហ្នឹង យើងក៏មិនមកឈរហាលក្តៅដែរ។ បើគ្មានរឿងហ្នឹង ពេលនេះ ប្រហែលជាយើងត្រូវអង្គុយសរសេរលិខិតរដ្ឋបាលផ្សេងៗ និងរៀបចំគោលនយោបាយ សម្រាប់ ជាប្រយោជន៍ប្រជាពលរដ្ឋ”។
អាជ្ញាធររាជធានីភ្នំពេញ បានអះអាងថា ការដាក់ពង្រាយកម្លាំងរាប់សិបនាក់បិទមិនឱ្យ ធ្វើចរាចរណ៍ និងហាមរាល់អ្នកធ្វើដំណើរទាំងអស់ មិនឱ្យដើរនៅតាមមាត់ទន្លេ ឬមុខព្រះបរមរាជវាំង គឺដើម្បីរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ខណៈសាលាឧទ្ធរណ៍មានបើកសវនាការ៕
កុលបុត្រ