ភ្នំពេញ ៖ មេបក្សរូបសញ្ញាជួង លោកខឹម វាសនា បានពន្លះបក្សប្រឆាំងយ៉ាងចាស់ដៃថាបក្សប្រឆាំង បង្កភាពចង្រៃ បញ្ឆេះកំហឹង សមាជិក ដើម្បីឆ្លៀតឆក់យកអំណាច។
លោកខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ បានសរសេរក្នុងទំព័រហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ ក្រោមប្រធានបទ “លទ្ធផលនៃការទទួលទានលុយក្តៅក្រហាយ” ថា “សម្តី អ្នកដឹកនាំសង្គ្រោះជាតិ ប្រាប់ទៅអ្នកគាំទ្រខ្លួន ពេលខ្លួនសម្រេចចិត្តចូលប្រជុំរដ្ឋសភាដំបូង ក្នុងឆ្នាំ២០១៣ ថា សូមរង់ចាំមើលលទ្ធផល ក្រោយចូលរដ្ឋសភាសិន” កុំអាលវិនិច្ឆ័យ។ មកដល់ពេលនេះ នៅមិនដល់មួយឆ្នាំទៀតទេ នឹងដល់ពេលត្រូវបោះឆ្នោតម្តងទៀតហើយ តើ ពេលវេលានេះគ្រប់គ្រាន់សម្រាប់ធ្វើការវិនិច្ឆ័យ អំពីលទ្ធផលនៃការចូលប្រជុំរដ្ឋសភា ដែលខ្លួនបានចោទថា ជាសភាចោរ សភាមិនគ្រប់ទឹក នោះហើយឬនៅ? ម្នាក់រត់ទៅក្រៅស្រុក ម្នាក់ជាប់គុក នេះគ្រាន់តែនិយាយពីមេដឹកនាំបក្ស នេះតែប៉ុណ្ណោះ នៅសមាជិកសភា សមាជិក ព្រឹទ្ធសភា មន្ត្រីសំខាន់ៗរបស់បក្សនេះផ្សេង ទៀតរាប់មិនអស់ ដែលត្រូវជាប់គុក។ ហើយក្រៅពីរឿងជាប់គុកច្រវាក់ និងរត់ចោលស្រុក តើពេញមួយអាណត្តិ២០១៣ នេះ បក្សសង្គ្រោះជាតិ បានធ្វើអ្វីខ្លះហើយ សម្រាប់ជាតិ ក្រៅពីអ្នកតំណាងរាស្ត្រ៥៥នាក់ បានបើកប្រាក់ខែ រាល់ខែនោះ? នេះជាលទ្ធផល សរុបអួរៗយ៉ៗ នៃការសម្រេចចូលប្រជុំរដ្ឋសភានៃបក្សសង្គ្រោះជាតិ។
អ្នកដឹកនាំបក្សនេះងងឹត គ្មានប្រមើលដឹង ពីលទ្ធផលនៃការសម្រេចចិត្តរបស់ខ្លួនទេ ការឱ្យចាំមើលលទ្ធផល ក្រោយចូលរដ្ឋសភា វាគ្រាន់តែជាការដោះសាបណ្តោះពេលតែប៉ុណ្ណោះ ចាំមានរឿងអីមកដល់ ចាំរកនឹកពាក្យដោះសាទៀតទៅ។ ស្រណោះអ្នកគាំទ្របក្សនេះហួស ព្រោះអ្នកដឹកនាំបក្សនេះមិនអាចកុហកសមាជិកបក្សផ្សេងបានទេ គឺកុហកតែអ្នកគាំទ្របក្សខ្លួនឯងហ្នឹង។ មនុស្សល្ងង់នៅទីណា ការបោកប្រាស់កើតមាននៅទីនោះ។ បក្សសង្គ្រោះជាតិនេះ មិនមានបំណងនិងមិនមានសមត្ថភាព បង្រៀនបង្កើនចំណេះឱ្យសមាជិកបក្សខ្លួនទេ គឺមានតែបញ្ឆោះកំហឹង ដើម្បីឆ្លៀតឆក់យក អំណាចតែប៉ុណ្ណោះ។ បក្សមួយនេះកំពុងធ្វើនយោបាយ បង្កភាពចង្រៃដល់ជាតិ បានកៅអីច្រើន តែនៅជាបក្សប្រឆាំង ក៏បង្កភាពចង្រៃ មិនស្វាងដល់ជាតិ “បើឈ្នះឆ្នោតវិញនោះនឹងនាំចង្រៃធំជាងនេះទៅទៀតសម្រាប់ជាតិ” ចាំពាក្យខ្ញុំទុកចុះ។ ខ្ញុំគ្រាន់តែនិយាយពីការយល់ឃើញរបស់ខ្ញុំទេ ការសម្រេចចិត្ត ស្ថិតនៅលើពលរដ្ឋខ្មែរហើយ ចង់យ៉ាងណា ស្រេចតែពួកគាត់ចុះ ខ្ញុំអស់ភារកិច្ចហើយ”។
ទោះបីយ៉ាងណា ពាក់ព័ន្ធនឹងសំណេរ លើកឡើងរបស់លោកខឹម វាសនា ខាងលើនេះសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ លោកជាម ច័ន្ទនី បានចាត់ទុកថា ជាការលើកឡើង ដើម្បីចង់ចំណេញនយោបាយ និងចង់ឱ្យគណបក្សកាន់អំណាច ចាប់អារម្មណ៍ប៉ុណ្ណោះ ព្រោះគណបក្សសង្គ្រោះជាតិ ក្រោមការដឹកនាំដោយ លោកសម រង្ស៊ី និងកឹម សុខា កន្លងមក គឺជាគណបក្សដែលគោរពតាមឆន្ទៈប្រជារាស្ត្រពិតប្រាកដ ហើយស្មោះត្រង់ជាមួយសមាជិកគ្រប់ កាលៈទេសៈ។
លោកជាម ច័ន្ទនី បានមានប្រសាសន៍ថា “ជាការឆ្លើយតប ខ្ញុំអត់ឆ្លើយតបទេ ពីមនុស្សលោកខឹម វាសនា នេះជាមនុស្សមួយដែលយើងចាត់ទុកថា អត់អាចយកមកស្តាប់ អត់អាចយកគិតបាន នូវប្រសាសន៍របស់គាត់ ទី១។ ទី២ អ្វីដែលគាត់និយាយនេះ គឺថា គាត់និយាយ ហាក់ដូចជាគាត់អត់នៅក្នុងសង្គមខ្មែរ គាត់នៅពិភពផ្សេង។ បើសិនជាគាត់នៅពិភពខ្មែរ គាត់ ដឹងហើយ បើអត់ចង់ឱ្យមានការជាប់គុក ជាប់ច្រវាក់អី យើងមិនបាច់ធ្វើការតស៊ូមតិ ហើយយើងដឹងហើយ លោកអ្នកមានអំណាច លោក ចាត់ចែងការងារដាក់ផ្តន្ទាទោសពីណាបានតាមចិត្ត។ ដូច្នេះ យើងគិតថា អ្វីដែលលោកខឹម វាសនា និយាយនេះ ដូចខ្ញុំជម្រាបមិញអ៊ីចឹង វាអត់បានលើកមកគិត ពីព្រោះខ្ញុំនិយាយត្រង់ គឺថា និយាយពីលោកខឹម វាសនា នេះ គឺអត់មានអី និយាយតែម្តង។ បានន័យថា ការលើកឡើងរបស់គាត់នេះ ជាភាពចំណេញផង ហើយទាញយកការគាំទ្រពីគណបក្សកាន់អំណាចផង ដែលថា គាត់តែងតែធ្វើម៉េចបំពេញឱ្យគណបក្សកាន់អំណាចហ្នឹងសន្តោសប្រណីអី អ៊ីចឹងទៅលោកយល់អីអ៊ីចឹងទៅ។ ដូច្នេះខ្ញុំនិយាយប៉ុណ្ណឹង គឺថា អត់មានអីនិយាយទេ ជាមួយគាត់នោះ”។
លោកជាម ច័ន្ទនី បានបន្តថា “ឯកឧត្តម ទាំង២ ឯកឧត្តមកឹម សុខា ក៏ដូចជាឯកឧត្តម សម រង្ស៊ី យើងឃើញថា គឺបានបង្ហាញនូវជំហរ ស្នេហាជាតិ ជំហរដោះស្រាយរវាងគណបក្ស កាន់អំណាច និងគណបក្សសង្គ្រោះជាតិ ទៅ តាមសន្តិវិធី ខ្មែរនិងខ្មែរដែលអាចជជែកគ្នាបាន ដើម្បីរកដំណោះស្រាយសម្រាប់ប្រទេសជាតិ របស់យើង ថ្ងៃណាក៏យើងប្រកាស អ្វីដែលជា ទង្វើរបស់យើង គឺពោរពេញទៅដោយអហិង្សា ស្របទៅតាមលទ្ធិប្រជាធិបតេយ្យ ដែលមាន ចែងនៅក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រ កម្ពុជា ក៏ដូចជាកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ យើងអត់ដែលធ្វើអីឱ្យខុសទេ ប៉ុន្តែការយល់ឃើញ របស់អ្នកកាន់អំណាច ដែលលោកមានអំណាចលោកបានប្រព្រឹត្ត ដូចជាធ្វើឱ្យលោកសម រង្ស៊ី ចូលស្រុកអត់បាន ឯកឧត្តមកឹម សុខា ជាប់ ពន្ធនាគារ។ អាហ្នឹងជាការយល់ឃើញរបស់គាត់ តែការយល់ឃើញរបស់យើងៗមិនមានធ្វើអ្វីខុសទេ។ ហើយចំពោះមកទល់ពេលនេះ ឯកឧត្តម កឹម សុខា អត់ទាន់មានទោសពៃរ៍អីទេ សាលាដំបូង សាលាឧទ្ធរណ៍ សាលាកំពូល ក៏អត់ទាន់ មានកាត់ទោស បង្ហាញថាគាត់ជាជនក្បត់ជាតិ ដូចការចោទប្រកាន់ដែរ។ ដូច្នេះឯកឧត្តមកឹម សុខា នៅតែជាប្រធានគណបក្សសង្គ្រោះជាតិ ដដែល មិនមានអីផ្លាស់ប្តូរទេ ហើយគ្រប់យ៉ាងទាំងអស់ វានឹងប្រព្រឹត្តទៅតាមពេលវេលាដែល វានឹងមកដល់។ ចំពោះខ្ញុំៗសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរយើងទាំងអស់ ទាំងនៅ ក្នុង និងក្រៅប្រទេស ធ្វើម៉េចអញ្ជើញមកចុះ ឈ្មោះឱ្យបាន ដើម្បីមានឱកាស មានសិទ្ធិក្នុង ការបោះឆ្នោត នៅក្នុងថ្ងៃទី២៩ ខែ០៧ ឆ្នាំ២០១៨ ខាងមុខនេះ។ ជាគោលដៅរបស់យើង គណបក្ស សង្គ្រោះជាតិយើងធ្វើសព្វថ្ងៃនេះ គឺថា ឈាន ទៅដល់ការបោះឆ្នោតមួយដោយសេរី និងយុត្តិធម៌។ ដូច្នេះសូមអញ្ជើញបងប្អូនអញ្ជើញ ចូលរួមការបោះឆ្នោត ទី១។ ទី២ គឺសូមឱ្យការ ជជែកគ្នារវាងខ្មែរនិងខ្មែរ ពោលគឺគណបក្ស កាន់អំណាច និងគណបក្សប្រឆាំង សង្គ្រោះជាតិ ដើម្បីបញ្ចប់វិវាទ និងវិបត្តិនយោបាយ មុនការ បោះឆ្នោតនេះ។ ខ្ញុំគិតថា វាអត់ចំណេញអីទេ ពីព្រោះយើងមកទល់ពេលនេះ យើងស្ថិតនៅ ក្នុងកាលៈទេសៈមួយដែលយើងមានឧទាហរណ៍ គ្រប់គ្រាន់ តាំងពីសម័យសង្គ្រាមត្រជាក់ មក ទល់ថ្មើរនេះ? តើប្លុកខាងណាខាត ប្លុកខាងណា ចំណេញ សម្រាប់ប្រទេសដ៏តូចមួយរបស់ខ្លួន នេះ? ដូច្នេះ សូមឱ្យងាកមករកជជែកគ្នា ចរចាគ្នា ហើយផ្តល់ឱកាស ផ្តល់សិទ្ធិដល់ពលរដ្ឋខ្មែរ ទាំងអស់ ដើម្បីចូលរួមការបោះឆ្នោត ប្រកប ដោយសេរី និងយុត្តិធម៌ ក្រោមដំបូលនៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជានៃយើង។ ម៉្យាងទៀត យើងដឹងហើយ ជំហររបស់គណបក្សសង្គ្រោះជាតិ គឺបង្កើតឡើងដោយគណបក្ស២ គឺគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ក្រោមការចង្អុលបង្ហាញរបស់ប្រជាពលរដ្ឋខ្មែរ។ ដូច្នេះគណបក្សនេះ គឺជាគណបក្សដែលបម្រើ ប្រជាពលរដ្ឋខ្មែរ”៕
កុលបុត្រ