Tuesday, November 26, 2024
Homeតារាខ្មែរតារាចម្រៀងក្មេងកំព្រាវង្ស ថាណាន់ ត្រៀមចេញបទជីវិតពិតដ៏ជូរចត់របស់ខ្លួន

តារាចម្រៀងក្មេងកំព្រាវង្ស ថាណាន់ ត្រៀមចេញបទជីវិតពិតដ៏ជូរចត់របស់ខ្លួន

បន្ទាប់ពីទទួលការគាំទ្រតាមរយៈបទOriginal song ដូចជាបទ”អារម្មណ៍ខ្លាចបាត់អូន””សុំចិត្ត”និងបទ”សុំទោសដែលឲ្យអូនចាំ”ដែលជាបទឆ្លើយតបជាមួយបទពីដើម”អូននៅតែចាំ”របស់តារាចម្រៀងរស់ សេរីសុទ្ធា លោកវង្ស ថាណាន់ បានបង្ហើបឲ្យដឹងថាលោកត្រៀមចេញបទស្នាដៃថ្មី(Original song )ថ្មីមួយទៀតដែលរៀបរាប់ពីជីវិតកំសត់របស់លោកដែលត្រូវឪពុកម្ដាយបោះបង់ចោល។

នាពេលចុងក្រោយនេះលោកវង្ស ថាណាន់ ហាក់លេចធ្លោគួរសមនៅលើវិថីចម្រៀងតាមរយៈបទចម្រៀងOriginal song ដែលចេញនៅលើទីផ្សារជាបន្តបន្ទាប់ហើយនៅថ្ងៃទី២៧ កញ្ញា ម្សិលមិញនេះលោកបានបង្ហាញវត្តមាននៅក្នុងកម្មវិធីប្រគំតន្ត្រីសប្បុរសធម៌មួយរបស់សាលាន័រតុន ដែលសហការជាមួយគ្រួសារតារាកម្ពុជាដើម្បីរៃអង្គាសប្រាក់ជួយមន្ទីរពេទ្យគន្ធបុប្ផា។ថាណាន់ បានលើកយកបទចម្រៀងរបស់ខ្លួនចំនួន៣បទ មកច្រៀងជាមួយទឹកដមសំឡេងក្រអួនក្រអៅមិនចាញ់តារាចម្រៀងល្បីឈ្មោះមួយចំនួនដោយទទួលបានការគាំទ្រពីសិស្សនិស្សិតដែលចូលរួមស្ទើរមិនគួរឲ្យជឿ។

តារាចម្រៀងក្មេងកំព្រាដែលប្រឹងតស៊ូលើវិថីចម្រៀងរូបនេះបានថ្លែងឲ្យដឹងថា លោកពិតជាសប្បាយចិត្តយ៉ាងក្រៃលែងដែលបានចូលរួមនៅក្នុងព្រឹត្តិការណ៍ ប្រគំតន្ត្រីសប្បុរសធម៌ដើម្បីជួយមន្ត្រីពេទ្យគន្ធបុប្ផានេះគឺលោកមិននឹកស្មានថា មានឱកាសប្រើទឹកដមសំឡេងរបស់ខ្លួនជួយសង្គមដូចនេះទេ។លោកថា ក្នុងពេលចូលរួមសកម្មភាពសប្បុរសធម៌នេះក៏ធ្វើឲ្យលោករំជួលចិត្តស្ទើរទប់ទឹកភ្នែកមិនជាប់ផងដែរនៅពេលលោកនឹកឃើញដល់រឿងអតីតកាលដែលលោកធ្លាប់ឆ្លងកាត់ក្នុងនាមជាក្មេងកំព្រាដែលត្រូវបានឪពុកម្ដាយបោះបង់ចោល។ប៉ុន្តែពេលនេះស្រាប់តែមានលទ្ធភាពជួយដល់សង្គមដើម្បីរួមចំណែកជួយដល់ក្មេងៗនៅកម្ពុជា បានទទួលការព្យាបាលនៅក្នុងមន្ទីរពេទ្យដ៏ល្អមួយនេះបន្តទៀត។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ដែរនោះលោកវង្ស ថាណាន់ បានបង្ហើបឲ្យដឹងថា លោកកំពុងសម្រិតសម្រាំងធ្វើបទOriginal song ថ្មីមួយបទទៀតដោយផ្តោតលើខ្សែជីវិតពិតរបស់លោក។លោកថា នឹងលើកយកខ្សែរឿងជីវិតដ៏ជូចត់របស់លោកមកលាតត្រដាងតាមរយៈបទចម្រៀងមួយបទដែលត្រៀមចេញក្នុងពេលឆាប់ៗនេះខណៈដែលលោករំពឹងថានឹងទទួលបានការគាំទ្រនិងផ្ដល់កម្លាំងចិត្តពីទស្សនិកជនផងដែរ។លោកថា ការចេញបទចម្រៀងដែលរៀបរាប់ពីជីវិតផ្ទាល់ខ្លួនគឺលោកចង់រំលឹកពីអតីតកាលដ៏ជូរចត់និងចង់ផ្ដល់ជាតម្លៃអប់រំមួយសម្រាប់សង្គមជាពិសេសចង់ឲ្យឪពុកម្ដាយមួយចំនួនដែលបង្កើតកូនមកហើយគួរតែមានទំនួលខុសត្រូវខ្ពស់មិនត្រូវបោះបង់កូនចោលដូចរូបលោកត្រូវឪពុកមា្ដយបោះបង់ចោលនោះទេ។

យ៉ាងណាក៏ដោយលោកថាណាន់ បញ្ជាក់ថា បើទោះបីលោកត្រូវឪពុកម្ដាយបោះបង់ចោលក្លាយជាកូនកំព្រាតាំងពីមិនទាន់ដឹកក្ដីក៏លោកមិនស្អប់អ្នកមានគុណដែរហើយអ្វីដែលធ្វើឲ្យលោកកាន់តែសោកស្ដាយទៀតនោះនៅពេលដែលលោកបានជួបអ្នកម្ដាយក្នុងរយៈពេលខ្លីស្រាប់តែម្ដាយរបស់លោកបានលាចាកលោកនេះចោលរូបលោកទៀត។ថាណាន់ ថាលោកនឹងតស៊ូលើវិថីចម្រៀងបន្តទៀតជាពិសេសប្រឹងសម្រិតសម្រាំងចេញបទស្នាដៃថ្មីដើម្បីបំបែកទីផ្សារឲ្យកាន់តែលេចធ្លោបើទោះបីមិនទាន់មានឱកាសជ្រកកោណនៅផលិតកម្មណាមួយក្ដី៕

RELATED ARTICLES