Tuesday, September 17, 2024
Homeតារាខ្មែរឱក សុគន្ធកញ្ញា អាក់ខានថតភាពយន្តជាមួយឆន សុវណ្ណរាជ ធ្វើឲ្យថៅកែខកចិត្ត៤ឆ្នាំ

ឱក សុគន្ធកញ្ញា អាក់ខានថតភាពយន្តជាមួយឆន សុវណ្ណរាជ ធ្វើឲ្យថៅកែខកចិត្ត៤ឆ្នាំ

តារាចម្រៀងកំពុងឡើងកូដខ្លាំង ឱក សុគន្ធកញ្ញា ដែលជាដៃគូសម្តែងជាមួយខេមរៈ សិរីមន្ត លេចឮព័ត៌មានថា នាងត្រៀមថតតួឯកភាពយន្តភាគរបស់ប៉ុស្តិ៍ទូរទស្សន៍ហង្សមាស ប៉ះជាមួយបុរសរោមទ្រូងច្រើន ឆន សុវណ្ណរាជ តែពេលនេះ នាងបានធ្វើឱ្យថៅកែធំហង្សមាស ខកចិត្តវិញ ដោយសារតែសុគន្ធកញ្ញា គ្មានពេលសម្រាប់ការថតរឿងភាគនោះឡើយ…។

អ្នកផលិតកម្មវិធីទូរទស្សន៍ហង្សមាស ម្នាក់ បានបង្ហើបប្រាប់អ្នកយកព័ត៌មានយើងនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ ដោយសុំមិនបញ្ចោញឈ្មោះថា តាមពិត ឱក សុគន្ធកញ្ញា ពិតជាត្រូវផលិតកម្មរស្មីហង្សមាស បានប្រគល់តំណែងតួឯកឱ្យនាងប្រាកដមែន គឺ៤ឆ្នាំហើយ ដោយតម្រូវឱ្យនាងសម្តែងចាប់ដៃគូជាមួយតារាប្រុស បុរសរោមទ្រូងច្រើន គឺលោកឆន សុវណ្ណរាជ។

ប្រភពបានឱ្យដឹងថា រឿងដែលសុគន្ធកញ្ញា ត្រូវគ្រងតំណែងជាតួឯកជាលើកដំបូងនោះ គឺជារឿងសម័យ ដ៏ល្បីល្បាញរបស់ប្រទេសកូរ៉េ ហើយទូរទស្សន៍ហង្សមាស បានទិញសិទ្ធិពីប្រទេសកូរ៉េ យកមកថតជារឿងខ្មែរ ដូចរឿង “សិសិររដូវក្នុងបេះដូង” ដែលហង្សមាស ទិញសិទ្ធិពីកូរ៉េ ដែរ ហើយប្រគល់តំណែងជាតួឯកឱ្យសុគន្ធ និសា និងលោកឆន សុវណ្ណរាជ ហើយមានលោកខាំ ភូរិ ជាអ្នកដឹកនាំសម្តែងនោះ។

ព័ត៌មានបានឱ្យដឹងថា រឿងដែលសុគន្ធកញ្ញា ត្រូវថតនោះ គឺតាមគម្រោងចេញថតមុនរឿង “សិសិររដូវក្នុងបេះដូង” ទៅទៀត តែរឿងនោះ ត្រូវអាក់ខានទៅវិញ ព្រោះតែតារាចម្រៀងឱក សុគន្ធកញ្ញា មានការរវល់ពេក មិនអាចឆ្លៀតថតភាពយន្តបានឡើយ ដោយសារតែប៉ុន្មានឆ្នាំចុងក្រោយនេះ ការងារចម្រៀងរបស់នាង គឺរវល់ស្ទើរតែ១ខែៗពេញតែម្តង ហេតុនេះហើយបានជាលោកថៅកែធំហង្សមាស ខកចិត្ត ដោយសារសុគន្ធកញ្ញា មិនអាចថតរឿងបាននេះ ក៏តម្រូវឱ្យក្រុមការងារផលិតរឿងភាគរបស់ហង្សមាស បង្វិលទៅធ្វើរឿងផ្សេងៗមុនសិនទៅវិញ ដូចជារឿង “សិសិររដូវក្នុងបេះដូង”, “រាជិនីភូមិគ្រឹះ” ជាដើម។

ឱក សុគន្ធកញ្ញា បានក្លាយជាតារាចម្រៀងឈានមុខគេរបស់ផលិតកម្មរស្មីហង្សមាស រយៈពេល៧ឆ្នាំមកហើយ ដែលធ្វើឱ្យតារាចម្រៀងរូបនេះ អាចរកប្រាក់ចំណូលបានសែនដុល្លារ ក្នុង១ឆ្នាំៗ ជាមួយតម្លៃខ្លួនច្រៀង១កម្មវិធី ស៊ីថ្លៃ៣០០០ដុល្លារ។ នៅចុងឆ្នាំ២០១៧នេះដែរ សុគន្ធកញ្ញា នៅតែមិនទាន់មានតារាចម្រៀងរួមទ្រនំណាអាចផ្តួលនាងបានឡើយ បើទោះជាពេជ្រ សោភា ស្ទុះឡើងមកវិញក្តី ក៏មិនអាចធ្វើឱ្យរង្គើតំណែងសុគន្ធកញ្ញា បានឡើយ ទើបកន្លងមក ថៅកែផលិតកម្មហង្សមាស បានពេញចិត្ត តារារូបនេះជាខ្លាំង ព្រោះថា ដាក់បទអីឱ្យច្រៀងក៏បានដែរ ទើបលោកថៅកែជំរុញឱ្យសុគន្ធកញ្ញា កាន់តែ រុលទៅមុខថែមទៀត តាមរយៈការផ្តល់តំណែងជាតួឯកក្នុងភាពយន្តរបស់ហង្សមាស។ តែផ្ទុយទៅវិញ សុគន្ធកញ្ញា បែរជាធ្វើឱ្យលោកថៅកែខកចិត្តអស់៤ឆ្នាំ ដោយសារតែនាងគ្មានពេលថតកុន ខណៈដែលកន្លងមក តារាសម្តែងជើងចាស់ អ្នកស្រីឌី សាវ៉េត បានសរសើរតារារូបនេះថា មិនត្រឹមតែជាអ្នកចម្រៀងកំពុងតែល្បីទេ តែសុគន្ធកញ្ញា អាចធ្វើជាតួឯកកុនបានទៀតផង ប្រសិនបើនាងចង់។

ប្រភពបានឱ្យដឹងថា ប្រសិនបើគ្មានអ្វីត្រូវផ្លាស់ប្តូរទេ គឺសុគន្ធកញ្ញា នឹងនៅតែចាប់ដៃគូធ្វើជាតួឯកក្នុងរឿងភាគដែលទិញសិទ្ធិពីកូរ៉េ នោះដដែល តែការកំណត់កាលបរិច្ឆេទពិតប្រាកដក្នុងការចេញថតមិនបាន គឺដោយសារតែសុគន្ធកញ្ញា នៅតែប្រាប់ទៅក្រុមហ៊ុនថា នាងមិនទាន់មានពេលថតរឿងនោះ៕

ឆន សុវណ្ណរាជ និងឱក សុគន្ធកញ្ញា

RELATED ARTICLES