Monday, November 25, 2024
Homeនយោបាយប្រធានសមាគម ស្នើសុំសម្តេចហ៊ុន សែន លើកលែងទោសលោកសម រង្ស៊ី ដាក់ទោសលោកកឹម សុខា

ប្រធានសមាគម ស្នើសុំសម្តេចហ៊ុន សែន លើកលែងទោសលោកសម រង្ស៊ី ដាក់ទោសលោកកឹម សុខា

ភ្នំពេញ ៖ ប្រធានសមាគមជ័យលាភីបញ្ញាជនកម្ពុជា លោករស់ សារ៉ុម បានលើកឡើងថា ជាការថ្លឹងថ្លែងក្នុងបរិបទនយោបាយ លោកចង់ឱ្យសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា លើកលែងទោសដល់លោកសម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស ឱ្យមានឱកាសវិលចូលស្រុកវិញ។ ចំណែកលោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម ដែលមានទោសក្បត់ជាតិ គឺសមនឹងដាក់ទោសឱ្យជាប់គុកអស់១ជីវិត។

លោករស់ សារ៉ុម បានសរសេរនៅក្នុងទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ ថា “ភ្លើងខៀវបើកឱ្យលោក សម រង្ស៊ី ចូលស្រុក ដើម្បីចូលរួមបោះឆ្នោត បានមកដល់ហើយ សភាសហរដ្ឋអាមេរិក នឹងអនុម័ត ច្បាប់ដាក់ទណ្ឌកម្មសេដ្ឋកិច្ច លើកម្ពុជាឆាប់ៗ ខាងមុខនេះ ហើយបញ្ហាដែលប្រឈមធ្ងន់ធំ ជាងគេរបស់រាជរដ្ឋាភិបាលកម្ពុជា គឺកម្មករ-កម្មការិនី ជិត១លាននាក់ អត់ការងារធ្វើ គ្មានប្រាក់សងបំណុលធនាគារ។ សម្រាប់ខ្ញុំ មិនមែនលើកទឹកចិត្តឱ្យប្រទេសយើង ជារដ្ឋអធិបតេយ្យ ខ្លាចអាមេរិកនោះទេ ខ្ញុំពិតជាចង់ឃើញសម្តេច ហ៊ុន សែន សម្រេចចិត្តដ៏ត្រឹមត្រូវ ស្នើលើកលែងទោសឱ្យលោកសម រង្ស៊ី ទោសតូចតាច មិនដូចទោសក្បត់ជាតិរបស់លោកកឹម សុខា និងបក្ខពួក ដែលមិនអាចអត់ឱនឱ្យបាន ក្នុងឆាកនយោបាយជាតិ សម្តេចមានទាំងកិត្តិយស និងគុណធម៌ ហើយបានធ្វើបុណ្យជាមួយលោកសម រង្ស៊ី ទៀត។ ចំណែកឆាកអន្តរជាតិ សម្តេចមិនខុសជាមួយចិន ហើយក៏មិនឈ្លោះជាមួយអាមេរិកទៀត។ ករណីទង្វើក្បត់ជាតិ លោកកឹម សុខា និងបក្ខពួកក្រុមអាគាំង ច្បាស់ជាមិនរវល់ទេ ជាយោបល់ ស្ទើរភ្លើងតូចមួយ លោកកឹម សុខា ទោសក្បត់ជាតិ ជាប់គុកមួយជីវិត គឺសមរម្យ ហើយអ្នកពាក់ព័ន្ឋដទៃទៀត និរទេសមួយជីវិត មិនឱ្យពាក់ព័ន្ឋនយោបាយកម្ពុជា”។

បន្ថែមលើសំណេរតាមហ្វេសប៊ុកខាងលើនេះ លោករស់ សារ៉ុម បានបញ្ជាក់ប្រាប់ “នគរធំ” នៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ ថា ជាការពិត ការលើកលែងទោសឱ្យលោកសម រង្ស៊ី ជាការនាំផលចំណេញមកដល់រដ្ឋាភិបាលកម្ពុជា នៃគណបក្សប្រជាជនកម្ពុជាច្រើន។ ចំណែកលោកកឹម សុខា ដែលមានទោសក្បត់ជាតិ ទោះបីជាមានការលើកលែងទោសឱ្យ ក៏មិនមានផលអ្វីចំណេញ មកដល់រាជរដ្ឋាភិបាលកម្ពុជាដែរ ហើយប្រៀបធៀបក្បាលម៉ាស៊ីន ដឹកនាំរបស់គណបក្សសង្គ្រោះជាតិ ក្នុងស្ថានភាព ដែលជិតឈានមកដល់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នេះ លោកសម រង្ស៊ី សំខាន់ជាង លោកកឹម សុខា។ ដូច្នេះ ការលើកលែងទោសឱ្យលោកសម រង្ស៊ី ជារឿង តូចតាច ឯការលើកលែងទោសឱ្យលោកកឹម សុខា ជារឿងដែលមិនអាចទៅរួច។

លោករស់ សារ៉ុម បានមានប្រសាសន៍ថា “ហេតុអីបានខ្ញុំថា ការលើកលែងទោសឱ្យលោក សម រង្ស៊ី ជារឿងតូចតាច ឯការលើកលែង ទោសឱ្យលោកកឹម សុខា ជារឿងដែលមិនអាចទៅរួច ? ដោយសារសម្រាប់លោកកឹម សុខា ហើយនិងអ្នកពាក់ព័ន្ធ វាពាក់ព័ន្ធជាមួយនឹងលក្ខណៈជនសង្ស័យ ឆ្ពោះទៅរកទោសទណ្ឌមួយ ដែលហៅថា ជនក្បត់ជាតិ។ អ៊ីចឹង ពាក្យថា ជនក្បត់ជាតិនេះ វាស្ទើរតែគ្មានសោះនៅលើលោក ដែលអាចលើកលែងទោសឱ្យបាន វាអាចជាគំរូអាក្រក់មួយសម្រាប់មនុស្សជំនាន់ ក្រោយ មានន័យថា ក្បត់ជាតិហើយ នៅតែមិនអីទៀត។ ហើយមួយវិញទៀត សម្រាប់លោកសម រង្ស៊ី សម្រាប់អ្នកនយោបាយ ខ្ញុំយល់ឃើញថា វាជារឿងដែលតូចតាចបំផុតនៅក្នុងការលើកលែងទោស ជាពិសេស គឺបទបរិហារកេរ្តិ៍ អ្នកនយោបាយមិនអាចគេចផុតទេ អារឿងបរិហារករ្តិ៍នោះ នៅក្នុងសង្គមប្រជាធិបតេយ្យ គេចមិនផុតទេ។ អ៊ីចឹងហើយបានជាខ្ញុំទាញការ ចាប់អារម្មណ៍មួយថា ដូចដែលឯកឧត្តមអ៊ុច បូររិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេសពីម្សិលមិញ គាត់ផ្តល់កិច្ចសម្ភាសន៍នៅក្រុមប្រឹក្សា ធម្មនុញ្ញោនាះថា សភាអាមេរិក កំពុងតែរុញ ច្បាប់អនុម័តដាក់ទណ្ឌកម្មសេដ្ឋកិច្ច។ អ៊ីចឹង មានន័យថា ចរន្តហ្នឹង វាឆ្ពោះទៅចរន្តការដាក់ទណ្ឌកម្មសេដ្ឋកិច្ច។ កាលណាដាក់ទណ្ឌកម្ម សេដ្ឋកិច្ចស្រុកខ្មែរ រឿងធំចម្បងហ្នឹង ចំពោះ អាមេរិក គឺជាទីផ្សារធំមួយរបស់កម្ពុជា ផ្នែក វាយនភណ្ឌ។ អ៊ីចឹងសួរថា បើអាមេរិកបិទទីផ្សារកម្ពុជា យើងសួរថា កម្មករជិត១លាននាក់ហ្នឹង មានការងារធ្វើទេ? អត់ការងារធ្វើ ហើយបើអត់ការងារធ្វើ បានចំណូលឯណាទៅ បង់បំណុលធនាគារ? អ៊ីចឹងហើយបានជាសេណារីយោថ្មី ដែលយើងខ្ញុំមើលឃើញ គឺប្រាកដមាន ការសម្របសម្រួលគ្នា មុនសភាអាមេរិកអនុម័ត  ច្បាប់ ដាក់ទណ្ឌកម្មសេដ្ឋកិច្ចកម្ពុជា គឺតាមរយៈរដ្ឋាភិបាលខ្មែរ បង្ហាញនូវជំហរមួយច្បាស់លាស់ ធ្វើយ៉ាងម៉េចឱ្យដំណើរការលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជានេះ បានប្រព្រឹត្តទៅល្អប្រសើរ មុនការបោះឆ្នោត។ នេះជាការចង់បានរបស់ភាគី អាមេរិក និងភាគីអន្តរជាតិ សហគមន៍អឺរ៉ុប ផងដែរ។ អ៊ីចឹងភាគីកម្ពុជាយើង អ្វីដែលចង់បាន គឺមិនចង់ឃើញអាមេរិកបិទទីផ្សារទេ ហើយ ឃើញសម្តេច កូកកាកជាមួយស្ថានទូតអាមេរិក អាហ្នឹងគ្រាន់តែជាសិល្បៈនយោបាយទេ ប៉ុន្តែ ក្រៅផ្លូវការ មិនដឹងជាចរចាគ្នាដល់ដំណាក់កាលណាហើយទេ”។

លោករស់ សារ៉ុម បន្តថា “ប៉ុន្តែចំណាប់ អារម្មណ៍មួយ ដែលយើងខ្ញុំវាយតម្លៃពិចារណា វិភាគទៅឃើញថា រឿងនេះ វាអាចវិវត្តទៅ ការលើកលែងទោសឯកឧត្តមសម រង្ស៊ី។ អ៊ីចឹង ការលើកលែងទោស ឯកឧត្តមសម រង្ស៊ី គឺចំណេញ ដល់រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជន នោះ ព្រោះលើកលែងទោសឱ្យសម រង្ស៊ី ពេល ដែលគាត់ត្រឡប់មកវិញ ១០០ភាគរយ ហើយគាត់ គឺជាប្រធានគណបក្សប្រឆាំងឡើងវិញ ព្រោះ លាលែង ហើយនិងចូលវិញនោះ វាអត់មានអី ពិបាកទេ។ អ៊ីចឹងកាលណាគាត់ក្លាយជាមេបក្សប្រឆាំង រឿងកឹម សុខា រឿងអ្នកដែលពាក់ព័ន្ធ ជាមួយនឹងកឹម សុខា អាហ្នឹងស្ថិតនៅក្នុងបន្ទុក របស់លោកសម រង្ស៊ី វិញហើយ វាលែងបន្ទុក របស់រដ្ឋាភិបាលហើយ ដោយសារទី១ ប្រជាធិបតេយ្យ នៅពេលដែលសម រង្ស៊ី ត្រឡប់មក វិញនេះ គឺអន្តរជាតិក៏មិនដេញដោល ហើយរឿងកឹម សុខា នោះ រឿងទោសក្បត់ជាតិ ប្រទេសណាក៏គេមិនចង់លូកលាន់ដែរ វាពាក់ព័ន្ធនឹងបញ្ហាអធិបតេយ្យរបស់រដ្ឋមួយៗ គេមានច្បាប់ មានទម្លាប់របស់គេ។ អ៊ីចឹងបើសិនជាគេ លូកដៃ មានន័យថា លូកកិច្ចការផ្ទៃក្នុងប្រទេស គេហើយ ប៉ុន្តែរុញយន្តការ ដើម្បីឱ្យដំណើរការ លទ្ធិប្រជាធិបតេយ្យ ការអនុវត្តកិច្ចព្រមព្រៀង ទីក្រុងប៉ារីស អីយ៉ាងម៉េចៗហ្នឹង គឺគេអាចធ្វើ បានតាមរយៈការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ឬក៏ ស្អីៗ ប៉ុន្តែដាក់ទណ្ឌកម្មទៅបាន លុះត្រាតែរដ្ឋាភិបាលកម្ពុជានេះបដិសេធដាច់ខាត អត់ព្រម លើកលែងទោសឱ្យសម រង្ស៊ី។ កាលណាអត់ ព្រមលើកលែងទោសឱ្យសម រង្ស៊ី រឿងវាកាន់តែទៅមុខ អ៊ីចឹងវាអាចឈានទៅការដាក់ទណ្ឌកម្ម។ ហើយបើដាក់ទណ្ឌកម្ម អ្នកណាដាច់បាយ? មិនមែនសម្តេចនាយករដ្ឋមន្ត្រីដាច់បាយទេ គឺកម្មករ ដាច់បាយ។ អ៊ីចឹងហើយចំណុចរួមដែលយើងខ្ញុំ ជូនជាយោបល់ ដែលយើងខ្ញុំមើលឃើញហ្នឹង គឺថា ធ្វើម៉េចសម្រួលឱ្យសម រង្ស៊ី ត្រឡប់មក វិញទៅ ហើយវាជាគុណធម៌នយោបាយមួយ ដែលសម្តេចអាចធ្វើបាន មិនចាំបាច់ដល់កាត់ដៃទេ។ អ៊ីចឹងដោយសារអាមេរិក បើសិនជាសម្តេច សុខចិត្តកាត់ដៃខ្លួនឯងចោល ហើយកម្មករអត់ បាយ អាហ្នឹងវាអត់មានន័យទេ សម្តេចមិនគួរ ធ្វើអ៊ីចឹងទេ គឺថា ធ្វើយ៉ាងម៉េចឱ្យសម រង្ស៊ី មកចូលរួមប្រកួតវិញមក តាមលក្ខណៈត្រឹមត្រូវ សេរី និងយុត្តិធម៌ហ្នឹងមក ហើយអាមេរិកអត់ បិទនយោបាយការបរទេសរបស់យើង ជាមួយ ចិន ក៏មិនខុស ហើយជាមួយអាមេរិក ក៏យើង មិនឈ្លោះជាមួយអាមេរិកដែរ។ អ៊ីចឹងផលចំណេញបានមកលើកម្ពុជា បានមកលើប្រជាជនកម្ពុជា។ អ៊ីចឹងចំណេញទាំងអស់គ្នា ប៉ុន្តែគ្រាន់តែថា បើសិនជាកឹម សុខា និងបក្ខពូកអីទៀត អាហ្នឹងទុកមួយដុំទៅ រឿងវាទៅអ៊ីចឹងហើយ មិនមែនគេចង់ចោទគាត់ជាជនក្បត់ជាតិឯណា ព្រោះគាត់សារភាពខ្លួនឯងហ្នឹង ព្រោះរឿងធ្វើ ចារកម្មបរទេស រឿងពឹងពាក់បរទេស ដើម្បី កុំថាឡើយមករៀបផែនការផ្តួលរំលំ សូម្បីតែ យកលុយពីបរទេសមកធ្វើសកម្មភាពនយោបាយ ក្នុងស្រុកខ្មែរអីហ្នឹង ក៏មានទោសដល់ថ្នាក់ ផ្លូវច្បាប់ដែរ។ អ៊ីចឹងរឿងនេះ រឿងកឹម សុខា ទេ តស៊ូផ្លូវច្បាប់ខ្លួនឯងទៅ បើសិនជាច្បាប់រកឃើញថា គាត់មិនមែនជាជនក្បត់ជាតិ អាហ្នឹង រឿងរបស់គាត់ ប៉ុន្តែបើគេរកឃើញថា គាត់ក្បត់ជាតិមែន អាហ្នឹងមួយជីវិតរបស់គាត់ រាប់ពាន់ឆ្នាំ គឺមានតែគាត់ទេនៅក្នុងប្រវត្តិសាស្ត្រ ដែលចារថាក្បត់ជាតិនោះ”។

លោករស់ សារ៉ុម បានបន្តថា “សម្រាប់ ការលើកលែងទោស ខ្ញុំចែកជាពីរ ទី១ លោក សម រង្ស៊ី កាលណារាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាហ្នឹង សម្តេចហ៊ុន សែន ហ្នឹង លើកលែងទោសឱ្យសម រង្ស៊ី វាចំណេញទាំងអស់ ចំណេញទាំងឆាកនយោបាយជាតិ ចំណេញទាំងឆាកនយោបាយអន្តរជាតិនេះ សម្រាប់រដ្ឋាភិបាលកម្ពុជា ទាំងសេដ្ឋកិច្ច ទាំងនយោបាយ គឺចំណេញទាំងអស់ ហើយមានមុខមានមាត់ទៀត។ មានន័យថា ហ៊ានប្រកួត ហើយហ៊ានទទួលយកលទ្ធផលឈ្នះដោយថ្លៃថ្នូរ ចាញ់ដោយអស់ចិត្ត អានេះសម្រាប់ការលើកលែងទោសឱ្យលោកសម រង្ស៊ី មួយ គឺអាវិបត្តិ ជាមួយអន្តរជាតិឯណាឯណី អាហ្នឹងវាចប់អស់ហើយ។ ដោយឡែក រឿងលោកកឹម សុខា វិញ រឿងរបស់គាត់ដូចលោកសុខ ឥសាន និយាយ អត់ខុសទេ គាត់ថា គាត់ដូចក្រូចគេច្របាច់អស់ ទឹកអ៊ីចឹង ប៉ុន្តែគ្រាន់តែថា សម្រាប់គាត់អស់តម្លៃក្នុងនយោបាយជាតិហើយៗបើអាមេរិកភ្លើ មិនមែនអាមេរិក ធ្វើមហាអំណាចលេខ១កើតទេ។ អ៊ីចឹងប្រទេសណាដូចប្រទេសណាដែរ តែអត់មានតម្លៃ គឺគេបោះបង់ចោលហើយ។ អ៊ីចឹង ទោះបីជាអាមេរិក ទទួលស្គាល់ថា ប្រើកឹម សុខា ឬក៏មិនប្រើយ៉ាងម៉េចៗ ក៏យើងគ្មានសិទ្ធិអីទៅដេញដោលអាមេរិកដែរ គេចង់ឆ្លើយក៏បាន មិនចង់ឆ្លើយក៏បាន អាហ្នឹងជាសិទ្ធិរបស់មហាអំណាច។ ប៉ុន្តែអ្នកដែលអស់តម្លៃ គឺកឹម សុខា ហ្នឹងហើយទទួល គឺពិបាកណាស់ ព្រោះតែដាច់ចិត្ត គេចោទដល់រឿងក្បត់ជាតិនេះ គឺវាមិនមែនធម្មតាទេ បើរបស់វិញ គេហៅថាអស់តម្លៃប្រើប្រាស់ អាហ្នឹងមួយ។ ទីពីរ តាមផ្លូវច្បាប់ គឺជិវិតនយោបាយរបស់លោកកឹម សុខា ហើយនិងក្រុមដែលពាក់ព័ន្ធជាមួយនឹងលោកកឹម សុខា ហ្នឹង គឺវា ចប់ត្រឹមហ្នឹងហើយៗផ្លូវច្បាប់ហ្នឹង បើចង់ដឹងរកភាពស្អាតស្អំឱ្យខ្លួនឯង អាហ្នឹងប្រឹងទៅតាមផ្លូវច្បាប់ទៅ ប៉ុន្តែចំពោះការស្នើលើកលែងទោស របស់នាយករដ្ឋមន្ត្រីខ្មែរ ដើម្បីឱ្យកឹម សុខា ហើយនិងបក្ខពួកដែលជាជនសង្ស័យក្បត់ជាតិ ហ្នឹងរួចខ្លួនហ្នឹង វាហាក់ដូចជាបង្ហាញថា រដ្ឋាភិបាលរាល់ថ្ងៃ គាំទ្រជនក្បត់ជាតិអ៊ីចឹងៗវាមិនអាចទៅរួចទេ។ ក្នុងចំណុចនេះ ខ្ញុំជម្រាបថា ថ្វីត្បិតខ្ញុំគ្មានតួនាទីអីទាំងអស់ នៅក្នុងជួរគណបក្សប្រឆាំង ក៏ប៉ុន្តែខ្ញុំសូមបញ្ជាក់ថា ក្រោយពីកឹម សុខា ត្រូវបានគេចាប់ គេចោទពីបទទោសក្បត់ជាតិនេះមក គឺគណបក្សប្រឆាំង ហាក់ដូចជា ស្រាលអំរែក រាងធូរ មានអ្នកជប់លៀងច្រើន មានអ្នកទឹកភ្នែក។ អ៊ីចឹងរឿងដែលធំហ្នឹង នៅលើសម រង្ស៊ី មិនមែននៅលើកឹម សុខា ទេ ព្រោះ នៅកឹម សុខា ដឹកនាំគណបក្សសង្គ្រោះជាតិ និយាយឱ្យអស់ សូម្បីតែសម្តេចហ៊ុន សែន ក៏មិនជឿថា កឹម សុខា អាចក្តាប់គណបក្សសង្គ្រោះជាតិ ដឹកនាំគណបក្សសង្គ្រោះជាតិបានដែរ។ អ៊ីចឹងគណបក្សសង្គ្រោះជាតិ គណបក្សប្រឆាំង ស្រុកខ្មែរនេះ ក្រៅពីសម រង្ស៊ី គឺពិបាកហើយ អាហ្នឹងមួយ។ ទីពីរ អ្នកដែលអាចដឹកនាំជំនួស សម រង្ស៊ី បាន ទាល់តែអ្នកហ្នឹងមានការផ្តាំផ្ញើ ពីលោកសម រង្ស៊ី អាហ្នឹងបានដឹកនាំកើត ប៉ុន្តែ បើថា ឡើងមកដឹកនាំឆៅៗនោះ អាហ្នឹងទៅ មិនរួចទេ។ ហើយគណបក្សប្រឆាំង ក៏បានត្រៀម ខ្លួនរួចរាល់ដែរ ដើម្បីប្រកួតប្រជែងជាមួយគណបក្សកាន់អំណាច ទោះបីជាខាងរដ្ឋាភិបាល កម្ពុជា ពិសេសលោកនាយករដ្ឋមន្ត្រីហ៊ុន សែន គ្មានឆន្ទៈគ្រប់គ្រាន់ ដើម្បីលើកលែងទោសឱ្យ លោកសម រង្ស៊ី ក៏គណបក្សប្រឆាំង គណបក្ស សង្គ្រោះជាតិ បានរៀបចំខ្លួនរួចជាស្រេច ដើម្បី ចូលរួមការបោះឆ្នោតព្រឹទ្ធសភា និងរដ្ឋសភា នៅពេលខាងមុខ ហើយនាយករដ្ឋមន្ត្រី ដាក់ អ្នកណាក៏បានដែរ អត់បញ្ហា សំខាន់ពេលឈ្នះ ឆ្នោត គឺអ្នកណាធ្វើនាយករដ្ឋមន្ត្រីក៏បាន តាម ការចាត់តាំង របស់គណបក្សសង្គ្រោះជាតិ។ សមាជិកសភាគណបក្សសង្គ្រោះជាតិ ដែល ឈ្នះឆ្នោត នឹងបោះឆ្នោតផ្តល់ការគាំទ្របេក្ខភាព ជានាយករដ្ឋមន្ត្រី អ្នកណាក៏បានដែរ”។

លោករស់ សារ៉ុម បានបន្តទៀតថា “សរុប ទៅជាការបញ្ជាក់រួម ខ្ញុំសូមជូនជាយោបល់ទៅសម្តេចតេជោនាយករដ្ឋមន្ត្រីថា រឿងទាំងអស់ រឿងកឹម សុខា នឹងបក្ខពួកកឹម សុខា ហ្នឹង ទោសក្បត់ជាតិហ្នឹងសមហើយៗអ្នកពាក់ព័ន្ធទៀត បើអាចទេ ក៏និរទេសមួយជីវិតទៅ ចេញតែដីកា ទៅរត់ចោលស្រុកអស់ហើយ មិនមានប៉ុន្មានទេ ហើយអាមេរិក ក៏មិនលូកដៃដែរ អាហ្នឹងមួយ។ ទីពីរ នៅពេលដែលចប់សព្វគ្រប់ហើយ អាចដើម ឆ្នាំក្រោយចុះ បោះឆ្នោតព្រឹទ្ធសភាហើយ ចុះ សម្តេចមិនចាំបាច់ដល់កាត់ដៃចោលទេ ពិចារណា យ៉ាងម៉េចឱ្យបានឆាប់ លើកលែងទោសឱ្យសម  រង្ស៊ី ទៅ មកប្រកួតទៅ ហើយឈ្នះចាញ់យ៉ាង ម៉េច រកយន្តការមួយហៅថា បើគណបក្សប្រជាជន ឈ្នះគណបក្សប្រឆាំង នៅស្រុកខ្មែរនេះ ក៏បាន សុខ ហើយបើគណបក្សប្រឆាំង គណបក្សកាន់អំណាច ដែលចាញ់ឆ្នោតទៅវិញនេះ ក៏បានសុខ ដូចគ្នា វាអត់មានរឿងអីទេ។ ខ្ញុំសុំអំពាវនាវ ប៉ុណ្ណឹងថា ឈ្នះចាញ់យ៉ាងម៉េច ប្រទេសយើងបានសុខ យើងនាំគ្នាអភិវឌ្ឍប្រទេសរបស់យើង  ទៅមុខទៀតទៅ ដើម្បីផលប្រយោជន៍រួមរបស់  ជាតិទេ វាមិនមែនរបស់បុគ្គលទេ ព្រោះប្រទេស នេះ មិនមែនប្រទេសរបស់សម្តេចហ៊ុន សែន ឯណា របស់ប្រជាជនខ្មែរទាំងអស់គ្នា។ យើងនាំគ្នាធ្វើទៅ ហើយជ្រកក្រោមម្លប់ព្រះមហាក្សត្រទៅ ធ្វើតាមស្មារតីសម្តេចតា ព្រះករុណា រាល់ថ្ងៃទៅ ដំណើរប្រទេសយើងចេះតែទៅ មុខហើយ កុំដើរថយក្រោយ”។

គួរបញ្ជាក់ដែរថា ការលើកឡើងរបស់ លោករស់ សារ៉ុម បានធ្វើឡើងក្រោយពេលដែលលោកសម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ បានស្នើទៅកាន់រដ្ឋាភិបាលអូស្ត្រាលី ឱ្យដាក់ទណ្ឌកម្មទិដ្ឋាការដល់មន្ត្រីប្រទេសកម្ពុជា។

ទោះយ៉ាងណា ពាក់ព័ន្ធនឹងការស្នើរបស់ លោកសម រង្ស៊ី នោះ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោកផៃ ស៊ីផាន បានចាត់ទុកថា ជា អំពើមួយក្បត់ផលប្រយោជន៍ ឬក្បត់ជាតិកម្ពុជា ឬបានឆ្លុះបញ្ចាំងនូវសតិសម្បជញ្ញៈទុច្ចរិត ក្នុងការផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីឆន្ទៈមហាជន តាមរយៈការបោះឆ្នោត បែបលទ្ធិប្រជាធិបតេយ្យបន្ថែមទៀត ដែលនោះក៏បញ្ជាក់បានទៀតថា ជាថ្នាក់ដឹកនាំនៃក្រុមធ្វើបដិវត្តន៍រំលំរាជរដ្ឋាភិបាលផងដែរ។

លោកផៃ ស៊ីផាន បានសរសេរនៅក្នុងគណនីហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ ថា “គោរពជម្រាបជូនបណ្តាញ សារព័ត៌មាន និងប្រិយមិត្ត FBFs ការលើកឡើងរបស់ទណ្ឌិតរត់គេចខ្លួននៅក្រៅប្រទេសសម រង្ស៊ី ដែលស្នើឱ្យរដ្ឋាភិបាលអូស្ត្រាលី ដាក់ទណ្ឌកម្មកម្ពុជា ក្នុងការមិនផ្តល់ទិដ្ឋាការដល់មន្ត្រីកម្ពុជា ដូចសហរដ្ឋអាមេរិកនោះ គឺជាអំពើក្បត់ផលប្រយោជន៍ ឬក្បត់ជាតិកម្ពុជានោះ បើទណ្ឌិតរូបនោះប្រកាសខ្លួនឯងថា ជាសញ្ជាតិខ្មែរ។ សកម្មភាពឬគោលដៅរបស់បុគ្គលរូបនេះ បានដើរតួហួសពីសកម្មភាពរបស់គណបក្សភាគតិច ឬប្រឆាំង។ សកម្មភាពនេះ ក៏បានឆ្លុះ បញ្ចាំងនូវសតិ សម្បជញ្ញៈទុច្ចរិត ក្នុងការផ្តួល រំលំរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពី ឆន្ទៈមហាជន​ តាមរយៈការបោះឆ្នោតបែបលទ្ធិប្រជាធិបតេយ្យបន្ថែមទៀតនោះ ក៏បញ្ជាក់ បានទៀតថា ជាថ្នាក់ដឹកនាំនៃក្រុមធ្វើបដិវត្តន៍ រំលំរាជរដ្ឋាភិបាលផងដែរ។ បញ្ហាសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើផ្នែកទិដ្ឋាការនេះ ជាហេតុផលនៃការបញ្ចូនត្រឡប់មកវិញ នៃជនភៀសខ្លួនដែលមានសញ្ជាតិខ្មែរ មានសិទ្ធិស្រប ច្បាប់រស់នៅសហរដ្ឋអាមេរិក។ រីឯអូស្ត្រាលីវិញ គឺប្រទេសទាំងពីរ ជាមួយនឹងកម្ពុជា គ្មានអ្វីក្រៅពីតែទំនាក់ទំនងល្អ និងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ។ សំណួរសួរថា តើរដ្ឋាភិបាល អូស្ត្រាលី ជ្រើសរើសយកទណ្ឌិត ឬមួយជ្រើស យករដ្ឋាភិបាលស្របច្បាប់ជាដៃគូ ដែលឈរទៅលើមូលដ្ឋានគោរពគ្នាទៅវិញទៅមក មិនជ្រៀតជ្រែកក្នុងអធិបតេយ្យរៀងៗខ្លួន ដែលស្របនឹងពាក្យខ្មែរថា “ចាក់អង្ករចោល យកអង្កាម?”…៕

កុលបុត្រ

RELATED ARTICLES