Tuesday, September 17, 2024
Homeតារាខ្មែរសុខ សោម៉ាវត្តី កាយស្និទ្ធ មាត់ប្រកែក

សុខ សោម៉ាវត្តី កាយស្និទ្ធ មាត់ប្រកែក

ខណៈដែលតារាភាពយន្តល្បីឈ្មោះ អ្នកនាងសុខ សោម៉ាវត្តី ចេះតែប្រកែកស្នេហ៍កីឡាករបាល់ទាត់ លោកលី វ៉ាហេទ នោះ ប៉ុន្តែទំនាក់ទំនងរបស់ពួកគេបែរជាកាន់តែស្អិតល្មួតទ្វេឡើងទៅវិញ ដោយបានបង្ហាញរូបភាពកៀកកើយ ផ្អែមល្ហែមនៅលើបណ្តាញសង្គមជាបន្តបន្ទាប់ ស្របពេលដែលមានការទម្លាយឱ្យដឹងថា ពួកគេទាំង២ ជាគូស្នេហ៍ គ្រាន់តែវត្តី មិនទាន់ហ៊ានសារភាព…។

នាពេលចុងក្រោយនេះ មានការចាប់អារម្មណ៍ខ្លាំង ចំពោះទំនាក់ទំនងរវាងអ្នកមេម៉ាយក្តៅស្រួយ សុខ សោម៉ាវត្តី ជាមួយលោកលី វ៉ាហេទ ដែលជាតារាបាល់ទាត់រូបសង្ហា ល្បីឈ្មោះមួយរូបនៅកម្ពុជា ហើយទន្ទឹមនឹងការបង្ហាញពីសកម្មភាពស្និទ្ធស្នាលកៀកកើយនោះ ក៏មានការទម្លាយឱ្យដឹងថា ពួកគេកំពុងតែពិសោធស្នេហ៍យ៉ាងផ្អែមល្ហែមផងដែរ។

ថ្មីៗនេះ សោម៉ាវត្តី បានបង្ហោះរូបភាពកៀកកើយថ្មីមួយទៀត ជាមួយលោកលី វ៉ាហេទ នៅលើបណ្តាញសង្គម ដោយស្លៀកសម្លៀកបំពាក់គូស្នេហ៍ ដែលបានបញ្ជាក់ថា រូបភាពនេះអ្នកនាងបានថតជាយូរមកហើយ គឺទើបតែដាច់ចិត្តបង្ហោះនៅពេលនេះ។

បន្ទាប់ពីបង្ហោះរូបភាពនេះ អ្នកគាំទ្រសោម៉ាវត្តី ជាច្រើនបានសម្តែងការអបអរសាទរ ដោយបានចាត់ទុកថា ពួកគេទាំងពីរជាគូស្នេហ៍ដ៏ស័ក្តិសម ហើយក៏មានអ្នកខ្លះលួចច្រណែនផងដែរ។

ជាមួយគ្នានោះ មានអ្នកគាំទ្រសុខ សោម៉ាវត្តី ម្នាក់ ដែលមានទំព័រហ្វេសប៊ុកឈ្មោះ Soknim nut បានចោទសួរថា  “ខ្ញុំសួរមែនបង ខ្ញុំចូលចិត្តបងទាំងពីរនេះណាស់ បងជាសង្សារគ្នាមែន?” តែវត្តី ពុំបានឆ្លើយតបចំពោះសំណួរនេះទេ ប៉ុន្តែមានអ្នកគាំទ្រម្នាក់ទៀតឈ្មោះ Shan diamond បានតបថា “គេជាសង្សារនឹងគ្នា ១ឆ្នាំមកហើយ”។

យ៉ាងណា បន្ទាប់ពីមានការបញ្ជាក់ថា ពួកគេជាសង្សារនឹងគ្នា អ្នកគាំទ្រជាច្រើនបានអស់ចម្ងល់ និងបានសម្តែងការជូនពរឱ្យពួកគេស្រលាញ់គ្នាប្តូរផ្តាច់។

ក្រៅពីបង្ហោះសកម្មភាពស្និទ្ធស្នាលនៅលើបណ្តាញសង្គម កន្លងមក គេក៏ឧស្សាហ៍ឃើញអ្នកទាំងពីរបណ្តើរគ្នាឱ្យត្រសងផងដែរ ទាំងនៅក្នុងកម្មវិធីជប់លៀងផ្សេងៗ ក៏ដូចជាដើរកម្សាន្ត និងទៅមើលកុនតែពីរនាក់យ៉ាងផ្អែមល្ហែមជាដើម។

ពាក់ព័ន្ធនឹងដំណឹងនេះ មិនអាចទាក់ទងសុំការបញ្ជាក់ពីអ្នកនាងសុខ សោម៉ាវត្តី ជាថ្មីបានទេ។ ប៉ុន្តែកន្លងមក អ្នកមេម៉ាយកូនមួយស្រួយដូចដូងដុត រូបនេះ តែងតែបដិសេធ ដោយអះអាងថា ពួកគេគ្រាន់តែជាមិត្តភក្តិក្នុងអាជីពសិល្បៈតែប៉ុណ្ណោះ។

គួរបញ្ជាក់ថា ដំណឹងស្នេហ៍រវាងសោម៉ាវត្តី ជាមួយលោកលី វ៉ាហេទ បានសាយភាយឡើងចាប់តាំងពីពួកគេសម្តែងជាតួឯករួមគ្នានៅក្នុងភាពយន្ត រឿង “ខូចចិត្តអាជីព” របស់ផលិតកម្ម Rock។ វត្តី ធ្លាប់អះអាងថា ការដែលអ្នកនាងនិងលោកលី វ៉ាហេទ ស្និទ្ធស្នាលគ្នាដូចគូស្នេហ៍នោះ គឺគ្រាន់តែចង់ទាញការចាប់អារម្មណ៍ពីទស្សនិកជន ក្នុងការឃោសនារឿង “ខូចចិត្តអាជីព” តែប៉ុណ្ណោះ។

យ៉ាងណា មានការកត់សម្គាល់ថា ក្រោយពេលរឿង “ខូចចិត្តអាជីព” ទម្លាក់ចេញពីរោងហើយនោះ ពួកគេគឺនៅតែស្និទ្ធផ្អែមល្ហែមនឹងគ្នាលើសដើម។

តាមប្រភពថា លោកលី វ៉ាហេទ កំពុងតែស្អំបេះដូងតារាភាពយន្តល្បីឈ្មោះ សុខ សោម៉ាវត្តី ក្រោយពេលអ្នកនាងបែកស្នេហ៍ពីកូនមន្ត្រីធំ។ ប៉ុន្តែវត្តី មិនទាន់ហ៊ានសារភាពពីសម្ព័ន្ធស្នេហ៍នេះទេ គឺមាត់ចេះតែប្រកែក តែកាយពួកគេកាន់តែស្និទ្ធស្អិតល្មួត។

អ្នកសិល្បៈនិយាយថា សម្ព័ន្ធភាពរបស់អ្នកទាំងពីរនឹងក្លាយជាស្នេហាមួយដែលរឹងមាំ គឺគ្រាន់តែពួកគេមិនទាន់លាតត្រដាង។

វត្តី ធ្លាប់សរសើរលោកវ៉ាហេទ មិនដាច់ពីមាត់ថា ជាបុរសល្អដែលស្ត្រីទូទៅប្រាថ្នាចង់នៅក្បែរ។ មិនត្រឹមតែប៉ុណ្ណោះ វត្តី ក៏ធ្លាប់បង្ហើបដែរថា បច្ចុប្បន្ននេះពួកគេជាមិត្តក្នុងអាជីពសិល្បៈ តែក្នុងថ្ងៃអនាគត នាងមិនដឹងនៅឡើយទេ។

ក្រោយពេលផ្តាច់ស្នេហ៍ពីលោកពេជ្រ កូនមន្ត្រីធំ ដោយបន្សល់នូវចំណងដៃកូនស្រីម្នាក់ សុខ សោម៉ាវត្តី មានបុរសៗចម្រុះឋានៈជាច្រើនតាមចោមរោមស្នេហ៍ មានទាំងអ្នកជំនួញ មន្ត្រីធំ និងអ្នកសិល្បៈដូចគ្នា ជាដើម។ ប៉ុន្តែតាមដំណឹងថា បុរសទ្រព្យស្តុកទាំងនោះ មិនហ៊ានក្រវែលសុំស្នេហ៍វត្តី ទៀតទេ ក្រោយពេលអ្នកនាងកៀកកើយជាមួយតារាបាល់ទាត់ លី វ៉ាហេទ។

ថ្មីៗនេះ សុខ សោម៉ាវត្តី ក៏បានបង្ហោះសារមួយក្នុងន័យចង់រៀបការជាលើកទី២ ផងដែរ ដែលអ្នកគាំទ្រអ្នកនាងជាច្រើន រួមទាំងមិត្តភក្តិក្នុងចង្កោមសិល្បៈផង ក៏ចង់ឱ្យអ្នកនាងនិងលោកលី វ៉ាហេទ ដឹកដៃគ្នាចូលរោងការ កសាងសុភមង្គលរួមគ្នា៕

RELATED ARTICLES