Sunday, January 19, 2025
Homeតារាបរទេសមិវ មានប្រុសៗបង្ហើរពាក្យសុំស្នេហ៍ច្រើន

មិវ មានប្រុសៗបង្ហើរពាក្យសុំស្នេហ៍ច្រើន

ខណៈដែលមានគេសរសើរថា នាងជាស្រីស្អាតក្នុងក្តីសុបិននៃបុរសជាច្រើនរូប តែ មិវ និដ្ឋា ជិរ៉ាក់ យ៉ាំងយឺន បែរជាដាក់ខ្លួនថា “នាងខ្ញុំមិនវិសេសវិសាលដល់ថ្នាក់ហ្នឹងទេ”។ ព្រមជាមួយគ្នានេះ នាងក៏បកស្រាយនូវព័ត៌មានដែលថា តួឯកប្រុសគឺ ឆាន់ថៈវិត ដកថយលែងតាមចែចង់នាងផងដែរ ។

មិវ និងលោក តឺ

មានសមិទ្ធផលលេចធ្លោទាំងលើកញ្ចក់ទូរទស្សន៍ និងផ្ទាំងសំពត់សភាពយន្តច្រើនរឿងមកហើយ សម្រាប់អ្នកសម្តែងស្រី មិវ និដ្ឋា ជិរ៉ាក់ យ៉ាំងយឺន។ ចុងក្រោយនេះ នាងបានបោះបង់ រូបភាពតួអង្គដ៏សែនស្លូតបូត មកសម្តែងជាតួអង្គកាចឆ្នាសឆ្នើម ក្នុងរឿង RAKNAKARA។ ថ្វីបើពុំធ្លាប់សម្តែងតួអង្គកាចពីមុនមក តែនាងក៏ធ្វើបានយ៉ាងល្អ មិនមានរូបភាពអ្នកនាងតូចដ៏សែនស្លូតបូតសោះឡើយ។

ថ្មីៗនេះ មិវ បានផ្តល់កិច្ចសម្ភាសន៍អំពីរឿងភាគថ្មីដែលនាងសម្តែង រួមទាំងរឿងរ៉ាវផ្ទាល់ខ្លួន ពាក់ព័ន្ធនឹងបុរសជាច្រើន ដែលផ្លោងពាក្យសម្តីថា ចង់បាននាងជាសង្សារទៀតផង។

*​ មានអារម្មណ៍ធូរទ្រូងខ្លះហើយនៅ ព្រោះដើមឡើយមានការបារម្ភថា មិវ ប្រហែលជាពុំអាចសម្តែងអាក្រក់បានទេ?
-“អ្ហូ! មានមនុស្សច្រើនណាស់និយាយថា ខ្ញុំអាចលេងបានឬទេ អាចចំទាលបានឬទេ អាចចូលតួបានល្អឬអត់? តែក៏ បានទទួលការស្វាគមន៍យ៉ាងល្អ មានអ្នកសរសើរច្រើន។ ចា៎! រីករាយ និងបាត់នឿយហត់អស់រលីង”។

* ឆ្នាំនេះ នាងដូចជាត្រូវប៉ាន់រឿងការងារណាស់?
-“ល្អចា៎! មានការងារច្រើន ហើយការងារក៏មានចម្រុះក្នុងឆ្នាំនេះ។ អ្នកខ្លះយល់ថា នេះជាឆ្នាំដ៏ល្អបំផុតរបស់ខ្ញុំ តែសម្រាប់ខ្ញុំមិនចង់ឱ្យទីបំផុតទេ ព្រោះចង់ឱ្យវាបំផុតលើសនេះទៅទៀត”។

* អ្នកនាងយល់យ៉ាងម៉េចដែរ ចំពោះកូនប្រុសតារាចម្រៀងល្បី ចេ ចេតវិន ឈ្មោះឃុន ចៅ បង្ហោះឃ្លីបថា ចង់ បាននាងជាសង្សារ?
-“អ្ហូ! អាយុខុសគ្នាដល់ទៅ១០ឆ្នាំ ដូចកូនក្មេងអ៊ីចឹង! ខ្ញុំយល់ថា គេប្រហែលជាមើលការសម្តែងរបស់ខ្ញុំ ហើយ ចូលចិត្ត។ ប្រហែលជាក្នុងលក្ខណៈហ្នឹងច្រើនជាង មិនមែនចូលចិត្តក្នុងផ្លូវស្នេហាទេ”។

* ក្រៅពីនេះ ក្នុងពេលកន្លងមក មិវ ហាក់ដូចជារាយមន្តស្នេហ៍ធ្វើឱ្យបុរសជាច្រើនពេញចិត្ត រហូតដល់ថ្នាក់ ទម្លាយប្រាប់បណ្តាញសារព័ត៌មាន ដូចជា ចៅឃុន, តឺ-ឆាន់ថាវីត, នេម ប្រះកាន, ដៀវ សុរិយន្ត៘
-“សូមអរគុណដែលបានតាមដានការសម្តែងរបស់ខ្ញុំនិងពេញចិត្ត។ ប្រហែលជាពួកគេ ស្លុងអារម្មណ៍តាមសាច់រឿងគេដឹង បានជាចូលចិត្តខ្ញុំ”។

*​ នៅពេលដែលមានការបរិយាយថា មិវ គឺជានារីក្នុងក្តីសុបិនរបស់បុរស តើ មិវ មានអារម្មណ៍យ៉ាងម៉េច?
-“មិនដល់ថ្នាក់ហ្នឹងទេ! ខ្ញុំមិនមានអារម្មណ៍ថា ខ្លួនឯងវិសេសវិសាលអ្វីដល់ ថ្នាក់ហ្នឹងទេ! ប្រហែលថាមកពីខ្ញុំជាមនុស្សចូលចិត្តសើច ចូលចិត្តញញឹម និង មិនសូវតានតឹងទេដឹង?”។

*​ បុរសក្នុងសុបិនរបស់ មិវ មានលក្ខណៈដូចម្តេច?
-“មិនកូនក្មេង ព្រោះមិនចូលចិត្តស៊ីក្មេង (សើច)។ ខ្ញុំត្រូវការអ្នកចាស់ទុំ ជាងខ្ញុំបន្តិច ព្រោះខ្ញុំធ្វើការច្រើន ដូច្នោះត្រូវការអ្នកដែលមានគំនិតចាស់ទុំបន្តិច ដើម្បីឱ្យអាចមើលថែទាំយើងបាន”។

* បុរសអ្នកជំនួញយ៉ាងម៉េចដែរ?
-“ខ្ញុំមិនសំដៅថា អ្នកជំនួញ ឬមានអាជីពអ្វីទេ សុំឱ្យតែមានតួនាទី ការងារច្បាស់លាស់ មិនមែនរស់នៅដកដង្ហើមពីមួយថ្ងៃទៅមួយថ្ងៃ។ បើក្មេង សូមឱ្យមានគំនិតចាស់ទុំជាងខ្ញុំ”។

* លោក តឺ ឆាន់ថៈវីត បាន និយាយនៅក្នុងកម្មវិធីទូរទស្សន៍ថា បើតាមចែចង់ហើយមិនមានលទ្ធផល គេនឹងដកខ្លួនថយ?
-“គាត់ប្រហែលជាសំដៅ ដល់អ្នកផ្សេងក៏អាចថាបាន។ ការពិត ខ្ញុំពុំដឹងថា គាត់ចង់ សំដៅដល់អ្នកណាទេ”៕

RELATED ARTICLES