Monday, November 25, 2024
Homeនយោបាយលោកស្រីមួរ សុខហួរ បន្តសុំឱ្យដោះលែងលោកកឹម សុខា ជាបន្ទាន់

លោកស្រីមួរ សុខហួរ បន្តសុំឱ្យដោះលែងលោកកឹម សុខា ជាបន្ទាន់

ភ្នំពេញ ៖ អនុប្រធានគណបក្សសង្គ្រោះជាតិ និងជាតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង លោកស្រីមួរ សុខហួរ បន្តអំពាវនាវសុំឱ្យមាន ការដោះលែងលោកកឹម សុខា ប្រធានគណបក្ស និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម ជា បន្ទាន់ ដោយគ្មានលក្ខខណ្ឌ ខណៈដែលមេបក្ស ប្រឆាំងរូបនេះ នៅបន្តជាប់ឃុំក្នុងពន្ធនាគារ ត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ពីបទក្បត់ជាតិ “សន្ទិដ្ឋិភាព ជាមួយបរទេស”។

ការបន្តថ្លែងអំពាវនាវ ស្នើសុំឱ្យមានការ ដោះលែងលោកកឹម សុខា របស់លោកស្រីមួរ សុខហួរ ខាងលើនេះ បានធ្វើឡើងនៅក្នុងឱកាស ដែលលោកស្រីបានចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាជាប់ឆ្នោត គណបក្សសង្គ្រោះ ជាតិ នៅក្នុងខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ ជំនួសឱ្យលោកកឹម សុខា ប្រធានគណបក្ស ដែលកាលមិនទាន់ជាប់ពន្ធនាគារ លោកតែងតែចុះជួបជុំធ្វើកម្មវិធីនេះ នៅតាមបណ្តាខេត្តស្ទើរទូទាំងប្រទេស។

លោកស្រីមួរ សុខហួរ បានថ្លែងនៅក្នុងពិធីនោះថា គណបក្សសង្គ្រោះជាតិ នៅតែទាមទារឱ្យដោះលែងលោកកឹម សុខា ប្រធានគណបក្សជាបន្ទាន់ ដោយអត់ដាក់លក្ខខណ្ឌ ហើយក៏ជំរុញប្រជាពលរដ្ឋ ឱ្យទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់គ្នា ព្រោះមានតែការបោះឆ្នោតត្រឹមត្រូវ សេរី និងយុត្តិធម៌ទេ ទើបអាចប្តូរអ្នកកាន់អំណាចផ្តាច់ការបាន។

លោកស្រីមួរ សុខហួរ បានមានប្រសាសន៍ថា “បងប្អូនទាំងអស់គ្នា យើងមកនេះ ដោយសារយើងមានបេសកកម្ម ដែលម្ចាស់ឆ្នោតយើងជាង ៣លាននាក់ បានផ្តល់ជំនឿទុកចិត្តឱ្យគណបក្សសង្គ្រោះជាតិ ថា មានតែគណបក្សសង្គ្រោះជាតិ មួយទេ ដែលអាចនាំមកនូវការអភិវឌ្ឍដោយវិជ្ជមាន។ គណបក្សសង្គ្រោះជាតិ សូមប្រកាស យើងអត់មានធ្វើចលនាបដិវត្តន៍ទេ យើងធ្វើការ អភិវឌ្ឍឱ្យត្រឹមត្រូវ សេរី និងយុត្តិធម៌ ជូនប្រទេស ជាតិយើង។ បងប្អូនជនរួមជាតិរបស់យើង ជា ពិសេស ដូចនៅខេត្តកំពង់ធំ ដែលបានផ្តល់ឱ្យ យើងជាគណបក្សសង្គ្រោះជាតិ ជូនបេសកកម្ម របស់បងប្អូនដែលមេឃុំ ចៅសង្កាត់ ថាឱ្យធ្វើ យ៉ាងដូចម្តេច ដោះស្រាយបញ្ហាដីធ្លីរបស់គាត់។ តើអាហ្នឹងបដិវត្តន៍ ឬមួយក៏អភិវឌ្ឍន៍? អភិវឌ្ឍន៍! បងប្អូនជនជាតិដើមយើងនៅព្រៃឡង់ លោក បាត់បង់ព្រៃព្រឹក្សា ដែលជាអាយុជីវិតរបស់ លោក ដែលជាប្រភពនៃជីវភាពប្រចាំថ្ងៃរបស់ លោកៗសុំឱ្យមេឃុំ ចៅសង្កាត់ នៃគណបក្សសង្គ្រោះជាតិ ឱ្យតំណាងរាស្ត្រនៃគណបក្សសង្គ្រោះជាតិ ធ្វើឱ្យលោកមានក្តីសង្ឃឹម។ លោកថា មានតែគណបក្សសង្គ្រោះជាតិទេ ដែលនឹងបើកឱ្យមានយុត្តិធម៌នៅក្នុងការអភិវឌ្ឍ មិនមែនធ្វើ បដិវត្តន៍ទេ។ បងប្អូនប្រជាពលរដ្ឋ ក៏ដូច្នេះដែរ លោកមិនមែនទៅបោះឆ្នោតឱ្យអ្នកណា ដែលធ្វើបដិវត្តន៍ទេ ហើយការអភិវឌ្ឍនេះ ដែលយើងមានជំហរច្បាស់ណាស់ សម្រាប់ផលប្រយោជន៍រួមនៃប្រទេសជាតិ និងប្រជានុរាស្ត្រ យើងនៅគ្រប់សហគមន៍ទាំងអស់។ យើងមានពណ៌តែមួយទេ គឺយុត្តិធម៌ សេរីភាព ដែលនេះ ជាសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ កើត មកជាមនុស្ស យើងត្រូវការសេរីភាព កើតមកជាមនុស្ស យើងត្រូវការសិទ្ធិ កើតមកជាមនុស្ស យើងត្រូវការរស់ក្នុងជីវិតមួយ ដែល ថ្លៃថ្នូរ… អ្នកដែលកាន់អំណាច អ្នកផ្តាច់ការ អ្នកដែលចង់បានគណបក្សខ្លួនឯង តែមកកាន់ អំណាចបន្តអ្នកនោះ គេចង់បានឱ្យមានការបោះឆ្នោត ក៏ប៉ុន្តែគេខ្លាចបំផុត គឺការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ គេអត់ចង់បានទេ អាហ្នឹង តែដើម្បីឱ្យអន្តរជាតិឱ្យប្រជាពលរដ្ឋ យើងអស់ចិត្តថា មានសិទ្ធិបោះឆ្នោតដែរ គេចង់បានការបោះឆ្នោត តែគេមិនហ៊ានទេ បោះឆ្នោត ដោយត្រឹមត្រូវសេរី និងយុត្តិធម៌ គេអត់ហ៊ានទេ គេខ្លាចណាស់ ពីព្រោះលទ្ធផលយើងឃើញហើយ គឺពេលណាមានការបោះឆ្នោតនៅ ក្នុងកាលៈទេសៈដ៏លំបាកយ៉ាងណាក៏ដោយ គឺយើងជាអ្នកប្រជាធិបតេយ្យ ប្រមូលបាននូវសន្លឹកឆ្នោតច្រើនជានិច្ច ឡើងជានិច្ច មិនដែល ចុះសន្លឹកឆ្នោតយើង។ បងប្អូន! ខ្ញុំសូមយក ឧទាហរណ៍មួយ ហើយជាក់ស្តែងនេះ គេមាន ធ្វើការសិក្សានៅក្នុងការបោះឆ្នោត ជាង៣រយ ប្រទេស បោះឆ្នោតជាង៣០០កន្លែង នៅក្នុង នោះជាង២០០កន្លែង គឺជាការបោះឆ្នោត ដែលអ្នកកាន់អំណាចផ្តាច់ការ គេចង់បាន ហើយគេបន្តកាន់អំណាចរបស់គេបាន ដោយរបៀបណា? ពេលណា មុនថ្ងៃបោះឆ្នោត គឺអ្នកកាន់អំណាច ផ្តាច់ការនោះ គេច្របូកច្របល់ណាស់ គេភ័យ ណាស់ ភ័យនឹងអី? ភ័យនឹងសំឡេងប្រជាពលរដ្ឋ ភ័យនឹងការឈឺចាប់របស់ប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋ គាត់យល់ច្បាស់ណាស់ថា មានតែការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ទេ ទើបមានយុត្តិធម៌ ដែលគាត់ចង់បាន។ ដូច្នេះ នៅក្នុងការសិក្សានៃជាង៣០០ប្រទេស ទីកន្លែង នេះ គឺជាង២០០កន្លែង គឺអ្នកកាន់អំណាច ផ្តាច់ការ គាត់ធ្វើយ៉ាងម៉េច ដើម្បីកាន់អំណាច បន្តទៀត? ទី១ គឺបំបាត់ចោលមុនគេ គឺសេរីភាព ប្រជាពលរដ្ឋ អត់ឱ្យប្រជាពលរដ្ឋមានសេរីភាព នៅក្នុងការបញ្ចោញមតិ អត់ឱ្យមានសេរីភាព នៅក្នុងការជួបជុំ អត់មានឱ្យសេរីភាពនៅក្នុង ការទទួលបានព័ត៌មានទេ។ ដូច្នេះស្ងាត់ជ្រងំ បាត់អស់សេរីភាពប្រជាពលរដ្ឋ សិទ្ធិរបស់ប្រជាពលរដ្ឋ។ នេះគឺជាយុទ្ធសាស្ត្រនៃអ្នកកាន់អំណាច ផ្តាច់ការ ដើម្បីបន្តអំណាចរបស់ខ្លួន ដូចគ្នាអស់ សេរីភាព ការជួបជុំដែលលំបាក មានប៉ូលិស មានអី គេចេះតែតាមដាន គេមកមើល គេ ថតរូប។ មួយទៀត គេធ្វើយ៉ាងម៉េចទៀត? គេ បំបាត់ចោលទៀត សង្គមស៊ីវិល អត់ឱ្យសង្គម ស៊ីវិលឯណា មកជួយព្រៃឡង់ឯណា ទន្លេសាប ឯណា អត់មានទេ បិទចោលដូចគ្នា។ ដល់ចុងក្រោយគេធ្វើម៉េច? គឺបំបាត់ចោលមុនគេ មេដឹកនាំ នៃគណបក្សប្រឆាំង ដូចទេ? យកមួយចេញ មិនអស់ចិត្ត យកទី២ទៀត។ ទី២យកចេញ ទៀត។ ក៏ប៉ុន្តែលទ្ធផល ដែលគេឃើញ គឺថា អ្នកកាន់អំណាចហ្នឹង ចុងក្រោយខ្វះអី? បោះ- ឆ្នោតមានប្រកាសឈ្នះ រាល់អាណត្តិ ម្ភៃសាម សិបឆ្នាំ ចេះតែឈ្នះអ៊ីចឹងទៅ ប៉ុន្តែខ្វះអី? គឺ ខ្វះភាពស្របច្បាប់ ដែលសហគមន៍អន្តរជាតិ មិនទទួលយកបាន ហើយអ្នកផ្តាច់ការទាំងនោះ ទទួលរងគ្រោះនូវការថ្កោលទោស ពីសហគមន៍ អន្តរជាតិ ហើយពីប្រជាពលរដ្ឋខ្លួនឯងដែរ។ អត់ស្របច្បាប់ទេ អារម្មណ៍មិនស្រួលទេ ទៅ ណាមកណាភ័យអ៊ីចឹងឯង ដែលយើងឃើញ នោះដូចគ្នាបេះបិទ។ ដូច្នេះយើងអត់មានភ័ន្ត ច្រឡំថា ចាប់លោកប្រធានយើងមួយ បិទមួយ ទៅចាប់ទៀត ដោយហេតុផលអីទៅ? យើង ដឹងអស់ហើយ”។

លោកស្រីមួរ សុខហួរ បានបន្តថា “ក៏ប៉ុន្តែ យើងត្រូវធ្វើយ៉ាងដូចម្តេច ? យើងដឹងច្បាស់ ថា យើងនឹងឈ្នះ យើងដឹងច្បាស់ថា មានតែ ការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ទេ ទើបយើងអាចប្តូរអ្នកកាន់អំណាចរាប់ សិបអាណត្តិនោះ យើងអាចប្តូរអ្នកផ្តាច់ការ ដើម្បីជូនប្រជាពលរដ្ឋ លោកមានសិទ្ធិ មាន ឱកាសជ្រើសរើសអ្នកដឹកនាំ ដែលលោកចង់បាន រៀបចំរដ្ឋាភិបាល ថ្នាក់ដឹកនាំដែលលោកចង់បាន។ ដូច្នេះហើយ បានជាគណបក្សសង្គ្រោះ ជាតិ នៅពេលនេះ យើងត្រូវថា យើងឯកភាព គ្នាហើយ នេះជាជំហរនៃគណបក្ស ដែលក្នុង នាមខ្ញុំជាអនុប្រធាន នៃគណបក្សសង្គ្រោះជាតិ  មួយរូបដែរ ខ្ញុំមកជម្រាបបងប្អូនថា ជំហរនៃ គណបក្សសង្គ្រោះជាតិ យើងត្រៀមខ្លួន យើងរៀបខ្លួន យើងមានកាតព្វកិច្ច យើងមានការ ទទួលខុសត្រូវ ចំពោះម្ចាស់ឆ្នោតរបស់យើងជាង ៣លាននាក់នោះ ដើ់ម្បីទៅបោះឆ្នោត។ ក៏ប៉ុន្តែ លើកម្តងទៀតថា យើងត្រៀមខ្លួនលក្ខណៈបច្ចេកទេស។ មានន័យថា ចុះឈ្មោះបោះឆ្នោត យើង ត្រូវតែទៅរកនៅក្នុងភូមិរបស់បងប្អូន។ តែជា នយោបាយ យើងអត់ទទួលយកបានទេ សភាពការណ៍នយោបាយរបៀបនេះ យើងអត់ទទួល យកជាដាច់ខាត យើងអត់ដើរចូលជំហាននៅ ក្នុងការបោះឆ្នោត នៅក្នុងសភាពការណ៍របៀប នេះទេ យើងនៅតែទាមទារដដែល សូមឱ្យដោះលែងលោកប្រធានកឹម សុខា ជាបន្ទាន់ ដោយអត់ដាក់លក្ខខណ្ឌ”។

លោកស្រីមួរ សុខហួរ បានបន្តទៀតថា “ទី២ សុំឱ្យប្រជាពលរដ្ឋយើងទទួលបានព័ត៌មាន បានន័យថា សូមឱ្យមានអាស៊ីសេរី មានវីអូអេ មានវីអូឌី មានព័ត៌មានឯករាជ្យដទៃទៀត ដើម្បី ផ្សព្វផ្សាយជូនឱ្យបងប្អូនបានដំណឹងពិត និងទុក ឱ្យបងប្អូនជាម្ចាស់ឆ្នោតនេះ លោកពិចារណា ហើយសម្រេចចិត្តនៅកន្លែងដែលត្រូវគូសសន្លឹក ឆ្នោតនោះ ឱ្យលោកគូសដោយគ្មានការភិតភ័យ ឱ្យលោកគូសដោយមានព័ត៌មានគ្រប់គ្រាន់ ឱ្យ លោកគូសដោយឆន្ទៈរបស់លោក។ ហ្នឹងហើយ ដែលយើងចង់បាន ហើយចុងក្រោយ គឺយើង ចង់បានឱ្យមានសង្គមស៊ីវិល មកតាមដានគ្រប់ ជំហាននៃការរៀបចំបោះឆ្នោតនេះ។ ដូចជា ឥឡូវនេះ យើងមើលការចុះឈ្មោះបោះឆ្នោត អត្រានៅទាបណាស់។ ទាបវាមានហេតុមាន ផលរបស់វា ហេតុអីទាប ? ទាប ទី១ ក៏យើង ថា ខ្វះខាតនៃគ.ជ.ប ដែរ ពីព្រោះ គ.ជ.ប ជា អ្នកទទួលខុសត្រូវ នៅក្នុងការរៀបចំឱ្យមាន ការបោះឆ្នោតត្រឹមត្រូវ សេរី និងយុត្តិធម៌ ដែល ចាប់ផ្តើមការចុះឈ្មោះបោះឆ្នោត ហើយការងារ គ.ជ.ប ធ្វើត្រឹមហ្នឹង ផ្តល់ព័ត៌មានត្រឹមហ្នឹង គ្រប់គ្រាន់ទេ ? អត់គ្រប់គ្រាន់ទេ ខ្ញុំសុំអំពាវនាវទៅ គ.ជ.ប នៅពេលនេះ មើលអត្រានៃអ្នកចុះឈ្មោះ បោះឆ្នោតផង ទាបរបៀបនេះ តើគ.ជ.ប ត្រូវ ធ្វើអ្វី? យើងជាគណបក្ស យើងមានតួនាទី គ្រប់គ្រាន់ នៅក្នុងការចូលរួមផ្តល់ព័ត៌មានជូន ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត ដែលអាចមាន  ឈ្មោះបោះឆ្នោត ចុះឈ្មោះបាន តែយើងត្រូវ ធ្វើឱ្យទៅដល់ផ្ទះប្រជាពលរដ្ឋ ដែលមិនទាន់បាន ចុះឈ្មោះបោះឆ្នោត ទៅដល់ទីកន្លែងរបស់គាត់ ជូនគាត់មកកន្លែងចុះឈ្មោះបោះឆ្នោត មួយថា មួយ។ យើងខ្ញុំសង្ឃឹមថា នៅគ្រប់ខេត្តទាំងអស់ នឹងឃើញអត្រាឡើង ចាប់ពីថ្ងៃនេះទៅ ហើយយើងជំរុញឱ្យបងប្អូនប្រជាពលរដ្ឋយើង ទៅចុះឈ្មោះបោះឆ្នោត។ ខ្ញុំសូមជម្រាបបងប្អូន ការងារក្នុងមួយឃុំ គឺការងារកិច្ចការបរទេស ទំនាក់ទំនង ជាមួយនឹងសហគមន៍អន្តរជាតិ ហើយនិងម្ចាស់ជំនួយ។ ធំណាស់ នៅក្នុងការ បោះឆ្នោត នៅក្នុងការអភិវឌ្ឍជាតិរបស់យើង នេះ គឺមែនហើយជាមួយនឹងប្រជាពលរដ្ឋ ក៏ប៉ុន្តែ ថវិកាជាតិមួយចំនួន ពាក់កណ្តាលនោះ គឺជា ថវិកាមកពីអន្តរជាតិ មកពីម្ចាស់ជំនួយ។ ម្ចាស់ ជំនួយដែលធំ ដែលយើងត្រូវការ យើងចង់បាន គឺម្ចាស់ជំនួយណា ដែលកាន់គោរពគោលការណ៍  សិទ្ធិមនុស្ស និងគោលការណ៍លទ្ធិប្រជាធិបតេយ្យ។  បើសិនជាម្ចាស់ជំនួយណាគេថា ធ្វើចុះ គោរព សិទ្ធិមនុស្ស មិនបាច់ភ័យទេ ប្រជាធិបតេយ្យ មិនបាច់គិតទេ យកលុយខ្ញុំចុះ យើងបារម្ភ ហើយ តើយើងចង់ទៅខាងប្រជាធិបតេយ្យ ឬ មួយក៏យើងទៅខាងកុម្មុយនីស្ត? គឺសេរី។ យើង តស៊ូអស់រយៈពេលជាង២០ឆ្នាំនេះ ដើម្បីអី? គឺដើម្បីសិទ្ធិសេរីភាព យុត្តិធម៌នៅក្នុងសង្គម ដើម្បី ជាតិយើង មិនមែនដើម្បីឱ្យខ្វះសេរីភាព ខ្វះសិទ្ធិ មនុស្ស ហើយយកជាតិយើងលក់ឱ្យគេទេ។ ខ្ញុំ សូមនៅពេលនេះ អញ្ជើញលោកកែត ឃី ដែល ជាមេធាវីមួយរូប ក្នុងចំណោមមេធាវី៨រូប ដែល ជាអ្នកការពារក្តីលោកប្រធានកឹម សុខា។ ទោះបី យើងដឹងថា ការចាប់ចងលោកប្រធាន គឺយុទ្ធសាស្ត្រសម្រាប់បំបាក់បំបែកគណបក្សសង្គ្រោះ ជាតិក៏ដោយ ការចាប់ចងនេះជាការចាប់ចង នយោបាយសុទ្ធសាធក៏ដោយ ក៏ប៉ុន្តែក្នុងនាម លោកប្រធានជាអ្នកជាប់ពន្ធនាគារ ជាអ្នករង ការចោទប្រកាន់ក្តី លោកប្រធានមានសិទ្ធិ គ្រប់គ្រាន់ នៅក្នុងទទួលបានកិច្ចការពារតាម ផ្លូវច្បាប់”។

គួរបញ្ជាក់ដែរថា ចាប់តាំងពីលោកកឹម សុខា បានជាប់ពន្ធនាគារពីបទក្បត់ជាតិ សន្ទិដ្ឋិភាព ជាមួយបរទេស” តាំងពីថ្ងៃទី០៣ ខែ កញ្ញា ឆ្នាំ២០១៧ រហូតមកដល់ពេលនេះ គណបក្សសង្គ្រោះជាតិ នៅដំណើរការជាធម្មតា ក្រោមការដឹកនាំរបស់អនុប្រធានទាំង៣ រួម មានលោកប៉ុល ហំម លោកស្រីមួរ សុខហួរ និងលោកអេង ឆៃអ៊ាង និងមានលោកសុន ឆ័យ ជាអភិបាល នៃក្រុមសមាជិកសភាគណបក្ស សង្គ្រោះជាតិ ហើយថ្នាក់ដឹកនាំ និងតំណាងរាស្ត្រគណបក្សប្រឆាំងនេះ ក្រៅពីបានថ្លែង សារជាសាធារណៈ ឱ្យតុលាការដោះលែងលោក កឹម សុខា ជាបន្ទាន់ ដោយឥតលក្ខខណ្ឌ គណបក្សនេះ ក៏បានចាប់ផ្តើមយុទ្ធនាការលើកបដា ជារូបភាព នៅតាមទីស្នាក់ការគណបក្សទូទាំង ប្រទេស ដើម្បីទាមទារឱ្យមានការដោះលែង លោកកឹម សុខា ដោយគ្មានលក្ខខណ្ឌ៕

កុលបុត្រ

RELATED ARTICLES