Tuesday, September 17, 2024
Homeតារាខ្មែរសុខ ស្រីនាង សម្រេចក្តីស្រមៃក្រោយហក់ចូលផលិតកម្មហង្សមាស

សុខ ស្រីនាង សម្រេចក្តីស្រមៃក្រោយហក់ចូលផលិតកម្មហង្សមាស

ក្រោយចូលជ្រកនៅរស្មីហង្សមាស ជិតកន្លះឆ្នាំមកនេះ អ្នកមេម៉ាយរូបស្រស់ សុខ ស្រីនាង ត្រូវបានទ្រនំថ្មីលើកស្ទួយជាខ្លាំង ប៉ុន្តែថ្មីៗនេះ មានដំណឹងថា ស្រីនាង មានការព្រួយបារម្ភខ្លាចបាត់តំណែងនៅហង្សមាស។ ប៉ុន្តែ ស្រីនាង បញ្ជាក់ថា ពេលនេះនាងកំពុងសប្បាយចិត្តក្នុងអាជីពចម្រៀងរបស់នាង ព្រោះបានសម្រេចក្តីស្រមៃរបស់នាងក្នុងការហក់ចូលទ្រនំហង្សមាស…។

មានការចាប់អារម្មណ៍ខ្លាំង ក្រោយពេលស្រីនាង ចោលទ្រនំសាន់ដេ ចូលជ្រកនៅរស្មីហង្សមាស ដែលត្រូវបានក្រុមហ៊ុនជួយលើកស្ទួយជាខ្លាំង ទាំងការសម្រិតសម្រាំងចេញបទចម្រៀងស្នាដៃថ្មី (Original song) និងឱ្យនាងចាប់ដៃជាមួយកំពូលតារាចម្រៀងលោកព្រាប សុវត្ថិ បំបែកទីផ្សារ ព្រមទាំងជួយលើកស្ទួយឱ្យនាងគ្រងតំណែងជាតួឯកនៅក្នុងខ្សែភាពយន្តភាគរឿង “រាជិនីភូមិគ្រឹះ” ប៉ះជាមួយសុគន្ធ និសា ជាដើម រហូតនាំឱ្យមានការសង្ស័យថា ទំនងជានាងមានអ្នកពិសេសនៅទ្រនំរស្មីហង្សមាស ទៀតផង ទើបជួយជ្រោមជ្រែងនាងខ្លាំងបែបនេះ។

ទន្ទឹមនឹងនោះ ក៏មានលេចឮនូវដំណឹងល្ហិចល្ហៀងថា តារាចម្រៀងមួយចំនួននៅហង្សមាស លួចច្រណែនស្រីនាង ទៀតផង ត្បិតអីគ្រាន់តែចូលហង្សមាស ភ្លាម នាងមានបទចម្រៀងចេញច្រើន ដើម្បីប្រជែងការគាំទ្រ ខណៈដែលតារាមួយចំនួនត្រូវហង្សមាស ផ្អឹបចោល។

ស្របពេលដែលទីផ្សារចម្រៀងរបស់ស្រីនាង ចាប់ផ្តើមកម្រើកឡើងជាថ្មី ក្រោយពេលចោលទ្រនំសាន់ដេ មកចូលហង្សមាស នោះ ថ្មីៗនេះស្រាប់តែមានដំណឹងថា ស្រីនាង រងគំនាបពីហង្សមាស គឺត្រូវបានក្រុមហ៊ុនរឹតបន្តឹងសិទ្ធិសេរីភាពនាង គឺធ្វើអ្វីមួយត្រូវតែសុំការអនុញ្ញាតពីក្រុមហ៊ុន ទាំងការចេញច្រៀងតាមកម្មវិធីផ្សេងៗ និងហាមមិនឱ្យផ្តល់បទសម្ភាសន៍ជាមួយក្រុមអ្នកសារព័ត៌មានជាដើម ដែលដំណឹងនេះ បានធ្វើឱ្យស្រីនាង ព្រួយបារម្ភជាខ្លាំង ខ្លាចទំនាក់ទំនងរវាងនាងជាមួយហង្សមាស រង្គោះរង្គើ នាំឱ្យនាងបាត់ឱកាសលេចធ្លោនៅទ្រនំធំមួយនេះ។

 

ក្រោយដំណឹងនេះសាយភាយឡើង ស្រីនាង បានចេញមុខប្រតិកម្មភ្លាមៗផងដែរ ដោយបានអះអាងថា ហង្សមាស ពុំបានបិទសិទ្ធិនាងដូចការចោទឡើងនោះទេ។ នាងចាត់ទុកដំណឹងដែលលេចឡើង គឺមានចេតនាចង់បង្កាច់បង្ខូចនាង ខណៈដែលនាងពុំបានលើកឡើងពីបញ្ហាទាំងនេះទេ។

ស្រីនាង បន្ថែមថា បច្ចុប្បន្ននេះ នាងកំពុងតែកក់ក្តៅជាមួយទ្រនំថ្មី រស្មីហង្សមាស ដែលត្រូវបានក្រុមហ៊ុនយកចិត្តទុកដាក់ជាមួយនាងជាខ្លាំង ពោលគឺក្រោយចូលហង្សមាស រយៈពេល៥ខែកន្លងមកនេះ នាងបានថតបទចម្រៀងស្នាដៃថ្មី បានចំនួនជាង២០បទមកហើយ ទាំងបទបែបមនោសញ្ចោតនា និងបទញាក់កន្ត្រាក់អារម្មណ៍ ខណៈដែលបទខ្លះបានចេញចរាចរណ៍លើទីផ្សារ ឯបទខ្លះទៀត កំពុងតែដំណើរការថត ត្រៀមចេញជាបណ្តើរៗទៀត។

ស្រីនាង បន្តថា នាងពិតជាសប្បាយចិត្តយ៉ាងក្រៃលែង នៅពេលដែលហង្សមាស ជួយជ្រោមជ្រែងនាងបែបនេះ ទាំងផ្នែកចម្រៀង និងការថតភាពយន្ត គឺស្របតាមក្តីស្រមៃរបស់នាង ឬអាចនិយាយបានថា ក្តីស្រមៃរបស់នាងបានក្លាយជាការពិតហើយនៅពេលនេះ។ ដូច្នេះគ្មានហេតុផលណាមួយដែលនាងគិតថា ហង្សមាស រឹតបន្តឹងនាងនោះទេ។ ផ្ទុយទៅវិញ នាងមានតែអរគុណហង្សមាស ដែលផ្តល់ឱកាសឱ្យនាងដណ្តើមបានភាពលេចធ្លោជាថ្មី នៅក្នុងអាជីពលក់សំឡេងជាថ្មី។

 

ស្រីនាង អះអាងថា ហង្សមាស ជាទ្រនំថ្មីដែលកំពុងផ្តល់ភាពកក់ក្តៅដល់នាង ហើយក៏ជាទ្រនំដែលនាង ស្រមៃចង់មកជាយូរមកហើយ ខណៈដែលពេលនេះកំពុងតែជំរុញទឹកចិត្តនាងឱ្យប្រឹងប្រែងបន្តទៀត។

ការលើកឡើងរបស់ស្រីនាង ហាក់បញ្ជាក់ថា នាងមានការព្រួយបារម្ភខ្លាំង ខ្លាចរង្គោះរង្គើជាមួយហង្សមាស ប្រឈមបាត់ឱកាសលេចធ្លោលើវិថីចម្រៀង។ ស្រីនាង លើកឡើងថា ហង្សមាស ពុំបានលម្អៀងលើកស្ទួយតែនាងម្នាក់ទេ គឺជ្រោមជ្រែងតារាចម្រៀងរួមទ្រនំដូចៗគ្នា ដែលធ្វើឱ្យនាងកាន់តែសប្បាយចិត្ត។

 

ទស្សនិកជនរង់ចាំមើលថា តើស្រីនាង នឹងអាចបំបែកទីផ្សារដណ្តើមបានភាពលេចធ្លោប្រដមប្រសងជាមួយតារាចម្រៀងមួយចំនួននៅហង្សមាស ដូចជា ពេជ្រ សោភា, សុគន្ធ និសា និងឱក សុគន្ធកញ្ញា បានដែរឬទេ? ខណៈដែលពេលនេះ ហង្សមាស កំពុងតែជួយលើកនាងយ៉ាងពេញទំហឹង រហូតធ្វើឱ្យតារាចម្រៀងរួមទ្រនំជាច្រើន លួចច្រណែនស្រីនាង នោះ…៕

RELATED ARTICLES