Tuesday, September 17, 2024
Homeតារាខ្មែរជាតិ សុច្ចកា ធ្វើខួបកំណើតគម្រប់អាយុ១៨ឆ្នាំ យ៉ាងកាលីប

ជាតិ សុច្ចកា ធ្វើខួបកំណើតគម្រប់អាយុ១៨ឆ្នាំ យ៉ាងកាលីប

កាលពីថ្ងៃទី១ តុលា កន្លងទៅនេះអតីតបេក្ខនារីThe voice Cambodia រដូវកាលទី២ កញ្ញាជាតិ សុច្ចកា បានធ្វើខួបកំណើតជាទ្រង់ទ្រាយធំមួយនៅហាងវីហ្វ្រេន សាខាបឹងត្របែកយ៉ាងកាលីបមិនចាញ់ពិធីខួបកំណើតរបស់តារាល្បីឈ្មោះមួយចំនួន។

សុច្ចកា បានថ្លែងឲ្យដឹងនៅក្នុងពិធីខួបកំណើតរបស់នាងថា តាមគម្រោងនាងធ្វើតែខ្ទង់១០តុ (១០០នាក់)ប៉ុណ្ណោះ តែភាពជាក់ស្ដែងស្រាប់តែឡើងដល់១៥តុ ដែលធ្វើឲ្យនាងសប្បាយចិត្តយ៉ាងក្រៃលែងគឺមានលក្ខណៈធំដុំមិនចាញ់ខួបតារាសិល្បៈល្បីឈ្មោះមួយចំនួនខណៈដែលខួបកំណើតរបស់នាងក៏មានតារាសិល្បៈល្បីៗមួយចំនួនចូលរួមផងដែរដែលធ្វើឲ្យពិធីខួបរបស់នាងកាន់តែអធឹកអធម។សុច្ចកា ថា ចាប់តាំងពីប្រឡូកសិល្បៈនាងមិនធ្លាប់ធ្វើកម្មវិធីអ្វីធំដុំបែបនេះទេហើយមូលហេតុដែលនាងធ្វើខួបកំណើតនេះឡើង នៅឆ្នាំនេះដោយសារតែចង់លើករាសីគម្រប់អាយុ១៨ឆ្នាំ ។

គេចាំបានថា កញ្ញាសុច្ចកា ធ្លាប់បរាជ័យនៅក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The voice Cambodia រដូវកាលទី២របស់ស្ថានីយទូរទស្សន៍មាសម្ដងរួចមកហើយ។ប៉ុន្តែសុច្ចកា អះអាងថា នាងមិនទាន់បោះបង់ក្ដីស្រមៃទេពោលគឺនាងកំពុងត្រៀមប្រឡងក្នុងកម្មវិធីនេះជាថ្មីនៅក្នុងរដូវកាលទី៣ ក្នុងពេលឆាប់ៗខាងមុខនេះជាមួយក្ដីរំពឹងខ្ពស់ជាងមុន។យ៉ាងណានាងបញ្ជាក់ថា បើទោះបីលទ្ធផលយ៉ាងណាក៏នាងមិនខកចិត្តដែរសំខាន់នាងចង់បង្ហាញសមត្ថភាពជាថ្មីម្ដងទៀតជាមួយកម្មវិធីលំដាប់ពិភពលោកមួយនេះ។

តារារូបស្រស់កញ្ញាជាតិ សុច្ចកា ធ្លាប់សម្ដែងនៅក្នុងខ្សែភាពយន្តមួយចំនួនដូចជារឿង”លេខាថ្មី”” តុក្កាតាម៉ានីកាំង”និងកំពុងត្រៀមថតរឿង”ផ្លូវទៅកាន់ភូមិ”។ក្រៅពីនេះនាងក៏ជាតារាចម្រៀងប្រចាំនៅហាងវីហ្វ្រេន និងត្រៀមផលិតបទចម្រៀងOriginal song ដើម្បីដណ្ដើមការគាំទ្រផងដែរ។

និស្សិតនៅសាលាវិចិត្រសិល្បៈផ្នែករបាំប្រពៃណីរូបនេះអះអាងថា នាងនឹងពុះពារនៅលើវិថីសិល្បៈបន្ថែមទៀតទាំងផ្នែកសម្ដែងនិងចម្រៀងខណៈដែលនាងរំពឹងថា ឱកាសប្រឡងនៅក្នុងកម្មវិធីThe voice Cambodia រដូវកាលទី៣ នាពេលឆាប់ៗខាងមុខនេះនឹងជួយឲ្យនាងកាន់តែលេចធ្លោនៅលើនាវាសិល្បៈ។

នៅក្នុងពិធីខួបកំណើតរបស់សុច្ចកា គេឃើញមានតារាល្បីៗមួយចំនួនបានចូលរួមដូចជាកញ្ញាកុល ដាវី លោកសាន ផានិត លោកសាយ សៀរ៉ា លោកម៉ាដូណា កញ្ញាវ៉ាន់ នីឡា កញ្ញាថន លក្ខិណា កញ្ញាអោក សុម៉ាវត្តី និងតារាល្បីៗមួយចំនួនទៀត៕

RELATED ARTICLES