ភ្នំពេញ ៖ អតីតសមាជិកគណបក្សហ៊្វុនស៊ិនប៉ិច ដែលសព្វថ្ងៃជាអនុប្រធានគណបក្សសង្គ្រោះជាតិ និងជាតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង លោកស្រីមួរ សុខហួរ បានប្រតិកម្ម ទៅសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ដែលប្រកាសប្តឹងរំលាយគណបក្សសង្គ្រោះជាតិ (បក្សប្រឆាំង) ដោយលោកស្រីបានលើកឡើងថា លោកស្រី មានការសោកស្តាយបំផុត ដែលសម្តេចក្រុមព្រះចូលបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ថ្លែងនៅកាន់ថ្នាក់ដឹកនាំ និងសកម្មជន គណបក្សសង្គ្រោះជាតិ នៅខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៧ លោកស្រីមួរ សុខហួរ បានមានប្រសាសន៍ថា “ខ្ញុំមានការសោកស្តាយណាស់ សោកស្តាយបំផុតដែល ព្រះអង្គសម្តេចក្រុមព្រះ កំពុងតែឈ្វេងយល់ថា ចង់ចូលជ្រៅនៅក្នុងការដាក់ពាក្យបណ្តឹង ឱ្យគណបក្សសង្គ្រោះជាតិ ទៅចូលតុលាការ។ បើសិនព្រះអង្គនៅមានហឫទ័យ នៅមានឧត្តមគតិ ដ៏ខ្ពង់ខ្ពស់ បម្រើប្រទេសជាតិយើង ជាតិ សាសនា ព្រះមហាក្សត្រ សូមព្រះអង្គកុំចូលរួមនៅក្នុងការបំផ្លិចបំផ្លាញអ្នកប្រជាធិបតេយ្យ សូមព្រះអង្គចូលរួមជាមួយនឹងយើងខ្ញុំ នៅក្នុងការការពារជាតិ សាសនា ព្រះមហាក្សត្រ។ សូមព្រះអង្គយ៉ាងហោចណាស់នៅស្ងៀមទៅ កុំធ្វើអី នៅស្ងៀមទៅ ទុកឱ្យគណបក្សគេដទៃ ទៀតធ្វើទៅ។ តែយ៉ាងហោច ព្រះអង្គយាងទៅណា យើងខ្ញុំចង់គោរព ចង់ថ្វាយបង្គំ តែបើសិនជាព្រះអង្គចូលរួមនៅក្នុងការឱ្យមានការបំផ្លាញជាតិយើង ចូលរួមនៅក្នុងការសម្លាប់ អ្នកប្រជាធិបតេយ្យ យកអ្នកប្រជាធិបតេយ្យចូលទៅ ក្នុងពន្ធនាគារ ព្រះអង្គអត់មានបន្ទូលអីមួយម៉ាត់ថា ដោះលែងលោកប្រធានកឹម សុខា ព្រះអង្គ អត់មានបន្ទូលអីមួយម៉ាត់ថា អាណិតជាតិយើង។ យ៉ាងហោចណាស់ កុំបំផ្លាញលទ្ធិប្រជាធិបតេយ្យ នៅប្រទេសកម្ពុជាយើង។ យើងត្រូវតែគោរព ពីព្រោះរឿងនេះ មិនមែនរវាងគណបក្សសង្គ្រោះជាតិ ឬគណបក្សណាទេ រឿងនេះគឺជារឿងបំផ្លាញជាតិ ជារឿងជាតិបងប្អូន មែនឬមិនមែន? ទោះបីជានៅក្នុងណាក៏ដោយ កាត់ទោស ស្អីក៏ដោយ យើងខ្ញុំរៀងរាល់ថ្ងៃចន្ទ នៅតែទៅ មុខពន្ធនាគារត្រពាំងផ្លុង ដោយសូមឱ្យដោះលែង លោកប្រធានកឹម សុខា ជាបន្ទាន់ ឥតលក្ខខណ្ឌ នេះជាជំហរនៃគណបក្សសង្គ្រោះជាតិ”។
គួរបញ្ជាក់ថា ប្រតិកម្មរបស់លោកស្រីមួរ សុខហួរ ខាងលើនេះ បានធ្វើឡើងក្រោយពេល ដែលគណបក្សហ៊្វុនស៊ិនប៉ិច កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៧ បានចេញសេចក្តីថ្លែងការណ៍ បញ្ជាក់ពីជំហររបស់គណបក្ស ចំនួន៥ចំណុច រួមមាន ៖
១.សូមអរគុណរាជរដ្ឋាភិបាល ក្រោមការ ដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា ដែលបានចាត់វិធានការទាន់ពេលវេលា ដើម្បីរក្សាសន្តិភាព និងស្ថិរភាពនយោបាយ នៃប្រទេសកម្ពុជា។ គ្មានសន្តិភាព និងស្ថិរភាព នយោបាយនេះ ប្រជាជាតិខ្មែរធ្លាប់ស្ថិតក្នុង គ្រោះថ្នាក់ ហើយប្រជានុរាស្ត្រទទួលរងគ្រោះ លំបាកវេទនាអស់ជាច្រើនទសវត្ស។
២.ដោយគោរពស្មារតីនៃច្បាប់ស្តីពីគណបក្សនយោបាយ និងវិសោធនកម្មបានចូលជា ធរមានរួចហើយ គណបក្សហ៊្វុនស៊ិនប៉ិច គាំទ្រ វិធានការដែលរាជរដ្ឋាភិបាល ចាត់ចំពោះបទល្មើសដែលលោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បានប្រព្រឹត្ត ដូចដែលសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្ស ហ៊្វុនស៊ិនប៉ិច បានមានព្រះបន្ទូលក្នុងឱកាស សមាជវិសាមញ្ញគណបក្សហ៊្វុនស៊ិនប៉ិច កាលពី ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧ រួចមកហើយ នោះ គឺផ្ទុយពីស្មារតីមាត្រា៦ថ្មី និងមាត្រា៧។
៣.គេមិនអាចកាត់ផ្តាច់បទល្មើសនេះថា ជាបទល្មើសផ្ទាល់ខ្លួនរបស់លោកកឹម សុខា ហើយទាត់ចោលការទទួលខុសត្រូវរបស់គណបក្សសង្គ្រោះជាតិ ទាំងមូលនោះទេ ពីព្រោះ លោកកឹម សុខា បានផ្តល់ព័ត៌មានដល់អ្នកចូល រួមក្នុងឋានៈជាអ្នកដឹកនាំគណបក្សសង្គ្រោះជាតិ ហើយបានសារភាពថា ខ្លួនទទួលបញ្ជា និងទំនុក បម្រុងពីបរទេស ហើយបានអនុវត្តន៍សម្រេច នូវជំហានដំបូងពីរដំណាក់កាល គឺការបង្កើត អង្គការសិទ្ធិមនុស្ស និងការច្របាច់បញ្ចូលគ្នា នូវគណបក្សសិទ្ធិមនុស្ស និងគណបក្សសម រង្ស៊ី ទៅជាគណបក្សសង្គ្រោះជាតិ តែមួយ ដើម្បីឈានទៅដល់ដំណាក់កាលចុងក្រោយ គឺការ ផ្តួលរំលំរដ្ឋាភិបាល។
៤.ក្នុងគោលបំណងអនុវត្តន៍គោលការ នីតិរដ្ឋ ពោលគឺការអនុវត្តច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់ស្តីពីវិសោធនកម្មនៃគណបក្សនយោបាយ ទោះបីគណបក្សហ៊្វុនស៊ិនប៉ិច ខ្វះខាតធនធានក្តី ក៏គណបក្សនេះគោរពគោលការណ៍នីតិរដ្ឋ ដែលជាបាវចនាមួយរបស់ខ្លួន បានខិតខំរៀបចំសមាជវិសាមញ្ញ ដើម្បីធ្វើ វិសោធនកម្មលក្ខន្តិកៈរបស់ខ្លួន ផ្លាស់ប្តូររូប សញ្ញា ដកព្រះឆាយាល័ក្ខណ៍សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជារូបភាពរូបវន្តបុគ្គលចេញ ដើម្បីឆ្លើយតបការតម្រូវរបស់ច្បាប់ខាងលើនេះ។
៥.គណបក្សហ៊្វុនស៊ិនប៉ិច នឹងដាក់ពាក្យបណ្តឹងទៅតុលាការកំពូល ដើម្បីឱ្យរំលាយគណបក្សសង្គ្រោះជាតិ និងតាមស្មារតីអនុវត្តនីតិរដ្ឋ ដូចគ្នា ស្របតាមមាត្រា៦ថ្មី មាត្រា៧ និងមាត្រា ៤៤ថ្មី នៃច្បាប់ស្តីពីគណបក្សនយោបាយ។
ក្នុងសេចក្តីថ្លែងនោះ ក៏បានបញ្ជាក់បន្ថែមថា “គណបក្សហ៊្វុនស៊ិនប៉ិច សូមធ្វើការបញ្ជាក់បន្ថែមថា រដ្ឋធម្មនុញ្ញៃនព្រះរាជាណាចក្រកម្ពុជា ត្រង់មាត្រា១ បានចែងថា “ប្រទេសកម្ពុជា ជា ព្រះរាជាណាចក្រ ដែលព្រះមហាក្សត្រ ទ្រង់ប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ និងតាមលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស”។ ដូច្នេះ រដ្ឋធម្មនុញ្ញ មិនមានមាត្រាណាមួយ ដែលចែងថា ព្រះរាជា ណាចក្រកម្ពុជា ត្រូវតែមានគណបក្សប្រឆាំង នោះទេ”។
ទោះជាយ៉ាងណា សម្រាប់មជ្ឈដ្ឋាននយោបាយ និងអង្គការសង្គមស៊ីវិលមួយចំនួន បានលើកឡើថា ផែនការរបស់គណបក្សហ៊្វុនស៊ិនប៉ិច ក្នុងការប្តឹងរំលាយគណបក្សប្រឆាំង មិនអាចទៅរួចនោះទេ។
ប្រធានសមាគមជ័យលាភីបញ្ញាជនកម្ពុជា លោករស់ សារ៉ុម បានលើកឡើងថា ការប្តឹង របស់គណបក្សហ៊្វុនស៊ិនប៉ិច ដើម្បីសុំរំលាយ បក្សប្រឆាំង អាចជាកាំបិតចិតដងឯង សម្រាប់ សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ដែលជាសែ រាជវង្សមួយព្រះអង្គ។
លោករស់ សារ៉ុម បានសរសេរនៅក្នុងទំព័រហ្វេសប៊ុករបស់លោកថា “កាំបិតចិតដងឯង ការប្រកាសប្តឹងរំលាយគណបក្សសង្គ្រោះជាតិរបស់ សម្តេចក្រុមព្រះ នរោត្តម រណឬទ្ឋិ លេចចេញនូវសេណារីយោថ្មីពីរ។ ទី១ គណបក្សសង្គ្រោះជាតិ មិនត្រឹមតែមិនរលាយនោះទេ ការលើកលែងទោសលោកសម រង្ស៊ី ដាច់ខាតត្រូវធ្វើឱ្យកាន់តែឆាប់កាន់តែល្អ មុនបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ រាជរដ្ឋាភិបាលកម្ពុជា ចេញពីគណបក្សប្រជាជនកម្ពុជា ដែលក្តាប់ សន្តិសុខជាតិទាំងមូល មិនមែនស៊ីបាយនឹងត្រឡោក មិនយល់បំណងសម្តេចក្រុមព្រះឡើយ និងទី២ ច្បាប់ស្តីពីគណបក្សនយោបាយ អាច នឹងត្រូវធ្វើវិសោធនកម្មជាថ្មីទៀត ហាមឃាត់ សែស្រឡាយរាជវង្ស កុំពាក់ព័ន្ឋនយោបាយ ហើយជីវិតនយោបាយសម្តេចក្រុមព្រះ នឹងត្រូវបញ្ចប់ ដើម្បីលើកកម្ពស់កិត្តិនាមព្រះមហាក្សត្រ និងសែស្រឡាយរាជវង្សខ្មែរឡើងវិញ។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មណ្ឌលខេត្តស្វាយរៀង លោកគង់ សភា បាន លើកឡើងថា ការប្រកាសប្តឹងរបស់គណបក្ស រំលាយគណបក្សសង្គ្រោះជាតិ ជាការចោទប្រកាន់ប្រជាពលរដ្ឋខ្មែរ ជាងបីលាននាក់ ថា ជាជនក្បត់ជាតិដែរ។
លោកគង់ សភា បានសរសេរនៅក្នុងគណនី ហ្វេសប៊ុករបស់លោកថា “បើគណបក្សកាន់អំណាច និងក្រុមគណបក្ស ជាបាវបម្រើដាច់ថ្លៃ ប្រកាស ប្តឹងរំលាយគណបក្សសង្គ្រោះជាតិ ដោយចោទប្រកាន់ពីបទក្បត់ជាតិ មានន័យថា ពួកគេបាន ចោទប្រកាន់ប្រជាពលរដ្ឋខ្មែរជាងបីលាននាក់ ថា ជាជនក្បត់ជាតិដែរ ព្រោះប្រជាពលរដ្ឋទាំង នោះ បានបោះឆ្នោតគាំទ្រគោលនយោបាយ គណបក្សសង្គ្រោះជាតិ ដើម្បីការផ្លាស់ប្តូរជា វិជ្ជមាន”។
ទោះបីយ៉ាងណា ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកនាំពាក្យគណបក្សគណបក្សហ៊្វុនស៊ិនប៉ិច លោកញេប ប៊ុនជិន បានបញ្ជាក់ប្រាប់អ្នកយក សារព័ត៌មានថា គណបក្សហ៊្វុនស៊ិនប៉ិច គ្មាន មូលហេតុអ្វីក្នុងការបំផ្លាញលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជានោះទេ គឺផ្ទុយទៅវិញ លិទ្ធិប្រជាធិបតេយ្យ ដែលគណបក្សសង្គ្រោះជាតិ បានធ្វើ ចាប់តាំងឆ្នាំ២០១៣មក មិនបានអ្វីទាល់តែសោះ។ ដូច្នេះអ្វីដែលជាជំហរក្នុងការប្តឹងសុំរំលាយបក្សសង្គ្រោះជាតិ នៅពេលនេះ គណបក្សកំពុងប្រជុំ ពិភាក្សាគ្នាជាមុនសិន ដោយសេចក្តីសម្រេច យ៉ាងណានោះ គណបក្សនឹងជូនដំណឹងនៅពេល ក្រោយ ហើយការសម្រេចរបស់គណបក្សហ៊្វុនស៊ិនប៉ិច ពេលនេះពុំបានទទួលរងការបញ្ជាពី ខាងណា ឬដើម្បីសងសឹកទៅលើគណបក្សសង្គ្រោះជាតិនោះទេ គ្រាន់តែចង់ឃើញយុត្តិធម៌ មួយសម្រាប់កម្ពុជា។
គួរបញ្ជាក់ដែរថា ក្រៅពីសេចក្តីថ្លែងការណ៍ របស់គណបក្សហ៊្វុនស៊ិនប៉ិច នៅក្នុងសេចក្តីថ្លែងការណ៍ ចុះថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៧ របស់គណបក្សយុវជនកម្ពុជា ដែលមានលោក ពេជ្រ ស្រស់ ក៏បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៧ នោះ សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណបក្សយុវជនកម្ពុជា បានបើកកិច្ចប្រជុំបន្ទាន់មួយ ស្តីអំពីសំណើរបស់ ក្រុមការងារប្រតិបត្តិប្រចាំខេត្តត្បូងឃ្មុំ នៃ គណបក្សយុវជនកម្ពុជា បានស្នើឱ្យគណៈកម្មាធិការអចិន្ត្រៃយ៍ របស់គណបក្សយុវជនកម្ពុជា ដាក់ពាក្យបណ្តឹងទៅកាន់តុលាការកំពូល ដើម្បី ប្តឹងសុំឱ្យតុលាការកំពូល រំលាយគណបក្ស សង្គ្រោះជាតិ។
សេចក្តីថ្លៃងការណ៍របស់គណបក្សយុវជនកម្ពុជា បានបញ្ជាក់ទៀតថា ក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍របស់គណបក្ស បានយល់ព្រមចំពោះសំណើរបស់ក្រុមការងារប្រតិបត្តិ ខេត្តត្បូងឃ្មុំ នៃគណបក្ស ហើយសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍របស់គណបក្ស បានសម្រេច ជាឯកច្ឆន្ទចំពោះការដាក់ពាក្យបណ្តឹងទៅកាន់ តុលាការកំពូល ដើម្បីស្នើសុំឱ្យតុលាការកំពូល រំលាយគណបក្សសង្គ្រោះជាតិ ដោយហេតុថា ប្រធានគណបក្សសង្គ្រោះជាតិ បានប្រព្រឹត្តអំពើ ក្បត់ជាតិ មានលក្ខណៈជាប្រព័ន្ធ ដែលមិនអាច លើកលែងឱ្យបាន។ ម៉្យាងវិញទៀត ដើម្បី ដាស់តឿនស្មារតីដល់អ្នកនយោបាយគ្រប់ជំនាន់ ត្រូវគិតផលប្រយោជន៍ជាតិជាធំ និងកុំឱ្យអ្នក នយោបាយជំនាន់ក្រោយ យកគំរូតាមក្រុម គណបក្សសង្គ្រោះជាតិ ដែលជាហេតុធ្វើឱ្យ ប្រទេសកម្ពុជា ធ្លាក់ក្នុងនឹមត្រួតត្រារបស់បរទេស ដូចសម័យកាលមុន។ ក្នុងនេះហើយ ទើប ស្ថាបនិករបស់គណបក្សយុវជនកម្ពុជា បានសម្រេចជាឯកច្ឆន្ទ ចំពោះការដាក់នូវពាក្យបណ្តឹងទៅកាន់តុលាការកំពូល ដើម្បីស្នើសុំឱ្យ តុលាការកំពូល រំលាយគណបក្សសង្គ្រោះជាតិ ចោលតាមច្បាប់ស្តីពីគណបក្សនយោបាយ ចាស់និងថ្មី ដែលបានចែងជាធរមាន។
ប្រធានគណបក្សយុវជនកម្ពុជា លោកពេជ្រ ស្រស់ បានបញ្ជាក់បន្ថែមលើសេចក្តីនោះ ថា លោកកឹម សុខា មិនត្រឹមតែខ្លួនឯងនៅ ក្រោមបង្គាប់ជនបរទេស ឬអង្គការក្រៅរដ្ឋាភិបាល និងរដ្ឋាភិបាលបរទេសទេ រួមទាំងគណបក្សសង្គ្រោះជាតិ ទាំងអស់ ទាំងពីតូច រហូត ដល់កំពូល គឺនៅក្រោមបង្គាប់សេណារីយោរបស់ ជនបរទេស ឬហៅថា ក្បត់ជាតិជាលក្ខណៈ ប្រព័ន្ធ។ ដូច្នេះ កាលណាក្បត់ជាតិជាលក្ខណៈ ប្រព័ន្ធ មិនអាចចាប់តែលោកកឹម សុខា ហើយ អ្នកដែលពាក់ព័ន្ធមួយចង្កោមទៀត រួចខ្លួនទេ ត្រូវតែរំលាយអំពើក្បត់ជាតិប្រព័ន្ធហ្នឹងចេញ ព្រោះបើមិនរំលាយចេញទេ នឹងធ្វើឱ្យអ្នកនយោបាយ ជំនាន់ក្រោយ ទៅជាប្រធានបក្ស ប្រព្រឹត្តបទល្មើស ដោយមិនគិតប្រយោជន៍ជាតិ អាយុជីវិត ជាតិ និងបូរណភាព អធិបតេយ្យកម្ពុជា ជាធំ។
យ៉ាងណាក៏ដោយ សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សសង្គ្រោះជាតិ និងជា តំណាងរាស្ត្រ មណ្ឌលខេត្តកំពង់ធំ លោកជាម ច័ន្ទនី បានបញ្ជាក់ថា ការប្រកាសប្តឹងពីប្រធាន គណបក្សយុវជនកម្ពុជានោះ អាចជារឿង ព្យាយាមរុកកួនគណបក្សប្រឆាំង ក្នុងន័យបម្រើ ឱ្យអ្វីមួយ។
គួរបញ្ជាក់ដែរថា យោងតាមមាត្រា៦ថ្មី នៃច្បាប់ស្តីពីគណបក្សនយោបាយ ចែងថា គ្រប់គណបក្សនយោបាយ មិនត្រូវធ្វើសកម្មភាពណាមួយ ដែលរួមមាន ១.ធ្វើអបគមន៍ដែលនាំឱ្យ អន្តរាយដល់ឯកភាពជាតិ និងបូរណភាពទឹកដី។ ២.ធ្វើវទ្ធង្សនាប្រឆាំងនឹងរបបប្រជាធិបតេយ្យ សេរីពហុបក្ស និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។ ៣.ការធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ នៃរដ្ឋ។ ៤.ការបង្កើតកងកម្លាំងប្រដាប់អាវុធ។ ៥.ការញុះញង់ ដែលនាំឱ្យមានការបែកបាក់ជាតិ។ ៦.ប្រើប្រាស់សារជាសំឡេង រូបភាព ឯកសារជាលាយលក្ខណ៍អក្សរ ឬសកម្មភាព របស់ទណ្ឌិត ជាប់ទោសពីបទឧក្រិដ្ឋ ឬពីបទមជ្ឈិម ដើម្បីជាផលប្រយោជន៍នយោបាយ សម្រាប់គណបក្សនយោបាយរបស់ខ្លួន។ ៧. យល់ព្រមដោយចំហ ឬដោយតុណ្ហីភាព ឬឃុបឃិតជាមួយទណ្ឌិត ជាប់ទោសពីបទឧក្រិដ្ឋ ឬ ពីបទមជ្ឈិមឱ្យធ្វើសកម្មភាព ណាមួយសម្រាប់ គណបក្សនយោបាយរបស់ខ្លួន និង៨.គាំទ្រ ឬ រៀបចំផែនការ ឬឃុបឃិតជាមួយរាល់បុគ្គល ដែលធ្វើសកម្មភាព ក្នុងគោលបំណងប្រឆាំង នឹងផលប្រយោជន៍របស់ព្រះរាជាណាចក្រកម្ពុជា ដូចមានចែងពីចំណុច១ ដល់ចំណុច៥ខាងលើ។
ចំណែកមាត្រា៧ នៃច្បាប់ស្តីពីគណបក្ស នយោបាយ ចែងថា គ្រប់គណបក្សនយោបាយ មិនត្រូវស្ថិតនៅក្រោមចំណុះឬការបង្គាប់បញ្ជា របស់គណបក្សនយោបាយបរទេស ឬរដ្ឋាភិបាល បរទេស។ លើសពីនេះ យោងតាមមាត្រា៤៤ ថ្មី នៃច្បាប់ស្តីពីគណបក្សនយោបាយ ចែងថា ដោយមិនគិតពីទោសព្រហ្មទណ្ឌផ្សេងៗ គណបក្សនយោបាយដែលបានប្រព្រឹត្តល្មើសនឹងមាត្រា ៦ថ្មី និងមាត្រា៧ នៃច្បាប់នេះ តុលាការអាច សម្រេចផ្អាកសកម្មភាពគណបក្សនយោបាយ នោះ ក្នុងរយៈពេលមិនលើសពី ៥ឆ្នាំ និងរំលាយ គណបក្សនយោបាយនោះ៕