ថ្វីត្បិតតែមិនសូវមានរូបសម្រស់ស្អាតដូចតារាចម្រៀងអាជីពដូចតារាស្រីស្អាតដទៃទៀតមែន តែអ្នកនាងផាន់ ស៊ីណា ដែលបានបង្ហើរសំនៀង១បទ តាម Facebook ដែលជាសំនៀងដើមរបស់អ្នកស្រីរស់ សេរីសុទ្ធា គឺបទ ”ត្រពាំងសាបកុលាបរយ” ទទួលបានការសរសើរជាច្រើនតាមបណ្ដាញសង្គមថា អ្នកនាងស៊ីណា មានទឹកដមសំឡេងពិរោះណាស់ បើសិនជាបានច្រៀងជាមួយភ្លេង មិនដឹងជាពិរោះយ៉ាងណា?
ដោយសារមានការចែកចាយ (Share) បទចម្រៀងរបស់អ្នកស្រីស៊ីណា តាម Facebook នោះ ក៏ត្រូវបានលោកចា រិទ្ធី ដែលជាអ្នកដឹកនាំកម្មវិធីសិល្បៈរបស់ទូរទស្សន៍អាស៊ីអាគ្នេយ៍ បានទូរស័ព្ទទៅហៅឡើងច្រៀងនៅទូរទស្សន៍អាស៊ីអាគ្នេយ៍ ក្នុងកម្មវិធីតន្ដ្រី ”Ganzberg” កាលពីព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៧ និងកម្មវិធី ”តន្ដ្រីមហាជន” នៅថ្ងៃដដែល។
គេមើលឃើញថា មានទស្សនិកជនមកទស្សនាឡើងណែនឆាកតន្ដ្រីអាស៊ីអាគ្នេយ៍ តែម្ដង ដើម្បីមកស្ដាប់ដោយផ្ទាល់សំនៀងរបស់អ្នកស្រីផាន់ ស៊ីណា ដែលខំជិះរថយន្ដក្រុងជាង៥០០គីឡូម៉ែត្រ (៥៣៩,៩៥គ.ក្រ) ពីក្រុងបាងកក ប្រទេសថៃ មកឡើងច្រៀងនៅប៉ុស្ដិ៍អាស៊ីអាគ្នេយ៍ ជិតផ្សាររតនាផ្លាហ្សា រាជធានីភ្នំពេញ។
ក្នុងជំនួបផ្ទាល់ អ្នកនាងផាន់ ស៊ីណា បានឲ្យដឹងថា ”ខ្ញុំបានទទួលទូរស័ព្ទពីលោកចា រិទ្ធី ហៅខ្ញុំឲ្យឡើងច្រៀងនៅទូរទស្សន៍អាស៊ីអាគ្នេហ៍ ហ្នឹង ទើបខ្ញុំមានឱកាសបានឡើងឆាកតន្ដ្រីដ៏ធំអស្ចារ្យនេះ ខ្ញុំសប្បាយចិត្តណាស់ ហើយលោកចា រិទ្ធី គាត់បានទទួលខ្ញុំយ៉ាងកក់ក្ដៅ ទាំងការស្នាក់នៅ និងហូបចុក ជាដើម ហើយខ្ញុំច្រៀងបាន៤បទ ដូចជា “ទឹកភ្នែកនាងបដាចា”, “កន្សែងកេរឪពុក”, “នឹកភូមិភ្នំធំ” និងបទ “នេះឬផលបុណ្យ?”។ ខ្ញុំមិនដែលច្រៀងលើឆាកអីចឹងទេ ធ្លាប់តែច្រៀងលើ facebook លេង អីចឹងភ័យដែរ ពេលដែលខ្ញុំឃើញមានមនុស្សច្រើនមកមើល។ ខ្ញុំមិនធ្លាប់ច្រៀងតាមហាងបៀរហ្គារដិនណាមួយទេ គឺខ្ញុំទៅធ្វើការនៅស្រុកថៃ ជាកម្មករសំណង់ ស៊ីឈ្នួលគេជិត២ឆ្នាំហើយ ជាមួយប្ដីខ្ញុំ គឺធ្វើការដូចគ្នា។ ខ្ញុំមានបងប្អូន៥នាក់ (ស្រី៤) ខ្ញុំជាកូនច្បង មានឪពុកជាអ្នកសិល្បៈផ្នែកប្រពៃណីដែរ ឈ្មោះហេង សាយ (ស្លាប់) ខ្ញុំមានកូន២នាក់ (ស្រី១)។ ខ្ញុំបានធ្វើដំណើរជិះឡានពីថៃ មកដល់ភ្នំពេញ មុនថ្ងៃឡើងឆាកមួយថ្ងៃ ដើម្បីឡើងឆាកដ៏ធំនេះ ខ្ញុំភ័យផងអរផង ព្រោះខ្ញុំមិនមែនជាអ្នកចម្រៀងអាជីពទេ“។
អ្នកនាងផាន់ ស៊ីណា មានអាយុ៣៥ឆ្នាំ ស្រុកកំណើតនៅភូមិក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប ដោយអ្នកនាងមានជំងឺស្រ្ដី ទើបធ្វើឲ្យស្គម ហើយអ្នកនាងស៊ីណា ប្រាប់ថា ចង់ក្លាយទៅជាអ្នកចម្រៀងអាជីព ប្រសិនបើទេវតាផ្ដល់ឱកាសឲ្យ ព្រមទាំងចង់មានការងារធ្វើនៅស្រុកខ្មែរ លែងចង់ទៅស៊ីឈ្នួលនៅស្រុកថៃ ទៀតផង បើសិនជាអាចរកការងារបានធ្វើ។
អ្នកនាងផាន់ ស៊ីណា បន្ថែមថា ”ខ្ញុំចង់ក្លាយទៅជាអ្នកចម្រៀងអាជីព បើសិនជាមានផលិតកម្មណាយកខ្ញុំនោះ ខ្ញុំនឹងចូលច្រៀង។ ក្រោយចប់ច្រៀងនៅឆាកអាស៊ីអាគ្នេយ៍ ខ្ញុំនឹងទៅសៀមរាប សិន ហើយនឹងរកការងារធ្វើនៅក្នុងស្រុកសិន បើរកអីបានធ្វើ ខ្ញុំនឹងមិនទៅស៊ីឈ្នួលធ្វើកម្មករសំណង់នៅស្រុកថៃ ទៀតទេ”។
នេះមិនមែនជាលើកទី១ទេ ដែលលោកចា រិទ្ធី បានផ្ដល់ឱកាសឲ្យអ្នកដែលមានសមត្ថភាពច្រៀងនៅលើបណ្ដាញសង្គម Facebook ឲ្យឡើងឆាកតន្រ្ដីអាស៊ីអាគ្នេយ៍ នោះ ជាក់ស្ដែងកាលពីមុននេះ លោករិទ្ធី ក៏បានឃើញកុមារាធឿន បូរី ច្រៀងលេងបទ ”ស្ទឹងសែនប៉ារីស” តាមហ្វេសប៊ុក ក៏ហៅឡើងឆាកអាស៊ីអាគ្នេយ៍ ហើយលោកពេញចិត្តនឹងសមត្ថភាពបូរី រហូតទទួលយកធ្វើជាកូនចិញ្ចឹម ដោយទំនុកបម្រុងគ្រប់បែបយ៉ាង និងបាននាំបូរី ទៅជួបឯកឧត្តមលី ឆេង អគ្គនាយកសកលវិទ្យាល័យប៊ែល ធី អន្ដរជាតិ ហើយលោកសាកលវិទ្យាធិការ ថែមទាំងផ្ដល់អាហាររូបករណ៍១០០% ដល់បូរី ដែលរៀនចាប់ពីថ្នាក់ទី៣ដល់ថ្នាក់ទី១២ ដោយមិនអស់ប្រាក់ទៀតផង។
លោកចា រិទ្ធី អះអាងថា ”ខ្ញុំឃើញគាត់ច្រៀងតាម Facbook សំឡេងល្អ ក៏អញ្ជើញគាត់មកច្រៀងនៅទូរទ្សន៍អាស៊ីអាគ្នេយ៍ ហើយខ្ញុំបានផ្ញើលុយទៅឲ្យគាត់ខ្លះមុន ដើម្បីឲ្យគាត់កាត់សម្លៀកបំពាក់ឡើងឆាក ហើយយើងចំណាយលើគាត់ទាំង២កម្មវិធី ស្មើតារាចម្រៀងល្បីម្នាក់ទៅហើយ គឺមិនក្រោម៣០០ដុល្លារទេ តែយើងមានអ្នកមកទស្សនាការប្រគុំតន្ដ្រីច្រើនដែរ។ មិនមែនតែអ្នកនាងស៊ីណា ទេដែលអាចឡើងឆាកអាស៊ីអាគ្នេយ៍ នោះ អ្នកមានសមត្ថភាពផ្សេងទៀត ក៏អាចឡើងបានដែរ ព្រោះយើងបានផ្ដល់ឱកាសដល់តារាថ្មីៗជាច្រើននាក់ហើយ តែយើងធ្វើកម្មវិធី គឺតម្រូវតាមម្ចាស់ Sponsor អីចឹងយើងមើលទៅលើកម្មវិធីដែរថាកម្មវិធីណាអាចដាក់ពួកគាត់បាននោះ”៕