Saturday, September 21, 2024
Homeតារាខ្មែរទេព រិទ្ធីនី ត្រៀមបង្កើតក្រុមចម្រៀងកញ្ជ្រោកការគាំទ្រ

ទេព រិទ្ធីនី ត្រៀមបង្កើតក្រុមចម្រៀងកញ្ជ្រោកការគាំទ្រ

តារាសម្ដែងដែលត្រូវបានគេស្គាល់តាមរយៈថតភាពយន្តមួយចំនួន លោកទេព រិទ្ធីនី ដែលកំពុងមានទីផ្សារសិល្បៈលេចធ្លោគួរសមនោះស្រាប់តែប្រកាសពីគោលជំហរថា ចង់បង្កើតក្រុមចម្រៀងថ្មីមួយទៀតដើម្បីទាក់ទាញការគាំទ្រ។

លោកទេព រិទ្ធីនី បានថ្លែងឲ្យដឹងថា លោកបានបោះជំហ៊ានប្រឡូកលើវិថីសិល្បៈរយៈពេល៥ឆ្នាំ មកហើយតាមរយៈការប្រឡងនៅក្នុងកម្មវិធីKhmer super model ហើយរយៈពេលកន្លងមកនេះលោកទទួលបានឱកាសការងារសិល្បៈជាច្រើនទាំងការថតស្ពតពានិជ្ជកម្ម ថតឈុតខារ៉ាអូខេ និងថតភាពយន្តជាដើម។លោកថា លោកធ្លាប់ថតភាពយន្តមួយចំនួនថែមទាំងធ្លាប់គ្រងតំណែងតួឯកទៀតផងដូចជារឿង”សមុទ្រនិស្ស័យ””ផ្ការីក្នុងចិត្ត””ច័ន្ទវង្វេងមេឃ””វេទមន្តស្នេហ៍””រាជបុរីCame back”និងត្រូវបានគេស្គាល់ច្រើនតាមរយៈរឿង”នរណាស្រក់ទឹកភ្នែកដើម្បីអូន”ដែលលោកជាតួអង្គសំខាន់នៅក្នុងរឿងនេះ។

រិទ្ធីនី បន្ថែមថា នាពេលចុងក្រោយនេះទីផ្សារសិល្បៈរបស់លោកបានស្ទុះឡើងគួរសមហើយទន្ទឹមនោះលោកក៏ត្រៀមបង្កើតក្រុមចម្រៀងថ្មីមួយទៀតដើម្បីពង្រីកប្រជាប្រិយភាពរបស់ខ្លួនផងដែរ។លោកថា ក្រៅពីមានទេកោសល្យខាងសម្ដែងលោកក៏មានទឹកដមសំឡេងអំណោយផលពីធម្មជាតិដែលអាចឲ្យលោកចាប់អាជីពជាតារាចម្រៀងបានផងដែរ។លោករិទ្ធីនី និយាយថា”ក្រៅពីការសម្ដែង ខ្ញុំចង់ចេញច្រៀងតាមកម្មវិធីប្រគំតន្ត្រីនានា ក៏ដូចជាកម្មវិធីប្រគំតន្ត្រីរបស់ស្ថានីយទូរទស្សន៍ជាដើម។ហេតុដូច្នេះហើយទើបខ្ញុំចង់បង្កើតក្រុមចម្រៀងនិងបំបែកក្បាច់រាំ ដើម្បីមានឱកាសឡើងលើឆាកតន្ត្រីទាំងនោះ”។លោកបន្តថា”ខ្ញុំគ្រោងជ្រើសសមាជិកប្រុសៗចំនួន៥នាក់ ដែលមានសមត្ថភាពប្រហាក់ប្រហែលខ្ញុំហើយជំហ៊ានដំបូងមិនទាន់ឈានដល់ការផលិតបទស្នាដៃថ្មី(Original song)នៅឡើងទេ។ប៉ុន្តែនាពេលខាងមុខនឹងឈានដល់ការផលិតបទOriginal song)។

លោករិទ្ធីនី មានជំនឿចិត្តថា គម្រោងបង្កើតក្រុមចម្រៀងរបស់លោកនឹងទទួលបានជោគជ័យត្បិតអីក្រៅពីសម្រិតសម្រាំងជ្រើសរើសសមាជិកក្រុម លោកក៏ត្រៀមចេញបទថ្មីដើម្បីកញ្ជ្រោកការគាំទ្រផងដែរ។យ៉ាងណាប្រសិនបើទាញបានការគាំទ្រលើវិថីចម្រៀងមែននោះក៏លោកមិនបោះបង់អាជីពសម្ដែងចោលដែរគឺនិងចាប់យកជំនាញទាំងពីរតែម្ដង៕

RELATED ARTICLES