Saturday, September 21, 2024
Homeតារាខ្មែរឡាយ លក្ខិណា ឲ្យលោកអែនឌី ឱបថើបក្នុងបទចម្រៀង "ព្រែកឯងអស់សង្ឃឹម" (មានវីដេអូ)

ឡាយ លក្ខិណា ឲ្យលោកអែនឌី ឱបថើបក្នុងបទចម្រៀង “ព្រែកឯងអស់សង្ឃឹម” (មានវីដេអូ)

អតីតតារាល្បីល្បាញកាលពីឆ្នាំ១៩៩៥ អ្នកនាងឡាយ លក្ខិណា ដែលបោះបង់អាជីពសម្ដែង១២ឆ្នាំនោះ ស្រាប់តែពេលនេះបានវិលត្រឡប់មរកអាជីពចាស់វិញ តាមរយៈការលេចមុខក្នុង MV បទចម្រៀងមរតកដើមរបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ​បទ ”ព្រែកឯងអស់សង្ឃឹម” ដែលលោកអែន ឌី បានលើកយកបទនេះមកធ្វើជា Cover ឡើងវិញ ដោយរក្សាទំនុកច្រៀងដើមទាំងស្រុង គ្រាន់តែធ្វើភ្លេងថ្មី ដើម្បីឲ្យកាន់តែមានការចាប់អារម្មណ៍ថែមទៀត។

អ្នកនាងឡាយ លក្ខិណា ជាតួអង្គឯកក្នុងបទចម្រៀងដ៏ល្បីល្បាញនេះ ដែលទើបចាប់ដៃគូសម្ដែងជាមួយលោកអែនឌី ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ  ព័ត៌មានថា អ្នកនាងលក្ខិណា បានព្រឺរោមខ្ញាកៗតែម្ដង ពេលដែលត្រូវបុរសសាច់សខ្ចីលោកអែនឌី ឱរឹតដោយមិនចង់ដោះដៃចេញឡើយ។ លោកអែនឌី បានថើបវក់វីចង្កាអ្នកនាងលក្ខិណានោះ គេឃើញតារាជើងចាស់រូបនេះហាក់បណ្ដោយឲ្យតារាចម្រៀងរូបនេះមួយអស់ដៃតែម្ដង ហើយអ្នកដែលបានឃើញរូបភាពទាំងនោះបានសរសើរថា លក្ខិណា នៅតែមានសម្រស់មិនចាញ់កាលពី១០ឆ្នាំមុនឡើយ។

លោកអែនឌី បានឲ្យដឹងថា អ្នកនាងឡាយ លក្ខិណា នៅតែមានរូបសម្រស់ស្រស់ស្អាត និងមានទេពកោសល្យមិនខុសពីមុនទេ ហេតុនេះហើយលោកជឿថា បទចម្រៀងដែលលោកលើកយកបទរបស់អធិរាជសំឡេងមាស លោកតាស៊ីន ស៊ីសាមុត មកច្រៀងឡើងវិញនោះ ប្រាកដជាមានការចាប់អារម្មណ៍ច្រើនជាមិនខាន។

លោកអែនឌី ថ្លែងថា ”ខ្ញុំស្រលាញ់បទមរតដើមរបស់លោកស៊ីន ស៊ីសាមុត ខ្លាំងណាស់ អីចឹងខ្ញុំក៏លើកយកបទនេះមកច្រៀងឡើងវិញ ហើយយើងរក្សាលំនាំដើមទាំងអស់ គ្រាន់តែធ្វើជាភ្លេងថ្មីប៉ុណ្ណោះ គឺដើម្បីឲ្យប្លែកនិងមានការចាប់អារម្មណ៍។ ពេលនេះ ខ្ញុំត្រូវចាប់ដៃគូសម្ដែងជាថ្មីជាមួយអ្នកនាងឡាយ លក្ខិណា នោះ ព្រោះតែយើងបានរាប់អានគ្នាជាយូរមកហើយ និងធ្លាប់ច្រៀងជាដៃគូគ្នាលើឆាកតន្រ្ដីជាញឹកញាប់ដែរ។ ខ្ញុំគិតថា អ្នកនាងលក្ខិណា នៅតែមានរូបសម្រស់ស្អាតអីចឹង ចំណែកការសម្ដែងរបស់គាត់ក៏នៅតែមានទេពកោសល្យល្អដែរ អីចឹងក្នុងបទ ”ព្រែកឯងអស់សង្ឃឹម” នេះ ពេលចេញជា Full MV ក្នុងពេលឆាប់ៗនេះ ហើយបងប្អូននឹងបានឃើញការសម្ដែងរបស់អ្នកនាងលក្ខិណាវិញ ហើយសូមជួយគាំទ្រនិងលើកទឹកចិត្តគាត់ផង ព្រោះអីគាត់នៅតែស្រលាញ់សិល្បៈ នៅតែច្រៀងនិងសម្ដែងអីចឹង មិនបោះបង់រហូតទេ”។

មុនឈានមកចាប់ដៃលោកអែនឌី ឱបថើបក្នុងបទ ”ព្រែកឯងអស់សង្ឃឹម” នេះដែរ អ្នកនាងឡាយ លក្ខិណា បានឡើងច្រៀងជាដៃគូជាមួយលោកអែនឌី ផងដែរ ក្នុងកម្មវិធី ”រាត្រីកម្សាន្ដ” របស់ទូរទស្សន៍ CTN ហើយពេលនេះក៏ត្រៀមឡើងប៉ុស្ដិ៍អាស៊ីអាគ្នេយ៍ ផងដែរ ដែលមើលទៅអតីតតារារូបនេះបានតាំងចិត្តថា វិលចូលប្រឡូកសិល្បៈវិញពេញទំហឹងហើយមើលទៅ។ ប៉ុន្ដែតាមអ្នកដឹកនាំសម្ដែងភាពយន្ដបានឲ្យដឹងថា ពួកគេបានទាក់ទងអ្នកនាងឡាយ លក្ខិណា ឲ្យថតរឿងថ្មីៗដែរ តែលក្ខិណា បែរជាមិនទទួលទៅវិញ ជាក់ស្ដែងដូចជាមុននេះ ផលិតកម្មថោន បានហៅអ្នកនាងលក្ខិណា ឲ្យថតរឿងថ្មី ”រៃមាស” តែតារារូបនេះបែរជាមិនព្រមថតទេ ហើយឥឡូវបែរជាលេចមុខឱបថើបជាមួយលោកអែន ឌី ក្នុងបទ ”ព្រែកឯងអស់សង្ឃឹម” ទៅវិញ។

លោកអែនឌី បន្ថែមថា ”ខ្ញុំនិងអ្នកនាងលក្ខិណា ពិតជាត្រៀមឡើងឆាកប៉ុស្ដិ៍អាស៊ីអាគ្នេយ៍ នៅសប្ដាហ៍ក្រោយនេះមែន ហើយយើងនឹងឡើងប៉ុស្ដិ៍ផ្សេងៗទៀត ជាដៃគូផងដែរ។ តាមខ្ញុំមើលទៅ អ្នកនាងលក្ខិណា គាត់ដូចជាទទួលការងារសិល្បៈច្រើនឡើងវិញ ព្រោះពេលនេះគាត់អាចដកឃ្លាបានជាងមុន អីចឹងឲ្យតែឆ្លៀតបាន គាត់ថតនិងឡើងច្រៀងវិញហើយ”។

ក្រៅពីការថតឡើងវិញបទ ”ព្រែកឯងអស់សង្ឃឹម” នេះ មុននេះដែរ លោកអែនឌី ក៏បានថតបទល្បីកាលពីឆ្នាំ២០០២ របស់ខ្លួននៅហង្សមាស ជាថ្មីដែរ គឺបទ ”នឹកបង៥០%” និងបានចេញ trailer បទ Original Song “សាវ៉ា” ផងដែរ ដោយឡែកអ្នកនាងលក្ខិណា ដែលពីមុនជាថៅកែលក់សម្លៀកបំពាក់នៅផ្សារអូរប្ញស្សី នោះ ពេលនេះបានប្ដូរមកបើកហាងលក់ខោអាវថ្មីនៅក្បែរផ្សារទួលគោក ហើយតាមព័ត័មានថា អ្នកនាងលក្ខិណា កំពុងត្រៀមខ្លួនចេញទៅសម្ដែងនៅអាមេរិក នៅចុងឆ្នាំ២០១៧ ហើយស្របពេលដែលតារានៅតែមានរូបសម្រស់គួរឲ្យបេតីរូបនេះ កំពុងតែស្វែងយល់ចិត្តគ្នាជាមួយបុរសម្នាក់ តែលក្ខិណា ថា មិនចង់និយាយរឿងស្នេហានៅពេលដែលអ្នកនាងវិលចូលសិល្បះជាថ្មីនេះឡើយ ព្រោះតែខ្លាចមិនច្បាស់លាស់នាំតែខ្មាសគេ៕

RELATED ARTICLES