Monday, November 25, 2024
Homeព័ត៌មានជាតិប្រាក់ខែកម្មករ ២០១៨ រាជរដ្ឋាភិបាល សម្របសម្រួលដំឡើង១៦៥ដុល្លារ

ប្រាក់ខែកម្មករ ២០១៨ រាជរដ្ឋាភិបាល សម្របសម្រួលដំឡើង១៦៥ដុល្លារ

ភ្នំពេញ ៖ បន្ទាប់ពីបានបើកកិច្ចប្រជុំជាច្រើនលើក ភាគីនីមួយៗនៃក្រុមការងារបច្ចេកទេសត្រីភាគី ដើម្បីពិភាក្សាប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែក ជើង សម្រាប់ឆ្នាំ២០១៨ បានដាក់សំណើចុង ក្រោយរបស់ខ្លួន ដោយភាគីសហជីព ស្នើសុំ ១៧០ដុល្លារ ភាគីនិយោជក ស្នើសុំត្រឹម១៦២ ដុល្លារ និងភាគីរាជរដ្ឋាភិបាល បានសម្របសម្រួលស្នើដំឡើងដល់១៦៥ដុល្លារ។

យោងតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា គណៈកម្មការប្រឹក្សាការងារ នឹងកោះប្រជុំនៅរសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧នេះ ដើម្បីប្រជុំពិនិត្យ សម្រេចលើសំណើរបស់ភាគីនីមួយៗ ឈាន ទៅសម្រេចយកជាផ្លូវការនូវតួលេខប្រាក់ឈ្នួល អប្បបរមាផ្នែកវាយនភណ្ឌកាត់ដេរ និងផលិត ស្បែកជើង សម្រាប់ឆ្នាំ២០១៨។

នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៧ ក្រុម ការងារបច្ចេកទេសត្រីភាគី ដើម្បីពិភាក្សា ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០១៨ បាន ធ្វើរបាយការណ៍ស្តីពីលទ្ធផលនៃកិច្ចប្រជុំពិភាក្សា ចុះហត្ថលេខារួម ជម្រាបជូនលោកអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មការប្រឹក្សាការងារ ដែលមានខ្លឹមសារដូចខាងក្រោម ៖

យើងខ្ញុំសូមគោរពជម្រាបជូនឯកឧត្តម រដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការប្រឹក្សា ការងារ មេត្តាជ្រាបថា ក្រុមការងារបច្ចេកទេស ត្រីភាគី ដែលមានតំណាងភាគីកម្មករនិយោជិត ចំនួន១៦រូប តំណាងភាគីនិយោជកចំនួន១៦ រូប និងតំណាងភាគីរាជរដ្ឋាភិបាលចំនួន ១៦រូប បានប្រជុំពិភាក្សាដោយឈរលើគោលការណ៍ប្រជាធិបតេយ្យ ស្មារតីមិត្តភាព សហប្រតិបត្តិការ តម្លាភាព និងឈ្នះ-ឈ្នះ អស់រយៈពេល ៣ថ្ងៃ ស្មើនឹង៤លើក ដូចខាងក្រោម ៖

-លើកទី១ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ ប្រជុំពិភាក្សាអំពីបម្រែបម្រួល លក្ខណវិនិច្ឆ័យ ទាំង៧ រួមមានស្ថានភាពគ្រួសារ អត្រាអតិផរណាចំណាយក្នុងការរស់នៅ ផលិតភាព ភាពប្រកួតប្រជែងរបស់ប្រទេស ស្ថានភាពទីផ្សារការងារ កម្រិតចំណេញរបស់វិស័យ  ក្នុងការដំឡើងប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើង សម្រាប់ ឆ្នាំ២០១៨។

-លើកទី២ នៅរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ បន្តប្រជុំក្រុមការងារបច្ចេកទេសត្រីភាគី។

-លើកទី៣ នៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ ប្រជុំក្រុមការងារបច្ចេកទេសត្រីភាគី។

-លើកទី៤ នៅរសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧ ប្រជុំក្រុមការងារបច្ចេកទេសត្រីភាគី។

ក-ជំហររួមរបស់ភាគីទាំងបី

១.សូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានរក្សាក្រុមការងារបច្ចេកទេស ត្រីភាគី ដែលមានសមាសភាពស្មើគ្នា ដើម្បី ពិភាក្សាលម្អិតលើទិន្នន័យ ស្ថិតិ និងហេតុផល នៃការប្រែប្រួលលក្ខណវិនិច្ឆ័យទាំង៧ ក្នុងការកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើងនៅកម្ពុជា សម្រាប់ឆ្នាំ២០១៨។

២.សូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានអំពាវនាវដល់ម្ចាស់ផ្ទះជួល កុំឱ្យដំឡើងថ្លៃឈ្នួលផ្ទះចំពោះកម្មករនិយោជិត ក្នុងឆ្នាំ២០១៨នេះ។

៣.សូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានបញ្ចុះថ្លៃទឹកស្អាត និងថ្លៃអគ្គិសនីដែលប្រើប្រាស់ដោយកម្មករនិយោជិត។ ពោលគឺ ចំពោះថ្លៃទឹកស្អាត ដោយចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧ តទៅ ម្ចាស់ផ្ទះជួល នឹងលក់ឱ្យកម្មករនិយោជិតត្រឹមតែ៨០០រៀល ប៉ុណ្ណោះ ក្នុង១ម៉ែត្រគូប។ ចំពោះថ្លៃអគ្គិសនីវិញ គឺត្រឹមតែ៤១០រៀលប៉ុណ្ណោះ ចំពោះការប្រើប្រាស់ថាមពលក្រោម៥០គីឡូវ៉ាត់ម៉ោង។

៤.សូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានសម្រេចផ្តល់សេវារថយន្តក្រុងសាធារណៈសម្រាប់ដឹកកម្មករនិយោជិតដោយ ឥតគិតថ្លៃ សម្រាប់រយៈពេល២ឆ្នាំ ចាប់ពីខែសីហា ឆ្នាំ២០១៧ ដល់ខែសីហា ឆ្នាំ២០១៩។

៥.សូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុញ្ញាតឱ្យកម្មករនិយោជិតជាស្ត្រី ដែលមានផ្ទៃពោះលើសពី៣ខែ បាន ចេញមុនម៉ោងការងាររបស់ខ្លួន ចំនួនយ៉ាងតិច ១៥នាទី ដើម្បីគាំពារសុខុមាលភាពកម្មករ និយោជិតជាស្ត្រីមានផ្ទៃពោះ និងទារកក្នុងផ្ទៃ។

៦.សូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល កម្ពុជា ដែលបានយកចិត្តទុកដាក់ចំពោះស្ត្រី ជាកម្មការិនីមានផ្ទៃពោះ ដោយបានសម្រេច ផ្តល់ប្រាក់ខែ១២០% ក្នុងរយៈពេលសម្រាកឆ្លងទន្លេបីខែ។

៧.សូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុញ្ញាតឱ្យបងប្អូនកម្មករ និយោជិត ដែលជាស្ត្រីខ្មែរ-អ៊ិស្លាម អាចប្រើ ប្រាស់សម្លៀកបំពាក់តាមបែបប្រពៃណីអ៊ិស្លាម មកបំពេញការងារ វៀរលែងតែប៉ះពាល់ដល់ សុវត្ថិភាពការងាររបស់កម្មករនិយោជិត ដែល ជាស្ត្រីខ្មែរ-អ៊ិស្លាម។

៨.សូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មការិនី ដែលបានសម្រាលកូន ទោះបីក្នុងប្រព័ន្ធ ឬ ក្រៅប្រព័ន្ធ ទោះបីកូននោះកើតរស់ ឬស្លាប់ក៏ នៅតែទទួលបានប្រាក់ឧបត្ថម្ភគាំពារ។ ក្នុងនោះ បើសម្រាលបានកូនមួយនាក់ នឹងទទួលបាន ប្រាក់ឧបត្ថម្ភ៤០ម៉ឺនរៀល កូនភ្លោះពីរនាក់ ទទួលបាន៨០ម៉ឺនរៀល និងកូនភ្លោះបីនាក់ ទទួលបាន១២០ម៉ឺនរៀល។ អត្ថប្រយោជន៍ នេះ នឹងអនុវត្តចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ តទៅ។

៩.សូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលអនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់ ទទួលបានការពិនិត្យព្យាបាលជំងឺនៅមន្ទីរពេទ្យរដ្ឋ ដោយមិនគិតថ្លៃចាប់ពីឆ្នាំ២០១៨ តទៅ។

១០.សូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលបានបន្តមិនយកពន្ធលើអត្ថប្រយោជន៍ ផ្សេងៗរបស់កម្មករនិយោជិត។

១១.សូមថ្លែងអំណរគុណដល់អង្គការ អន្តរជាតិខាងការងារ (ILO) ដែលបានផ្តល់ជំនួយបច្ចេកទេស និងលើកកម្ពស់សមត្ថភាពដល់ត្រី ភាគី ឱ្យបានកាន់តែយល់ច្បាស់អំពីយន្តការ និងលក្ខណវិនិច្ឆ័យនៃការកំណត់ប្រាក់ឈ្នួល អប្បបរមានៅកម្ពុជា។

១២.សូមថ្លែងអំណរគុណដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានរៀបចំបន្ទប់ប្រជុំ ភេសជ្ជៈ និងអាហារសម្រន់សម្រាប់ភាគី កម្មករនិយោជិត និងភាគីនិយោជក ប្រើប្រាស់ក្នុងកិច្ចប្រជុំផ្ទៃក្នុង និងកិច្ចប្រជុំទ្វេភាគី។

១៣.បានរៀបចំចងក្រងក្រមសីលធម៌ សម្រាប់អនុវត្តក្នុងកិច្ចប្រជុំ ដោយភាគីនីមួយៗ ត្រូវប្រកាន់ខ្ជាប់នូវស្មារតីអត់ធ្មត់ អធ្យាស្រ័យ និងសុឆន្ទៈ ព្រមទាំងប្រើប្រាស់ហេតុផល និងទឡ្ហីករណ៍សមស្រប ដែលពាក់ព័ន្ធនឹងបម្រែបម្រួលលក្ខណវិៈនិច្ឆ័យទាំង៧ នៃការដំឡើង ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើងសម្រាប់ឆ្នាំ២០១៨។

១៤.បានកំណត់យកវិធីសាស្ត្រ នៃការអនុម័តសេចក្តីសម្រេចរបស់ក្រុមការងារបច្ចេកទេសត្រីភាគី ដោយប្រើយន្តការកុងសង់ស៊ីស។ ក្នុងករណីមិនមានកុងសង់ស៊ីសលើតួលេខ ឬអត្រាកំណើនណាមួយ ត្រូវបោះឆ្នោតជាសម្ងាត់ ដើម្បីស្ទាបស្ទង់លើការគាំទ្រតួលេខ ឬអត្រាកំណើនដែលទទួលបានពីគ្រប់ភាគី ដើម្បីធ្វើជារបាយការណ៍ជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជ្រាប និងធ្វើការ កោះប្រជុំគណៈកម្មការប្រឹក្សាការងារពិនិត្យពិភាក្សា។

១៥.បានពិភាក្សាអំពីអត្រាបម្រែបម្រួល លក្ខណវិនិច្ឆ័យទាំង៧ ក្នុងការដំឡើងប្រាក់ឈ្នួល អប្បបរមាផ្នែកវាយនភណ្ឌកាត់ដេរ និងផលិត ស្បែកជើងសម្រាប់ឆ្នាំ២០១៨។

ឆ្លងតាមការពិភាក្សាគ្នា អង្គប្រជុំបានបង្រួម គម្លាតនៃតួលេខរៀងខ្លួន និងបានបោះឆ្នោតស្ទាបស្ទង់លើតួលេខរបស់ភាគីទាំងបីស្របទៅ តាមនីតិវិធី ដែលបានឯកភាពគ្នានៅមុនពេល ចរចា ដោយទទួលបានលទ្ធផលដូចខាងក្រោម ៖

-តួលេខចំនួន១៧០ដុល្លារអាមេរិករបស់ភាគីតំណាងកម្មករនិយោជិត ទទួលបានសំឡេងឆ្នោត១៥សំឡេងលើ៤៧សំឡេង

-តួលេខចំនួន១៦២ដុល្លារអាមេរិករបស់ភាគីតំណាងនិយោជកទទួលបានសំឡេងឆ្នោត១៦សំឡេងលើ៤៧សំឡេង

-តួលេខចំនួន១៦៥ដុល្លារអាមេរិករបស់ភាគីតំណាងរាជរដ្ឋាភិបាលទទួលបានសំឡេងឆ្នោត១៦សំឡេងលើ៤៧សំឡេង។

ក្រៅពីការអនុម័តទៅលើតួលេខប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០១៨ ភាគីនីមួយៗបានភ្ជាប់ជាមួយនូវជំហរដោយឡែករបស់ខ្លួន ដូច ខាងក្រោម ៖

ខ.ជំហរ និងសំណើរបស់ភាគីតំណាងកម្មករ និយោជិត (សហជីព)

១.សូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលបានឱ្យនិយោជកបង់ភាគទាន ប.ស.ស ផ្នែកថែទាំសុខភាពចំនួន១.៣ភាគរយ ជំនួស កម្មករនិយោជិត ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨។

២.ភាគីតំណាងកម្មករនិយោជិត នឹងធ្វើសំណើជាឯកតោភាគីរៀងៗខ្លួនទៅកាន់សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងបណ្តាប្រទេសដទៃ ផ្សេងទៀត ក៏ដូចជាទៅកាន់ម្ចាស់ម៉ាកនានា ឱ្យកាន់តែបើកចំហទីផ្សារសម្រួលលក្ខខណ្ឌពាណិជ្ជកម្មសម្រាប់ទំនិញពីកម្ពុជា និងបង្កើនការបញ្ជាទិញពីកម្ពុជា។

៣.សូមរាជរដ្ឋាភិបាលបន្តពង្រីកបណ្តាញអគ្គិសនី បណ្តាញទឹកស្អាត ដែលមានតម្លៃទាប ឱ្យបាននៅទូទាំងប្រទេស។

៤.សូមរាជរដ្ឋាភិបាល បន្តអនុវត្តច្បាប់ ភតិសន្យាពិសេស (ច្បាប់ជួលបន្ទប់) ឱ្យបាន ម៉ឺងម៉ាត់ជៀសវាងការដំឡើងថ្លៃ។

៥.សូមរាជរដ្ឋាភិបាលរៀបចំនយោបាយ ធ្វើដំណើរសម្រាប់បងប្អូនកម្មករនិយោជិតឱ្យ បនាសមរម្យជៀសវាងគ្រោះថ្នាក់ការងារ។

៦.សូមរាជរដ្ឋាភិបាលរៀបចំយន្តការគ្រប់គ្រងលើការទូទាត់សំណងឱ្យបានត្រឹមត្រូវជូន កម្មករនិយោជិត ក្នុងករណីរោងចក្របិទទ្វារ (ថៅកែរត់ចោល)។

គ.សំណូមពររបស់ភាគីតំណាងនិយោជក ចំពោះរាជរដ្ឋាភិបាល

១.សុំពន្យារសុពលភាពការព្យួរទុកការ បង់ប្រាក់រំដោះពន្ធលើប្រាក់ចំណេញរបស់រោង- ចក្រវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និង កាបូប សម្រាប់រយៈពេលប្រាំឆ្នាំ (ឆ្នាំ២០១៨ ដល់ឆ្នាំ២០២២)។

២.សុំកាត់បន្ថយកម្រៃគ្រប់គ្រងការនាំចេញ (EMF) ចំនួនពាក់កណ្តាល។ កម្រៃគ្រប់គ្រងការនាំចេញនេះ កាលពីមុនត្រូវបានហៅថា កម្រៃគ្រប់គ្រងកូតានាំចេញ ដែលត្រូវបានដាក់ចេញក្នុងអំឡុងសម័យកូតា។ ប្រទេសកម្ពុជា លែងស្ថិតនៅក្នុងការដាក់កំហិតកូតាណា មួយទៀតហើយ ចាប់តាំងពីការចូលជាសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោកក្នុងឆ្នាំ២០០៤។

៣.សុំកាត់បន្ថយកម្រៃត្រួតពិនិត្យកាំកុងត្រូល មកស្មើនឹងតម្លៃកម្រៃបែបបទគយ។

៤.ពង្រឹងការអនុវត្តច្បាប់ស្តីពីការងារ និងច្បាប់ស្តីពីសហជីព។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមឯកឧត្តមរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការប្រឹក្សាការងារ មេត្តាជ្រាបជារបាយការណ៍ដ៏ខ្ពង់ខ្ពស់”៕

កុលបុត្រ

RELATED ARTICLES