ភ្នំពេញ ៖ បុរសម្នាក់ មានចរិតកាចសាហាវ ឃោរឃៅខ្លាំងពេក ត្រូវប្រពន្ធកូនរត់ចោលអស់ ទុកឱ្យរស់នៅតែ២នាក់ម្តាយបង្កើត ស្រាប់តែប៉ុនប៉ងចាប់ម្តាយបង្កើតរបស់ខ្លួនរំលោភសេពសន្ថវៈ២ថ្ងៃជាប់គ្នា តែមិនបានសម្រេច ដោយសារស្ត្រីរងគ្រោះរើបម្រះគេចខ្លួនរួច ទើបធ្វើឱ្យស្ត្រីជាម្តាយទ្រាំនឹងអំពើថោកទាបរបស់កូន ប្រុសតិរច្ឆានរូបនេះលែងបាន ក៏សម្រេចប្តឹង ឱ្យសមត្ថកិច្ចចុះចាប់ខ្លួនយកទៅចាត់ការតាមច្បាប់។
ករណីកូនប្រុសប៉ុនប៉ងរំលោភសេពសន្ថវៈ ម្តាយបង្កើតនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨និង៤០នាទីព្រឹក ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧ នៅចំណុចជាប់ របងវត្តអង្គតាម៉ិញ ស្ថិតក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
កូនប្រុសតិរច្ឆាន ដែលប៉ុនប៉ងចាប់រំលោភសេពសន្ថវៈម្តាយបង្កើតខ្លួនឯងនេះ មានឈ្មោះ ចាន់ ធារិទ្ធ អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះកើតហេតុខាងលើ។ ចំណែកស្ត្រីរងគ្រោះជាម្តាយឈ្មោះទូច ថុល អាយុ៥០ឆ្នាំ ជាស្ត្រីម៉េម៉ាយ មានកូន៥នាក់ (ប្រុស១ ស្រី៤) ចំណែកកូនប្រុសរមិលគុណខាងលើ គឺជាកូន ច្បងក្នុងគ្រួសារ។
តាមសម្តីស្ត្រីរងគ្រោះជាម្តាយ បានរៀបរាប់ប្រាប់ថា កូនប្រុសអកតញ្ញូរូបនេះ ធ្លាប់មាន ប្រពន្ធ២នាក់មកហើយ ដោយប្រពន្ធទី១ មាន កូន១ ចំណែកប្រពន្ធទី២ កូន១ដូចគ្នា សរុប មានកូនចំនួន២នាក់ហើយ (ប្រុស១ ស្រី១) តែដោយសារការកូនប្រុសគំនិតថោករូបនេះ តែងតែប្រព្រឹត្តល្បែងស៊ីសងគ្រឿងញៀន និង ថែមទាំងមានចរិតកោងកាច វាយធ្វើបាបប្រពន្ធ កូនមិនស្វាង ទើបគ្មានប្រពន្ធកូនណាអាចទ្រាំ រួមរស់ជាមួយបាន ក៏នាំគ្នារត់ចោលអស់ទៅ។ សូម្បីតែប្អូនស្រីបង្កើតខ្លួនឯង ក៏កូនប្រុសកំណាច នេះ គំរាមធ្វើបាបដែរ និងធ្វើឱ្យពួកនាងភ័យខ្លួន នាំគ្នារត់ចេញពីផ្ទះអស់ នៅសល់តែគាត់ជា ម្តាយបង្កើត រស់នៅផ្ទះតែ២នាក់កូនប្រុសឈាម ខ្មៅម្នាក់នេះប៉ុណ្ណោះ។
ស្ត្រីជាម្តាយ បានបន្តឱ្យដឹងទាំងទឹកភ្នែកថា រាល់ថ្ងៃនេះ គាត់រស់នៅរងកម្មខ្លាំងណាស់ ព្រោះតែមួយថ្ងៃៗ កូនប្រុសតិរច្ឆាននេះ ចេះតែ អុកឡុកក្នុងផ្ទះវាយខ្ទេចអស់ទ្រព្យសម្បត្តិទាំង ទ្វារ កញ្ចក់ តុ ទូ ពាង សម្ភារៈប្រើប្រាស់ មិន តែប៉ុណ្ណោះ អ្វីដែលធ្វើឱ្យគាត់នឹកស្មានមិនដល់ និងហួសចិត្តបំផុតនោះ គឺព្រោះតែឥទ្ធិពលគ្រឿងញៀនធ្វើកូនប្រុសអប្រិយនេះលែងស្គាល់ល្អ អាក្រក់ក្លាយជាមនុស្សតិរច្ឆាន ហ៊ានគំរាមចាប់ គាត់ជាម្តាយរំលោភសេពសន្ថវៈ និងថែមទាំង បានប្រើពាក្យសម្តីប្រមាថមើលងាយមើលថោក ចំពោះគាត់ជាម្តាយជាអ្នកមានគុណធ្ងន់ៗទៀតផង ដោយមិនខ្លាចនរកអវិចីអ្វីទាំងអស់។
ស្ត្រីជាម្តាយ បានបញ្ជាក់ឱ្យដឹងថា លុះមកដល់រយៈពេល២ថ្ងៃចុងក្រោយនេះ កូនប្រុសរមិលគុណខាងលើ បានព្យាយាមចាប់គាត់ រំលោភសេពសន្ថវៈម្តងជា២ដង ក្នុងរយៈពេល ២ថ្ងៃជាប់គ្នា តែសំណាងល្អ គាត់តែងគេចខ្លួន រួចរហូត។ ដោយសារតែមានការព្រួយបារម្ភ ពីសុវត្ថិភាពផ្ទាល់ខ្លួន ព្រោះកូនប្រុសបាត់បង់សតិ ជាមនុស្ស លែងស្គាល់អ្នកមានគុណ និងលែង ខ្លាចបាបបុណ្យអ្វីបែបនេះ ទើបនៅព្រឹកថ្ងៃទី ០៥ ខែតុលា ឆ្នាំ២០១៧ គាត់ក៏សម្រេចចិត្ត រាយការណ៍ប្តឹងឱ្យសមត្ថកិច្ចប៉ុស្តិ៍ចោមចៅ ជួយ អន្តរាគមន៍រហូតឈានដល់ការចាប់ខ្លួនកូនប្រុស អប្រិយរូបនេះយកទៅចាត់ការតាមច្បាប់។
សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា ក្រោយពីទទួលបានសេចក្តីរាយការណ៍ពីស្ត្រីរងគ្រោះ ជាម្តាយខាងលើរួចមក នៅវេលាម៉ោង៨និង ៤០នាទីព្រឹក ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧ កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ បានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុ ហើយភ្លាមនោះ ជនសង្ស័យ បានព្យាយាមចាក់សោ ខ្ទាស់គន្លឹះ ទ្វារពីខាងក្នុងជាប់ តែចុងក្រោយ សមត្ថកិច្ច បានប្រើវិធីសាស្ត្រលួងលោម រហូតឈានដល់ ការឃាត់ខ្លួនជនសង្ស័យបានដោយសន្តិវិធី។
ជុំវិញករណីខាងលើនេះ ស្ត្រីជាម្តាយ និងជាដើមបណ្តឹង បានស្នើសុំឱ្យសមត្ថកិច្ចធ្វើយ៉ាងណាកុំឱ្យកូនប្រុសនេះបានរួចខ្លួនចេញមកវិញឱ្យសោះ ព្រោះកូនប្រុសរមិលគុណរូបនេះ បាន បោះពាក្យសម្តីគំរាមគាត់ថា បើកាលណាគេ បានចេញពីគុកវិញនោះ គេនឹងចាប់រំលោភ ហើយសម្លាប់គាត់ជាម្តាយចោលមិនខានឡើយ ដែលពាក្យសម្តីគំរាមបែបនេះ ធ្វើឱ្យគាត់មាន ការព្រួយបារម្ភពីសុវត្ថិភាពខ្លួនឯងយ៉ាងខ្លាំង។
ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ច រៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕