កំណើតស្នេហ៍៣ឆ្នាំ រវាងតារាឯកស្រី និឆា ណ័ដ្ឋនិឆា និង អៃទិម ព្រិត ក្មួយប្រុសអតីតនាយករដ្ឋមន្ត្រីថៃ អភិសិទ្ធិ វេឆាឈីវ៉ៈ បានបញ្ចប់ជាស្ថាពរ ខណៈដែលលេចឮព័ត៌មាន ថា មានជនទី៣ ចូលមកជ្រៀតជ្រែកគឺ តូណូ ផាគិន…។
មុននេះបន្តិច នៅពេលលេចឮព័ត៌មាននៃការបែកបាក់ និឆា បានត្រឹមតែទទួលស្គាល់ថា ពួកនាងពិតជាមានគម្លាតនឹងគ្នាមែន តែមិនព្រមប្រាប់មូលហេតុដែលធ្វើឱ្យគូស្នេហ៍ធ្លាប់តែស្អិតល្មួតនេះត្រឡប់ជាសោះអង្គើយឡើយ។ រហូតមកដល់ដើមខែតុលា ទើប និឆា ព្រមសារភាពថា ទំនាក់ទំនងស្នេហារវាងអ្នកទាំងពីរ ពិតជាត្រូវបានបញ្ចប់មែន ដោយនៅសល់ត្រឹមតែពាក្យជា “មិត្តល្អ” តែប៉ុណ្ណោះ។ ទោះជាយ៉ាងណា និឆា ក៏នៅតែមិនព្រមប្រាប់ពីមូលហេតុនៃការបែកបាក់នេះដដែល។
អ្នកតាមដានរឿងរ៉ាវស្នេហានេះ សន្និដ្ឋានថា ការបែកបាក់បណ្តាលមកពីមានបាតដៃទី៣ ចូលមកជ្រៀតជ្រែក ព្រោះគេឃើញ និឆា ដើរដឹកដៃ តូណូ ផាគិន ទៅញ៉ាំអាហារល្ងាចយ៉ាងជិតស្និទ្ធ។ ចំពោះករណីនេះ និឆា បកស្រាយថា នេះគ្រាន់តែជាយុទ្ធសាស្ត្រឃោសនាផ្សព្វផ្សាយខ្សែរឿងភាគ The Cupids តែប៉ុណ្ណោះ។

ប៉ុន្តែ ប្រិយមិត្តហាក់មិនជឿពាក្យសម្តីរបស់នាងឡើយ។ លុះដល់នាងចេញមកសារភាពការបែកបាក់ជាមួយ អៃទិម ទើបមហាជនផ្ទេរចំណាប់អារម្មណ៍ទៅលើ តូណូ ថាជាបាតដៃទី៣ ពិតប្រាកដណាស់។
តូណូ ពិតជាបាតដៃទី៣ មែនឬ? បញ្ហានេះ និឆា បំភ្លឺថា “គាត់គឺជាមិត្តរួមការងារ ដែលជិតស្និទ្ធគ្នាធម្មតា”។ នាងបន្ថែមទៀតថា ការបែកបាក់រវាងនាង និង អៃទិម មិនពាក់ព័ន្ធ នឹងជនទី៣ទេ។

នាងទទួលស្គាល់ថា ពេលនេះបេះដូងនាងនៅទំនេរ និងពុំទាន់ផ្តោតសម្លឹងរកមើលអ្នកថ្មីទេ ទោះជាបុរសជាច្រើនស្ម័គ្រចិត្តចូលមកផ្សះផ្សា របួសបេះដូងនាងក៏ដោយ។ ក្នុងការបាក់បែកស្នេហានេះ អ្នកដែលកើតទុក្ខខ្លាំងជាងគេគឺ អៃទិម ព្រោះចាប់តាំងពីបែកបាក់គ្នាមក គេសម្ងំលាក់ខ្លួន ពុំមានសកម្មភាពក្នុងបណ្តាញទំនាក់ទំនងសង្គមដូចមុនទេ។
ចំណែកលោក តូណូ ផាគិន ដែលរងការចោទប្រកាន់ជាបាតដៃទី៣ ក៏បានចេញមកបដិសេធថា លោកគ្មានពាក់ព័ន្ធនឹងការបែកបាក់នៃគូស្នេហ៍នេះទេ ហើយលោកក៏មិនខ្វល់នឹងពាក្យលេចឮដែរ ព្រោះលោកពុំបានប្រព្រឹត្តអ្វីខុស៕