ប្រជាពលរដ្ឋរស់នៅឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល បានខ្សឹបឱ្យឮតាម “នគរធំ” ថា នៅក្នុងភូមិសាស្ត្រដែលពួកគាត់រស់នៅសព្វថ្ងៃ សម្បូរទៅដោយវង់ល្បែងស៊ីសងខ្លាំងណាស់ ពិសេសល្បែងបញ្ជល់មាន់ ដែលមានសង្វៀនធំមួយបើកដំណើរការរាល់ថ្ងៃ និងតែងមានអ្នកចេញចូលលេងដោយសេរី ដោយបើកចំហគ្មានខ្លាចក្រែងរអែងសមត្ថកិច្ចណាទាំងអស់ ព្រោះគេដឹងច្បាស់ថា សង្វៀនជល់មាន់នោះ ជារបស់កូនប្រសាលោកធំម្នាក់។
ប្រជាពលរដ្ឋបានខ្សឹបថា សង្វៀនបញ្ជល់ មាន់នោះ មានទីតាំងនៅចំណុចផ្លូវច្រកចូលវត្តខ្សាច់ ស្ថិតក្នុងភូមិខ្សាច់ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។ ទីតាំងបញ្ជល់មាន់នេះ តែងឃើញបើកទទួលភ្ញៀវ យកមាន់មកផ្គូរផ្គង បញ្ជល់ភ្នាល់ដាក់លុយជារៀងរាល់ថ្ងៃ និងឃើញមនុស្សម្នាចេញចូលគគ្រឹកគគ្រេង មានទាំងម៉ូតូ និងរថយន្តទំនើបៗទៀតផង ហើយហាក់គ្មាន ការលាក់លៀមអ្វីសោះឡើយ ពោលគឺបើក ចំហតែម្តង ហើយកន្លែងបញ្ជល់មាន់នេះ មានមេការធំឈ្មោះម៉ាប់ ជាអ្នកទទួលខុសត្រូវគ្រប់គ្រងទីតាំងនេះ និងជាកូនប្រសារបស់លោកធំ ម្នាក់ទៀតផង។
ប្រជាពលរដ្ឋ បានខ្សឹបឱ្យឮបន្តថា ទំនងដោយសារម្ចាស់សង្វៀនមាន់ មានខ្សែ មានខ្នងក្រាស់ឃ្មឹកបែបនេះហើយ ទើបបានជាអាជ្ញាធរ មូលដ្ឋាន ក៏ដូចជាសមត្ថកិច្ច ចេះតែមើលរំលង គ្មានចំណាត់ការអ្វីទាំងអស់ រហូតដល់មានការសង្ស័យថា ទាំងអាជ្ញាធរ ក៏ដូចជាសមត្ថកិច្ច ពាក់ព័ន្ធ អាចនឹងទទួលបានផលប្រយោជន៍ សើមមាត់ពីសង្វៀនបញ្ជល់មាន់ មួយនេះផង ក៏មិនដឹង ទើបមិនព្រមរាយការណ៍ទៅថ្នាក់លើ ដើម្បីចាត់វិធានការផ្លូវច្បាប់អ្វីសោះឡើយចេះ តែទុកគ្រាន់ចិញ្ចឹមឆ្នាំងខ្លួនឯង។
ប្រជាពលរដ្ឋបានខ្សឹបបន្តទៀតថា ដោយសារតែការញៀនល្បែងស៊ីសង បញ្ជល់មាន់ គ្រឿងញៀននេះហើយ ទើបធ្វើឱ្យភូមិរបស់ ពួកគាត់មិនសូវមានសុវត្ថិភាពតាមផែនការ ដែលរាជរដ្ឋាភិបាលដាក់ចេញ នូវគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាពនោះទេ ព្រោះពេលនេះ បទល្មើស ចោរកម្ម ឆក់ប្លន់ ហាក់ចាប់ផ្តើម កម្រើកឡើងវិញហើយ រហូតដល់ប្រជាពលរដ្ឋ មិនហ៊ានទិញយានជំនិះល្អៗជិះនឹងគេទេ បើ ពេលយប់ព្រលប់វិញ ស្ទើរតែមិនហ៊ានចេញ ក្រៅផ្ទះផង បើចង់ចេញឬចូលផ្ទះពេលយប់ ព្រលប់ ទាល់តែមានគ្នាអមជាមួយ ទើបកក់ក្តៅ។ ចំណែកពេលដេកវិញ គឺដេកទាំងភ័យ ព្រួយ ខ្លាចពួកចោរយាយី។
ប្រជាពលរដ្ឋបានខ្សឹបឱ្យឮទៀតថា រាល់ ថ្ងៃនេះ ពួកគាត់អាណិតរាជរដ្ឋាភិបាលណាស់ ដែលខិតខំបង្កើតគោលនយោបាយ ភូមិ-ឃុំមាន សុវត្ថិភាព ដើម្បីបម្រើសេចក្តីសុខជូនប្រជាពលរដ្ឋ តែបែរជាថ្នាក់ក្រោម ឬមន្ត្រីមានអំណាច ខិលខូចមួយចំនួនតូច តួយ៉ាងម្ចាស់សង្វៀនបញ្ជល់ មាន់ខាងលើ មិនដែលគោរពតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលសោះឡើយ។ ហេតុនេះ ប្រជាពលរដ្ឋសូមខ្សឹបឱ្យឮដល់ក្រសួងមហាផ្ទៃ ដែលមានសម្តេច ស ខេង ជារដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាល ជាតិ និងលោកអភិបាលខេត្តកណ្តាល ម៉ៅ ភិរុណ មេត្តាចាត់វិធានការម៉ឺងម៉ាត់ និងជាបន្ទាន់ ក្នុង ការកម្ចាត់ទីតាំងបញ្ជល់មាន់ ដែលជាមេរោគ បំផ្លាញសង្គមនេះផង ព្រោះសេចក្តីសុខពលរដ្ឋ ពឹងអាស្រ័យលើអាជ្ញាធរមូលដ្ឋាន តែបើពួក គាត់មិនអើពើ តើឱ្យពលរដ្ឋទទួលបានអារម្មណ៍ កក់ក្តៅយ៉ាងដូចម្តេច?
ទោះជាយ៉ាងណា ជុំវិញការខ្សឹបខាងលើ នេះ “នគរធំ” មិនដឹងថា មានការពិតកម្រិតណា ទេ ដោយសារមិនអាចទាក់ទងសុំការបំភ្លឺពី សមត្ថកិច្ចក៏ដូចជាអាជ្ញាធរមូលដ្ឋានបានទេ កាល ពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំទទួលការ បកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕