Tuesday, November 26, 2024
Homeសង្គម និងជីវិតខឹងសុំលុយមិនបាន កូនប្រុសទាញប៉័ងតោកាប់ឪពុក

ខឹងសុំលុយមិនបាន កូនប្រុសទាញប៉័ងតោកាប់ឪពុក

ភ្នំពេញ ៖ កូនប្រុសរមិលគុណម្នាក់ ព្រោះតែខឹងសុំលុយឪពុកមិនបាន ក៏ផ្ទុះកំហឹងទាញ កាំបិតប៉័ងតោដេញកាប់ប្រហារឪពុកទាំងកំរោល បណ្តាលឱ្យរងរបួសធ្ងន់ និងព្យាយាមរត់គេចខ្លួន តែត្រូវកម្លាំងប្រជាការពារ រួមនិងប្រជាពលរដ្ឋប្រដេញតាមចាប់បាន យកមកប្រគល់ ឱ្យសមត្ថកិច្ច ចាត់ការតាមច្បាប់។

ករណីកូនប្រុសអកតញ្ញូទាញកាំបិតកាប់ឪពុកឱ្យរងរបួសធ្ងន់នេះ បានបង្កឱ្យមានការ ភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧និង៣០ នាទីព្រឹក ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៧ នៅចំណុចភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ។

ជនបង្កហេតុដែលកាប់ប្រហារឪពុកបង្កើតរបស់ខ្លួន

ជនសង្ស័យដែលកាប់ប្រហារឪពុកបង្កើតរបស់ខ្លួនដោយមិនខ្លាចបាបបុណ្យនោះ មានឈ្មោះរតនៈ សម្បត្តិ អាយុ២០ឆ្នាំ ជាបុគ្គលិក រត់តុកាហ្វេនៅក្នុងហាងកាហ្វេមួយកន្លែង ស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យ។ ចំណែកបុរសរងគ្រោះ ជាឪពុកឈ្មោះស៊ុន ឡេង អាយុជាង ៥០ឆ្នាំ ជាអ្នកលក់ដូរនៅក្នុងផ្សារទួលពង្រ។ ឪពុកនិងកូនប្រុសខាងលើ សព្វថ្ងៃស្នាក់នៅផ្ទះ ជុំគ្នា ក្នុងភូមិកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យ ដឹងថា នៅមុនពេលកើតហេតុ គេឃើញជនសង្ស័យខាងលើ បានកើតមានទំនាស់ពាក្យ សម្តីតឹងសរសៃក ជាមួយឪពុកបង្កើតរបស់ខ្លួន បន្ទាប់មក ជនសង្ស័យក៏ស្ទុះទៅទាញកាំបិត ប៉័ងតោកាប់ប្រហារទៅលើជនរងគ្រោះជាឪពុក ទាំងកំរោល បណ្តាលឱ្យរងរបួសធ្ងន់តែម្តង។ ចំណែកជនដៃដល់ បានព្យាយាមរត់គេចខ្លួន ភ្លាមៗដែរ តែត្រូវប្រជាការពារ រួមនិងប្រជាពលរដ្ឋ ព័ទ្ធចាប់ឃាត់បានយកទៅប្រគល់ឱ្យសមត្ថកិច្ច ដើម្បីដោះស្រាយតាមច្បាប់តែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបាន ឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាព កាប់ប្រហារឪពុកមែន មូលហេតុដោយសារ តែរូបគេខឹងនឹងឪពុកដែលមិនឱ្យរូបគេខ្ចីទូរស័ព្ទ ហើយពេលគេសុំលុយ ក៏ឪពុកមិនឱ្យ ទើបរូប គេផ្ទុះកំហឹងបែបនេះ។

ជនសង្ស័យបន្តសារភាពថា នៅមុនពេល កើតហេតុ រូបគេបានទៅខ្ចីទូរស័ព្ទពីឪពុក ដើម្បីខលទៅកាន់កន្លែងធ្វើការ ព្រោះទូរស័ព្ទរបស់គេអស់លុយ ប៉ុន្តែទោះជាខ្ចីយ៉ាងណា ក៏ឪពុកមិនឱ្យទូរស័ព្ទខ្ចីសោះ។ នៅពេលដែលខ្ចីទូរស័ព្ទ ឪពុកមិនបាន ទើបរូបគេបានសុំលុយឪពុកដើម្បី យកទៅទិញកាតបញ្ចូលទូរស័ព្ទវិញម្តង តែឪពុកនៅតែបដិសេធមិនឱ្យដដែល ទើបធ្វើឱ្យ រូបគេខឹងសម្បារយ៉ាងខ្លាំង ក៏ប្រើពាក្យសម្តី ទ្រគោះបោះសោក និងប្រមាថទៅលើឪពុក យ៉ាងចាស់ដៃ រហូតក្លាយជាទំនាស់ពាក្យសម្តី គ្នាយ៉ាងខ្លាំង។ បន្ទាប់មក បងប្រុសរបស់គេ ម្នាក់ទៀត បានមកជួយខាងឪពុកឈ្លោះជាមួយ រូបគេ ទើបធ្វើឱ្យរូបគេខឹងច្រឡោតកាន់តែខ្លាំងទ្វេដង ទើបស្ទុះទៅទាញកាំបិតកាប់ប្រហារទៅលើឪពុកបណ្តាលឱ្យរងរបួសដៃតែម្តង។

ជុំវិញករណីខាងលើនេះ បុរសជាឪពុក បានសម្រេចដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ច ចាត់ ការកូនប្រុសកំណាចម្នាក់នេះ ទៅតាមច្បាប់ទៅចុះ ព្រោះមិនអាចអត់ឱន ឬលើកលែងឱ្យ រូបគេបានឡើយ ដោយសាររូបគេមានចិត្តកោង កាចសាហាវខ្លាំងណាស់ លែងស្គាល់សូម្បីបាប បុណ្យ គុណទោស នៅហ៊ានលើកដៃកាប់ប្រហារ ឪពុកខ្លួនឯងទៀតផង។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ច រៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់ សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការ បន្តតាមនីតិវីធី៕

RELATED ARTICLES