Wednesday, November 27, 2024
Homeតារាខ្មែរឱក សុគន្ធកញ្ញា ត្រៀមចូលរោងការជាមួយប្អូនថៅកែទូរទស្សន៍ហង្សមាស ឆ្នាំ២០១៨

ឱក សុគន្ធកញ្ញា ត្រៀមចូលរោងការជាមួយប្អូនថៅកែទូរទស្សន៍ហង្សមាស ឆ្នាំ២០១៨

ភ្នំពេញ ៖ តារាចម្រៀងស្រីល្បីឈ្មោះប្រចាំផលិតកម្មយក្ស ហង្សមាស ឱក សុគន្ធកញ្ញា ពេលនេះកំពុងតែធ្វើឱ្យមហាជនអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងជុំវិញរឿងរ៉ាវស្នេហារបស់នាង ខណៈដែលមានព័ត៌មានមកថា ឱក សុគន្ធកញ្ញា កំពុងបង្កាត់ភ្លើងស្នេហ៍ជាមួយប្អូនថៅកែផលិតកម្មរស្មីហង្សមាស លោកអ៊ឹង សុខលី ហើយអ្នកទាំង២ ត្រៀមការជាមួយគ្នានៅឆ្នាំ២០១៨ខាងមុខ បន្ទាប់ពីស្វែងយល់ចិត្តគ្នាអស់រយៈពេលជាង៥ឆ្នាំ ព្រមទាំងបានភ្ជាប់ពាក្យស្ងាត់ៗ កាលពីដើមឆ្នាំ២០១៧រួចមក។

​ឱក សុគន្ធកញ្ញា និងលោកអុឹង សុខលី (រូបរង្វង់មូល)

 

មហាជន និងអ្នកសិល្បៈជាច្រើន សុទ្ធតែគាំទ្រស្នេហាមួយនេះ ដោយហេតុថា ទាំងសុគន្ធកញ្ញា និងលោកសុខលី សុទ្ធតែនៅលីវដូចគ្នា តែអ្នកដែលគេអាណិតជាងគេ គឺលោករ៉េតធី ដូណា ដែលជាអតីតសង្សារសុគន្ធកញ្ញា ទៅវិញទេ ព្រោះច្បាស់ជាមិនអាចទប់ទឹកភ្នែកជាប់ឡើយ នៅពេលដែលឮសំឡេងភ្លេងការបន្លឺឡើង។

ឱក សុគន្ធកញ្ញា ត្រូវបែកធ្លាយរឿងមានស្នេហាជាមួយប្អូនថៅកែផលិតកម្មរស្មីហង្សមាស ជាង៥ឆ្នាំមកហើយ ពោលគឺតាំងពីនាងបានផ្តាច់ស្នេហ៍ជាមួយសង្សារចាស់ តន្ត្រីកររ៉េតធី ដូណា កាលពីឆ្នាំ២០១១មកម៉្លេះ តែត្រូវបានអ្នកចម្រៀងល្បីល្បាញរូបនេះព្យាយាមបិទបាំង ខណៈដែលម្តាយរបស់នាង អ្នកស្រីអ៊ិន ថាច ធ្លាប់ប្រាប់ថា មិនដឹងរឿង។ ប៉ុន្តែកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ នៅពេលដែលឱក សុគន្ធកញ្ញា ប្រារឰខួបកំណើតគម្រប់អាយុ៣០ឆ្នាំនោះ តារាចម្រៀងរូបនេះបានបង្ហោះរូបភាពស្និទ្ធស្នាលស្នេហ៍ជាមួយប្អូនថៅកែផលិតកម្មហង្សមាស និងទូរទស្សន៍ហង្សមាស លោកអ៊ឹង ឆៃងួន នោះជាចំហតែម្តង ដែលហាក់មានចេតនាឱ្យគ្រប់គ្នាបានដឹងពីរឿងស្នេហារបស់នាង។

រូបភាពជាច្រើនសន្លឹកដែលឱក សុគន្ធកញ្ញា បានបញ្ចោញឱ្យគេឃើញនោះ គឺបង្ហាញពីការយកចិត្តទុកដាក់របស់គូស្នេហ៍ថ្មី លោកអ៊ឹង សុខលី ឈរកៀកកិតនាងនៅពីមុខនំខួបកំណើតរបស់នាង ដែលពីមុនមកតារាចម្រៀងរូបនេះ មិនដែលហ៊ានបញ្ចោញឱ្យគេឃើញបែបនេះ ឡើយ។

អ្នកសិល្បៈមួយចំនួនបានលើកឡើងថា ពេលនេះ ឱក សុគន្ធកញ្ញា ចង់ឱ្យគេដឹងរឿងស្នេហារបស់នាងតែម្តង បានជាថតរូបកៀកកើយជាមួយប្អូនថៅកែហង្សមាស ហើយហ៊ានបង្ហោះបែបនេះ ព្រោះតែលេចឮព័ត៌មានថា ពួកគេទាំង២ បានភ្ជាប់ពាក្យជាមួយគ្នាតាំងពីខែឧសភា ឆ្នាំ២០១៧ ម៉្លេះ គឺបានន័យថា គ្មានអ្វីត្រូវលាក់លៀមតទៅទៀតឡើយ ព្រោះថា ពេលនេះពួកគេគឺជាគូដណ្តឹងគ្នាស្របច្បាប់ទៅហើយ។

អ្នកយកព័ត៌មានយើងបានទូរស័ព្ទទៅតារាចម្រៀងឱក សុគន្ធកញ្ញា កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧ តែត្រូវបានម្តាយនាង គឺអ្នកស្រីអ៊ិន ថាច បានលើកទូរស័ព្ទជំនួសកូនស្រី រួចនិយាយថា រឿងលេចឮថា កូនស្រីគាត់មានស្នេហាជាមួយប្អូនថៅកែហង្សមាសនោះ គាត់មិនអាចហាមឃាត់គេមិនឱ្យនិយាយបានឡើយ តែគាត់ក៏មិនទទួលស្គាល់ដំណឹងខាងលើនេះដែរ។

ម្តាយសុគន្ធកញ្ញា បាននិយាយដោយប្រុងប្រយ័ត្នខ្ពស់ថា “រឿងហ្នឹង បើខ្ញុំមិនដឹងផង តើឱ្យខ្ញុំទទួលស្គាល់ថាម៉េចទៅ? ពិបាកដែរ ពេលលេចឮថា អីចឹងគេចុះអីណា ខ្ញុំមិនដឹងទេ។ និយាយទៅ ខ្ញុំមិនអាចហាមឃាត់គេនិយាយបាន។ ភ្ជាប់ពាក្យអីឯណាក្រែងវិចិត្រ ឯង (អ្នកយកព័ត៌មាន “នគរធំ”) ធ្លាប់សួរខ្ញុំកាលពីខែមុនហើយតើ! ខ្ញុំអត់ដឹងផង ឱ្យខ្ញុំមកសារភាពយ៉ាងម៉េច? ពេលនេះខ្ញុំសូមឆ្លើយថា មិនទាន់មានរឿងហ្នឹង (ភ្ជាប់ពាក្យ) កើតឡើងទេ តែនៅថ្ងៃខាងមុខ យើងក៏មិនអាចថាបានដែរ”។

ក្រុមអ្នកសិល្បៈដែលជិតដិតឱក សុគន្ធកញ្ញា បានបង្ហាញចំណាប់អារម្មណ៍ថា ទោះជាពេលនេះ សុគន្ធកញ្ញា បែកធ្លាយរឿងស្នេហ៍ប្អូនថៅកែហង្សមាស ពេញផ្ទៃប្រទេសមែន តែពេលនេះនាងគ្មានពាក់ព័ន្ធស្នេហ៍ជាមួយប្រុសណាទេ ចំណែកលោកអ៊ឹង សុខលី ក៏មិនធ្លាប់មានប្រពន្ធកូនពីមុនដែរ អីចឹងស្នេហាដែលកើតចេញពីចិត្តនិងចិត្ត គ្មានការបង្ខិតបង្ខំ គឺគ្មានអ្វីត្រូវប៉ះពាល់ខ្លាំងដល់កេរ្តិ៍ឈ្មោះតារាចម្រៀងរូបនេះ ឬអាចនឹងប្រឈមការធ្លាក់កូដអ្វីឡើយ ព្រោះថាមុននេះ មាស សុខសោភា ធ្លាយរូបស្រើបស្រាលឱបថើបបឺតមាត់ប្រុសកាណាដា យ៉ាងរោលរាល ហើយពេលនេះ ពួកគេបានរួមរស់ជាមួយគ្នា១០ឆ្នាំ ដោយមិនទាន់បានរៀបការផង តែសុខសោភា នៅតែល្បី។ ដោយឡែក ឱក សុគន្ធកញ្ញា ដែលពេលនេះលេចឮថា ក្លាយទៅជាគូដណ្តឹងលោកអ៊ឹង សុខលី ដែលជាអ្នកដឹកនាំសម្តែងខារ៉ាអូខេខ្លាំងម្នាក់នៅហង្សមាស និងពេលនេះជាអ្នកគ្រប់គ្រងដឹកនាំស្ទើរតែទាំងស្រុងលើប៉ុស្តិ៍ទូរទស្សន៍ហង្សមាសនោះ មានព័ត៌មានថា ពួកគេនឹងត្រៀមរៀបការជាចំហនៅឆ្នាំ២០១៨ ខាងមុខនេះ។

អ្នកយកព័ត៌មានយើងក៏បានព្យាយាមទូរស័ព្ទទៅលោកអ៊ឹង សុខលី ២ថ្ងៃជាប់គ្នាដែរ គឺថ្ងៃសុក្រ ទី០៦ និងថ្ងៃសៅរ៍ ទី០៧ ខែតុលា ឆ្នាំ២០១៧ តែតេចូលគ្មានអ្នកលើកសោះ ទើបមិនអាចសុំការបំភ្លឺបានឡើយ។ ចំណែកលោកអ៊ឹង សុខលាភ ដែលជាអ្នកគ្រប់គ្រងផលិតកម្មរស្មីហង្សមាសវិញ ទូរស័ព្ទចូលក៏មិនលើកដូចគ្នាដែរ នៅថ្ងៃដដែលនោះ។

ដោយឡែក លោកអ៊ឹង ឆៃងួន ដែលជាថៅកែផលិតកម្មរស្មីហង្សមាសវិញ បាននិយាយខ្លីនៅថ្ងៃនោះថា “អូ! រឿងហ្នឹងខ្ញុំអត់បានដឹងទេណា៎! សុំទោសផង ខ្ញុំអត់ដឹងទេ! អរគុណ!”។

ចំណែកអ្នកស្រីអ៊ិន ថាច ម្តាយរបស់ឱក សុគន្ធកញ្ញា បានអះអាងបន្ថែមថា “រឿងសុគន្ធកញ្ញា ជ្រើសរើសគូស្រករ ខ្ញុំទុកឱ្យគេជាអ្នកសម្រេចចិត្ត តែក្នុងនាមខ្ញុំជាម្តាយគេ ខ្ញុំក៏ត្រូវតែមើលខុសត្រូវក្នុងរឿងនេះដែរ។ មិនមែនថា យើងល្បីមិនហ៊ានរៀបការទេ គឺយើងមិនមែនជានារីអឺរ៉ុបឯណា ត្រូវតែរៀបការ គ្រាន់តែថាពេលនេះ ខ្ញុំមិនបានដឹងរឿងអីទេ អីចឹងខ្ញុំមិនអាចទទួលស្គាល់តាមការលេចឮនោះទេ។ តែថ្ងៃខាងមុខ យើងក៏មិនអាចថាមានរឿងអីដែរ”។

អ្នកសិល្បៈមួយចំនួនបានបង្ហាញចំណាប់អារម្មណ៍ថា ប្រសិនបើឱកសុគន្ធកញ្ញា ប្រថុយដឹកដៃលោកអ៊ឹង សុខលី ចូលរោងការនៅឆ្នាំ២០១៨ នោះមែន គឺនឹងធ្វើឱ្យតារាចម្រៀងល្បីឈ្មោះសុគន្ធកញ្ញា ក្លាយទៅជាអ្នកសិល្បការិនីដំបូងគេបំផុត ដែលក្លាយទៅជាសមាជិកនៃគ្រួសារអ្នកជំនួញទ្រព្យស្តុកល្បីឈ្មោះរបស់លោកអ៊ឹង ឆៃងួន នោះ ព្រោះកន្លងមក ក្រុមគ្រួសារលោកមិនដែលមានអ្នកណាម្នាក់រៀបការជាមួយអ្នកសិល្បៈឡើយ គឺច្រើនតែភ្ជាប់សាច់ឈាមជាមួយអ្នកជំនួញមានទ្រព្យហូរហៀរដូចគ្នា។ ជាក់ស្តែងលោកអ៊ឹង សុខលាភ ដែលជាកូនប្រុសលោកឆៃងួន និងអ្នកគ្រប់គ្រងផលិតកម្មរស្មីហង្សមាសនោះ បានក្លាយទៅជាកូនប្រសាឧកញ៉ា តាំង ផេងប៉ោ ទៅហើយ និងមិនស្វាគមន៍អ្នកកាសែតដូចមុនទៀតឡើយ៕

RELATED ARTICLES