Monday, November 25, 2024
Homeព័ត៌មានជាតិសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក អះអាងបន្តបើកទីផ្សារនិងបង្កើនការបញ្ជាទិញទំនិញកម្ពុជា

សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក អះអាងបន្តបើកទីផ្សារនិងបង្កើនការបញ្ជាទិញទំនិញកម្ពុជា

ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប និងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានសាទរកម្ពុជា ដែលបានសម្រេច ដំឡើងប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០១៨ សម្រាប់ កម្មករ ចំនួន១៧០ដុល្លារអាមេរិក ហើយបញ្ជាក់ ថា សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប នឹង បន្តបើកទីផ្សាររបស់ខ្លួនដល់កម្ពុជា និងបង្កើន ការបញ្ជាទិញទំនិញពីកម្ពុជា។

នារសៀលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧ លោកអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបលោក វិល្លៀម ហេដថ៍ (William A.Heidt) ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា និងលោកចច អេដហ្គារ (George Edgar) ឯកអគ្គរដ្ឋទូត សហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ព្រមគ្នាតែម្តង ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើ វិស័យការងារ។

តាមប្រភពក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ក្នុងជំនួបពិភាក្សា នោះ ឯកអគ្គរដ្ឋទូតទាំង២រូប បានសាទរដល់កម្ពុជា ដែលទើបសម្រេចបានប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០១៨ សម្រាប់កម្មករនិយោជិតផ្នែក វាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើង ចំនួន ១៧០ដុល្លារ ប្រកបដោយរលូន និងកុងសង់ស៊ីស គ្នាពីគ្រប់ភាគី នាឆ្នាំនេះ។ ឯកអគ្គរដ្ឋទូតទាំង២ ក៏បានលើកទឹកចិត្តឱ្យកម្ពុជាបន្តប្រកាន់ខ្ជាប់ នូវយន្តការត្រីភាគី ការសន្ទនាសង្គម ការគោរ ពលក្ខខណ្ឌការងារការគោរពសិទ្ធិសេរីភាព អង្គការវិជ្ជាជីវៈ និងការដោះស្រាយបញ្ហាទំនាក់ទំនងវិជ្ជាជីវៈ និងវិវាទការងារ ឱ្យបានលឿន និងមានតម្លាភាព។

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា និង ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានបញ្ជាក់ថា សហរដ្ឋអាមេរិក និងសហភាព អឺរ៉ុបនឹងមិនភ្ជាប់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការគោរពលក្ខខណ្ឌការងារ ទៅនឹងភាព តានតឹងផ្នែកផ្សេងទៀតឡើយ។ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប នឹងបន្តបើកទីផ្សារ របស់ខ្លួនដល់កម្ពុជា និងបង្កើនការបញ្ជាទិញ ទំនិញពីកម្ពុជា។

ជាការឆ្លើយតប លោករដ្ឋមន្ត្រី អ៊ិត សំហេង បានថ្លែងអំណរគុណដល់ប្រទេសទាំង២ ដែល បានរួមចំណែកក្នុងការលើកកម្ពស់លក្ខខណ្ឌ ការងារនៅកម្ពុជា ព្រមទាំងធានាថា កម្ពុជា នឹងបន្តគោលនយោបាយផ្សារភ្ជាប់ពាណិជ្ជកម្ម ទៅនឹងលក្ខខណ្ឌការងារ ដោយបន្តសហការ ជាមួយគម្រោងរោងចក្រកាន់តែប្រសើររបស់ អង្គការអន្តរជាតិខាងការងារ (ILO-BFC) អង្គការ GIZ និងអង្គការអន្តរជាតិផ្សេងៗទៀត ដែលចុះបញ្ជីត្រឹមត្រូវតាមច្បាប់កម្ពុជា។

គួររំលឹកថា ពាក់ព័ន្ធការកំណត់ប្រាក់ឈ្នួល អប្បបរមា សម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើង សម្រាប់ ឆ្នាំ២០១៨ កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញប្រកាសលេខ៣៩៦ កប/ប្រក.ខល និង សេចក្តីប្រកាសព័ត៌មាន ស្តីពីការសម្រេចកំណត់ ជាផ្លូវការនូវទឹកប្រាក់១៧០ដុល្លារអាមេរិក ក្នុង ១ខែ ប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករ និយោជិត ឆ្នាំ២០១៨។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧ មានខ្លឹមសារថា “ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជូនដំណឹងដល់ សាធារណជន កម្មករ និយោជិត អង្គការវិជ្ជាជីវៈ និយោជក អង្គការជាតិ និងអន្តរជាតិទាំងអស់ ឱ្យបានជ្រាបថា ក្នុងឆ្នាំ២០១៧ នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្ត សហការជាមួយអង្គការអន្តរជាតិ ខាងការងារ (ILO) ក្នុងការពង្រឹងយន្តការនីតិវិធី និងលើកកម្ពស់ការយល់ដឹងអំពីលក្ខខណ្ឌវិនិច្ឆ័យទាំង៧ នៃការកំណត់ប្រាក់ឈ្នួល អប្បបរមាសម្រាប់ កម្មករនិយោជិតផ្នែកវាយនភណ្ឌកាត់ដេរ និង ផលិតស្បែកជើងនៅកម្ពុជា។

ទន្ទឹមនឹងនេះ គណៈកម្មការប្រឹក្សាការងារ ក៏បានបន្តបង្កើតឱ្យមានក្រុមការងារបច្ចេកទេស ត្រីភាគីដែលមានតំណាងភាគីនិយោជកចំនួន ១៦រូប តំណាងភាគីកម្មករ និយោជិតចំនួន ១៦រូប និងតំណាងរាជរដ្ឋាភិបាលចំនួន១៦រូប ដើម្បីពិភាក្សាលម្អិត អំពីបម្រែបម្រួលលក្ខខណ្ឌ វិនិច្ឆ័យទាំង៧ ក្នុងការកំណត់ប្រាក់ឈ្នួលអប្ប បរមា ឆ្នាំ២០១៨។ បន្ទាប់ពីកិច្ចប្រជុំចំនួន៣ថ្ងៃ ចាប់ពីថ្ងៃទី២៥ ខែកញ្ញា ដល់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៧ ដែលស្មើនឹង៤លើក ក្រុមការងារ បច្ចេកទេសត្រីភាគី បានបង្រួមគម្លាតនៃតួលេខ រៀងខ្លួន និងបានលើកយកតួលេខ១៧០ដុល្លារ អាមេរិក ដែលជាសំឡេង ឯកច្ឆន្ទរបស់ភាគី តំណាងកម្មករនិយោជិត តួលេខ១៦២ដុល្លារអាមេរិក ដែលជាសំឡេងឯកច្ឆន្ទរបស់ភាគី តំណាងរាជរដ្ឋាភិបាល ដើម្បីដាក់ជូនគណៈកម្មការប្រឹក្សាការងារប្រជុំពិភាក្សាបន្ត។

នៅរសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧ គណៈកម្មការប្រឹក្សាការងារ បានបើកកិច្ចប្រជុំ អាណត្តិទី៨ លើកទី១៧ នៅទីស្តីការក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីបន្ត ពិនិត្យ និងពិភាក្សាលើលទ្ធផលរបស់ក្រុមការងារបច្ចេកទេសត្រីភាគី និងធ្វើការពិភាក្សា កំណត់ប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករ និយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិត ស្បែកជើង សម្រាប់ឆ្នាំ២០១៨។ ក្រោយការ ពិភាក្សាភាគីទាំងអស់ បានគាំទ្រជាឯកច្ឆន្ទលើ តួលេខ១៦៥ដុល្លារអាមេរិក។

ដូច្នេះគណៈកម្មការប្រឹក្សាការងារ បាន ស្នើតួលេខចំនួន១៦៥ (មួយរយហុកសិបប្រាំ) ដុល្លារអាមេរិក ជូនឯកឧត្តម រដ្ឋមន្ត្រី ក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីធ្វើការពិនិត្យ និងសម្រេចលើប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករនិយោជិត ផ្នែកវាយនភណ្ឌកាត់ ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០១៨”។

សេចក្តីប្រកាសព័ត៌មានដដែល បានបន្ត ថា “យោងតាមរបាយការណ៍របស់រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលតែង តែយកចិត្តទុកដាក់អំពីសុខុមាលភាព និងជីវភាព រស់នៅសមរម្យរបស់កម្មករនិយោជិត និង ផលិតភាពរបស់រោងចក្រ សហគ្រាស គ្រឹះស្ថាន បានសម្រេចបន្ថែមទឹកប្រាក់ចំនួន៥ (ប្រាំ) ដុល្លារអាមេរិក លើទឹកប្រាក់ចំនួន១៦៥ (មួយរយហុកសិបប្រាំ) ដុល្លារអាមេរិក។ ដូច្នេះប្រាក់ ឈ្នួលអប្បបរមា សម្រាប់កម្មករនិយោជិតផ្នែក វាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០១៨ មានចំនួន១៧០ (មួយ រយចិតសិប) ដុល្លារអាមេរិក ក្នុងមួយខែ ដោយអនុវត្តចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ តទៅ។

ទន្ទឹមនឹងនោះ ប្រាក់អត្ថប្រយោជន៍ផ្សេងទៀត ដែលកម្មករនិយោជិតធ្លាប់ទទួលបាន កន្លងមក ត្រូវបានរក្សាទុកនៅដដែល មានដូច ជាប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅចំនួន ៧ដុល្លារអាមេរិក ក្នុងមួយខែ ប្រាក់រង្វាន់ធ្វើការ ទៀងទាត់ ចំនួន១០ដុល្លារអាមេរិក ក្នុងមួយខែប្រាក់ថ្លៃបាយធ្វើការបន្ថែមម៉ោងដោយស្មគ្រ័ ចិត្តចំនួន២០០០រៀល ក្នុងមួយថ្ងៃ ឬទទួលបានបាយមួយពេលដោយឥតគិតថ្លៃ និងប្រាក់រង្វាន់អតីតភាពការងារចំនួនពី២ដុល្លារអាមេរិក ដល់១១ដុល្លារអាមេរិក ក្នុងមួយខែ សម្រាប់ កម្មករនិយោជិត ដែលបានធ្វើការចាប់ពីឆ្នាំទី ១១។ ដូចនេះ ជាមធ្យមកម្មករនិយោជិតម្នាក់ នឹងទទួលបានប្រាក់បៀវត្សយ៉ាងតិចចំនួនពី ១៨៧ដុល្លារអាមេរិក ដល់១៩៨ដុល្លារអាមេរិក ក្នុងមួយខែ។

ជំនួបពិភាក្សាការងាររវាងថ្នាក់ដឹកនាំក្រសួងការងារកម្ពុជា ជាមួយឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប និងអាមេរិក

ដើម្បីជួយសម្រួលបន្ទុក ចំណាយរបស់ និយោជក រាជរដ្ឋាភិបាល នឹង ៖

១.ពន្យារសុពលភាព ការព្យួរទុកការបង់ ប្រាក់រំដោះពន្ធលើប្រាក់ចំណេញរបស់រោងចក្រ វាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និង កាបូប សម្រាប់រយៈពេល៥ឆ្នាំ (ឆ្នាំ២០១៨ ដល់ឆ្នាំ២០២២)។

២.លុបកម្រៃគ្រប់គ្រងការនាំចេញ (Export Management Fee) នៅក្រសួងពាណិជ្ជកម្ម។

ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត ចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានសម្រេចផ្តល់ប្រាក់បន្ថែមចំនួន៥ (ប្រាំ) ដុល្លារអាមេរិក លើការដំឡើងប្រាក់ឈ្នួលអប្បបរមា សម្រាប់ឆ្នាំ២០១៨ នេះ ដែលរួមចំណែក ធ្វើឱ្យស្ថានភាព ជីវភាពរស់នៅរបស់បងប្អូន កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង កាន់តែមានភាពល្អប្រសើរ ឡើងជាងមុន ហើយក៏ជាកត្តាដ៏សំខាន់ក្នុងការ ជំរុញផលិតភាពផងដែរ។

ក្រសួងក៏សូមអំណរគុណ ដល់អង្គការ អន្តរជាតិខាងការងារ (ILO) ដែលបានផ្តល់នូវកិច្ចសហការដ៏ជិតស្និទ្ធដល់ក្រសួង ក្នុងការ ពង្រឹងយន្តការ កំណត់ប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ ដេរ និងផលិតស្បែកជើងនៅកម្ពុជា។ ជាមួយ គ្នានេះដែរ ក្រសួងក៏សូមថ្លែងអំណរគុណដល់ គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួម យ៉ាងសកម្មក្នុងការដោះស្រាយបញ្ហាប្រាក់ឈ្នួល អប្បបរមា សម្រាប់កម្មករ និយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង សម្រាប់ ឆ្នាំ២០១៨”៕

ខៀវទុំ

RELATED ARTICLES