Saturday, September 21, 2024
Homeតារាខ្មែរVJ អាណូ ហ៊ានធ្វើចឹងដាក់មន្ត្រីធំដែលហ៊ានឲ្យតម្លៃខ្លួននាង ១យប់​ ៥មុឺនដុល្លារ

VJ អាណូ ហ៊ានធ្វើចឹងដាក់មន្ត្រីធំដែលហ៊ានឲ្យតម្លៃខ្លួននាង ១យប់​ ៥មុឺនដុល្លារ

ថ្មីៗនេះ មានការភ្ញាក់ផ្អើលនៅលើបណ្តាញសង្គមអ៊ីនស្តាក្រាម បន្ទាប់ពីអ្នកនាងសួន ភក្តី ហៅវីជេ អាណូ បានបង្ហោះរូបភាពអេកូសាស្ត្រមានផ្ទៃពោះ ដោយបញ្ជាក់ថា ជាកូនប្រុសទៀតផង ខណៈដែលទើបមានដំណឹងថា អ្នកនាងទើបពិសោធន៍ស្នេហ៍ថ្មីជាមួយបុរសម្នាក់។ យ៉ាងណា អាណូ បញ្ជាក់ថា រូបភាពអេកូសាស្ត្រ ដែលអ្នកនាងបង្ហោះនោះ ជារូបភាពចាស់យូរហើយ គឺអ្នកនាងបង្ហោះឡើងក្នុងចេតនាបង្វែងដានមន្ត្រីធំម្នាក់ ដែលតាមថ្ពក់ស្នេហ៍អ្នកនាង ដោយហ៊ានឱ្យតម្លៃខ្លួននាង ក្នុង១យប់ ៥ម៉ឺនដុល្លារ…។

ក្រោយពេលចេញមុខប្រឡូកសិល្បៈជាថ្មី វីជេ អាណូ បានប៉ះនឹងដំណឹងថា បានបែកស្នេហ៍ពីមន្ត្រីធំផ្កាយ៤ ទើបវិលមករកឆ្នាំងចាស់ ខណៈដែលមានព័ត៌មានថា អតីតប្តីរបស់អ្នកនាងកំពុងតាមស្នេហ៍តារាចម្រៀងរស្មីហង្សមាស កញ្ញាទេព បូព្រឹក្ស យ៉ាងប្រកិត។ ប៉ុន្តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ ក្រោយពេលមានដំណឹងថា អាណូ ទើបជួបស្នេហ៍ថ្មីមិនទាន់បានប៉ុន្មានផង ស្រាប់តែអ្នកនាងទម្លាយព័ត៌មាននៅលើបណ្តាញសង្គមអ៊ីនស្តាក្រាមថា អ្នកនាងមានផ្ទៃពោះ ហើយជាកូនប្រុសទៀតផង។

អាណូ មានចេតនាទម្លាយដំណឹងនេះឱ្យមហាជនបានដឹង ខណៈដែលមួយរយៈចុងក្រោយនេះ មានមន្ត្រីធំមួយចំនួនតាមថ្ពក់ស្នេហ៍។

ក្នុងជំនួបតាមទូរស័ព្ទ កាលពីថ្មីៗនេះ វីជេ អាណូ បានសារភាពថា អ្នកនាងពិតជាបានបង្ហោះរូបភាពអេកូសាស្ត្រមានកូនក្នុងផ្ទៃរបស់អ្នកនាងមែន តែជារូបភាពចាស់ជាយូរមកហើយ។

អាណូ បញ្ជាក់ថា “ខ្ញុំអត់ចង់និយាយបកស្រាយអ្វីច្រើនទេ ខ្ញុំគ្រាន់តែបញ្ជាក់ថា រូបភាពអេកូសាស្ត្រនោះ ជារបស់ខ្ញុំ គឺខ្ញុំចង់បញ្ជាក់ថា ខ្ញុំមានកូនរួចហើយ ដោយមិនចង់ឱ្យមានការរំខានពីបុរសណាទៀតទេ”។

អាណូ បានបង្ហើបឱ្យដឹងថា ថ្មីៗនេះ មានមន្ត្រីធំម្នាក់ព្យាយាមទាក់ទងអ្នកនាងតាមរយៈក្រុមដឹកញីបន្ស៊ីឈ្មោល ដោយហ៊ានឱ្យតម្លៃខ្លួនអ្នកនាង ក្នុង១យប់ រហូតដល់៥ម៉ឺនដុល្លារ តែអ្នកនាងមិនព្រម។ ហេតុដូច្នេះហើយ ទើបអ្នកនាងទម្លាយដំណឹងមានផ្ទៃពោះនេះតែម្តង ដើម្បីកុំឱ្យមានអ្នកតាមរំខានបន្តទៀត។

អាណូ អះអាងថា អ្នកនាងមិនចង់បានដុំដុល្លារ ដែលត្រូវប្តូរនឹងរូបសម្រស់និងកិត្តិយសនោះទេ ខណៈដែលអ្នកនាងមានម្ចាស់ស្នេហ៍សំណព្វចិត្តរួចទៅហើយ គ្រាន់តែអ្នកនាងមិនទាន់បង្ហាញជាសាធារណៈ។

អាណូ បញ្ជាក់បន្ថែមថា អ្នកនាងសុខចិត្តតស៊ូរកស៊ីដោយកម្លាំងញើសឈាមប្រសើរជាង។

អាណូ បន្តថា “សព្វថ្ងៃក្រៅពីការងារសិល្បៈ ខ្ញុំលក់បាយប្រអប់តាមអនឡាញ និងនៅហាងខាងក្រោយរដ្ឋសភាចាស់ រួមទាំងការងាររកស៊ីមួយចំនួនទៀត។ ដូច្នេះខ្ញុំមិនចាំបាច់យករូបសម្រស់ទៅប្តូរជាមួយលាភសក្ការៈទាំងនោះទេ”។

យ៉ាងណា អាណូ ក៏មិនបញ្ជាក់ថា ឪពុកក្មេងក្នុងផ្ទៃរបស់អ្នកនាងជានរណានោះទេ គ្រាន់តែគេដឹងថា កន្លងមកអ្នកនាងមានទំនាក់ទំនងស្នេហ៍អាថ៌កំបាំងជាមួយមន្ត្រីធំលោកផ្កាយ៤។

វីជេ អាណូ ក៏បានឱ្យដឹងដែរថា ក្រោយពេលអ្នកនាងវិលមកប្រឡូកសិល្បៈជាថ្មី អ្នកនាងទទួលបានឱកាសការងារយ៉ាងជោកជាំ ទាំងថតស្ពតពាណិជ្ជកម្ម និងថតភាពយន្តជាដើម។

អាណូ និយាយថា “មួយរយៈនេះខ្ញុំបានចោលឱកាសថតភាពយន្តជាច្រើន រហូតដល់៨ទៅ៩រឿងឯណោះ ដោយសារតែខ្ញុំពុំមានពេលគ្រប់គ្រាន់ និងភាពយន្តខ្លះចរចាតម្លៃគ្នាមិនត្រូវជាដើម”។

អាណូ បន្តថា “រឿងភាគខ្លះឱ្យតម្លៃខ្លួនខ្ញុំ៣ទៅ៤ពាន់ដុល្លារ ក្នុងមួយរឿង ហើយត្រូវចំណាយពេលថតច្រើនខែ ដូច្នេះអត់ទទួលថតទេ។ ម៉្យាងក៏មិនសូវមានពេលដែរ”។

អ្នកនាងសួន ភក្តី ឬវីជេ អាណូ បានឱ្យដឹងដែរថា ការប្រឡូកសិល្បៈជាថ្មីនេះ អ្នកនាងមិនរំពឹងទាញបានប្រជាប្រិយភាពលេចធ្លោដូចកាលពី៨ឆ្នាំមុនទេ តែអ្វីដែលសំខាន់ អ្នកនាងនៅតែស្រលាញ់សិល្បៈ ដែលមិនអាចកាត់ផ្តាច់បាន បើទោះបីមានពេលតិចតួចក្តី។

គួរបញ្ជាក់ថា វីជេ អាណូ ធ្លាប់ល្បីល្បាញនៅលើវិថីសិល្បៈ កាលពី៨ឆ្នាំមុន ដែលលេចធ្លោទាំងការសម្តែង និងជាពិធីការិនីរបស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣។ យ៉ាងណា អ្នកនាងបានដកថយពីសិល្បៈ ក្រោយពេលផ្ទុះដំណឹងថា ត្រូវប្រពន្ធមន្ត្រីធំម្នាក់ធ្វើទារុណកម្ម វះ៨៣ឡាម នៅលើដងខ្លួននិងផ្ទៃមុខ ព្រមទាំងកាត់សក់ទៀតផង។ វីជេ អាណូ បានរស់នៅលាក់មុខជាច្រើនឆ្នាំ រហូតត្រូវបានគេដឹងថា បានចងសម្ព័ន្ធស្នេហ៍ជាមួយមន្ត្រីធំទ្រព្យស្តុកម្នាក់ និងទទួលបានចំណងដៃកូន២នាក់។ យ៉ាងណា តាមដំណឹងថា ក្រោយពេលបែកស្នេហ៍ពីមន្ត្រីធំនោះ ទើបអាណូ វិលមកប្រឡូកសិល្បៈជាថ្មីនៅអំឡុងឆ្នាំ២០១៦។ ប៉ុន្តែអាណូ មិនធ្លាប់សារភាពថា មានប្តីជាមន្ត្រីធំ និងមានកូនទេ ពោលគឺ អាណូ ទើបតែហ៊ានបង្ហោះរូបភាពអេកូសាស្ត្រមានផ្ទៃពោះកូនប្រុសថ្មីៗនេះ បន្ទាប់ពីត្រូវមន្ត្រីធំម្នាក់តាមថ្ពក់ស្នេហ៍ ដោយហ៊ានឱ្យតម្លៃខ្លួននាង ក្នុង១យប់ ៥ម៉ឺនដុល្លារ៕

RELATED ARTICLES