តារាសម្តែងសិចស៊ី កុល ដាវី ដែលកំពុងវេញចំណងស្នេហ៍ផ្អែមល្ហែមជាមួយលោកសុខ រក្សា ព្រមទាំងល្បីថា បានរួមរស់ក្រោមដំបូលតែមួយផងនោះ ថ្មីៗនេះ ស្រាប់តែមានការភ្ញាក់ផ្អើលនៅក្នុងពិធីខួបកំណើតរបស់តារាសម្តែងម្នាក់ថា ដាវី មានផ្ទៃពោះជិត២ខែទៅហើយ ប៉ុន្តែ ដាវី បានប្រកែក…។
នៅក្នុងចង្កោមសិល្បៈនរណាក៏ដឹងថា កុល ដាវី និងតារាចម្រៀងរបស់សាន់ដេ លោកសុខ រក្សា ជាគូសង្សារយ៉ាងស្អិតល្មួតដែរ ដែលក្រៅពីរកស៊ីរួមគ្នា ពួកគេបានរៀបគម្រោងអនាគតរួចស្រេចហើយ បើទោះបីមិនទាន់បានដឹកដៃគ្នាចូលនឹមអាពាហ៍ពិពាហ៍ក្តី ដោយពួកគេបានទិញផ្ទះវីឡារួមគ្នារួចជាស្រេច នៅបុរីជីបម៉ុង លែន។
អ្នកសិល្បៈដែលស្និទ្ធស្នាលជាមួយដាវី និងរក្សា បានចាត់ទុកពួកគេជាប្តីប្រពន្ធទៅហើយ ខណៈដែលសម្ព័ន្ធស្នេហ៍របស់អ្នកទាំងពីរក៏កាន់តែផ្អែមល្ហែមទ្វេឡើង។ ថ្មីៗនេះ មានការភ្ញាក់ផ្អើលមួយនៅក្នុងពិធីខួបកំណើតតារាសម្តែង កញ្ញាជាតិ សុច្ចកា នៅហាងវីហ្វ្រេន សាខាបឹងត្របែក ដែលមានការទម្លាយចេញថា ដាវី កំពុងតែមានផ្ទៃពោះ។
ខណៈដែលភ្ញៀវកិត្តិយសបានចូលរួមក្នុងពិធីខួបកំណើតយ៉ាងច្រើនកុះករនោះ លោកម៉ាដូណា ស្រាប់តែកាន់ក្បាលមីក្រូប្រកាសថា កុល ដាវី ទើបតែមានផ្ទៃពោះជិត២ខែ ដែលធ្វើឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង ខណៈដែលអ្នកខ្លះជឿថា ការប្រកាសរបស់ម៉ាដូណា ជាការពិត។
កុល ដាវី ដែលមានវត្តមាននៅក្នុងពិធីខួបកំណើតនោះដែរ បានស្ពឹកមុខមិនតិចទេ នៅពេលដែលលោកម៉ាដូណា ប្រកាសរឿងមានផ្ទៃពោះ នៅចំពោះមុខភ្ញៀវកិត្តិយសខ្ទង់២០០នាក់បែបនេះ។ យ៉ាងណា ដាវី ពុំបានប្រកែកដាច់អហង្ការនោះទេ ដោយនាងបកស្រាយថា “ខ្ញុំនៅក្រមុំ មានផ្ទៃពោះមកពីណា ចេះតែនិយាយផ្តេសផ្តាស់ហើយលោកម៉ាដូណា…”។
ការស្រាយបំភ្លឺរបស់កុល ដាវី នៅលើឆាក ហាក់មិនជ្រះមន្ទិលសង្ស័យទេ ដែលអ្នកខ្លះនៅតែខ្សឹបខ្សៀវគ្នាថា ដាវី កំពុងមានផ្ទៃពោះមែន។
យ៉ាងណា ក្នុងជំនួបផ្ទាល់ជាមួយដាវី នាងបានអះអាងថា ការប្រកាសរបស់លោកម៉ាដូណា គ្រាន់តែជាការលេងសើចតែប៉ុណ្ណោះ ពោលគឺនាងគ្មានផ្ទៃពោះអ្វីនោះទេ។
ដាវី បញ្ជាក់ថា “សូមកុំយល់ច្រឡំ ពោលគឺដរាបណាខ្ញុំមិនទាន់រៀបការ គឺមិនអាចមានផ្ទៃពោះទេ”។
ដាវី បន្ថែមថា នាងមិនទាន់ច្បាស់ពីគម្រោងដឹកដៃលោកសុខ រក្សា ចូលរោងការនៅពេលណានោះទេ ដោយនាងនិយាយថា ដល់ពេលមានគម្រោងច្បាស់លាស់ នាងនឹងប្រកាសជាសាធារណៈតែម្តង។
ដាវី អះអាងថា សម្ព័ន្ធស្នេហ៍រវាងនាងជាមួយលោកសុខ រក្សា នៅតែផ្អែមល្ហែមកក់ក្តៅដូចដើម ហើយពួកគេកំពុងតែប្រឹងរកស៊ីបង្កើនទ្រព្យ មុននឹងឈានដល់ចូលរោងការ។
កុល ដាវី នៅតែប្រកែករួមរស់ក្រោមដំបូលតែមួយជាមួយម្ចាស់ស្នេហ៍ បើទោះបីអ្នកសិល្បៈជាច្រើនដឹងថា ពួកគេទៅណាមកណាស្ទើរតែមិនឃ្លាតពីគ្នាក្តី។
ដាវី អះអាងថា នាងនិងរក្សា រស់នៅផ្ទះផ្សេងគ្នា ដោយជួបមុខគ្នា ធ្វើការរួមគ្នាតែពេលថ្ងៃតែប៉ុណ្ណោះ។
គួរបញ្ជាក់ថា កាលពីប៉ុន្មានឆ្នាំមុន ខណៈដែលដាវី ឡើងកូដខ្លាំង តាមរយៈបង្អួតសម្រស់សិចស៊ី មានបុរសៗសម្បូរទ្រព្យជាច្រើនតាមស្នេហ៍ មានទាំងមន្ត្រីធំអ្នកជំនួញ និងថៅកែជាជនជាតិកូរ៉េ ជាដើម។ ទន្ទឹមនឹងនោះ មានដំណឹងថា មានអ្នកចង់ចិញ្ចឹមនាងឱ្យនាងរស់នៅក្នុងភាពហ៊ឺហាទៀតផង ប្រសិនបើនាងព្រមទទួលស្នេហ៍។ ប៉ុន្តែដាវី បានសម្រេចចិត្តជ្រើសស្នេហ៍លោកសុខ រក្សា ជាតារាចម្រៀងដោយមិនគិតរឿងទ្រព្យជាធំ។
ក្រោយពេលភពប្រសព្វស្នេហ៍ជាមួយលោករក្សា-ដាវី បានប្តូរចិត្តលែងសិចស៊ី និងមិនប្រឡូកសិល្បៈពេញទំហឹងដូចមុន ខណៈដែលលោករក្សា ពូកែប្រចណ្ឌហួងហែង។
ដាវី អះអាងថា ពាក់ព័ន្ធនឹងដំណឹងល្បីថា នាងមានផ្ទៃពោះនេះ នាងមិនបារម្ភខ្លាចប៉ះពាល់កិត្តិយសនោះទេ ដោយនាងចាត់ទុកថា គ្រាន់តែជាការលេងសើចតែប៉ុណ្ណោះ បើទោះបីអ្នកខ្លះនៅតែសង្ស័យក្តី ហើយភាពជាក់ស្តែងនាងពុំទាន់មានផ្ទៃពោះនោះទេ៕