Thursday, September 19, 2024
Homeតារាខ្មែរសារី ហូរ ពីក្មេងកំព្រា ក្លាយជាមគ្គុទេ្ទសក៍ ក្លាយជាតារាចម្រៀងOriginal song

សារី ហូរ ពីក្មេងកំព្រា ក្លាយជាមគ្គុទេ្ទសក៍ ក្លាយជាតារាចម្រៀងOriginal song

ថ្មីៗនេះលោកសារី ហូរ បានប្រកាសចូលប្រឡូកនៅក្នុងពិភពចម្រៀងជាថ្មីជាមួយនឹងគោលជំហរច្រៀងតែបទស្នាដៃថ្មី(Original song) ខណៈដែលគេទើបដឹងថា លោកធ្លាប់មានជីវិតជូរចត់តស៊ូក្នុងនាមជាក្មេងកំព្រានិងធ្លាប់ជាមគ្គុទេ្ទសក៍ ទេសចរ ផ្នែកភាសាជប៉ុន យ៉ាងស្ទាត់ជំនាញមុនពេលក្លាយជាតារាចម្រៀងOriginal song។

តារាចម្រៀងដែលមានដើមកំណើតនៅខេត្តសៀមរាប លោកសារី ហូរ បានថ្លែងឲ្យដឹងថា លោកជាក្មេងកំព្រាឪពុកតាំងតែពីតូចហើយធ្លាប់តស៊ូរស់នៅក្នុងអង្គការជប៉ុន មួយនៅខេត្តសៀមរាប អស់រយៈពេលជាច្រើនឆ្នាំ។លោកថា ការរស់នៅក្នុងអង្គការកុមារកំព្រា ពុំមែនជាការងាយស្រួលនោះទេ ប៉ុន្តែលោកបានព្យាយាមសិក្សារៀនសូត្រភាសាជប៉ុន បានយ៉ាងស្ទាត់ជំនាញរហូតក្លាយជាមគ្គុទេ្ទសក៍ ទេសចរណ៍ មួយរូបផ្នែកភាសាជប៉ុននៅលើទឹកដីអង្គរនៃខេត្តសៀមរាប។លោកថា ក្នុងនាមជាមគ្គុទេ្ទសក៍ ទេសចរ លោកបានបង្ហាញពីតំបន់ទេសចរណ៍ ដ៏មានសក្ដានុពល នៃប្រាសាទអង្គរវត្ត ឲ្យពិភពលោកបានដឹងតាមរយៈភ្ញៀវទេសចរណ៍ ដែលមកទស្សនា ខណៈដែលលោកបានប្រឹងប្រែងតស៊ូធ្វើការងារនោះអស់រយៈពេលជាច្រើនឆ្នាំ។

យ៉ាងណាលោកថា ដោយសារតែលោកមានទឹកដមសំឡេងអំណោយផលពីធម្មជាតិនិងមាននិស្ស័យខាងផ្នែកសិល្បៈផងនោះលោកក៏បានហក់មកចាប់អាជីពជាតារាចម្រៀង។លោកថា កាលពី៥ឆ្នាំមុនគេស្គាល់រូបលោកតាមរយៈបទចម្រៀងមួយចំនួនដូចជាបទ”កំទិចចិត្ត””មិនអាចបកក្រោយ”និងបទ”អារម្មណ៍អ្នកស្មោះ”ជាដើម។លោកថា លោកបានដកថយពីសិល្បៈកាលពីអំឡុងឆ្នាំ២០១២ ទៅសម្ងំបើកមុខជំនួញមួយចំនួននៅលើទឹកដីសៀមរាប អង្គរហើយពេលនេះលោកក៏មានមុខជំនួញមួយដែលទទួលបានចំណូលគួរសមពីរោងចក្រផលិតទឹកកកនៅខេត្តសៀមរាបផងដែរ។

លោកសារី ហូរ អះអាងថា ដោយសារតែស្រលាញ់វិថីចម្រៀងថ្មីៗនេះលោកបានវិលមកប្រឡូកជាថ្មីជាមួយគោលជំហរផលិតតែបទOriginal song។លោកថា បទចម្រៀងស្នាដៃថ្មីរបស់លោកមួយចំនួនដែលទើបចេញនៅលើទីផ្សារមួយរយៈកន្លងមកនេះកំពុងទទួលបានការគាំទ្រនៅតាមបណ្ដាញសង្គមYoutube  ដូចជាបទ”ដឹងថាអូនឈឺ””ការលះបង់អូនលើសលប់ពេកហើយ”និង”ទឹកភ្នែក”ជាដើម។លោកថា រាល់បទចម្រៀងរបស់លោកគឺលោកជាអ្នកនិពន្ធទំនុកច្រៀងនិងធ្វើមេឡូឌី ដោយខ្លួនឯងពោលគឺការវិលមកចាប់អាជីពលក់សំឡេងជាថ្មីនេះលោកមិនច្រៀងបទចម្លងពីគេនោះទេ។

តារាចម្រៀងOriginal song ដែលធ្លាប់រស់នៅក្នុងមណ្ឌលកុមារកំព្រានិងធ្លាប់ជាមគ្គុទេ្ទសក៍ ទេសចរណ៍ រូបនេះបង្ហាញពីគោលជំហរថា និងមិនរត់ចោលវិថីចម្រៀងទៀតទេខណៈដែលលោកត្រៀមផលិតបទជាMV ជាបន្តបន្ទាប់ផងដែរជាមួយការរំពឹងថា ទឹកដមសំឡេងរបស់លោកនឹងមិនធ្វើឲ្យទស្សនិកជនខកបំណងនោះទេ៕

 

 

RELATED ARTICLES