ភ្នំពេញ ៖ តុលាការកំពូល បានចេញដីកា បង្គាប់ឱ្យគណបក្សសង្គ្រោះជាតិ ដាក់ឯកសារ ពាក់ព័ន្ធផ្សេងៗ ដើម្បីត្រៀមឆ្លើយតប បន្ទាប់ពីមេធាវី៥រូប របស់ក្រសួងមហាផ្ទៃ បានដាក់ពាក្យបណ្តឹង និងភ័ស្តុតាងទៅតុលាការជាន់ខ្ពស់ នេះ ដើម្បីប្តឹងសុំរំលាយគណបក្សសង្គ្រោះជាតិ។
ដីកាបង្គាប់ឱ្យដាក់ឯកសារត្រៀម របស់ តុលាការកំពូល ចុះថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧ ដែលចុះហត្ថលេខាដោយលោកសែម សក្តិកូឡា ចៅក្រមទទួលបញ្ជា បានបញ្ជាក់ថា “យើងសែម សក្តិកូឡា ចៅក្រមទទួលបញ្ជារបស់ក្រុមប្រឹក្សា ជំនុំជម្រះនៃតុលាការកំពូល បង្គាប់មកប្រធាន គណបក្សសង្គ្រោះជាតិ មានទីស្នាក់ការនៅ អាសយដ្ឋាន ផ្ទះលេខ៥៧៦ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឱ្យដាក់ឯកសារត្រៀមឆ្លើយតបទៅ នឹងពាក្យបណ្តឹងសុំរំលាយគណបក្សសង្គ្រោះជាតិ ចុះថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧ របស់ ក្រសួងមហាផ្ទៃ ដែលបានភ្ជាប់មកជាមួយនេះ ជួនតុលាការកំពូល ក្នុងអំឡុងរយៈពេល២០ (ម្ភៃ) ថ្ងៃ គិតចាប់ពីថ្ងៃបានទទួលការបញ្ជូន ដីកាបង្គាប់នេះ”។
ជាការឆ្លើយតបនឹងដីការបស់តុលាការកំពូល ខាងលើនេះ លោកសុន ឆ័យ ប្រធានក្រុម សមាជិកសភាគណបក្សសង្គ្រោះជាតិ និងជា អ្នកតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ បាន បញ្ជាក់ប្រាប់អ្នកសារព័ត៌មាន ក្រោយបញ្ចប់ កិច្ចប្រជុំក្រុមការងារ និងគណៈកម្មាធិការប្រតិបត្តិ ២៥រាជធានី-ខេត្ត នៅទីស្នាក់ការកណ្តាល គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ ថា “យើងទើបនឹងដឹងដែរ ហើយ ព័ត៌មាននេះ ដល់គណៈកម្មាធិការអចិន្ត្រៃយ៍ គណបក្សប្រជុំជាប់ ហើយដូច្នេះអចិន្ត្រៃយ៍ មិន ទាន់មើលទៅលើឯកសារទាំងនេះ ហើយធម្មតា ការងារនេះត្រូវពិគ្រោះជាមួយក្រុមមេធាវី តើ នីតិវិធីហ្នឹង ត្រូវធ្វើបែបម៉េច ព្រោះយើងដឹង ហើយ ការប្តឹងទៅតុលាការកំពូលនេះ វាជា នីតិវិធីមិនធម្មតាទេ មិនដូចនៅសាលាដំបូង ឬនៅសាលាឧទ្ធរណ៍ទេ អាហ្នឹង គឺតាមរយៈការ ប្រើប្រាស់ ច្បាប់គណបក្សនយោបាយ។ អ៊ីចឹង នឹងពិគ្រោះជាមួយនឹងមេធាវីយើង ល្ងាចនេះ ដើម្បីឱ្យគាត់ពិនិត្យមើលជាក់ស្តែង តើគាត់ ឱ្យយោបល់ដល់គណបក្សយ៉ាងម៉េច មុននឹង ធ្វើការសម្រេចចិត្តនោះ? មេធាវីគ្នាយើងមាន ៧រូប ក្នុងការងារបម្រើដល់យោបល់ផ្នែកផ្លូវ ច្បាប់”។
លោកសុន ឆ័យ បានមានប្រសាសន៍បន្ត ថា “សូមជម្រាបថា យើងមានការព្រួយបារម្ភ ជាខ្លាំង ហើយការព្រួយរបស់យើង មិនមែន អំពីតួនាទីរបស់យើងខ្ញុំ ជាតំណាងរាស្ត្រនោះទេ។ ការបាត់បង់តួនាទីតំណាងរាស្ត្រ ក្នុងលទ្ធិ- ប្រជាធិបតេយ្យ ការបោះឆ្នោត វាមានជាប់ វាមានធ្លាក់ ជារឿងធម្មតា ប៉ុន្តែការបាត់បង់ សំឡេងប្រជាពលរដ្ឋដ៏ច្រើននៅគ្រប់ខេត្ត-រាជធានី។ ហើយជាមួយនេះ តើការដោះស្រាយ បញ្ហាសន្តិភាពនៅក្នុងប្រទេសកម្ពុជា ដែលយើង ចង់បានឱ្យពលរដ្ឋយើង រំលឹកប្រវត្តិសាស្ត្របន្តិច ក្នុងការសម្រេចចិត្ត ជ្រើសរើសផ្លូវដោយរំលោភ ឆន្ទៈប្រជាធិបតេយ្យ សេរីពហុបក្សនេះ ការ សម្រេចរបស់តំណាងខ្មែរយើង ៤ភាគី ឆ្នាំ១៩៩១ ហើយកាលណាគោរពនូវលទ្ធិប្រជាធិបតេយ្យ ឆន្ទៈពលរដ្ឋនេះ វាធានានូវសុខសន្តិភាពនៅ កម្ពុជា យើងការពារមិនឱ្យជម្លោះតូចធំ ដែល ប្រវត្តិសាស្ត្រយើង បានឈ្លោះគ្នាជាច្រើនដង ដែលជីវិតនយោបាយមិនបានធានា ដោយសារ សង្គ្រាម។ ដូច្នេះក្នុងឱកាសនេះ ដែលយើងបារម្ភ ថាតើឆន្ទៈពលរដ្ឋនេះ យកទៅទុកនៅឯណា? តើពលរដ្ឋសុខចិត្តដែរឬទេ? អ៊ីចឹងបានយើងជា តំណាងរាស្ត្រ ដែលសំខាន់ធ្វើម៉េចឱ្យមានការទទួលខុសត្រូវ ទាំងគណបក្សប្រឆាំង ទាំងគណបក្សកាន់អំណាច។ ក្នុងកាលៈទេសៈលំបាកនេះ តើយើងអាចរកវិធីយ៉ាងម៉េច ដើម្បីធានាថា ដំណើរការប្រជាធិបតេយ្យ ត្រូវតែអនុវត្តតទៅ ទៀត ហើយមិនចង់ឃើញមានការគាបសង្កត់ ណាមួយ ជាពិសេស សិទ្ធិបញ្ចោញមតិទៅលើ ប្រទេសកម្ពុជាយើង ព្រោះកាលៈទេសៈនេះ យើងត្រូវអនុវត្ត នូវការខិតខំឱ្យបានយ៉ាងតិច ជាអតិបរមា ក្នុងការជួយប្រជាពលរដ្ឋទេ។ ប៉ុន្តែ បើសិនជាមានការធ្វើបែបនេះមែន គឺផ្លូវចិត្តពលរដ្ឋ ដ៏ច្រើនលើសលុបនេះ គឺថាគាត់អត់សប្បាយ ចិត្តទេ រឿងគណបក្ស ជារឿងមួយ ប៉ុន្តែយើង ត្រូវគិតពីអារម្មណ៍ពលរដ្ឋដែរ។ ទី២ អន្តរជាតិ មានឱកាសនឹងដើម្បីសម្រេចចិត្តដែលប៉ះពាល់ ផលប្រយោជន៍ជាតិយើងជាច្រើនអាហ្នឹងហើយ ដែលយើងព្រួយបារម្ភ។ ដូច្នេះគណបក្សសង្គ្រោះជាតិ បានគិតគូរណាស់ថា មានច្រកណាទេ ដែល យើងអាចជជែកជាមួយនឹងគណបក្សប្រជាជនកម្ពុជាបាន ដើម្បីឱ្យមានការយល់គ្នា ហើយ ដល់ដំណាក់កាលរឿងឈ្នះ រឿងចាញ់ មិន សំខាន់ទេ សំខាន់គឺថា យើងគិតរហូតខ្លាច មានការបាត់ផលប្រយោជន៍ជាតិ រហូតដល់មាន ការបែកបាក់ជាតិ។ បែកបាក់ជាតិ មិនតែ យើងទេ ជាពិសេសពលរដ្ឋយើង កុំឱ្យបែកទៅ ជាក្រុមនេះ ក្រុមនោះ ដែលងាយស្រួលក្នុង ការអុជអាលនៅក្នុងសង្គម អាហ្នឹង ដែលខ្ញុំព្រួយ បារម្ភជាងគេ។ ដូច្នេះស្ថានភាពដល់កម្រិតនេះ យើងក៏នៅតែសង្ឃឹមដែរថា ទោះជាយ៉ាងណា ក៏ដោយ មានការធានាដែរ តាមការបញ្ជាក់ពី ស្ថានទូតខ្លះ ខ្ញុំមិនបាច់ចេញឈ្មោះទេថា គណបក្សប្រជាជនកម្ពុជា គាត់បានធានានឹងគេថា ទោះបីយ៉ាងណាក៏ដោយ នឹងមិនរំលាយគណ បក្សសង្គ្រោះជាតិទេ ហើយស្ថានទូតទាំងនោះ កំពុងតែធ្វើការងាររបស់គេដែរ។ ដូច្នេះយើង ដែលជាគណបក្ស ក៏ត្រូវសម្របសម្រួលដែរ កុំ ឱ្យវាមានលក្ខណៈក្តៅដែរ។ ខ្ញុំជឿថា ការដែល ខ្ញុំធ្លាប់បានចុះទៅខេត្ត សួរនាំប្រជាពលរដ្ឋ តាម អារម្មណ៍របស់គាត់ៗបន់ស្រន់ គាត់អង្វរករថា ធ្វើម៉េចឱ្យថ្នាក់ដឹកនយោបាយហ្នឹង ឬគណបក្ស នយោបាយទាំង២ហ្នឹង ឱ្យមានការយោគយល់ គ្នា ដើម្បីឱ្យគាត់មានកាតព្វកិច្ចបំពេញការងារ គាត់ ដែលជាប្រជាពលរដ្ឋនៅមូលដ្ឋានហ្នឹង ឱ្យ បានមានប្រសិទ្ធភាព គាត់អង្វរករប៉ុណ្ណឹង គាត់ មិនចង់ឱ្យមានទំនាស់គាត់មិនចង់ឱ្យមានព្រឹត្តិការណ៍អី ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិ អីទេ។ នេះជាចំណុចល្អមួយ ដែលពលរដ្ឋយើង ចង់ឃើញការវិវត្ត នៃសង្គមយើងមកដល់ស្ថានភាពនេះ នឹងអាចមានចលនាណាមួយ ដែល អាចធ្វើឱ្យគាត់ហ្នឹង គិតរឿងអ្វីក្រៅពីបម្រើ ប្រជាពលរដ្ឋ ហើយនិងការអនុវត្តឱ្យបានប្រសើរ ទៅនៅលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស។ ពលរដ្ឋ លោកវិនិច្ឆ័យ ឱ្យពលរដ្ឋបានចូលរួម ដោះស្រាយបញ្ហាសង្គមដែរ យើងថ្នាក់ដឹកនាំ ចេះតែចង់តាមអ្វី ដែលយើងចង់ហើយ ក៏ប៉ុន្តែ អ្វីដែលទីបំផុត បើយើងជាអ្នកដឹកនាំប្រទេស គឺ ពលរដ្ឋត្រូវតែមានសំឡេង ត្រូវតែមានយោបល់ ព្រោះអ្វីដែលយើងសម្រេចជាហេតុផលនយោបាយវាប៉ះពាល់ទៅជីវិតរស់នៅរបស់ប្រជាពលរដ្ឋយើង”។
គួររំលឹកថា កាលពីព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧ ក្រសួងមហាផ្ទៃ តាមរយៈក្រុមមេធាវី តំណាងដោយអាណត្តិ ៥រូប បានដាក់ពាក្យបណ្តឹងចូលទៅកាន់តុលាការកំពូល ដើម្បីប្តឹងសុំ រំលាយគណបក្សសង្គ្រោះជាតិ (បក្សប្រឆាំង) យោងតាមពាក្យបណ្តឹងរបស់គណបក្សនយោបាយចំនួន២ គឺគណបក្សហ៊្វុនស៊ិនប៉ិច និង គណបក្សយុវជនកម្ពុជា និងការស្រាវជ្រាវរក ឃើញភ័ស្តុតាង នៃការប្រព្រឹត្តបទល្មើសរបស់ គណបក្សប្រឆាំងនេះរបស់ក្រសួងមហាផ្ទៃ។
ក្រុមមេធាវី អះអាងថា បណ្តឹងនេះមានភ័ស្តុតាងគ្រប់គ្រាន់និងរឹងមាំ សម្រាប់ជាមូលដ្ឋានឱ្យតុលាការកំពូល សម្រេចក្នុងការរំលាយគណបក្សសង្គ្រោះជាតិ តាមផ្លូវច្បាប់បាន។
នៅក្នុងពាក្យបណ្តឹងរបស់ក្រសួងមហាផ្ទៃ ដែលក្រុមមេធាវី បានដាក់ចូលទៅតុលាការកំពូលនោះ គឺមានកម្មវត្ថុប្តឹងសុំរំលាយគណបក្សសង្គ្រោះជាតិ ស្របតាមច្បាប់ស្តីពីគណបក្ស នយោបាយ នៃព្រះរាជាណាចក្រកម្ពុជា ដោយ ផ្អែកលើភ័ស្តុតាងគ្រប់គ្រាន់ ដែលបង្ហាញថា គណបក្សសង្គ្រោះជាតិ បាននិងកំពុងអនុវត្ត ផែនការផ្តួលរំលំរដ្ឋអំណាចស្របច្បាប់នៅកម្ពុជា ក្រោមរូបភាពនៃបដិវត្តន៍ពណ៌ ដោយយកគំរូ តាមប្រទេសយូហ្គោស្លាវី និងស៊ែរប៊ី ក៏ដូចជា បណ្តាប្រទេសមួយចំនួននៅមជ្ឈិមបូព៌ា ហើយ ដោយគប់គិតគ្នាជាសម្ងាត់ ជាមួយបរទេស។ ភ័ស្តុតាងទាំងនោះ រួមមានវីដេអូឃ្លីបចំនួន៣ ក្នុងចំណោមវីដេអូឃ្លីបជាច្រើន ព្រមទាំងវីដេអូ ឃ្លីបសារភាពផ្ទាល់របស់លោកកឹម សុខា ប្រធាន គណបក្សសង្គ្រោះជាតិ ដែលត្រូវបានចាប់ខ្លួន និងឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ពីបទក្បត់ជាតិ “សន្ទិដ្ឋិភាពជាមួយបរទេស” នោះផងដែរ។
យោងតាមសេចក្តីសង្ខេបពាក្យបណ្តឹងរបស់ ក្រសួងមហាផ្ទៃ ដែលក្រុមមេធាវី បានយកទៅ ដាក់ជូនតុលាការកំពូល នៅព្រឹកថ្ងៃទី០៦ ខែ តុលា ឆ្នាំ២០១៧ មានខ្លឹមសារដូចខាងក្រោម ៖
១.ពាក្យបណ្តឹងដែលបានដាក់នៅតុលាការ កំពូល គឺមានកម្មវត្ថុ ប្តឹងរំលាយគណបក្សសង្គ្រោះជាតិ ស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ នៃព្រះរាជាណាចក្រកម្ពុជា។
២.ពាក្យបណ្តឹងនេះ គឺផ្អែកលើភ័ស្តុតាង គ្រប់គ្រាន់ ដែលបង្ហាញថា គណបក្សសង្គ្រោះជាតិ បាននិងកំពុងអនុវត្តផែនការដោយឃុបឃិតគ្នាជាសម្ងាត់ជាមួយបរទេស ក្នុងការផ្តួល រំលំរដ្ឋអំណាចស្របច្បាប់នៅកម្ពុជាក្រោម ទម្រង់នៃបដិវត្តពណ៌ ដូចគំរូនៅប្រទេសយូហ្គោស្លាវី និងស៊ែរប៊ី ក៏ដូចជាបណ្តាប្រទេសមួយ ចំនួន នៅមជ្ឈិមបូព៌ា។ យើងបានរកឃើញ វីដេអូឃ្លីបចំនួន៣ ក្នុងចំណោមវីដេអូឃ្លីបជាច្រើន និងភស្តុតាងជាច្រើនទៀត ដែលដាក់ជូន តុលាការកំពូលថ្ងៃនេះ និងខ្លះទៀត ដែលយើង មានក្នុងដៃរបស់យើងរួចហើយ។ សម្តីផ្ទាល់ខ្លួន របស់លោកកឹម សុខា ក្នុងឋានៈថ្នាក់ដឹកនាំរបស់ គណបក្សសង្គ្រោះជាតិ នៅក្នុងវីដេអូឃ្លីបទាំង៣ ដែលយើងរកឃើញនេះ គឺជាភស្តុតាងដ៏រឹងមាំ ផង និងជាសក្ខីកម្មដ៏ច្បាស់លាស់ ដែលមិន អាចប្រកែកបាន អំពីផែនការឃុបឃិតគ្នាជា សម្ងាត់ជាមួយបរទេស ក្នុងការផ្តួលរំលំរដ្ឋ- អំណាចស្របច្បាប់នៅកម្ពុជា ក្រោមទម្រង់ បដិវត្តពណ៌ ដែលបាននិងកំពុងអនុវត្តដោយ គណបក្សសង្គ្រោះជាតិ រួមនិងអង្គការមិនមែន រដ្ឋាភិបាល និងបរទេសមួយចំនួន ជ្រកក្រោម ទិសស្លោកនយោបាយភូតកុហកបោកប្រាស់ គឺ “ការផ្លាស់ប្តូរជាវិជ្ជមាន” ការញុះញង់បំផ្លើស ដើម្បីបំផុសចលនាប្រជាជនក្រោមស្លាកសិទ្ធិមនុស្ស និងស្លាកប្រជាធិបតេយ្យ ព្រមទាំងការ ចោទប្រកាន់ដោយមិនត្រឹមត្រូវខុសពីការពិត ជាក់ស្តែងគ្រប់ពេលវេលាថា រដ្ឋអំណាចបច្ចុប្បន្ន ជារដ្ឋអំណាចផ្តាច់ការ ដើម្បីបង្កើតជាលេស សម្រាប់ការធ្វើបដិវត្តពណ៌ ក្នុងខណៈពេលដែល រដ្ឋអំណាចស្របច្បាប់បច្ចុប្បន្ន កំពុងអនុវត្តយ៉ាង ខ្ជាប់ខ្ជួននូវគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស តាមរយៈការចាត់តាំងឱ្យមាន ការបោះឆ្នោតយ៉ាងទៀងទាត់ ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ក្រោមដំបូលនៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ក្រោមសុខសន្តិភាព ពេញបរិបូរណ៍ និងក្រោមម្លប់ដ៏ត្រជាក់នៃអង្គ ព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
សកម្មភាពខុសច្បាប់ជាច្រើន ដែលបាននិងកំពុងអនុវត្តដោយគណបក្សសង្គ្រោះជាតិ គឺមានភាពស៊ីចង្វាក់គ្នាទៅនឹងផែនការសម្ងាត់ នៃការធ្វើបដិវត្តពណ៌ ដូចសំដីរបស់លោកកឹម សុខា នៅក្នុងវីដេអូឃ្លីប ជាសក្ខីកម្មមិនអាច ប្រកែកបាន ក្នុងនោះ រួមមានទាំងការបញ្ជូន មនុស្សទៅហ្វឹកហាត់ និងទទួលការបណ្តុះបណ្តាល ជាប្រចាំនៅបរទេស អំពីរបៀបនៃការធ្វើបដិវត្ត ពណ៌ ដើម្បីផ្តួលរំលំរដ្ឋអំណាចស្របច្បាប់របស់ កម្ពុជា។
បន្ថែមលើវីដេអូឃ្លីបទាំង៣ខាងលើ នៅមានភស្តុតាងជាច្រើនទៀត ដែលបង្ហាញថា គណបក្សសង្គ្រោះជាតិ ក្រៅពីផែនការឃុបឃិត គ្នាជាសម្ងាត់ជាមួយបរទេស ក្នុងការធ្វើបដិវត្តពណ៌ ផ្តួលរំលំរដ្ឋអំណាចស្របច្បាប់ គណបក្ស នេះ ក៏មានចំណងចំណុះឱ្យបរទេស និងក្រោម ការបង្គាប់បញ្ជារបស់បរទេសផងដែរ ដែលជា ការបំពានច្បាប់ស្តីពិគីណបក្សនយោបាយ។
៣.អង្គហេតុនៃសកម្មភាពខុសច្បាប់របស់ គណបក្សសង្គ្រោះជាតិ គឺបានបំពានទៅនឹង មាត្រា៦ថ្មី (ពីរ) និងមាត្រា៧ នៃច្បាប់ស្តីពី គណបក្សនយោបាយ។
-មាត្រា៦ថ្មី (ពីរ) នៃច្បាប់ស្តីពីគណបក្ស នយោបាយ ចែងថា “គ្រប់គណបក្សនយោបាយ មិនត្រូវធ្វើសកម្មភាពណាមួយ ដូចខាងក្រោម ៖
១.ធ្វើឱ្យមានអបគមន៍ ដែលនាំឱ្យអន្តរាយដល់ឯកភាពជាតិ និងបូរណភាពដែនដី។
២.ធ្វើវិទ្វង្សនាប្រឆាំងនឹងរបបប្រជាធិបតេយ្យសេរីពហុបក្ស និងរបបរាជានិយមអាស្រ័យ រដ្ឋធម្មនុញ្ញ។
៣.ធ្វើឱ្យប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ។
៤.បង្កើតកងកម្លាំងប្រដាប់អាវុធ។
៥.ធ្វើការញុះញង់ដែលអាចនាំឱ្យមានការ បែកបាក់ជាតិ។
៦.ប្រើប្រាស់សារជាសំឡេង រូបភាព ឯកសារជាលាយលក្ខណ៍អក្សរ ឬសកម្មភាព របស់ទណ្ឌិតជាប់ទោសពីបទឧក្រិដ្ឋ ឬពីបទមជ្ឈិម ដើម្បីជាផលប្រយោជន៍នយោបាយ សម្រាប់គណបក្សនយោបាយរបស់ខ្លួន។
៧.យល់ព្រមដោយចំហ ឬដោយតុណ្ហីភាព ឬឃុបឃិតជាមួយទណ្ឌិតជាប់ទោសពី បទឧក្រិដ្ឋ ឬពីបទមជ្ឈិម ឱ្យធ្វើសកម្មភាពណា មួយ ដើម្បីជាផលប្រយោជន៍នយោបាយសម្រាប់ គណបក្សនយោបាយរបស់ខ្លួន។
៨.គាំទ្រ ឬរៀបចំផែនការ ឬឃុបឃិត ជាមួយរាល់បុគ្គល ដែលធ្វើសកម្មភាពក្នុងគោល បំណងប្រឆាំងនឹងផលប្រយោជន៍របស់ព្រះរាជាណាចក្រកម្ពុជា ដូចមានចែងពីចំណុចទី១ ដល់ចំណុចទី៥ ខាងលើ។
អំពើ និងសកម្មភាពរបស់គណបក្សសង្គ្រោះជាតិ ដូចបង្ហាញខាងលើ គឺជាទង្វើបំពានមាត្រា ៦ថ្មី (ពីរ) នៃច្បាប់ស្តីពីគណបក្សនយោបាយ ត្រង់ចំណុចទី២ ចំណុចទី៣ ចំណុចទី៥ និង ចំណុចទី៨។
-មាត្រា៧ នៃច្បាប់ស្តីពីគណបក្សនយោបាយចែងថា “គ្រប់គណបក្សនយោបាយមិន ត្រូវស្ថិតនៅក្រោមចំណុះ ឬការបង្គាប់បញ្ជា របស់គណបក្សនយោបាយបរទេស ឬរបស់រដ្ឋាភិបាលបរទេស”។ អំពើ និងសកម្មភាពរបស់ គណបក្សសង្គ្រោះជាតិ គឺបានបំពានមាត្រា៧ នៃច្បាប់ស្តីពីគណបក្សនយោបាយ។
៤-មាត្រា៤៤ថ្មី (ពីរ) នៃច្បាប់ស្តីពីគណបក្សនយោបាយ ចែងថា “ដោយមិនទាន់គិត ដល់ទោសព្រហ្មទណ្ឌផ្សេងទៀត គណបក្ស នយោបាយដែលបានប្រព្រឹត្តបទល្មើសនឹងមាត្រា ៦ថ្មី (ពីរ) នៃច្បាប់នេះ និងមាត្រា៧ នៃច្បាប់ ស្តីពីគណបក្សនយោបាយ តុលាការអាចសម្រេច ដូចខាងក្រោម ៖
-ផ្អាកសកម្មភាព គណបក្សនយោបាយ នោះមិនលើសពី៥ឆ្នាំ។
-រំលាយគណបក្សនយោបាយនោះ។
ដោយសារអំពើរបស់គណបក្សសង្គ្រោះជាតិខាងលើ ជាអំពើល្មើសច្បាប់ ដែលមានលក្ខណៈធ្ងន់ធ្ងរ ដែលអាចប៉ះពាល់ដល់សន្តិភាព សន្តិសុខ និងឯករាជ្យរបស់ព្រះរាជាណាចក្រកម្ពុជា យើងខ្ញុំជាមេធាវីតំណាងដោយអាណត្តិ របស់ក្រសួងមហាផ្ទៃ បានសំណូមពរដល់តុលាការ កំពូល ដូចខាងក្រោម ៖
ទី១-សម្រេចរំលាយគណបក្សសង្គ្រោះជាតិ តាមបញ្ញត្តិមាត្រា ៤៤ថ្មី (ពីរ) នៃច្បាប់ ស្តីពីគណបក្សនយោបាយ។
ទី២-ហាមឃាត់ការធ្វើសកម្មភាពនយោបាយរបស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ តាមបញ្ញត្តិមាត្រា៤៥ថ្មី កថាខណ្ឌទី៣ នៃច្បាប់ ស្តីពីគណបក្សនយោបាយ…។
លោកគី តិច មេធាវីមួយរូបតំណាងឱ្យ ក្រសួងមហាផ្ទៃ ដែលបានយកពាក្យបណ្តឹង ទៅដាក់ជូនតុលាការកំពូល នៅព្រឹកថ្ងៃទី០៦ ខែ តុលា ឆ្នាំ២០១៧ នោះបានបញ្ជាក់ប្រាប់អ្នកកាសែត នៅមុខតុលាការកំពូលថា រូបលោកនិង មេធាវីចំនួន៤រូបទៀត ត្រូវបានក្រសួងមហាផ្ទៃ ប្រគល់សិទ្ធិជាមេធាវី តំណាងដោយអាណត្តិ ដើម្បីដាក់ពាក្យប្តឹងទៅតុលាការកំពូល សុំរំលាយ គណបក្សសង្គ្រោះជាតិ ហើយពាក្យបណ្តឹងត្រូវ បានក្រុមមេធាវីរបស់លោក យកមកដាក់ជូន តុលាការកំពូល នៅព្រឹកនេះ រួចរាល់ហើយ។ លោកមេធាវី បានថ្លែងថា តាមរយៈភ័ស្តុតាង ដែលបានដាក់ក្នុងពាក្យបណ្តឹងទៅតុលាការកំពូល នេះ គឺគ្រប់គ្រាន់និងរឹងមាំសម្រាប់ជាមូលដ្ឋាន ឱ្យតុលាការកំពូល សម្រេចក្នុងការរំលាយគណបក្សសង្គ្រោះជាតិ បានតាមផ្លូវច្បាប់។
លោកគី តិច បានមានប្រសាសន៍ថា “ដើមហេតុនៃរឿងរ៉ាវនេះ គឺថា ទី១ យើងខ្ញុំជាមេធាវី ចំនួន៥រូប ដែលត្រូវបានក្រសួងមហាផ្ទៃចាត់តាំងជាមេធាវីតំណាងដោយអាណត្តិ ដើម្បី រៀបចំពាក្យបណ្តឹង ប្រមូលស្រាវជ្រាវភ័ស្តុតាង និងចុះហត្ថលេខាលើបណ្តឹង ដើម្បីយកមកដាក់ នៅតុលាការកំពូលថ្ងៃនេះ ហើយជាក់ស្តែង គឺ ខ្ញុំសូមបង្ហាញបងប្អូន នេះគឺជាលិខិតប្រគល់សិទ្ធិ ដែលចុះហត្ថលេខាដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ ហើយពួកខ្ញុំមានឈ្មោះខ្ញុំ ទី១ (មេធាវី គី តិច) ទី២ មេធាវី លី ច័ន្ទតុលា ទី៣ មេធាវី គង់ ទីលីន ទី៤ មេធាវី សាន់ ជួយ និងទី៥ មេធាវី ចេង ប៉េងហាប់ នេះជាសិទ្ធិតំណាងក្នុងការប្តឹង មកតុលាការកំពូលថ្ងៃនេះ។ ទី២ គឺថា ថ្ងៃនេះ យើងមកដាក់បណ្តឹងមួយ ដែលតំណាងឱ្យក្រសួង មហាផ្ទៃនេះ គឺដាក់បណ្តឹងប្តឹងសុំរំលាយគណបក្សសង្គ្រោះជាតិ មកតុលាការកំពូល ដោយបណ្តឹងនេះ យើងមានភ័ស្តុតាងដែលយើងប្រមូលបានចំនួនរហូតមកដល់ពេលនេះ យើងដាក់ភ័ស្តុតាងពីលេខរៀងទី១ ដល់លេខរៀងទី២១ ដោយ ១លេខរៀងៗ គឺមានភ័ស្តុតាងជាកញ្ចប់នៅក្នុងហ្នឹង រហូតដល់កញ្ចប់ទី២១ នេះគឺជាភ័ស្តុតាង ពាក់ព័ន្ធនឹងបណ្តឹងនេះ”។
លោកមេធាវី គី តិច បានបន្តថា “សូម បញ្ជាក់ដែរ កុំឱ្យមានការយល់ច្រឡំគឺថា បណ្តឹង ថ្ងៃនេះ គឺយើងប្តឹងសុំរំលាយគណបក្សសង្គ្រោះ ជាតិទេ អត់មានពាក់ព័ន្ធទៅលើលោកកឹម សុខា ដែលកន្លងមក ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធនឹងក្បត់ជាតិទេ គឺសុំបញ្ជាក់ថា ថ្ងៃនេះយើង ប្តឹងសុំរំលាយគណបក្ស ហើយភ័ស្តុតាងនៅក្នុង នេះដែលយើងចាត់ទុកថា ជាភ័ស្តុតាងសំខាន់ គឺមាន៣ ក្នុងនោះមានសម្តីផ្ទាល់ខ្លួនរបស់លោកកឹម សុខា ក្នុងឋានៈជាអ្នកដឹកនាំគណបក្សសង្គ្រោះជាតិ នៅក្នុងនោះក៏មានវីដេអូឃ្លីប៣ ដែលគាត់បានមានប្រសាសន៍ ពាក់ព័ន្ធបញ្ហាដែល គាត់ គណបក្សសង្គ្រោះជាតិនេះ ត្រូវបានគាំពារ ឬការរៀចំផែនការ ដោយសហការជាមួយនឹង បរទេស អ៊ីចឹងបើយើងក្រឡេកមើលចំណុចអស់ នេះមកផ្ទៀងផ្ទាត់នឹងច្បាប់គណបក្សនយោបាយ នៅក្នុងច្បាប់គណបក្សនយោបាយ គឺនៅក្នុង មាត្រា៦ថ្មី(២) និងមាត្រា៧ គឺបានបញ្ជាក់ហើយ បន្តិចទៀត ខ្ញុំសុំឱ្យមេធាវីរបស់ខ្ញុំ នឹងចែកជូន បងប្អូនអ្នកសារព័ត៌មាន ដើម្បីឱ្យបានមើល ហើយសុំឱ្យពិនិត្យពិចារណាចុះ ឱ្យបានត្រឹមត្រូវ តាមហ្នឹងទៅ គឺថា អត់ខុសទេ ព្រោះអាហ្នឹង ពាក់ព័ន្ធនឹងច្បាប់ បើយើងចុះមិនបាន មើលគឺ វាអាចខុស ខុសតែលេខមួយក៏វាខុសដែរ…”។
លោកមេធាវី គី តិច បញ្ជាក់បន្ថែមថា តាមរយៈភ័ស្តុតាងដែលបានដាក់ក្នុងពាក្យបណ្តឹង ទៅតុលាការកំពូលនេះ គឺគ្រប់គ្រាន់និងរឹងមាំ សម្រាប់ជាមូលដ្ឋានឱ្យតុលាការកំពូល សម្រេច ក្នុងការរំលាយគណបក្សសង្គ្រោះជាតិបាន តាមផ្លូវច្បាប់។
លោកលី ច័ន្ទតុលា មេធាវីមួយរូបទៀត តំណាងក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ភ័ស្តុតាង ក្នុងការប្តឹងរំលាយគណបក្សសង្គ្រោះជាតិនេះ គឺភ័ស្តុតាង ដោយយោងទៅលើការស្រាវជ្រាវ របស់ក្រសួងមហាផ្ទៃ ហើយក៏យោងទៅលើ ពាក្យបណ្តឹងដែលគណបក្សយុវជនកម្ពុជា និង គណបក្សហ៊្វុនស៊ិនប៉ិច បានដាក់ទៅក្រសួង មហាផ្ទៃផងដែរ ហើយប្រភេទភ័ស្តុតាងដែល មាននេះ មានច្រើនរូបភាព ពេលខ្លះជាវីដេអូ ការប្រជុំ ពេលខ្លះជាលិខិតឆ្លើយឆ្លងជាឯកសារ ផ្សេងៗ ឬក៏ជាឯកសារបណ្តុះបណ្តាលជាសម្ងាត់ ដែលត្រូវបានយកមកចងក្រងធ្វើជាភ័ស្តុតាង នៃបទល្មើសរបស់គណបក្សសង្គ្រោះជាតិ ទៅ លើមាត្រា៦ថ្មី(២) និងមាត្រា៧ នៃច្បាប់ស្តីពី គណបក្សនយោបាយ
ទោះបីយ៉ាងណា អ្នកច្បាប់មួយចំនួន យល់ថា បើគណបក្សប្រឆាំង ត្រូវតុលាការកំពូលរំលាយចោលមែននោះ មានន័យថា សភា ទាំងមូល ក៏ខុសច្បាប់ ផ្ទុយពីរដ្ឋធម្មនុញ្ញផងដែរ ដោយថា ត្រង់មាត្រា៧៨ នៃរដ្ឋធម្មនុញ្ញែចង ថា “នីតិរបស់រដ្ឋសភា មានកំណត់៥ឆ្នាំ ហើយ ត្រូវផុតកំណត់នៅពេលដែលរដ្ឋសភាថ្មី ស្បថ ចូលកាន់តំណែង។ រដ្ឋសភា មិនអាចត្រូវបាន រំលាយមុនផុតអាណត្តិបានឡើយ វៀរលែង តែក្នុងករណី ដែលរាជរដ្ឋាភិបាល ត្រូវបាន ទម្លាក់ពីរដង ក្នុងរយៈពេល១២ខែ”។ ដូច្នេះបើ ក្រសួងមហាផ្ទៃ ដាក់ពាក្យបណ្តឹងទៅតាមការ ស្នើរបស់គណបក្សនយោបាយនោះ ជាការខុស ឆ្គង ដោយសារថា តាមច្បាប់ គឺក្រសួងមហាផ្ទៃ ត្រូវផ្អែកលើឆន្ទៈ និងស្មារតីរបស់ខ្លួន ដែលឈរ លើគោលការណ៍ឯករាជ្យ និងអព្យាក្រឹត ក្នុង នាមជាស្ថាប័នរដ្ឋ។ ដូច្នេះមជ្ឈដ្ឋានទាំងនោះ បានស្នើសុំឱ្យរដ្ឋាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃ ត្រូវបង្កលក្ខណៈងាយស្រួល និងផ្តល់សិទ្ធិសេរីភាពដល់គ្រប់គណបក្សនយោបាយ ដែលចង់ប្រកួតប្រជែងគ្នា ទៅដឹកនាំរដ្ឋាភិបាល ព្រោះបើស្ថានការណ៍នយោបាយ នៅតែបន្តតានតឹង ខ្លាំង នៅមុនការបោះឆ្នោតនោះ សហគមន៍ជាតិ និងអន្តរជាតិនឹងពិបាកទទួលយកលទ្ធផល បោះឆ្នោត នាឆ្នាំក្រោយ។
ដោយឡែក គណៈប្រតិភូសហភាពអឺរ៉ុប បានចេញសេចក្តីថ្លែងការណ៍សម្តែងពីក្តីបារម្ភ ចំពោះការវិវត្តនយោបាយថ្មីៗនៅកម្ពុជា ក្រោយ ពេលមានការចាប់ខ្លួនលោកកឹម សុខា និងការ ប្តឹងរំលាយគណបក្សសង្គ្រោះជាតិ ហើយសហភាពអឺរ៉ុប ជំរុញឱ្យរាជរដ្ឋាភិបាលកម្ពុជា ពិចារ ណាឡើងវិញពីបញ្ហានេះ។
សេចក្តីថ្លែងការណ៍របស់សហគមន៍អឺរ៉ុប ប្រចាំប្រទេសកម្ពុជា ចុះថ្ងៃទី០៩ ខែតុលា ឆ្នាំ ២០១៧ មានខ្លឹមសារថា “គណៈប្រតិភូសហភាពអឺរ៉ុប ចេញសេចក្តីថ្លែងការណ៍ដូចខាង ក្រោមនេះ ដោយមានកិច្ចព្រមព្រៀងជាមួយ ប្រធានបេសកកម្ម សហភាពអឺរ៉ុបនានាប្រចាំប្រទេសកម្ពុជា ៖
សេចក្តីថ្លែងការណ៍មួយចំនួនដែលចេញ ដោយសហភាពអឺរ៉ុប ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ បានបញ្ជាក់យ៉ាងច្បាស់ថា ការដែលពិនិត្យឃើញ អំពីភាពធ្ងន់យ៉ាងណានោះ ទាក់ទិននឹងស្ថាន ភាពនយោបាយនាពេលបច្ចប្បន្ននៅក្នុងប្រទេសកម្ពុជា។ ក្នុងបរិបទនោះ វិធានការដែលអាជ្ញាធរ កម្ពុជា បានចាត់ឡើង ដើម្បីទាមទារឱ្យមាន ការរំលាយគណបក្សប្រឆាំងដ៏ធំ គឺមានការព្រួយបារម្ភយ៉ាងខ្លាំង។ ការដកយកចេញដោយ បង្ខំពីឆាកនយោបាយ នៃគណបក្សមួយដែល បានឈ្នះសំឡេងឆ្នោតប្រជាពលរដ្ឋជាង៤០% នៅក្នុងការបោះឆ្នោតឃុំ-សង្កាត់ កាលពីពេល ថ្មីៗនេះ អាចជាការវាយប្រហារយ៉ាងធ្ងន់លើ លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងអាចធ្វើឱ្យ បាត់បង់នូវកិត្យានុភាពនៃដំណើរការបោះឆ្នោត បច្ចុប្បន្ន។ យើងជំរុញឱ្យរដ្ឋាភិបាលកម្ពុជា ពិចារណាឡើងវិញ”៕
កុលបុត្រ