Tuesday, November 26, 2024
Homeនយោបាយលោកលឺ ឡាយស្រេង ថា តុលាការកំពូលនឹងសម្រេចរំលាយគណបក្សសង្គ្រោះជាតិ

លោកលឺ ឡាយស្រេង ថា តុលាការកំពូលនឹងសម្រេចរំលាយគណបក្សសង្គ្រោះជាតិ

ភ្នំពេញ ៖ ស្របពេលដែលបណ្តឹងសុំរំលាយគណបក្សសង្គ្រោះជាតិ បានចូលទៅដល់ដៃតុលាការកំពូល ហើយចៅក្រមទទួលបញ្ជានៃ តុលាការកំពូល បានចេញដីកាបង្គាប់ឱ្យគណបក្សប្រឆាំងនេះ ដាក់ឯកសារត្រៀមឆ្លើយតប នោះ អតីតឧបនាយករដ្ឋមន្ត្រី និងជាអតីតមន្ត្រី ជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិច លោកព្រឹទ្ធាចារ្យ លឺ ឡាយស្រេង បានលើកឡើងថា តុលាការកំពូល នឹងកាត់សេចក្តីសម្រេចឱ្យរំលាយគណបក្សសង្គ្រោះជាតិ ចៀសមិនរួចទេ។

ការថ្លែងនៅក្នុងវីដេអូបង្ហោះតាមគណនី ហ្វេសប៊ុករបស់លោក ក៏ដូចជាការបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ អ្នកនយោបាយជើងចាស់ លោកលឺ ឡាយស្រេង បានអះអាងថា មូលហេតុដែលលោកថា តុលាការកំពូលនឹងសម្រេចឱ្យរំលាយគណបក្សប្រឆាំងនោះ ដោយសារលោកយល់ថា តុលាការកម្ពុជា មិនឯករាជ្យ គ្រាន់តែជាឧបករណ៍សម្រាប់អ្នក នយោបាយបញ្ជា ដែលលោកសុំប្រើពាក្យថា “តុលាការតេឡេ”។

លោកលឺ ឡាយស្រេង បានមានប្រសាសន៍ ថា “បាទ ! ស្ថានការណ៍ហ្នឹងវាធ្ងន់ ខាងក្នុងហ្នឹង ក៏ស្មុគស្មាញ ខាងក្រៅហ្នឹង អន្តរជាតិកំពុងតែដាក់សម្ពាធ។ អ៊ីចឹងស្ថានភាពនេះ ធ្ងន់មែន ទែន គឺអាចប្រឈមនឹងការដាក់សម្ពាធសេដ្ឋកិច្ច គេអាចបង្កកលុយ គេកាត់ជំនួយជាដើម។ ចំពោះគណបក្សសង្គ្រោះជាតិ នឹងរលាយនោះ គឺគេនឹងចាត់ ព្រោះតាមមូលហេតុខ្ញុំមើលឃើញកន្លងមក ពីបំណងសម្តេចនាយក ពេលដែលលោកចង់រំលាយ ត្រូវតែរលាយហើយ។ អាហ្នឹង គឺថា ទាំងអស់ដឹងហើយតើ! តែកំពូលចង់បានអី ត្រូវតែធ្វើ។ បានន័យថា តុលាការស្រុកខ្មែរ វាអត់ឯករាជ្យទេ។ ជារួម ខ្ញុំគិតថា មានមធ្យោបាយតែមួយទេ គឺថា ខ្មែរអង្គុយនិយាយគ្នា បាន ទៅរួច បើថា នៅតែមុខអ៊ីចឹងទេ មានតែស្រុកហ្នឹង នឹងមានឧបសគ្គធំណាស់ទៅអនាគតយ៉ាងខ្លី”។

លោកលឺ ឡាយស្រេង

លោកលឺ ឡាយស្រេង បានមានប្រសាសន៍បន្តថា “មានអ្នកសួរខ្ញុំច្រើនណាស់ ហើយខ្ញុំ ឆ្លើយយ៉ាងខ្លីថា ស្រុកខ្មែរស្អី ក៏អាចទៅរួចដែរ ពីព្រោះស្រុកវាអត់ច្បាប់ អត់មានច្បាប់ត្រឹមត្រូវ។ សុំទោស! ខ្ញុំនិយាយនេះកុំខឹងខ្ញុំ តែ យើងឃើញបំពានគ្រប់កន្លែងពេក អត់ល្អទេ ខ្ញុំនិយាយត្រឹមត្រូវ។ ហេតុអីថា ស្រុកហ្នឹងវា អត់ច្បាប់? ព្រោះតុលាការហ្នឹង តុលាការ តេឡេ។ ឥឡូវកំពូលហ្នឹងតេឡេទៀតហើយ ខ្ញុំប្រាប់មិនបាច់ទេ បញ្ជូនទៅត្រូវ តែកាត់ហើយ ព្រោះមេធាវីស្អីឯណា សុទ្ធតែទឡ្ហីករណ៍មាំ គ្រប់គ្រាន់ណាស់ មាំខ្មោចយក៍អី អ្នកណាទៅ ជឿ។ ឥឡូវចង់និយាយអី ខ្មែរក៏លែងជឿដែរ វាដល់ពេលលែងជឿហើយ ដូចចាក់ថ្នាំអ៊ីចឹង ចាក់ឈឺហើយ ចាក់លែងត្រូវហើយ និយាយ ម៉េច ក៏លែងជឿដែរ ហើយអ្នកតែងឆាកល្ខោន នេះ ឆាកល្ខោនគម្រក់ជាទីបំផុត។ សុំទោស! មិនដែលឃើញគណបក្សពីក្រៅផ្សឹងមកប្តឹង រំលាយគណបក្សមួយទៀត វាមិនដែលមាន អ្នកទទួលធ្វើតាមគេហ្នឹង វាជ្រុលពេក បង្ហាញឱ្យលើគោកៗពេក នេះដូចស្លៀកខោ ពាក់គ្រ័រសេ លេចគូទ រហែកគូទ ជ្រុលពេក។ ហើយ កំពូលហ្នឹង ខ្ញុំប្រាប់ តែទៅ កាត់ហើយ ព្រោះ កំពូលហ្នឹង កំពូលតេឡេដូចគ្នាហ្នឹង ព្រោះខ្ញុំនៅ ក្នុងហ្នឹង ខ្ញុំដឹង ខ្ញុំធ្លាប់ធ្វើការជាមួយរដ្ឋាភិបាល នេះបីបួនអាណត្តិ។ សួរមានច្បាប់ត្រង់ណាមួយ មក មកប្តឹងគេឱ្យកាត់? ហើយមហាផ្ទៃនោះ ទៀត មិនព្រមបានសិក្សាឱ្យដឹងថា អត់ត្រឹមត្រូវ ទេ សុំរំលាយបក្សហ្នឹង ព្រោះខ្លួនឯង អ្នកឱ្យ ច្បាប់ទៅគេ ម៉េចមិនមើលថា ប្តឹងរំលាយគេ ម៉េចកើត? ខ្ញុំជឿថា ទៅកំពូលៗច្បាស់ជាទៅ អ៊ីចឹងហើយៗលេងល្បែងក្តៅណាស់។ ឥឡូវខ្ញុំ សួរវិញថា គណបក្សសង្គ្រោះជាតិ ជាគណបក្ស មានអាណត្តិ ពីព្រោះគណបក្សមានតំណាងរាស្ត្រ៥៥នាក់ មានអាណត្តិ៥ឆ្នាំ។ ក្នុងពេល អាណត្តិ៥ឆ្នាំនេះ ក្នុងរដ្ឋធម្មនុញ្ញ គ្មានអ្នកណា មកផ្តាច់បានទេ មិនមានទេ។ ខ្ញុំជឿថា កំពូល ត្រូវតែកាត់ហើយៗកំពូលកាត់ផ្តាច់ គណបក្ស សង្គ្រោះជាតិរលាយ សភាទាំងមូលរលាយទាំងអស់ ពីព្រោះក្នុងរដ្ឋធម្មនុញ្ញ ត្រូវមានសមាជិក ១២៣នាក់។ ដូច្នេះមានតែ៦៨នាក់ សភារលាយ។ សភារលាយ រដ្ឋាភិបាលរំលំ បើរលាយដូចគ្នា …”។

ហាក់ស្របទៅនឹងការលើកឡើងរបស់ លោកលឺ ឡាយស្រេង ខាងលើនេះ មេធាវី មួយរូប និងជាប្រធាននាយកដ្ឋានកិច្ចការបោះឆ្នោត និងនីតិកម្ម នៃគណបក្សសង្គ្រោះជាតិ លោកស្រីម៉េង សុភារី បញ្ជាក់ថា អ្នកនយោបាយ ទាំងអស់ គួរតែគិតគូរពិចារណាមកប្រទេសជាតិ ជាជាងគិត គូរផលប្រយោជន៍ផ្ទាល់ ឬផល ប្រយោជន៍បុគ្គល រួចងាកជជែកគ្នាដោះស្រាយ។ លោកស្រីមេធាវី លើកឡើងថា ការប្តឹងរំលាយ គណបក្សសង្គ្រោះជាតិ ជារឿងរំលោភរដ្ឋធម្មនុញ្ញ ទាំងស្រុង ព្រោះគណបក្សសង្គ្រោះជាតិ ជា គណបក្សដែលកើតឡើងដោយសំឡេងប្រជាពលរដ្ឋ។

លោកស្រីម៉េង សុភារី បានមានប្រសាសន៍ ថា “គណបក្សសង្គ្រោះជាតិ ដែលមានសំឡេង នៅក្នុងរដ្ឋសភា ក៏ដោយសារប្រជាពលរដ្ឋបោះឆ្នោតជូន ហើយការប្តឹងរំលាយបក្សសង្គ្រោះជាតិ គឺមានន័យថា មិនទទួលស្គាល់នូវឆន្ទៈ របស់ប្រជាពលរដ្ឋ ដែលមានសំឡេងសព្វថ្ងៃនេះ ចង់ពាក់កណ្តាលនគរនេះ ព្រោះអីតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលជាប់ឆ្នោត មកនេះ គឺជាប់ឆ្នោតដោយសារប្រជាពលរដ្ឋ បោះឆ្នោតជូន ប៉ុន្តែយើងឃើញគណបក្សដែល មិនមានសំឡេង សូម្បីតែ១កៅអី នៅក្នុងសភា ហ្នឹង បែរជាមកប្តឹងរលាយឆន្ទៈរបស់ប្រជាពលរដ្ឋទៅវិញ ហើយបើយើងពិនិត្យមើលទិដ្ឋភាពច្បាប់ យើងឃើញថា សភាត្រូវមានសមាជិក១២៣រូប ហើយចុះបើរំលាយគណបក្សសង្គ្រោះជាតិ ទៅអស់៥៥រូប នៅសល់៦៨ ធ្វើម៉េចបានគ្រប់១២៣រូប ហើយរដ្ឋធម្មនុញ្ញក៏ បានចែងដែរ គឺរដ្ឋាភិបាលកើតឡើងដោយសារសភា ហើយបើសភាមិនគ្រប់ចំនួន សភាក៏ រលាយ ហើយរដ្ឋាភិបាលដែលចេញពីសភា តែឥឡូវអត់គ្រប់ចំនួន១២៣រូបផងហ្នឹង។ អ៊ីចឹង វាមានឥទ្ធិពលទៅដល់ជំនួយបរទេសទៅដល់ការវិនិយយោគអីទាំងឡាយនៅក្នុងប្រទេសរបស់យើង។ អ្នកវិនិយោគ គេមករកស៊ី គេឱ្យ តែរកស៊ីប្រទេសណា ដែលគ្មានការរកាំរកូស ប្រទេសណាដែលមានការគោរពច្បាប់ ប្រទេស ណាដែលអាចផ្តល់ឱកាសឱ្យគេវិនិយោគរកស៊ី អីបានស្រួលបួល ហើយបើមានស្ថានភាពនយោ បាយក្តៅគគុកអ៊ីចឹង វាពិបាកដែរ ដល់អ្នកវិនិយោគ  ហើយវាប៉ះពាល់ទៅដល់ប្រជាពលរដ្ឋ យើងការរកស៊ីទទួលទាន ការងារអីក៏វាប៉ះពាល់ ហើយជំនួយអីផ្សេងៗ កូតាអីផ្សេងៗ យើង ព្រួយបារម្ភ។ ឥឡូវអត់ទាន់អីទេ ប៉ុន្តែមានការ ព្រួយបារម្ភអនាគតទៅ បើសិនជាប្រទេសផ្សេងៗ នោះ គេផ្តាច់ជំនួយ ហើយគេផ្តាច់កូតាអីនាំ ចេញទាំងអស់ហ្នឹង វារឹតលំបាកដល់ប្រជាពលរដ្ឋ យើង។ អ៊ីចឹងថា សូមឱ្យមានការជជែកគ្នា ចរចាគ្នាទៅ ព្រោះយកមនុស្សទៅដាក់ក្នុង ពន្ធនាគារអ៊ីចឹង អត់មានចំណេញអីទេ ដូច លោកតាលឺ ឡាយស្រេង មានប្រសាសន៍អ៊ីចឹង អត់ចំណេញអី មានតែការជជែកគ្នាទេ យកបញ្ហាមកដោះស្រាយទៅ ហើយរួមគ្នាធ្វើការ កសាងប្រទេសទៅ ព្រោះជឿថា ម្នាក់ៗសុទ្ធ តែនិយាយថា ស្រលាញ់ប្រជាពលរដ្ឋ ស្នេហា ប្រទេសជាតិដូចគ្នាតើ!”។

លោកយឿង សុធារ៉ា

មន្ត្រីផ្នែកច្បាប់នៃអង្គការឃ្លាំមើលការបោះឆ្នោត ខុមហ្វ្រែល លោកយឿង សុធារ៉ា បានលើកឡើងថា ច្បាប់បោះឆ្នោតថ្មី ដែល ប្រកាសឱ្យប្រើនៅឆ្នាំ២០១៥ មានចែងពីការដក យកអាសនៈរបស់គណបក្សនយោបាយមួយ ទៅចែកឱ្យគណបក្សនយោបាយមួយផ្សងទៀត ក្នុងករណីគណបក្សនោះ ធ្វើពហិការ មិនចូល ប្រជុំសភាដំបូង ឬមិនចូលស្បថ តាមការកោះ របស់ព្រះមហាក្សត្រ។ ប៉ុន្តែតាមគោលការណ៍ ច្បាប់ថ្មីនេះ មិនអាចអនុវត្តថយក្រោយ ដោយ ទៅយកអាសនៈដែលទទួលបានអំឡុងឆ្នាំ២០១៣ មកអនុវត្តបានទេ។

អ្នកវិភាគនយោបាយ លោកឯម សុវណ្ណារ៉ា បានលើកឡើងថា បើយោងតាមមាត្រា៧៦ នៃរដ្ឋធម្មនុញ្ញ ដែលបានចែងថា រដ្ឋសភា មាន សមាជិតំណាងរាស្ត្រយ៉ាងតិច១២០។ ដូច្នេះការ រំលាយបក្សប្រឆាំង នឹងប៉ះពាល់ដល់ស្ថាប័ន ធំៗបី ដូចជា រដ្ឋសភា រដ្ឋាភិបាល និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក៏មិនស្រប ច្បាប់ដែរ។ បើស្ថាប័នទាំងបីរបស់កម្ពុជា មិន ស្របច្បាប់ អាចនឹងធ្វើឱ្យសហគមន៍អន្តរជាតិ ចាប់ផ្តើមពិចារណាពីភាពស្របច្បាប់នៃកៅអី កម្ពុជា នៅអង្គការសហប្រជាតិ។

ទោះជាយ៉ាងណា លោកសុខ ឥសាន អ្នកតំណាងរាស្ត្រ និងជាអ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា (បក្សកាន់អំណាច) បានលើក ឡើងថា ពាក់ព័ន្ធនឹងការរំលាយគណបក្សសង្គ្រោះជាតិ (បក្សប្រឆាំង) គឺយោងទៅតាមអំពើ ប្រព្រឹត្តរបស់សាមីគណបក្ស ដែលត្រូវប្រឈម នឹងមាត្រា៦ថ្មីពីរ មាត្រា៧ថ្មី មាត្រា៣៨ថ្មី និង មាត្រា៤៤ថ្មី នៃច្បាប់ស្តីពីគណបក្សនយោបាយ ហើយរឿងទាំងអស់ពាក់ព័ន្ធនឹងមេដឹកនាំបក្ស ប្រឆាំង និងបក្សប្រឆាំងខ្លួនឯងផ្ទាល់ ពោលគឺ ដោយសារអំពើប្រព្រឹត្តរបស់សាមីជន និងសាមី គណបក្សតែប៉ុណ្ណោះ ដូច្នេះកុំបន្ទោសលើអ្នកដទៃ៕

កុលបុត្រ

RELATED ARTICLES