Thursday, November 28, 2024
Homeតារាខ្មែរចំណងស្នេហ៍ទឹម រដ្ឋា និងបុរសអាមេរិក ពិបាកដឹកដៃគ្នាចូលរោងការ

ចំណងស្នេហ៍ទឹម រដ្ឋា និងបុរសអាមេរិក ពិបាកដឹកដៃគ្នាចូលរោងការ

ចំណងមេត្រីស្នេហ៍បើកចំហរវាងទឹម រដ្ឋា ជាមួយអ្នកជំនួញខាងអចលនៈទ្រព្យ លោក Jovany Antonia កាន់តែផ្អែមល្ហែមស្អិតល្មួតទ្វេឡើង ប្រៀបដូចជាប្តីប្រពន្ធទៅហើយ ដែលបណ្តើរគ្នាឱ្យត្រសងស្ទើរគ្រប់កម្មវិធី ព្រមទាំងបែកធ្លាយរូបភាពឱបថើបបឺតមាត់គ្នានៅលើបណ្តាញសង្គមទៀតផង ខណៈដែលមានការលេចឮថា ពួកគេបានរួមរស់ក្រោមដំបូលតែមួយ។

យ៉ាងណា អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ រហូតមកទល់ពេលនេះ អ្នកទាំងពីរមិនទាន់មានពន្លឺដឹកដៃគ្នាចូលរោងការនៅឡើយ។

តាមប្រភពថា ស្នេហាឆ្លងដែនរបស់តារារាងខ្ពស់ស្រឡះ សម្រស់ទាក់ទាញ មានមន្តស្នេហ៍រូបនេះ ហាក់ពិបាកសម្រេចគោលដៅ ត្បិតអីរហូតមកទល់ពេលនេះ រឿងស្នេហ៍របស់ពួកគេដែលបានអូសបន្លាយពេលជាង១ឆ្នាំមកហើយនោះ នៅមិនទាន់ជ្រាបដល់ចាស់ទុំខាងប្រុសនៅឡើយទេ ខណៈដែលរដ្ឋា ក៏មិនទាន់មានគម្រោងណាត់ជួបឪពុកម្តាយសង្សាររបស់នាងដែរ។

ប្រភពខាងលើ បន្តថា ស្នេហាឆ្លងទ្វីប របស់ទឹម រដ្ឋា ហាក់គ្មានក្តីសង្ឃឹមបានចូលនឹមអាពាហ៍ពិពាហ៍ដូចតារាស្រីល្បីឈ្មោះមួយចំនួននោះទេ។ ម៉្យាងសង្សាររបស់នាងដែល ជាអ្នកជំនួញខាង អចលនៈទ្រព្យ ក៏មិនទាន់ប្រាកដរស់នៅស្រុកខ្មែរ ជាអចិន្ត្រៃយ៍ ហើយក៏មិនទាន់មានគម្រោងនាំនាងទៅរស់នៅសហរដ្ឋអាមេរិកដែរ។

អ្នកសិល្បៈនិយាយថា រដ្ឋា ក៏ចង់រៀបការដូចស្ត្រីខ្មែរទូទៅដែរ ប៉ុន្តែក្នុងកាលៈទេសៈនេះ ហាក់ពិបាកសម្រេចបំណង។

ទឹម រដ្ឋា មិនអាចទាក់ទងសុំការបញ្ជាក់បានទេចំពោះដំណឹងនេះ តែយ៉ាងណា កន្លងមក នាងធ្លាប់អះអាងថា នាងមិនទាន់ខ្វល់ពីរឿងរៀបការទេ អ្វីដែលសំខាន់ នាងចង់ពិសោធន៍ស្នេហ៍លោក Jovany Antonia បន្តទៀតសិន។ មួយវិញទៀត នាងចង់រស់នៅជាមួយបុរសដែលខ្លួនស្រលាញ់ ហើយបុរសនោះអាចផ្តល់សុភមង្គលឱ្យនាងបាន ដោយមិនផ្តោតលើរឿងរៀបការជាធំ ពោលគឺ បើទោះបីតម្រូវឱ្យនាងរស់នៅដូចគូស្នេហ៍ខាងប៉ែកអឺរ៉ុប ដោយមិនចាំបាច់ឆ្លងកាត់នឹមអាពាហ៍ពិពាហ៍ ក៏នាងសុខចិត្តដែរ។

គួរបញ្ជាក់ថា ទឹម រដ្ឋា ធ្លាប់បរាជ័យរឿងស្នេហ៍ជាមួយបុរសបរទេស ២នាក់មកហើយ មុននឹងមកពិសោធន៍ស្នេហ៍ជាមួយប្រុសអាមេរិក កាត់អេស្ប៉ាញ លោក Jovany Antonia គឺលោក Zak ky ជនជាតិប៉ាគីស្ថាន និងបុរសជនជាតិប្រេស៊ីល ជាថៅកែភោជនីយដ្ឋានមួយនៅម្តុំវិមានឯករាជ្យ។

រដ្ឋា ធ្លាប់ពិសោធន៍ស្នេហ៍ជាមួយ Zak ky ជិត២ឆ្នាំ ដែលមានអនុស្សាវរីយ៍ជាច្រើន និងល្បីថា បានរស់នៅជាមួយគ្នាដូចប្តីប្រពន្ធទៀតផង តែទីបំផុតក៏ចែកផ្លូវគ្នា។ មិនយូរប៉ុន្មាន រដ្ឋា ក៏ជួបស្នេហ៍ជាមួយបុរសប្រេស៊ីល ថៅកែភោជនីយដ្ឋានស្អំបេះដូងនាងបានមួយរយៈ ក៏ប្រេះឆាទៀត។ ប៉ុន្តែទោះជាយ៉ាងណា រដ្ឋា ពុំបានរាងចាលចំពោះរឿងស្នេហ៍ជាមួយបុរសខាងប៉ែកអឺរ៉ុប នោះទេ គឺនាងបានចងសម្ព័ន្ធស្នេហ៍ប្រុសអាមេរិក កាត់អេស្ប៉ាញ រហូតមកទល់ពេលនេះ។ មិនត្រឹមតែប៉ុណ្ណោះ នាងធ្លាប់ប្រកាសថា មិនបេតីបុរសខ្មែរទេ គឺនាងពេញចិត្តតែបុរសអឺរ៉ុប។

រដ្ឋា ធ្លាប់ល្បីថា មានបុរសៗសម្បូរទ្រព្យជាច្រើនចង់នែបនិត្យ និងចង់ជ្រោមជ្រែងនាង ប៉ុន្តែ នាងបានធ្វើឱ្យបុរសសម្បូរទ្រព្យទាំងនោះខកចិត្ត ស្តាយស្នេហ៍ ក៏ព្រោះតែនាងចាប់អារម្មណ៍តែប្រុសបរទេស។

ពាក់ព័ន្ធនឹងអាជីពសិល្បៈ រហូតមកទល់ពេលនេះ ទឹម រដ្ឋា នៅតែដណ្តើមបានភាពលេចធ្លោ ទាំងអាជីពសម្តែង និងបង្ហាញម៉ូដ និងជាតារាស្ពតពាណិជ្ជកម្ម ជាដើម ដែលនាងនៅតែទទួលបានឱកាសការងារយ៉ាងជោកជាំ។ នាងលេចមុខនៅក្នុងភាពយន្តខ្នាតធំជាបន្តបន្ទាប់ ដែលជួយឱ្យនាងនៅតែរក្សាបានលំនឹងគាំទ្រ។

ទោះជាយ៉ាងណា ទស្សនិកជនរង់ចាំមើលថា តើរដ្ឋា នឹងបានសម្រេចបំណងចូលរោងការតាមប្រពៃណីខ្មែរ ឬក៏នាងសុខចិត្តរួមរស់ជាមួយប្រុសអាមេរិក តាមគូស្នេហ៍ដូចពួកអឺរ៉ុប…៕

RELATED ARTICLES