Thursday, September 19, 2024
Homeតារាខ្មែរពេជ្រ ថៃ រងការរិះគន់ម្លុឹងៗ តើមានសំណាងលើកពានដែរឬទេ?

ពេជ្រ ថៃ រងការរិះគន់ម្លុឹងៗ តើមានសំណាងលើកពានដែរឬទេ?

គ្រាន់តែកូនក្រុមរបស់កំពូលតារាចម្រៀងលោកព្រាប សុវត្ថិ គឺកុមារា ពេជ្រ ថៃ ត្រូវបានអ្នកគាំទ្របោះឆ្នោតឲ្យឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រនៅក្នុងកម្មវិធីបលងចម្រៀងកុមារលំដាប់ពិភពលោក “The voice kids Cambodia” ស្រាប់តែទទួលការរិះគន់កក្រើកសង្គមហ្វេសប៊ុក។ ដូច្នេះគេចាំមើលថា តើពេជ្រ ថៃ មានសំណាងបានឈ្នះពានលំដាប់ពិភពលោកមួយនេះដែរឬទេ?

ក្រៅពីទស្សនិកជននៅតាមបណ្ដាញសង្គមហ្វេសប៊ុក ក៏មានតារាសិល្បៈមួយចំនួន ចេញមុខរិះគន់កម្មវិធី “The voice kids Cambodia” ផងដែរ ដោយមានការលើកឡើងថា មិនគួរណាឲ្យកុមារា ពេជ្រ ថៃ ឈានទៅដល់វគ្គផ្ដាច់ព្រ័ត្រនៅក្នុងកម្មវិធីប្រឡងចម្រៀងកុមារលំដាប់ពិភពលោកមួយនេះទេ។ ពោលគឺទឹកដមសំឡេងពេជ្រ ថៃ នៅមានកម្រិត និងមានសមត្ថភាពក្រោមបេក្ខជនមួយចំនួនដែលបានធ្លាក់នៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ អ្នកខ្លះថា កម្មវិធីនេះមិនសុក្រិតយុត្តិធម៌នោះទេ ព្រោះពុំបានបង្ហាញទិន្ន័យបោះឆ្នោតជាសាធារណៈ។ អ្នកខ្លះទៀតថា មិនគួរណាផ្ដល់ពិន្ទុលើការអាណិត ការសរសើរ និងលើភាពកំប្លុកកំប្លែងរបស់ក្មេង ដោយមើលរំលងពីសមត្ថភាពល្អៗរបស់កុមារា កុមារី ផ្សេងៗទៀតនោះទេ ហើយអ្នកខ្លះលើកឡើងថា បើស្រលាញ់អាណិតពេជ្រ ថៃ គួរតែជួយផ្តល់ជាថវិកាតែម្ដងទៅ មិនគួរផ្ដល់សំឡេងឆ្នោតដោយមើលរំលងពីសមត្ថភាពបេក្ខជនប្រឡងដែលមានពិតប្រាកដនោះទេ។ ពោលគឺធ្វើឲ្យមហាជនបាត់ជំនឿចិត្តលើកម្មវិធីប្រឡងចម្រៀងកុមារលំដាប់ពិភពលោកមួយនេះ។

ពាក់ព័ន្ធនិងដំណឹងនេះមិនអាចទាក់ទងសុំការបកស្រាយពីអ្នកតំណាងក្រុមហ៊ុនរស្មីហង្សមាស បានទេ។

យ៉ាងណា អ្នកនិពន្ធបទ ”មាតាដៃមួយរយ” លោកLee sinhourn បានចេញមុខតបតចំពោះការរិះគន់កុមារា ពេជ្រ ថៃ ថា ”សិល្បៈមានគ្រប់រសជាតិ ដើម្បីកំដរអារម្មណ៍ទស្សនិកជន។ ការប្រឡងសំឡេងមែន តែត្រូវមានសមត្ថភាពទេពកោសល្យវៃឆ្លាត ចរិតនិស្ស័យល្អ ចំណេះដឹងទូទៅ និងក្លាហានផង ទើបអាចកាន់ពានហ្នឹងបាន។ សួរថា តើមានក្មេងប៉ុន្មានអ្នកដែលឆ្លាតវៃ ហើយមានសមត្ថភាពទេពកោសល្យ និងចេះគោរពចាស់ទុំទៀតនោះ? បើនិយាយពីក្មេងៗច្រៀងពិរោះមិនខ្វះនោះទេ តែពួកគាត់ខ្វះអ្វីៗជាច្រើន ដូចជាអន់កាយវិការ បទចម្រៀង និងទឹកមុខមិនស៊ីគ្នា ច្រៀងខុសភ្លេង ជាដើម”។

គួរបញ្ជាក់ថា កុមារា ពេជ្រ ថៃ ជាក្មេងកំព្រាត្រូវឪពុកម្ដាយបោះបង់ឲ្យរស់នៅបៅដោះស្វិតម៉ែចាស់ មានស្រុកកំណើតនៅឃុំជ្រៃ ស្រុកមោងឬស្សី ខេត្តបាត់ដំបង។ ពេជ្រ ថៃ បានធ្វើឲ្យមហាជនស្គាល់ស្ទើរទូទាំងប្រទេស តាមរយៈការបញ្ចេញសមត្ថភាពនៅក្នុងកម្មវិធី “The voice kids Cambodia” រដូវកាលទី១ របស់ទូរទស្សន៍ហង្សមាស ដែលមជ្ឈដ្ឋានជាច្រើនចាប់អារម្មណ៍លើសមត្ថភាព ភាពក្រម៉េចក្រមើម​ ចេះនិយាយកំប្លុកកំប្លែង និងក្លាហាន ជាដើម។ ទន្ទឹមនឹងនោះ ក៏មានឧកញ៉ាៗ និងមន្ត្រីធំមួយចំនួនផងដែរ ដែលពេញចិត្តចំពោះកុមារាពេជ្រ ថៃ។

ពេជ្រ ថៃ ត្រូវបានអ្នកគាំទ្របោះឆ្នោតឲ្យទៅកាន់វគ្គផ្ដាច់ព្រ័ត្រដែលនឹងត្រូវប្រកួតប្រជែងជាមួយបេក្ខជន ចំនួន៥រូបទៀត ដូចជាកុមារា ឡុង លីគ័ង្គ កូនក្រុមលោកព្រាប សុវត្ថិ, កុមារី សុខ សុជាតា និងកុមារី រ៉ន ចាន់ឌីន កូនក្រុមឱក សុគន្ធកញ្ញា, កុមារី ឃុយ ម៉ីហៀង និងកុមារី ណូ ឈួស៊ីវហេង កូនក្រុមសុគន្ធ និសា។ ដូច្នេះគេមិនទាន់ដឹងថា កុមារា ពេជ្រ ថៃ មានឱកាសបានកាន់ពានកម្មវិធីប្រឡងចម្រៀងកុមារលំដាប់ពិភពលោកមួយនេះ ឬយ៉ាងណានោះទេ ខណៈដែលទទួលរងការរិះគន់យ៉ាងដំណំ ក្រោយពេលបានទៅកាន់វគ្គផ្ដាច់ព្រ័ត្រ។ ដូច្នេះមានតែរង់ចាំតាមដានទស្សនាការប្រឡងវគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧ ខាងមុខនេះ នៅលើកញ្ចក់ទូទស្សន៍ហង្សមាស៕

RELATED ARTICLES