Monday, November 25, 2024
Homeព័ត៌មានជាតិបន្លែនាំចូល នៅតែច្រើន ជាងបន្លែក្នុងស្រុក

បន្លែនាំចូល នៅតែច្រើន ជាងបន្លែក្នុងស្រុក

បច្ចុប្បន្ន ផលិតផលបន្លែនាំចូលនៅតែបន្តមានបរិមាណច្រើនជាង ចំនួនបន្លែ ដែលដាំដោយកសិករផ្ទាល់នៅក្នុងស្រុក បើទោះបីជា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រាជរដ្ឋាភិបាលកម្ពុជា និងផ្នែកពាក់ព័ន្ធមួយចំនួនបានជំរុញឱ្យមានការធ្វើពិពិធកម្មលើ មុខដំណាំទាំងនោះ ច្រើនរួចមកហើយយ៉ាងណាក៏ដោយ…។

នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការជំរុញនូវការធ្វើពិពិធកម្មលើមុខដំណាំកសិកម្មជាច្រើន ក្នុង នោះរួមមាន ដូចជាការដាំដុះដំណាំបន្លែជាដើម ដើម្បីធ្វើជាមូលដ្ឋាន ដល់ការលើកកម្ពស់់ជី់វភាព ហើយនិងជំរុញឱ្យ មាននូវកំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ ប៉ុន្តែច្រើនឆ្នាំកន្លងមកនេះ គេនៅតែ បន្តឃើញមានផលិតផលទាំងនោះហូរចូលមកក្នុង ប្រទេសច្រើនសន្ធឹកសន្ធាប់ដដែល ស្ទើរមិនគួរឱ្យជឿ។

យោងតាមស្ថិតិ ដែលធ្វើឡើងដោយអង្គការ ស្បៀងអាហារពិភពលោក ហៅកាត់ថា“FAO” បានឱ្យដឹងថា បរិមាណបន្លែ ដែលផ្គត់ផ្គង់នៅកម្ពុជា ក្នុងមួយឆ្នាំៗ មានចំនួនសរុបប្រមាណ០,៩លានតោន ក្នុងនោះមានតែចំនួនប្រមាណជា៤៤ភាគរយប៉ុណ្ណោះ ដែលផ្គត់ផ្គង់ដោយការដាំដុះនៅក្នុងស្រុក ហើយចំនួនប្រមាណជា៥៦ភាគរយផ្សេងទៀត គឺជា បន្លែដែលផ្គត់ផ្គង់បានមកតាមរយៈនៃការនាំចូលពី បណ្តាប្រទេសផ្សេងៗ នៅក្នុងតំបន់ និងអន្តរជាតិ។

កាលពីសប្តាហ៍មុន មន្ត្រី នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ការនាំចូលបន្លែ ដែលមានភាគរយយ៉ាងច្រើនសន្ធឹកសន្ធាប់ លើសពី ការដាំដុះនៅក្នុងប្រទេសនេះ បានធ្វើឱ្យកម្ពុជា ដែលជា ប្រទេសកសិកម្មមួយ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ នោះមានការចំណាយថវិកាទៅលើការទិញបន្លែទាំង នេះមកប្រើប្រាស់កាន់តែមានចំនួនច្រើនឡើងៗ។

លោកស្រីចាន់ ផលលឿន អគ្គនាយករង នៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ប្រទេសកម្ពុជា បនាចំណាយ ប្រាក់សរុបអស់ចំនួនជាង២០០លានដុល្លារអាមេរិក ក្នុងមួយឆ្នាំៗទៅលើការនាំចូលបន្លែយ៉ាងច្រើនពីប្រទេសវៀតណាម និងចិន ដើម្បីយកមកផ្គត់ផ្គង់ដល់ តម្រូវការនៅក្នុងស្រុក ក្នុងនោះរួមមានដូចជាការ៉ុត ដំឡូងបារាំង ខ្ទឹមស ខ្ទឹមក្រហម និងផ្កាស្ពៃធំៗជាដើម។

លោកស្រីចាន់ ផលលឿន បានឱ្យដឹងបន្តទៀតថា ការនាំចូលបន្លែ ដែលមានតម្លៃដ៏ច្រើនសន្ធឹកសន្ធាប់នេះ គឺដោយសារតែមានបញ្ហាកត្តាអាកាសធាតុ និងបញ្ហា នៃការកង្វះចំណេះដឹងផ្នែកបច្ចេកទេស របស់ប្រជាកសិករកម្ពុជា។ “ក្រសួងកសិកម្មកំពុងទទួលបានគម្រោងមួយ គឺគម្រោងជំរុញផលិតកម្មស្បៀង អនុវត្តនៅតាមខេត្តគោលដៅចំនួន៨ ក្នុងការធ្វើផលិតកម្មបន្លែ និងខេត្តគោលដៅចំនួន១១ ក្នុងការធ្វើផលិតកម្មស្រូវក្រអូប សម្រាប់ធ្វើការនាំចេញ”។

លោកបណ្ឌិតយ៉ង សាំងកុមារ បានឱ្យដឹងបន្តទៀតថា ទោះបីជាប្រទេសមានបញ្ហាកង្វះលើផលិតផល ទាំងអស់នេះក្តី ក៏យើងគួរតែមានវិធានការច្បាស់លាស់ជាងមុនជាមូលដ្ឋាន ដើម្បីត្រួតពិនិត្យទៅលើការនាំ ចូលនោះដែរ ពីព្រោះថា ការនាំចូលបន្លែនេះវាអាចមានរឿងល្អផង និងរឿងមិនល្អផងនៅជាមួយគ្នា ពោលគឺ រឿងល្អ នៅត្រង់ថាការនាំចូលនេះអាចបំពេញបាននូវតម្រូវការក្នុងស្រុក តម្រូវការដែលកាន់តែមានច្រើនឡើង ហើយចំពោះរឿងមិនល្អវិញ គឺការនាំចូលនេះវាធ្វើឱ្យប៉ះពាល់ដល់អ្នកដាំដុះនៅក្នុងស្រុក លែងចង់ឱ្យពួកគេ ធ្វើការផលិត ខណៈដែលមានការប្រកួតប្រជែងខ្លាំងពីផលិតផលនាំចូលទាំងនោះ និងបញ្ហាប៉ះពាល់សុខភាព ដែលបណ្តាលមកពីបញ្ហាខូចគុណភាព និងមានលាយសារធាតុគីមី ដែលគេដាក់ ដើម្បីថែរក្សាទុកបន្លែទាំង នោះឱ្យបានយូរ ។

សូមបញ្ជាក់ថា បច្ចុប្បន្នមានផលិតផលបន្លែនាំចូលមួយចំនួនត្រូវបានគេលក់ក្នុងតម្លៃថោក ធៀបជាមួយ នឹងបន្លែដែលដាំនៅក្នុងស្រុក ហើយក៏មានបន្លែនាំចូលមួយចំនួនទៀតមានផ្ទុកនូវសារធាតុគីមី និងខ្វះគុណភាព ធ្វើឱ្យអ្នកប្រើប្រាស់ងាយប្រឈមទៅនឹងបញ្ហាសុខភាពនៅពេលទទួលទានផងដែរ ដោយសារថា ផលិតផល ដែលនាំចូលទាំងនោះមួយចំនួន ច្រើនធ្វើឡើងមិនស្ថិតនៅក្រោមការត្រួតពិនិត្យ របស់អាជ្ញាធរមានសមត្ថកិច្ច។ មានបន្លែខ្លះ ត្រូវបានគេលួចនាំចូលទាំងខូចគុណភាព ហើយក៏មានបន្លែខ្លះទៀតត្រូវបានគេលួចនាំចូល ដោយ មានផ្ទុកនូវសារធាតុគីមីពុល ក្នុងកម្រិតមួយខ្ពស់គួរឱ្យព្រួយបារម្ភ។

កាលពីឆ្នាំ២០១៥ កន្លងទៅ មានផលិតផលបន្លែសរុបតែចំនួនប្រមាណជា២ ៩៣០តោន ស្មើនឹងទឹកប្រាក់សរុបប្រមាណជា១,៣៨លានដុល្លារអាមេរិកប៉ុណ្ណោះ ត្រូវបានក្រសួងពាណិជ្ជកម្មកម្ពុជា រាយការណ៍ឱ្យដឹងថា បាននាំចូលមកក្នុងប្រទេស ឆ្លងកាត់ការត្រួតពិនិត្យរបស់អគ្គនាយកដ្ឋានកាំកុងត្រូល។

គួររម្លឹកឱ្យដឹងផងដែរថា បច្ចុប្បន្ននេះ មជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជា រួមជាមួយនឹងអង្គការនានា មួយចំនួនទៀត ដែលធ្វើការងារពាក់ព័ន្ធនឹងវិស័យកសិកម្ម បាននិងកំពុងជំរុញដល់ប្រជាកសិករ នៅក្នុង ប្រទេសឱ្យងាកពីការធ្វើស្រែតែមួយមុខ ទៅរកការដាំដុះដំណាំបន្លែ និងឈើហូបផ្លែ ដែលពុំមានប្រើសារធាតុគីមី ធ្វើជាលក្ខណៈអាជីព ក្នុងគោលដៅជួយ បង្កើនផលិតផលឱ្យបានច្រើន ជំនួសទៅលើការនាំ ចូល ដែលមានបរិមាណកាន់តែច្រើនឡើងនេះហើយ ប៉ុន្តែទោះជាយ៉ាងនេះក្តីក៏គេនៅតែពិបាកជឿថា ការងារនោះ អាចនឹងសម្រេចបានលទ្ធផល ក្នុងពេលឆាប់ៗនេះណាស់ ដោយ ហេតុថា បច្ចុប្បន្ន សមត្ថភាពផលិតរបស់ប្រជាកសិករខ្មែរលើមុខ ដំណាំទាំងនោះ នៅមានកម្រិតទាបនៅឡើយ…” ៕

RELATED ARTICLES