តារាសិល្បៈជាច្រើនរូបរបស់គ្រួសារតារាកម្ពុជា រួមជាមួយថ្នាក់ដឹកនាំ និងនិស្សិតសាកលវិទ្យាល័យន័រតុន នៅព្រឹកថ្ងៃពុធ ទី១២ តុលានេះ បាននាំយកថវិកា ចំនួនជិត១ម៉ឺនដុល្លារ ដែលទទួលបានពីព្រឹត្តិការណ៍តាំងពិពរណ៌ស្នាដៃនិស្សិត និងការប្រគំតន្ត្រីដែលមានឈ្មោះថាព្រឹត្តិការណ៍កម្រាលព្រំសប្បុរសធម៌កាលពីថ្ងៃទី២៩ តុលា ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ។
ស្ថាបនិក«គ្រួសារតារាកម្ពុជា»លោកផាត់ តារារដ្ឋ បានថ្លែងឲ្យដឹងថា នេះជាឆ្នាំទី២ ដែលសាកលវិទ្យាល័យន័រតុន និងគ្រួសារតារាកម្ពុជាបានរៀបចំ ព្រឹត្តិការណ៍កម្រាលព្រំសប្បុរធម៌ ដើម្បីមន្ទីរពេទ្យគន្ធបុប្ផា នេះឡើងតែនេះជាលើកទី១ដែលកម្មវិធីនេះទទួលជោគជ័យព្រោះអត់រំខានដោយភ្លៀង ហើយមានការចូលរួមដោយតារាល្បីៗលំដាប់ប្រដាប់ប្រទេសរហូតដល់ជាង៨០រូប បានបង្ហាញខ្លួន ។ យ៉ាងណាមិញ លោកថា ថវិកាកាលពីឆ្នាំមុនគឺបានចំនួនជាង៤ពាន់ដុល្លារ ផងដែរ បើទោះជាមានការរំខានដោយភ្ញៀងស្ទើរតែមិនអាចអោយតារាសិល្បៈច្រៀងរាំបានតាមការគ្រោងទុក។ ដោយឡែកនៅក្នុងឆ្នាំនេះលោកថាព្រឹត្តិការណ៍ដែលបានរៀបចំនៅក្នុងបរិវេណសាកលវិទ្យាល័យន័រតុនកាលពីថ្ងៃទី២៩ កញ្ញា គឺបានទទួលជោគជ័យយ៉ាងខ្លាំង ដោយសារតែគ្មានរំខានដោយភ្លៀង ហើយតារាសិល្បៈល្បីឈ្មោះសុទ្ធតែបានចូលរួមច្រៀងរាំដោយគ្មានអវត្តមាន។ អ៊ីចឹងហើយទើបព្រឹត្តិការណ៍មួយនេះទទួលបានជោគជ័យហួសពីការស្មានដោយទទួលបានថវិការហូតដល់៩៨៨៣ដុល្លារ ហើយសរុបទាំងថវិកាដែលបរិច្ចាគបន្ថែមក្នុងម៉ោងប្រគល់នោះ គឺទទួលបានចំនួន 9923,3 ដុល្លារសហរដ្ឋអាមេរិក។
លោកថា ថវិកាពីកម្មវិធីទទួលបាន១៦៣៤ដុល្លារ ពីការរ៉ៃអង្គាសរបស់និស្សិត និងតារាសិល្បៈ និងទទួលបាន ៨២២៤,៤ដុល្លារពីការលក់ដូររបស់និស្សិតគ្រប់ផ្នែក នៅក្នុងបរិវេណសាកលវិទ្យាល័យន័រតុន។ យ៉ាងណាក៏ដោយ លោកចាត់ទុកថានេះជាថវិកាដែលទទួលបានក្នុងចំនួនខ្ពស់មួយលើសពីការរំពឹងទុក ខណៈដែលថវិកាសរុបទាំងជាង៩០០០ដុល្លារនេះ ពិតជាបានរួមចំណែកមួយដ៏សំខាន់ដើម្បីជាប្រយោជន៍ដល់មន្ទីរពេទ្យគន្ធបុប្ផា។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ដែលបានធ្វើឡើងនៅក្នុងសាកលវិទ្យាល័យន័រតុននោះ គឺមានរយៈពេល៣ថ្ងៃពេញ ដោយថ្ងៃទី២៧ កញ្ញាមានការប្រគំតន្ត្រីពីតារាល្បីៗរបស់គ្រួសារតារាកម្ពុជា ថ្ងៃទី២៨ កញ្ញា ជាការច្រៀងរាំរបស់និស្សិតដោយផ្ទាល់ និងថ្ងៃទី៣ គឺថ្ងៃទី២៩ កញ្ញា គឺជាព្រឹត្តិការណ៍កម្រាលព្រំទ្រង់ទ្រាយធំដោយមានតារាល្បីៗជាង៨០រូបចូលរួម ដោយមានទាំងតារាៗចាស់ក្មេងជាច្រើនរូបផង កាន់ហិបដើររៃអង្គាសថវិកាជាមួយនឹងនិស្សិត។ស្ថាបនិកគ្រួសារតារាកម្ពុជា ថានេះជាជោគជ័យគួរអោយសរសើរដែលបានកើតចេញពីការផ្ដើមគំនិតរបស់ថ្នាក់ដឹកនាំ និងនិស្សិតសាកលវិទ្យាល័យន័រតុន និង«គ្រួសារតារាកម្ពុជា»។
តំណាងសាកលវិទ្យាល័យនរ័តុនបានបង្ហាញអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំងដែលថ្នាក់ដឹកនាំ និងនិស្សិតទាំងអស់បានរួបរួមគ្នាជាមួយតារាសិល្បៈរបស់គ្រួសារតារាកម្ពុជា ហើយធ្វើអោយព្រឹត្តិការណ៍តាំងពិព័រណ៌ស្នាដៃប្រចាំឆ្នាំរបស់និស្សិតក្លាយជាមហាព្រឹត្តិការណ៍ប្រគំតន្ត្រីកម្រាលព្រំសប្បុរធម៌ ដោយទទួលបានថវិការរហូតដល់ជិត១ម៉ឺនដុល្លារ ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។ សាកលវិទ្យាល័យនឹងបន្តដឹកនាំរៀបចំព្រឹត្តិការណ៍ដែលមានតម្លៃបែបនេះជាបន្តបន្ទាប់ទៀត ដើម្បីជំរុញអោយមានការយកចិត្តទុកដាក់ជួយដល់សង្គម ជាពិសេសគឺជួយដល់មន្ទីរពេទ្យគន្ធបុប្ផាដែលប្រឈមនូវការខ្វះខាតជារៀងរាល់ថ្ងៃ។
ក្នុងថ្ងៃប្រគល់លុយនោះ ក្រៅពីតំណាងន័រតុន ក៍មានតារាៗចូលរួមប្រគល់ដូចជា អ្នកនាងស៊ុន ណារីម៉ូនីកា កញ្ញា នីនិច្ច កញ្ញាណាតាហ្សា តួឯកស្រីកំណត់ហេតុនាងនាថ កញ្ញាពេជ្រ អាវីហ្សា កញ្ញា មាស អាលីស កញ្ញា ពេជ្រ ចរណៃ លោកMC លីហេង លោកវង្ស ថាណាន់ លោកស៊ីឡូ លោកមាស សៀវប៉ាយ និងតារាៗជាសមាជិករបស់គ្រួសារតារាកម្ពុជា ជាច្រើនរូបទៀត៕