អ្នកមេម៉ាយកែវ ពេជ្រពិសី បាត់មុខទាំងស្រុងពីចង្កោមអ្នកសិល្បៈ ហើយក៏បោះបង់អាជីពសម្តែងចោលផងដែរ នាពេលនេះ ស្របពេលដែលហាងសម្អាងការរបស់នាងដែលដំណើរការជិត៧ឆ្នាំនោះ បានបិទទ្វារផងដែរ។
ក្រុមអ្នកសិល្បៈជាច្រើនបាននិយាយថា ពេលនេះ កែវ ពេជ្រពិសី កាន់តែប្លែកៗទៅហាក់លែងចង់ល្បីឈ្មោះទៀតហើយ តែអ្វីដែលពួកគេអន់ចិត្តនោះ គឺពិសី បាត់មុខឈឹង បានផ្តាច់ទំនាក់ទំនងជាមួយអ្នកសិល្បៈជិតដិតស្ទើរតែទាំងស្រុង ហាក់ដូចជាកំពុងជាប់ទ្រុងស្នេហ៍របស់លោកធំណាម្នាក់…។
កែវ ពេជ្រពិសី ស្រាប់តែរើហាងសម្អាងការរបស់នាងនៅផ្លូវកម្ពុជាក្រោម ក្បែរស្តុប DN នោះ ចេញស្ងាត់ៗ ហើយអ្នកជិតខាងហាងនោះ បានឱ្យដឹងថា អ្នកមេម៉ាយរូបនេះឈប់រកស៊ីបើកហាងសម្អាងការទៀតហើយ តែអ្នកខ្លះថា ពិសី ផុតកុងត្រាជួលផ្ទះគេ ហើយនាងរើទៅកន្លែងថ្មី នៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា ម្តង។
ការសម្រេចចិត្តបិទហាងសម្អាងការ ដែលពេជ្រពិសី ធ្លាប់តែថា វាជាដង្ហើមរបស់នាង ព្រោះប្រាក់ជាច្រើនត្រូវបានដាក់រកស៊ីក្នុងមុខរបរនេះ ធ្វើឱ្យតារាសិល្បៈជាច្រើនបានងឿងឆ្ងល់ ខណៈដែលមុននេះ កែវ ពេជ្រពិសី ត្អូញថា មុខរបរនេះពិបាកក្នុងការចំណេញ ដោយសារត្រូវផ្លាស់ប្តូរសម្ភារៈដាក់ចូលម្តងៗអស់លុយជាច្រើន ហើយនាងថា ពេលខ្លះគិតចង់សេងហាងឱ្យគេ បើសិនជាមានឱកាសបានទៅរស់នៅបរទេសដូចគេទៀតផង។ ដោយឡែក អ្នកសិល្បៈដែលស្និទ្ធកែវ ពេជ្រពិសី បានបង្ហើបឱ្យដឹងនៅ ពេលនេះដែរថា ពួកគាត់ពិបាកក្នុងការទាក់ទង ឬអញ្ជើញតារារូបនេះ ឱ្យចូលរួមកម្មវិធីណាស់ ព្រោះពិសី មិនសូវកាន់ទូរស័ព្ទឡើយ ហើយមើលទៅនាងពេលនេះ គឺខុសពីមុនហើយ គឺនាងមិនចង់ល្បីឈ្មោះ ឬថតសិល្បៈដូចមុនទៀតទេ។
ប្រភពទាំងនោះ បានឱ្យដឹងដែរថា ពិសី នាពេលនេះ គឺហាក់ដូចជាមានអាថ៌កំបាំងស្នេហ៍ ដោយនាងលែងសូវរាប់អានអ្នកសិល្បៈណាជិតដិតដូចមុនឡើយ គឺទំនងដូចជាមានសម្ពាធអ្វីមួយ…។
កែវ ពេជ្រពិសី មិនលើកទូរស័ព្ទទេ កាលពីរសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧ ហេតុនេះទើបមិនអាចសុំការបញ្ជាក់ពីការបាត់ខ្លួនពីចង្កោមសិល្បៈរបស់នាងបានទេនាពេលនេះ។ តែយ៉ាងណា កាលពីខែមុន ពិសី បានប្រាប់អ្នកយកព័ត៌មានយើងតាមទូរស័ព្ទថា នាងនឹងទៅបើកហាងលក់កាបូបថ្មី នៅព្រែកលៀប ដោយកាបូបទាំងនោះ នឹងទិញចូលពីបរទេស ដែលជាម៉ាកល្បីៗ តែហាងថ្មីនោះ នាងគ្មានគម្រោងនឹងធ្វើពិធីសម្ពោធធំដុំដូចមុនឡើយ៕