Thursday, September 19, 2024
Homeតារាខ្មែរពេជ្រ សូលីកា ចាប់ដៃនីកូ ច្រៀងក្រៅផលិតកម្ម

ពេជ្រ សូលីកា ចាប់ដៃនីកូ ច្រៀងក្រៅផលិតកម្ម

ពិតជាមានការភ្ញាក់ផ្អើល បន្ទាប់ពីដកថយពីសិល្បៈជាច្រើនឆ្នាំនោះ ថ្មីៗនេះ កញ្ញាពេជ្រ សូលីកា ស្រាប់តែចេញបទចម្រៀងថ្មីជាមួយនីកូ ខណៈដែលអ្នកខ្លះសង្ស័យថា សូលីកា ចូលសាន់ដេ តែអ្នកខ្លះថា សូលីកា ចូលហង្សមាស តែតាមដំណឹងថា ពួកគេចេញបទនៅក្រៅផលិតកម្ម…។

មុននេះបន្តិចមានដំណឹងថា តារាចម្រៀងដែលមានទឹកដមសំឡេងក្រអួនក្រអៅ កញ្ញាពេជ្រ សូលីកា អន្ទះសាចង់ចូលប្រឡូកសិល្បៈជាថ្មី តែត្រូវបានអតីតសង្សាររបស់នាងឃាំងផ្លូវ តែយ៉ាងណា ពេលនេះ សូលីកា នៅតែជម្នះរុលចូលវិថីចម្រៀងជាថ្មី ដែលទើបចេញបទថ្មីជាមួយនីកូ តែពុំមានដាក់ឈ្មោះនៅក្នុងផលិតកម្មណាមួយទេ។ ស្របពេលមានការសង្ស័យថា នាងចូលហង្សមាស ហើយអ្នកខ្លះថា នាងចូលសាន់ដេ។

ក្នុងជំនួបជាមួយលោកឡាយ សុខចំរើន ហៅសេង ថៅកែផលិតកម្មសាន់ដេ កាលពីថ្មីៗនេះ លោកបានថ្លែងឱ្យដឹងថា បទចម្រៀងមួយចំនួនដែលកញ្ញាពេជ្រ សូលីកា ទើបចេញជាមួយនីកូ នោះ មិនស្ថិតក្រោមផលិតកម្មសាន់ដេ នោះទេ។

លោកសេង បញ្ជាក់ថា “សូលីកា ពុំបានចូលផលិតកម្មសាន់ដេ ទេ ខណៈដែលនីកូ ក៏បានផុតកុងត្រាជាមួយសាន់ដេ ដែរ។ ដូច្នេះប្រហែលជាពួកគាត់ធ្វើបទនៅក្រៅផលិតកម្ម គឺមិនពាក់ព័ន្ធជាមួយសាន់ដេ ទេ”។

លោកសេង មិនទាន់ច្បាស់ថា នីកូ នឹងបន្តកុងត្រាជាមួយសាន់ដេ ទៀត ឬយ៉ាងណានោះទេ គឺពេលនេះអាស្រ័យលោកនីកូ ថាត្រូវបន្ត ឬក៏ផ្តាច់កុងត្រា ប៉ុន្តែយ៉ាងណា លោកហាក់ពេញចិត្តចំពោះសមត្ថភាពរបស់ កញ្ញាពេជ្រ សូលីកា។

លោកសេង និយាយថា “ខ្ញុំឃើញបទគាត់ (សូលីកា) ទើបចេញដែរ មានអីល្អដែរតើ! ប៉ុន្តែពួកយើងអត់ទាន់មានទំនាក់ទំនងគ្នាអីផង ហើយក៏មិនទាន់ដឹងថា អាចធ្វើការជាមួយគ្នាបាន ឬយ៉ាងណានោះទេ”។

លោកសេង បញ្ជាក់ថា សម្រាប់សាន់ដេ គឺស្វាគមន៍ចំពោះតារាចម្រៀងដែលមានសមត្ថភាព ប៉ុន្តែយ៉ាងណា បទដែលទើបចេញថ្មីរបស់សូលីកា ពុំមែនជារបស់សាន់ដេ ទេ។

ថ្មីៗនេះ ពេជ្រ សូលីកា បានចេញបទចម្រៀងជាច្រើនបទជាមួយនីកូ ហើយកំពុងទាញបានការគាំទ្រនៅតាមបណ្តាញសង្គម Youtube ក្នុងនោះ គេឃើញបទ “លាក់បាំង” ដែលឆ្លងឆ្លើយជាមួយនីកូ កំពុងទាក់ទាញការគាំទ្រជាងគេ។

កញ្ញាពេជ្រ សូលីកា និងនីកូ ព្រមទាំងខាងតំណាងក្រុមហ៊ុនរស្មីហង្សមាស មិនអាចទាក់ទងសុំការបញ្ជាក់បានទេ។ ប៉ុន្តែតាមប្រភពគួរឱ្យទុកចិត្តថា សូលីកា ពុំបានចូលជ្រកនៅរស្មីហង្សមាស នោះទេ គឺនាងនិងនីកូ ធ្វើបទក្រៅផលិតកម្ម ទាញការគាំទ្រតាមបណ្តាញសង្គម ដូចជា Youtube និង Facebook ជាដើម។ ទន្ទឹមនឹងនោះ ក៏មានដំណឹងថា នីកូ ក៏បានចេញពីទ្រនំសាន់ដេ ផងដែរ។

គួរបញ្ជាក់ថា ពេជ្រ សូលីកា ត្រូវបានគេចាត់ទុកថា ជាតារាចម្រៀងដែលមានរូបសម្រស់ស្រស់សោភា និងមានទឹកដមសំឡេងពីរោះក្រអួនក្រអៅមួយរូប ហើយក៏កន្លងមកពេលនាងបោះជំហានចូលប្រឡូកលើវិថីចម្រៀងលើកដំបូង នាងក៏ធ្លាប់មានបញ្ហាប្រទាំងប្រទើសជាមួយផលិតកម្មរស្មីហង្សមាស ផងដែរ ដែលត្រូវបានគេដឹងថា ក្រោយពេលចុះកុងត្រាច្រៀងជាមួយហង្សមាស នឹងបានថតបទចម្រៀង ព្រមទាំងត្រៀមចេញបទមួយវ៉ុលសុទ្ធម្នាក់ឯងផងនោះ ស្រាប់តែនាងលួចមកចូលប្រឡងចម្រៀងនៅក្នុងកម្មវិធី Rock star នៅ CTN របស់ផលិតកម្ម Rock ដែលធ្វើឱ្យរស្មីហង្សមាស ខកចិត្តជាខ្លាំង រហូតបង្ខំចិត្តផ្តាច់កុងត្រាដោយលើកលែងការប្តឹងផ្តល់។

ក្រោយមក សូលីកា ក៏បានចូលច្រៀងដោយទាញបានការគាំទ្រនៅផលិកម្ម M តាមរយៈបទចម្រៀងជាច្រើនបទ។ ប៉ុន្តែមិនយូរប៉ុន្មាន សូលីកា ក៏បានដកថយពីអាជីពលក់សំឡេង បន្ទាប់ពីលេចឮថា បានភប់ប្រសព្វស្នេហ៍ជាមួយមន្ត្រីធំផ្កាយពីរ ដែលនាងបានក្លាយជាជំទាវតូចក្រោមរូបភាពលាក់លៀម។ ប៉ុន្តែអ្វីដែលស្ទើរមិនគួរឱ្យជឿនោះ នាងក៏បានបែកស្នេហ៍ពីលោកផ្កាយពីរ ដោយពុំបានសល់នូវចំណែកទ្រព្យអ្វីសោះឡើយ។

តាមដំណឹងថា មួយរយៈចុងក្រោយនេះ សូលីកា បានបើកហាងលក់បាយសាច់ជ្រូក ដែលមានយីហោថា “បាយអូនអ៊ូក” ដែលមានតារាសិល្បៈ និងក្រុមយុវវ័យជាច្រើនជួយគាំទ្រ។ យ៉ាងណា អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ ថ្មីៗនេះ សូលីកា បានបោះជំហានចូលប្រឡូកក្នុងអាជីពចម្រៀងជាថ្មី ដោយបានចាប់ដៃគូជាមួយលោកនីកូ ហើយបទចម្រៀងរបស់នាងក៏កំពុងទទួលបានការគាំទ្រផងដែរ។

មានការលើកឡើងថា ប្រសិនបើសូលីកា បានចូលច្រៀងនៅទ្រនំរស្មីហង្សមាស ឬចូលសាន់ដេ នោះ នាងនឹងមានឱកាសដណ្តើមបានតំណែងជាតារាចម្រៀងលំដាប់ជួរមុខ ប្រចាំប្រទេស ស្របពេលមានដំណឹងថា សង្សារថ្មីរបស់នាងក៏លែងឃាំងផ្លូវនាងចូលប្រឡូកសិល្បៈទៀតដែរ៕

RELATED ARTICLES